បច្ចេកវិទ្យា

យានអវកាសរបស់ក្រុមហ៊ុន Boeing វិលត្រឡប់មកភពផែនដីវិញ គឺមកតែយានអវកាសទទេដោយបន្សល់ទុកអ្នកអវកាស ២ រូបបង្ខំចិត្តរស់នៅក្នុងលំហ

Xinhua

ញ៉ូវយ៉ក៖ យានអវកាស Starliner របស់ក្រុមហ៊ុន Boeing បានធ្វើការចុះចតនៅរដ្ឋ New Mexico កាលពីព្រឹកថ្ងៃសៅរ៍ ក្រោយពីបានធ្វើដំណើរប្រមាណ ៦ ម៉ោងចាកចេញពីស្ថានីយ៍អវកាសអន្តរជាតិ ហៅកាត់ថា (ISS) ដោយមិនមានអវកាសយានិកនៅលើនោះឡើយ ខណៈអវកាសយានិក ២នាក់ ត្រូវបានបង្ខំចិត្តឱ្យនៅក្នុងលំហរហូតដល់ឆ្នាំក្រោយ ដោយសារបញ្ហាបច្ចេកទេស។

យានអវកាសដែលគ្មានមនុស្សបើកបានផ្ដាច់ខ្លួនដោយស្វ័យប្រវត្តិពីស្ថានីយអវកាសអន្តរជាតិ ISS នៅម៉ោងប្រហែល៦ និង ០៤ល្ងាចម៉ោងនៅតំបន់ខាងកើត ត្រូវនឹងម៉ោង១០ និង ០៤នាទីម៉ោងសកល កាលពីថ្ងៃសុក្រ ហើយបានចុះចតនៅកំពង់ផែ White Sands Space Harbor នៃរដ្ឋ New Mexico នៅម៉ោងប្រហែល១២ និង ០១នាទីព្រឹក ម៉ោងភាគខាងកើត ត្រូវនឹងម៉ោង១៦ និង ០១នាទីម៉ោងសកលកាលពីថ្ងៃសៅរ៍ ដោយបានបញ្ចប់បេសកកម្មហោះហើរនាំយកមនុស្សទៅជាមួយជាលើកដំបូងរបស់ខ្លួន ។

អវកាសយានិករបស់អង្គការ NASA លោក Butch Wilmore និង Suni Williams បាននៅលើយានអវកាស Starliner ដោយបានចាកចេញពីស្ថានីយ៍កងកម្លាំងអវកាស Cape Canaveral នៃរដ្ឋផ្លរីដា កាលពីថ្ងៃទី៥ ខែមិថុនា ហើយបានទៅដល់ស្ថានីយអវកាសអន្តរជាតិ ISS នៅថ្ងៃទី៦ ខែមិថុនា ។

នៅក្នុងអំឡុងពេលនៃការចូលទៅជិតរបស់យានអវកាស Starliner ទៅកាន់មន្ទីរពិសោធន៍គន្លងតារាវិថី អង្គការ NASA និង Boeing បានកំណត់អត្តសញ្ញាណការលេចធ្លាយអេលីយ៉ូម ហើយបានប្រឈមមុខនឹងបញ្ហាជាមួយនឹងឧបករណ៍បញ្ជាប្រតិកម្មរបស់យានអវកាសផងដែរ ។

កាលពីដំបូងឡើយ អវកាសយានិកទាំង២នាក់ ត្រូវបានកំណត់ពេលស្នាក់នៅស្ថានីយអវកាស ISS រយៈពេល៨ថ្ងៃ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានចំណាយពេល៣ខែនៅក្នុងលំហអាកាសរួចទៅហើយ ដោយសារបញ្ហាបច្ចេកទេស ។

នៅទីបំផុត អង្គការ NASA បានសម្រេចចិត្តថា ការបញ្ជូនអវកាសយានិក ២នាក់ មកភពផែនដីវិញតាមរយៈយានអវកាស Starliner គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ផែនការថ្មី គឺដើម្បីឱ្យអវកាសយានិក ២នាក់ វិលមកភពផែនដីវិញ គឺតម្រូវឲ្យជិះលើយានអវកាសរបស់ក្រុមហ៊ុន SpaceX Dragon នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ហើយឱ្យយាបអវកាស Starliner វិលត្រឡប់មកភពផែនដីវិញដោយមិនមានមនុស្សបើកតែម្តង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top