កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ
តាកែវ៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជាង ២ពាន់នាក់ មានជំនាញ មានការងារធ្វើបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

បើយោងតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជន និងពលរដ្ឋទូទៅសរុប ២,៤៩២នាក់ ទទួលបានអាហារូបករណ៍លើ ១២មុខជំនាញ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្តេចធិបតី។

បើយោងតាមវិទ្យាស្ថានដដែលបានឱ្យដឹងថា ជំនាញទាំង១២ នោះរួមមាន ៖ ការងារកំបោរ, ការដំឡើងបណ្តាញ អគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនធុន, ការដំឡើង និងថែទាំកាំមេរ៉ាសុវត្ថិភាព, ផ្សារអគ្គិសនី, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មសម្អាងកាយ, ការធ្វើម្ហូបខ្មែរ, និងការផលិតនំ។

នៅក្នុងខែសីហានេះ វគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយអាចទាក់ទងសាកសួរព័ត៌មាន បន្ថែមតាមរយៈទូរសព្ទលេខ ០១០ ៨៧៨ ៨៣៨/ ០១២ ៧៣៣ ៣០៤/ ០៩៨ ៥២២ ៦៤៥ ឬអញ្ជើញមកទីតាំងរបស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ដោយផ្ទាល់ ដែលមានអាស័យដ្ឋាននៅ ភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ៕












