បច្ចេកវិទ្យា

ចំណេះដឹងគួរស្វែងយល់៖ តើ VPN ជាអ្វី? ហើយវាមានដំណើរការយ៉ាងដូចម្តេច?

ភ្នំពេញ៖ VPN គឺជាអក្សរកាត់ដែលតំណាងឱ្យពាក្យ “Virtual Private Network” ឬ “បណ្តាញឯកជននិម្មិត” ។ VPN ត្រូវបានគេប្រើប្រាស់សម្រាប់រក្សាសុវត្ថិភាព និងឯកជនភាពក្នុងការប្រើប្រាស់បណ្តាញអ៊ីនធឺណិតដោយវាធ្វើការបម្លែងទិន្នន័យនៃការប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែង និងលាក់អត្តសញ្ញាណអ្នកប្រើប្រាស់ ដើម្បីការពារការតាមដានសកម្មភាពប្រើប្រាស់ និងការលួចទិន្នន័យពីជនទុច្ចរិតនៅលើប្រព័ន្ធអ៊ីនធឺណិត។ ក្រៅពីនេះ ការប្រើប្រាស់ VPN ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតអាចចូលទៅគេហទំព័រ ឫវេទិកាណាដែលមិនត្រូវបានអនុញ្ញានៅទីតាំងរបស់ពួកគេពីគ្រប់ទីកន្លែងក្នុងពិភពលោកផងដែរ។

VPN ធ្វើការលាក់អាសយដ្ឋានអ៊ីនធឺណិតដែលគេហៅថា IP (Internet Protocol) ដោយអនុញ្ញាតឱ្យបណ្តាញរបស់ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិត (ISP ឫ Internet Service Provider) ធ្វើការបញ្ជូនបន្តទិន្នន័យដែលបានបម្លែងហើយតាមរយៈម៉ាស៊ីនមេពីចម្ងាយ (remote server) ដែលគ្រប់គ្រងដោយក្រុមហ៊ុន VPN។ នេះមានន័យថា ប្រសិនបើអ្នកប្រើប្រាស់អ៊ីនធឺណិតជាមួយ VPN នោះម៉ាស៊ីនមេរបស់ក្រុមហ៊ុន VPN មានតួនាទីក្នុងការដំណើរការទិន្នន័យនៃការប្រើប្រាស់របស់អ្នក ពោលគឺមិនមែនក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណេត (ISP) នោះទេ។

ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) និងភាគីទីបីផ្សេងទៀតមិនអាចដឹងពីព័ត៌មាននៃការប្រើប្រាស់របស់អ្នកបាននោះទេ។យ៉ាងណាមិញ ក្រៅពីអាចរក្សាសុវត្ថិភាព និងឯកជនភាពក្នុងការប្រើប្រាស់អ៊ីនធឺនណិត VPN ក៏មានចំណុចមួយចំនួនដែលអ្នកប្រើប្រាស់គួរយល់ដឹង និងមានការប្រុងប្រយ័ត្នផងដែរ។ តួយ៉ាង VPN ដំណើរការក្នុងល្បឿនអ៊ីនធឺណិតដែលមានល្បឿនកំណត់ និងប្រើប្រាស់ទិន្នន័យអ៊ីនធឺណិត (Internet Data) ច្រើន ហើយវាត្រូវធ្វើការច្រើនជាងធម្មតា ដោយសារត្រូវឆ្លងកាត់ដំណើរការបម្លែងទិន្នន័យលើម៉ាស៊ីនមេ (server) ច្រើនដំណាក់កាល ដែលត្រូវការពេលយូរ។

ក្រៅពីនេះ គេហទំព័រ (website) មួយចំនួនបានបិទមិនឱ្យប្រើប្រាស់ VPN នោះទេ ហើយវាក៏ជារឿងខុសច្បាប់នៅក្នុងប្រទេសមួយចំនួនផងដែរ ដោយសារពេលខ្លះ វាអាចត្រូវបានប្រើប្រាស់ក្នុងផ្លូវទុច្ចរិតដែលនាំឱ្យមានផលប៉ះពាល់ដល់សង្គម។ ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់មិនអាចប្រាកដចិត្តទេថា តើក្រុមហ៊ុនគ្រប់គ្រងសេវាកម្ម VPN អាចចូលទៅមើល គ្រប់គ្រង ឫចែកចាយទិន្នន័យនៃការប្រើប្រាស់របស់ខ្លួនដែរឫយ៉ាងណានោះទេ។ សេវាកម្ម VPN ជាច្រើនត្រូវបានបង្កើតឡើងដើម្បីប្រមូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ជាពិសេសសេវាកម្មដែលផ្តល់ជូនដោយឥតគិតថ្លៃ (Free)។ ទិន្នន័យទាំងនោះ អាចនឹងត្រូវបានលក់ ឫចែកចាយទៅកាន់ភាគីដទៃ ដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងនានា ទាំងស្របច្បាប់ និងមិនស្របច្បាប់។

ជារួម VPN ផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិសម្រាប់អ្នកប្រើប្រាស់ ដោយវាតម្រូវឲ្យមានការស្វែងយល់ពីឲ្យបានច្បាស់ជាមុនសិន មុននឹងសម្រេចចិត្តប្រើប្រាស់ ដើម្បីការពារសុវត្ថិភាព និងឯកជនភាពនៅលើបណ្តាញអ៊ីនធឺណិត៕

To Top