បច្ចេកវិទ្យា

អឺរ៉ុប ពិន័យក្រុម Apple និង Meta ចំពេលមានភាពតានតឹងពាណិជ្ជកម្មឆ្លងទ្វីប

ប្រ៊ុចសែលៈ សហភាពអឺរ៉ុប កាលពីថ្ងៃពុធ បានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៧០០លានអឺរ៉ូ (៧៩៨,៧លានដុល្លារអាមេរិក) លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple និងក្រុមហ៊ុន Meta ដែលជាចំណាត់ការមួយ ដែលរំពឹងថា នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែនអាត្លង់ទិក ដែលមានភាពតានតឹងរួចទៅហើយនោះ។

ក្រុមហ៊ុន Apple បានទទួលការផាកពិន័យចំនួន ៥០០ លានអឺរ៉ូសម្រាប់ការការពារអ្នកបង្កើតកម្មវិធីពីការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីជម្រើសនៃការទិញជំនួសនៅខាងក្រៅ App Store របស់ខ្លួន ដោយបំពានលើបទប្បញ្ញត្តិប្រឆាំងនឹងការគ្រប់គ្រងទីផ្សារឌីជីថល (DMA) របស់សហភាពអឺរ៉ុប។

គណៈកម្មាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់របស់ក្រុមហ៊ុន Apple បានរារាំងអ្នកអភិវឌ្ឍន៍ពីការទទួលបានអត្ថប្រយោជន៍ពេញលេញពីបណ្តាញចែកចាយខាងក្រៅ និងដាក់កំហិតអ្នកប្រើប្រាស់ពីការចូលប្រើការផ្តល់ជូនដែលមានតម្លៃថោកជាង ដែលមាននៅខាងក្រៅ App Store ។

ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ត្រូវបានពិន័យជាប្រាក់ ២០០ លានអឺរ៉ូលើគំរូ “Consent or Pay” របស់ខ្លួន ដែលបានណែនាំក្នុងឆ្នាំ២០២៣។ នៅក្រោមប្រព័ន្ធនេះ អ្នកប្រើប្រាស់នៅសហភាពអឺរ៉ុប ត្រូវបានតម្រូវឱ្យយល់ព្រមក្នុងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ សម្រាប់ការផ្សាយពាណិជ្ជកម្មដែលមានគោលដៅ ឬបង់ថ្លៃជាវប្រចាំខែ សម្រាប់បទពិសោធន៍គ្មានការផ្សាយពាណិជ្ជកម្ម។

គណៈកម្មាការបានរកឃើញថាគំរូនេះបានបរាជ័យក្នុងការផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសពិតប្រាកដដែលប្រើទិន្នន័យតិច ហើយមិនបានរក្សាសិទ្ធិគ្រប់គ្រាន់របស់ពួកគេក្នុងការយល់ព្រមដោយសេរីចំពោះដំណើរការទិន្នន័យផ្ទាល់ខ្លួន។ សេចក្តីសម្រេចរបស់អឺរ៉ុប គឺជាសកម្មភាពអនុវត្តច្បាប់ដំបូង ក្រោមបទប្បញ្ញត្តិកំណត់សម្គាល់របស់ប្លុក ដោយផ្តល់ឱ្យក្រុមហ៊ុនទាំងពីរ ៦០ ថ្ងៃដើម្បីអនុវត្តតាម ឬប្រឈមមុខនឹងការបង់ប្រាក់ពិន័យតាមកាលកំណត់។

ក្រុមហ៊ុន Apple បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានចោទប្រកាន់គណៈកម្មការអឺរ៉ុបអំពីការកំណត់គោលដៅអយុត្តិធម៌។ ក្រុមហ៊ុនបានប្រកែកថា ការសម្រេចចិត្តនេះប៉ះពាល់ដល់ភាពឯកជនរបស់អ្នកប្រើប្រាស់ សុវត្ថិភាពផលិតផល និងការច្នៃប្រឌិត។ ក្រុមហ៊ុននេះ បានអះអាងថា បានចំណាយពេល “រាប់រយពាន់ម៉ោងលើវិស្វកម្ម” និងបានធ្វើការផ្លាស់ប្តូរជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តតាមច្បាប់ ខណៈពេលដែលបានចោទប្រកាន់គណៈកម្មាការពីការផ្លាស់ប្តូរបង្គោលគោលដៅ “គ្រប់ជំហាន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top