បរទេស៖ ការរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័របានវាយប្រហារនៅជិតកោះតុងហ្គា នៅព្រឹកថ្ងៃចន្ទ ដែលបណ្តាលឱ្យមានការខូចខាតបន្តិចបន្តួច និងការជម្លៀសខ្លួនមួយរយៈពេលខ្លី មុនពេលការគំរាមកំហែងនៃរលកយក្សស៊ូណាមិវាយប្រហារប្រទេសកោះប៉ាស៊ីហ្វិកបានកន្លងផុតទៅ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅព្រឹកព្រលឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ស៊ីរ៉ែនរលកយក្សស៊ូណាមិអាចត្រូវបានគេឮបន្ទាប់ពីការរញ្ជួយដីនៅម៉ោង ១៖១៨នាទី ព្រឹកដោយជំរុញឱ្យអ្នកស្រុកផ្លាស់ទីក្នុងដីនៅក្នុងវីដេអូផ្សាយផ្ទាល់ដែលផ្សាយដោយគណៈកម្មការផ្សព្វផ្សាយតុងហ្គា។ ប្រជាជននៅក្នុងរដ្ឋធានី Nuku’alofa ត្រូវបានគេមើលឃើញថា កំពុងផ្លាស់ទី ឬទៅកាន់ទីទួលខ្ពស់ មុនពេលដែលក្រុមមន្ត្រីបានផ្តល់ភាពច្បាស់លាស់សម្រាប់ប្រជាជនឱ្យត្រឡប់ទៅផ្ទះវិញ។
Tongans ដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានរាយការណ៍ថា អាចធ្វើការភ្ជាប់ទៅកាន់កោះភាគច្រើននៅក្នុងប្រជុំកោះនេះ។ អត្តពលិកតេក្វាន់ដូ Pita Taufatofua បានបង្ហោះក្នុងហ្វេសប៊ុកថា របស់របរធ្លាក់ពីលើធ្នើរ និងតុ ហើយរូបភាពធ្លាក់ពីលើជញ្ជាំងកំឡុងពេលរញ្ជួយ។
គាត់បានសរសេរថា “ពិបាកនឹងក្រោកឈរ”។ “មិនដែលមានអារម្មណ៍ថារញ្ជួយដីយូរបែបនេះទេ”។
ចំណែកទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បាននិយាយថា ការរញ្ជួយដីបានវាយប្រហារនៅជម្រៅ ២៩ គីឡូម៉ែត្រ ហើយស្ថិតនៅចំកណ្តាលប្រហែល ១០ គីឡូម៉ែត្រ ភាគឦសាននៃកោះសំខាន់។ ប៉ុន្មានម៉ោងក្រោយមក ការរញ្ជួយដីកម្រិត៦.១រ៉ិចទ័រលើកទីពីរបានវាយប្រហារនៅតំបន់ដដែល៕
ប្រែប្រួលៈ ណៃ តុលា
