បច្ចេកវិទ្យា

គាំទ្រអ្នកបង្កើតមាតិកា ជាមួយនឹងការធ្វើបច្ចុប្បន្នភាព ប្រព័ន្ធអនុវត្តគណនី

TikTok គឺជាភ្លែតហ្វមកម្សាន្តមួយដែលប្រមូលផ្តុំដោយសកម្មភាពច្នៃប្រឌិត និងការបង្ហាញអារម្មណ៍ និងសកម្មភាពផ្ទាល់ខ្លួនពីសំណាក់អ្នកបង្កើតមាតិកា។ គោលការណ៍ណែនាំសហគមន៍របស់យើងបង្កើតនិងពន្យល់អំពីឥរិយាបថ និងមាតិកាដែលមិនត្រូវបានអនុញ្ញាតឱ្យមាននៅលើភ្លែតហ្វមរបស់យើង ហើយនៅពេលដែលអ្នកប្រើប្រាស់រំលោភបំពានគោលការណ៍របស់យើង យើងចាត់វិធានការទៅលើមាតិកា និងគណនីរបស់ពួកគេ ដូច្នេះយើងអាចរក្សាភ្លែតហ្វមរបស់យើងឱ្យមានសុវត្ថិភាព។

សមាជិកសហគមន៍របស់យើងភាគច្រើនអនុវត្តតាមគោលការណ៍របស់យើង ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួនតូចដែលរំលោភបំពានគោលការណ៍របស់យើងម្តងហើយម្តងទៀត ហើយមិនផ្លាស់ប្តូរឥរិយាបថរបស់ពួកគេឡើយ។ នៅថ្ងៃនេះ យើងប្រកាសការធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនី ដើម្បីចាត់វិធានការកាន់តែប្រសើរប្រឆាំងនឹងអ្នកប្រព្រឹត្តខុសដដែលៗទាំងនោះ។ យើងជឿជាក់ថា ការធ្វើបច្ចុប្បន្នភាពទាំងនេះនឹងជួយយើងឱ្យលុបចោលគណនីដែលបង្កគ្រោះថ្នាក់កាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស ខណៈការផ្សព្វផ្សាយបទពិសោធកាន់តែច្បាស់ និងស៊ីសង្វាក់គ្នាជាងមុនសម្រាប់អ្នកបង្កើតមាតិកាភាគច្រើនដែលអនុវត្តតាមគោលការណ៍របស់យើង។

ហេតុអ្វីបានជាយើងធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនីបច្ចុប្បន្ន

ប្រព័ន្ធអនុវត្តគណនីដែលមានស្រាប់របស់យើងមានការរឹតបន្តឹងប្រភេទផ្សេងៗ ដូចជាការហាមប្រាមបណ្តោះអាសន្នមិនឱ្យបង្ហោះឬបញ្ចេញមតិ ដើម្បីបង្ការការរំលោភបំពានលើមុខងារផលិតផលរបស់យើង ខណៈបង្រៀនអ្នកប្រើប្រាស់អំពីគោលការណ៍របស់យើង ដើម្បីកាត់បន្ថយការរំលោភបំពាននាពេលអនាគត។ ខណៈវិធីសាស្រ្តនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយមាតិកាដែលបង្កគ្រោះថ្នាក់ជារួម យើងបានទទួលដំណឹងពីអ្នកបង្កើតមាតិកាថា វិធីសាស្រ្តនេះអាចបង្កឱ្យមានការភាន់ច្រឡំក្នុងការប្រើប្រាស់។ យើងក៏ដឹងផងដែរថា វិធីសាស្រ្តនេះក៏អាចប៉ះពាល់ផងដែរដល់អ្នកបង្កើតមាតិកាដែលកម្ររំលោភបំពានគោលការណ៍ និងបំពានគោលការណ៍ដោយមិនដឹងខ្លួន ខណៈដែលអាចមិនសូវមានប្រសិទ្ធភាពក្នុងការរារាំងអ្នកបំពានគោលការណ៍ម្តងហើយម្តងទៀត។ អ្នកបំពានគោលការណ៍ម្តងហើយម្តងទៀតមានទំនោរធ្វើតាមបែបផែនមួយ ពោលគឺការវិភាគរបស់យើងបានរកឃើញថា អ្នកបំពានគោលការណ៍ជិត ៩០% បំពានលើការប្រើប្រាស់មុខងារដដែលៗជាប្រចាំ ហើយជាង ៧៥% រំលោភបំពានលើប្រភេទគោលការណ៍ដដែលម្តងហើយម្តងទៀត។ ដើម្បីដោះស្រាយបញ្ហានេះឱ្យកាន់តែប្រសើរ យើងកំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនីរបស់យើង ខណៈដែលយើងគាំទ្រសហគមន៍អ្នកបង្កើតមាតិការបស់យើង និងលុបចោលអ្នកប្រព្រឹត្តកំហុសម្តងហើយម្តងទៀតចេញពីភ្លែតហ្វមរបស់យើង។

ប្រព័ន្ធអនុវត្តគណនីដែលត្រូវបានធ្វើឱ្យកាន់តែមានប្រសិទ្ធភាពនេះនឹងដំណើរការដោយរបៀបណា

ស្ថិតក្រោមប្រព័ន្ធថ្មីនេះ ប្រសិនបើអ្នកណាម្នាក់បង្ហោះមាតិកាដែលបំពានគោលការណ៍ណែនាំសហគមន៍របស់យើង គណនីនោះនឹងទទួលរងការចាត់វិធានការ (Strike) ខណៈដែលមាតិកានោះត្រូវបានលុបចោល។ ប្រសិនបើគណនីមួយឈានដល់កម្រិតកំណត់ដែលត្រូវទទួលរងការចាត់វិធានការ (Strike) មិនថាពាក់ព័ន្ធនឹងមុខងារផលិតផល (ឧ. មតិ ផ្សាយផ្ទាល់) ឬពាក់ព័ន្ធនឹងគោលការណ៍ (ឧ.ការសម្លុត និងការបៀតបៀន) នោះទេ គណនីនោះនឹងត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍។ កម្រិតកំណត់ Strike ទាំងនោះអាចមានភាពខុសគ្នាអាស្រ័យលើកម្រិតរំលោភបំពានដែលបង្កគ្រោះថ្នាក់ដល់សមាជិកសហគមន៍របស់យើង។ ឧទាហរណ៍ កម្រិតកំណត់ Strike សម្រាប់ការបំពានលើគោលការណ៍ប្រឆាំងការលើកកម្ពស់មនោគមវិជ្ជាស្អប់ខ្ពើមរបស់យើងអាចមានភាពតឹងរ៉ឹងជាងការចែករំលែកសារដែលបង្កគ្រោះថ្នាក់តិចតួច (low-harm spam)។ យើងនឹងបន្តចេញការហាមឃាត់អចិន្ត្រៃយ៍លើ Strike លើកដំបូងសម្រាប់ការរំលោភបំពានធ្ងន់ធ្ងរ រួមទាំងការផ្សព្វផ្សាយ ឬការគំរាមកំហែងឱ្យមានអំពើហិង្សា ការបង្ហាញឬការសម្របសម្រួលឱ្យមានការរំលោភបំពានផ្លូវភេទកុមារតាមអនឡាញ (CSAM) ឬការបង្ហាញអំពើហិង្សា ឬការធ្វើទារុណកម្ម។ ជាវិធានការការពារបន្ថែម គណនីដែលទទួលរង Strike ច្រើនដងទាក់ទងនឹងគោលការណ៍ និងមុខងារក៏នឹងត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ផងដែរ។ Strike នឹងអស់សុពលភាពពីគណនីមួយនៅក្នុងរយៈពេល ៩០ថ្ងៃក្រោយ។

ជួយអ្នកបង្កើតមាតិកាឱ្យយល់ពីស្ថានភាពគណនីរបស់ពួកគេ

ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនីនេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យកាន់តែមានតម្លាភាពថែមទៀតជុំវិញការសម្រេចចិត្តអនុវត្តរបស់យើង និងជួយសហគមន៍របស់យើងឱ្យយល់កាន់តែច្បាស់អំពីរបៀបអនុវត្តតាមគោលការណ៍ណែនាំសហគមន៍របស់យើង។ ដើម្បីផ្តល់ការគាំទ្របន្ថែមដល់អ្នកបង្កើតមាតិកា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងក៏នឹងដាក់បង្ហាញផងដែរនូវមុខងារថ្មីៗនៅក្នុងមជ្ឈមណ្ឌលសុវត្ថិភាព (Safety Center) ដែលយើងផ្តល់ជូនអ្នកបង្កើតមាតិកានៅក្នុងអ៊ែប (App)។ មុខងារទាំងនេះរួមមានទំព័រ “ស្ថានភាពគណនី (Account status)” ដែលអ្នកបង្កើតមាតិកាអាចមើលយ៉ាងងាយស្រួលនូវស្ថានភាពគណនីរបស់ពួកគេ និងទំព័រ “កំណត់ត្រារាយការណ៍ (Report records)” ដែលអ្នកបង្កើតមាតិកាអាចមើលស្ថានភាពរាយការណ៍ (Report) ដែលពួកគេបានធ្វើចំពោះមាតិកា ឬគណនីផ្សេងទៀត។ មុខងារថ្មីទាំងនេះបន្ថែមទៅលើសារក្រើនរំឭក (notification) ដែលអ្នកបង្កើតមាតិកាទទួលបានរួចហើយ ប្រសិនបើពួកគេបានបំពានគោលការណ៍របស់យើង និងគាំទ្រដល់សមត្ថភាពរបស់អ្នកបង្កើតមាតិកាក្នុងការតវ៉ាចំពោះការអនុវត្តនានា និងការស្នើសុំឱ្យលុបចោល Strike ប្រសិនការតវ៉ានិងការស្នើសុំនោះត្រឹមត្រូវ។ យើងក៏នឹងចាប់ផ្តើមជូនដំណឹងដល់អ្នកបង្កើតមាតិកាផងដែរ ប្រសិនបើពួកគេប្រឈមនឹងការលុបគណនីរបស់ពួកគេជាអចិន្ត្រៃយ៍។

ធ្វើការសម្រេចចិត្តប្រកបដោយតម្លាភាពនិងជាប់លាប់

ជាវិធានការដាច់ដោយឡែកមួយឆ្ពោះទៅរកការលើកកម្ពស់តម្លាភាពចំពោះការអនុវត្តសមស្របរបស់យើងនៅកម្រិតមាតិកា យើងក៏កំពុងចាប់ផ្តើមធ្វើតេស្តមុខងារថ្មីមួយនៅក្នុងទីផ្សារមួយចំនួនដែលនឹងផ្តល់ជូនអ្នកបង្កើតមាតិកានូវព័ត៌មានដែលវីដេអូណាមួយរបស់ពួកគេត្រូវបានកំណត់ថាមិនគ្រប់លក្ខណៈសម្រាប់ការណែនាំទៅកាន់ For You feeds ប្រាប់មូលហេតុដល់ពួកគេ និងផ្តល់ឱកាសឱ្យពួកគេប្តឹងតវ៉ា។

ប្រព័ន្ធអនុវត្តគណនីដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់យើង បច្ចុប្បន្នកំពុងដាក់ឱ្យប្រើប្រាស់នៅទូទាំងសកលលោក។ យើងនឹងជូនដំណឹងដល់សមាជិកសហគមន៍នៅពេលដែលប្រព័ន្ធថ្មីនេះអាចប្រើប្រាស់បាន។ យើងនឹងបន្តអភិវឌ្ឍនិងចែករំលែកវឌ្ឍនភាពអំពីដំណើរការដែលយើងប្រើប្រាស់ដើម្បីវាយតម្លៃគណនី និងធានាឱ្យបាននូវការសម្រេចចិត្តអនុវត្តដ៏ត្រឹមត្រូវសម្រាប់គណនីគ្រប់ប្រភេទនៅទូទាំងភ្លែតហ្វមរបស់យើង៕

អ្នកនិពន្ធ៖ Julie de Bailliencourt ប្រធានផ្នែកគោលនយោបាយផលិតផលពិភពលោក នៃក្រុមហ៊ុន TikTok

To Top