បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងផ្លាស់ប្តូរការដំឡើង iPhone ទាំងអស់ពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា នេះបើយោងតាមក្រសួងទំនាក់ទំនងរបស់ប្រទេសឥណ្ឌា ដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ប្រភពដដែលបានឲ្យដឹងដែរថាការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
ប្រទេសចិន ជាកន្លែងដែលក្រុមហ៊ុន Apple ផលិត iPhone ភាគច្រើនរបស់ខ្លួន តាមរយៈអ្នកផ្គត់ផ្គង់ដូចជា Foxconn ដែលត្រូវបានរងការវាយប្រហារដោយពន្ធដ៏តឹងតែងបំផុតរបស់សហរដ្ឋអាមេរិក។
ភាពតានតឹងបានកើនឡើងបន្ទាប់ពីប្រធានាធិបតី Donald Trump បានដាក់ពន្ធ១៤៥ភាគរយ លើការនាំចូលមួយចំនួនរបស់ចិនកាលពីខែមុន ដែលជាផ្នែកមួយនៃការជំរុញដ៏ទូលំទូលាយដែលផ្តោតលើដៃគូពាណិជ្ជកម្មជាង៩០។ យ៉ាងណាក្តីជាការឆ្លើយតបទីក្រុងប៉េកាំងបានឆ្លើយតបជាមួយនឹងពន្ធ១២៥ភាគរយលើទំនិញអាមេរិក និងការទប់ស្កាត់ការនាំចេញថ្មីថែមទៀតផង។
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារទូរគមនាគមន៍ឥណ្ឌា លោក Jyotiraditya Scindia បាននិយាយថា Appleបានសម្រេចចិត្តបង្កើត និងផលិតទូរស័ព្ទចល័តទាំងអស់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕
ប្រែសម្រួល៖ ស៊ុនលី
