បច្ចេកវិទ្យា

លោក Elon Musk បញ្ជាក់ថា Twitter នឹងទទួលបាន CEO ថ្មីជាស្រ្តី ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខនេះ

" "

ញូវយ៉ក៖ លោក Elon Musk បាន​ប្រកាស​បញ្ចប់​ការ​ស្វែង​រក​នាយក​ប្រតិបត្តិ​បន្ទាប់​របស់បណ្ដាញ Twitter ហើយនៅក្នុងការបង្ហោះ នៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ លោក Elon Musk បានលើកឡើងថា ស្ត្រីដែលមិនបញ្ចេញឈ្មោះ នឹងចូលកាន់តំណែងបន្ដពីលោកក្នុងរយៈពេលប្រហែលប្រាំមួយសប្តាហ៍។

លោក Elon Musk បានលើកឡើងថា លោកនឹងផ្លាស់ប្តូរទៅជាប្រធានប្រតិបត្តិ និងជាប្រធានផ្នែកបច្ចេកវិទ្យា “ត្រួតពិនិត្យផលិតផល សូហ្វវែរ និងស៊ីសូប” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

" "

ខណៈពេលដែលលោក Elon Musk មិនបានបញ្ចេញឈ្មោះ អ្នកជំនួសរបស់លោក កាសែត Wall Street Journal ដោយដកស្រង់ពីមនុស្ស ដែលស្គាល់ពីស្ថានភាពនេះកាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា ប្រធានផ្នែកផ្សាយ ពាណិជ្ជកម្មរបស់ NBCUniversal លោកស្រី Linda Yaccarino កំពុងពិភាក្សា សម្រាប់តួនាទីនេះ។

" "

ការប្រកាសរបស់លោក Elon Musk កើតឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញ Twitter កាលពីខែធ្នូ បានបោះឆ្នោតយ៉ាង លើសលប់ឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ ចុះចេញពីតំណែងជាប្រធានបណ្តាញ ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុង ការស្ទង់មតិ ដែលលោកបានធ្វើដោយខ្លួនឯង។

លោក Elon Musk ដែលជាអ្នកដឹកនាំក្រុមហ៊ុនរ៉ុក្កែត SpaceX បានដឹកនាំការផ្លាស់ប្តូរយ៉ាងទូលំទូលាយនៅលើបណ្ដាញ Twitter បន្ទាប់ពីទិញវេទិកានេះក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីឆ្នាំមុន រួមទាំងការបញ្ឈប់បុគ្គលិកប្រហែល ៨០ភាគរយ ការបន្ធូរបន្ថយស្តង់ដារសម្របសម្រួល និងចាប់ផ្តើមសេវាកម្មបង់ប្រាក់ហៅថា Twitter Blue ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top