បច្ចេកវិទ្យា

TikTok ប្រកាសដាក់ដំណើរការមុខងារថ្មី សម្រាប់ក្មេងជំទង់ និងក្រុមគ្រួសារ ដើម្បីសុខុមាលភាពឌីជីថល

ថ្ងៃនេះ TikTok ប្រកាសដាក់ដំណើរការមុខងារថ្មីៗសម្រាប់ក្មេងជំទង់ ក្រុមគ្រួសារ និងសហគមន៍ដ៏ធំទូលាយរបស់ខ្លួន។ បណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះជឿថា បទពិសោធឌីជីថលគួរតែនាំមកនូវសេចក្តីរីករាយនិងដើរតួប្រកបដោយភាពវិជ្ជមាននៅក្នុងរបៀបដែលអ្នកប្រើប្រាស់បញ្ចេញមតិ ស្វែងរកគំនិត និងទំនាក់ទំនងគ្នា។ TikTok ក៏កំពុងកែលម្អមុខងារកំណត់រយៈពេលប្រើប្រាស់ (screen time tool) របស់ខ្លួនផងដែរ ជាមួយនឹងជម្រើសដែលអាចកែតាមតម្រូវការផ្ទាល់ខ្លួនជាច្រើនទៀត ក៏ដូចជាដាក់ដំណើរការមុខងារកំណត់លំនាំថ្មី (new default) សម្រាប់គណនីក្មេងជំទង់ និងពង្រីកមុខងារផ្គូផ្គងគ្រួសារ (Family Pairing) ដោយមាតាបិតាមានលទ្ធភាពគ្រប់គ្រងបានកាន់តែខ្លាំង។

ផ្លាស់ប្តូរដើម្បីជួយក្មេងជំទង់ឱ្យគ្រប់គ្រងរយៈពេលប្រើប្រាស់ TikTok របស់ពួកគេ

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ រាល់គណនីរបស់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៨ ឆ្នាំនឹងត្រូវកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃត្រឹម ៦០ នាទីដោយស្វ័យប្រវត្តិ។ បើទោះជាមិនមានការយល់ព្រមជាសមូហភាពលើរយៈពេលកំណត់ “ត្រឹមត្រូវ” ឬផលប៉ះពាល់នៃការកំណត់ពេលរយៈពេលប្រើប្រាស់ក៏ដោយ ក៏ TikTok បានពិគ្រោះយោបល់ជាមួយអ្នកជំនាញមកពី Digital Wellness Lab នៅមន្ទីរពេទ្យកុមារបូស្តុន និងការស្រាវជា្រវបច្ចុប្បន្នក្នុងការជ្រើសយករយៈពេលកំណត់ប្រើប្រាស់នេះ។ ប្រសិនបើដល់រយៈពេល ៦០ នាទីដែលបានកំណត់នេះ អ្នកប្រើប្រាស់ជាក្មេងជំទង់នឹងត្រូវតម្រូវឱ្យបញ្ចូលលេខកូដសម្ងាត់ដើម្បីបន្តប្រើប្រាស់ភ្លែតហ្វមនេះ ដែលតម្រូវឱ្យពួកគេធ្វើការសម្រេចចិត្តដើម្បីបន្តរយៈពេលប្រើប្រាស់ភ្លែតហ្វមនេះជាបន្តទៀត។

ការស្រាវជ្រាវក៏បង្ហាញផងដែរថា ការដឹងកាន់តែច្បាស់អំពីរបៀបដែល​អ្នកប្រើប្រាស់ចំណាយពេល​វេលារបស់ខ្លួនអាចជួយឱ្យពួកគេយល់ពីការសម្រេចចិត្តណាមួយរបស់ពួកគេ។ ដូច្នេះ TikTok ក៏កំពុងជំរុញឱ្យក្មេងជំទង់កំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃក្នុងការប្រើប្រាស់ភ្លែតហ្វមបណ្តាញសង្គមមួយនេះ ប្រសិនបើពួកគេមិនជ្រើសយកជម្រើសលំនាំដើម (Default) ដែលមានរយៈពេល ៦០ នាទី ហើយ​ចំណាយ​ពេលលើសពី ១០០ នាទីនៅលើភ្លែតហ្វម TikTok ក្នុងមួយថ្ងៃវិញ។ ការកំណត់​រយៈពេលប្រើ​ប្រាស់​នេះបង្កើតឡើងដោយផ្អែកលើការជំរុញមួយដែល TikTok បានដាក់ចេញកាលពីឆ្នាំមុន ដើម្បីលើកទឹកចិត្តក្មេងជំទង់ឱ្យបើកមុខងារ (enable) ការគ្រប់គ្រងរយៈពេលប្រើប្រាស់។ ការធ្វើតេស្តរបស់ TikTok បានរកឃើញថា វិធីសាស្រ្តនេះបានជួយបង្កើន​ការប្រើប្រាស់មុខងារកំណត់​រយៈពេលប្រើប្រាស់​របស់ខ្លួនប្រមាណ ២៣៤ភាគរយ។ លើសពីនេះ  TikTok នឹងផ្ញើសារជូនដំណឹងទៅកាន់ប្រអប់សារ​របស់គណនីក្មេងជំទង់​ទាំងអស់ប្រចាំសប្តាហ៍ដែលសារនោះ​សង្ខេបអំពីរយៈពេលប្រើ​ប្រាស់ដែលពួកគេ​ចំណាយលើភ្លែតហ្វមបណ្តាញសង្គមមួយនេះ។

មុខងារទាំងនេះបន្ថែមទៅលើការកំណត់សុវត្ថិភាព (safety settings) ដែលមានស្រាប់របស់ TikTok សម្រាប់គណនីក្មេងជំទង់។ ឧទាហរណ៍ អ្នកប្រើប្រាស់ដែលមានអាយុពី ១៣ ទៅ ១៥ ឆ្នាំបានកំណត់គណនីរបស់ពួកគេទៅជាឯកជនតាមលំនាំដើម (private by default) ដែលអនុញ្ញាតឱ្យក្មេងជំទង់បង្កើតជម្រើសប្រកបដោយការយល់ដឹងច្បាស់លាស់អំពីថាតើអ្វីដែលពួកគេអាចចែករំលែក ចែករំលែកនៅពេលណា និងចែករំលែកជាមួយអ្នកណា។ ការផ្ញើសារដោយផ្ទាល់នឹងអាចប្រើប្រាស់បានសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅប៉ុណ្ណោះ ហើយការផ្សាយបន្តផ្ទាល់អាចប្រើប្រាស់បានសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំផងដែរ។

ជួយគ្រួសារឱ្យមានការសន្ទនាអំពីសុខុមាលភាពឌីជីថល

ឪពុកម្តាយឬអាណាព្យាបាលជាញឹកញាប់គឺជាមនុស្សដំបូងគេដែលក្មេងជំទង់ត្រូវការនៅពេលដែលពួកគេត្រូវការជំនួយ ដូច្នេះអាណាព្យាបាលក្លាយជាដៃគូសំខាន់បំផុតមួយរបស់ TikTok។ នៅពេលដែល TikTok បន្តបង្កើតគំនិតថ្មីៗអំពីរបៀបដែលខ្លួនផ្តល់សិទ្ធិអំណាចដល់គ្រួសារ បណ្តាញសង្គមមួយនេះកំពុងបន្ថែមមុខងារថ្មីចំនួនបីទៅកាន់មុខងារផ្គូផ្គងគ្រួសារ (Family Pairing)

  •  មុខងារកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់ខ្លួន៖ អាណាព្យាបាលនឹងអាចប្រើមុខងារ​ផ្គូផ្គងគ្រួសារ (Family Pairing) ដើម្បីប្ដូរការកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃសម្រាប់កូនៗរបស់ពួកគេ រួមទាំងការជ្រើសរើសយករយៈពេលកំណត់ផ្សេងៗគ្នាអាស្រ័យលើថ្ងៃនីមួយៗនៃសប្តាហ៍។ មុខងារនេះផ្តល់ឱ្យគ្រួសារនូវជម្រើសបន្ថែមទៀតដើម្បីបន្ស៊ីពេលវេលាប្រើប្រាស់ភ្លែតហ្វម TikTok ទៅនឹងកាលវិភាគសាលារៀន វិស្សមកាល ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។
  • ផ្ទាំងគ្រប់គ្រងរយៈពេលប្រើប្រាស់៖ TikTok កំពុងនាំយកផ្ទាំងគ្រប់គ្រងរយៈពេលប្រើប្រាស់ (screen time dashboard) របស់ខ្លួនទៅកាន់មុខងារផ្គូផ្គងគ្រួសារ (Family Pairing) ដែលផ្តល់ជូនសេចក្តីសង្ខេបអំពីរយៈពេលប្រើប្រាស់តាមអ៊ែប (App) ចំនួនដងដែលបើកដំណើរការ TikTok និងព័ត៌មានលម្អិតអំពីរយៈពេលសរុបដែលបានចំណាយក្នុងអំឡុងពេលថ្ងៃនិងពេលយប់។ តាមការស្រាវជ្រាវថ្មីៗរបស់ខ្លួន TikTok ដឹងថា ការកំណត់រយៈពេលប្រើប្រាស់គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទនានាដែលឪពុកម្តាយពិភាក្សាជាមួយកូនៗរបស់ពួកគេញឹកញាប់បំផុត ហើយបណ្តាញសង្គម TikTok ចង់គាំទ្រអាណាព្យាបាលតាមរយៈការផ្តល់ព័ត៌មានដែលពាក់ព័ន្ធដើម្បីជួយពួកគេក្នុងការណែនាំកូនៗរបស់ពួកគេ។
  • បិទសារជូនដំណឹង៖ សារជូនដំណឹងជួយអ្នកប្រើប្រាស់ឱ្យរក្សាទំនាក់ទំនង ប៉ុន្តែមានពេលខ្លះសារជូនដំណឹងអាចជាការរំខានមួយផងដែរ។ TikTok កំពុងដាក់ដំណើរការការកំណត់ថ្មី (new setting) មួយដែលអាចឱ្យឪពុកម្តាយកំណត់កាលវិភាគបិទសារជូនដំណឹងសម្រាប់កូនៗរបស់ពួកគេ។ គណនីរបស់អ្នកប្រើប្រាស់ដែលមានអាយុពី ១៣ ទៅ ១៥ ឆ្នាំនឹងមិនទទួលបានសារជូនដំណឹងនេះទេចាប់ពីម៉ោង ៩ យប់ទៅ ហើយសម្រាប់គណនីរបស់អ្នកប្រើប្រាស់ដែលមានអាយុពី ១៦ ទៅ ១៧ ឆ្នាំ សារជូនដំណឹងនេះត្រូវបានបិទចាប់ពីម៉ោង ១០ យប់ទៅ។

ក្មេងជំទង់គ្រប់រូបមានភាពខុសគ្នា ហើយគ្រួសារនីមួយៗក៏មានភាពខុសៗគ្នាដែរ។ ដូច្នេះហើយទើប TikTok នៅតែផ្តោតលើការផ្តល់ជូនឪពុកម្តាយដែលជាដៃគូរបស់ខ្លួននូវព័ត៌មានដែលពួកគេត្រូវការអំពី TikTok។ TikTok ធ្វើបែបនេះតាមរយៈភាពជាដៃគូជាមួយអ្នកបង្កើតមាតិកា អ្នកជំនាញក្នុងឧស្សាហកម្ម និងយុទ្ធនាការផ្សាយពាណិជ្ជកម្មដែលផ្តោតលើមុខងារសុវត្ថិភាព។ [សហរដ្ឋអាមេរិកតែប៉ុណ្ណោះ បន្ថែមលើវីដេអូអប់រំដែលមាននៅក្នុងអ៊ែប (in-app educational videos) អំពីមុខងារ ផ្គូផ្គងគ្រួសារ (Family Pairing) ដែលមានអ្នកបង្កើតមាតិកានានាដូចជា @team2moms និង @handsonfamily TikTok បន្តធ្វើការជាមួយឪពុកម្តាយនិងក្រុមគ្រួសារតាមរយៈយុទ្ធនាការទូរទស្សន៍ជាតិនិងក្នុងស្រុក និងយុទ្ធនាការឌីជីថលដែលចែករំលែកគន្លឹះនានា និងការចាប់ផ្តើមសន្ទនាសម្រាប់ឪពុកម្តាយដើម្បីជំរុញពួកគេឱ្យមានការសន្ទនាជាមួយកូនៗវ័យជំទង់របស់ខ្លួនអំពីសុវត្ថិភាពលើអ៊ីនធឺណិត]។ បណ្តាញសង្គមមួយនេះក៏នឹងបន្តបង្ហាញព័ត៌មានអំពីមុខងារផ្គូផ្គងគ្រួសារទៅកាន់អ្នកប្រើប្រាស់មួយចំនួនរបស់ខ្លួននៅក្នុងអ៊ែបផងដែរ ដើម្បីជួយពួកគេឱ្យយល់អំពីជម្រើសដែលអាចមានប្រយោជន៍សម្រាប់ពួកគេ ឬសម្រាប់នរណាម្នាក់ដែលពួកគេស្គាល់។ TikTok សង្ឃឹមថា មុខងារពិសេសទាំងនេះនឹងបន្តជួយគ្រួសារឱ្យបង្កើតការសន្ទនាអំពីសុវត្ថិភាព និងសុខុមាលភាពនៅក្នុងពិភពឌីជីថលរបស់ខ្លួន។

ការគ្រប់គ្រងរយៈពេលប្រើប្រាស់ថ្មីសម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា

TikTok ចង់ឱ្យសហគមន៍របស់ខ្លួនមានអារម្មណ៍ថា ពួកគេមានការគ្រប់គ្រងលើគណនី TikTok របស់ពួកគេ។ បន្ថែមពីលើការនាំយកមុខងារថ្មីទាំងនេះទៅកាន់មុខងារផ្គូផ្គងគ្រួសារ អ្នកប្រើប្រាស់នឹងអាចកំណត់រយៈពេលប្រើប្រាស់ភ្លែតហ្វមផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ថ្ងៃនីមួយៗនៃសប្តាហ៍ និងកំណត់កាលវិភាគបិទសារជូនដំណឹង។ លើសពីនេះ TikTok កំពុងដាក់ឱ្យប្រើប្រាស់សារក្រើនរំលឹកឱ្យចូលគេង (sleep reminder) ដើម្បីជួយអ្នកប្រើប្រាស់ឱ្យងាយស្រួលរៀបចំផែនការនៅពេលដែលពួកគេមានបំណងមិនប្រើប្រាស់ភ្លែតហ្វមនៅពេលយប់។ អ្នកប្រើប្រាស់អាចកំណត់រយៈពេលប្រើប្រាស់ហើយនៅពេលដល់ពេលកំណត់ នឹងមានផ្ទាំងលេចចេញឡើងដើម្បីរំលឹកពួកគេថាដល់ពេលត្រូវបិទភ្លែតហ្វមហើយ។

TikTok នឹងបន្តវិនិយោគលើការកែលម្អមុខងារបច្ចុប្បន្នរបស់ខ្លួនក៏ដូចជាការណែនាំមុខងារថ្មីៗដើម្បីជួយអ្នកប្រើប្រាស់ឱ្យអាចគ្រប់គ្រងការប្រើប្រាស់របស់ពួកគេបាន ខណៈដែលពួកគេបង្ហាញពីភាពច្នៃប្រតិដ្ឋរបស់ពួកគេដើម្បីបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងរីករាយជាមួយការកម្សាន្ត៕

អ្នកនិពន្ធ៖ Cormac Keenan ប្រធានផ្នែកទំនុកចិត្តនិងសុវត្ថិភាព TikTok

To Top