វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ថា យានអវកាស SpaceX Crew-5 របស់អង្គការ NASA បានវិលត្រឡប់មកកាន់ភាពផែនដីវិញហើយ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីស្នាក់នៅរយៈពេល៥ខែ នៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។ ខ្សែវីដេអូផ្សាយផ្ទាល់ដែលផ្សាយដោយទីភ្នាក់ងារអវកាសអាមេរិក បានបង្ហាញឲ្យដឹងដូច្នេះ ។
យានអវកាស SpaceX Endurance បានដឹកអ្នកអវកាស Koichi Wakata ដែលជាអ្នកអវកាសយានិករបស់ប្រទេសជប៉ុន អវកាសយានិករុស្ស៊ី Anna Kikina និងអវកាសយានិករបស់អង្គការ NASA Nicole Mann និង Josh Cassada ។
គួរបញ្ជាក់ថា យានអវកាសនេះ បានធ្លាក់ចុះនៅឈូងសមុទ្រម៉ិកស៊ិកភ្លាមៗ ក្រោយម៉ោង៩យប់ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២និង០០នាទីម៉ោង សកលពីឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។
អង្គការ NASA បានឲ្យដឹងថា យានអវកាស Crew-5 ដែលបានបាញ់បង្ហោះពី Cape Canaveral នៃរដ្ឋ ផ្លរីដា នៅដើមខែតុលា ឆ្នាំ២០២២ គឺជាបេសកកម្មទី៥ នៅក្នុងលំហ សម្រាប់ Wakata និងជាលើកដំបូងសម្រាប់ Cassada, Kikina និង Mann ដែលបានក្លាយជាស្ត្រីជនជាតិដើម អាមេរិកដំបូងគេដែលបានឡើងទៅនៅក្នុងលំហ ។
មុនពេលចាកចេញពីស្ថានីយ ISS ក្រុម Crew-5 ត្រូវបានជួបដោយអ្នកស្នងតំណែងបេសកកម្ម Crew-6 ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា ពី Cape Canaveral ។
មិនដល់១សប្តាហ៍មុននោះ គ្រាប់រ៉ុក្កែត Soyuz ត្រូវបានបាញ់ ចេញពីប្រទេសកាហ្សាក់ស្ថាន ដើម្បីជំនួសយាន MS-22 ដែលជាយានរបស់រុស្ស៊ីមួយទៀត ដែលរងការខូចខាតនៅ ពេលភ្ជាប់ជាមួយស្ថានីយ ISS ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា