ព័ត៌មានអន្តរជាតិ

វិភាគ: អ៊ីរ៉ង់ហៅអ៊ីស្រាអែល ថាជាឃាតកស៊ីឈ្នួល សម្លាប់មនុស្ស អោយអាមេរិក

បច្ចុប្បន្នភាព
លោក ម៉ូហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ (Mohammad Javad Zarif) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់មេដឹកនាំរបស់ប្រទេសអ៊ីស្រាអែលថាជាឃាតកស៊ីឈ្នួលសម្លាប់មនុស្សអោយសហរដ្ឋអាមេរិក ដែលពិភពលោកគួរចាត់វិធានការឆ្លើយតបជាបន្ទាន់ ។

លោក ម៉ូហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ បានបន្ថែមថា អ៊ីស្រាអែលគឺជាឃាតកប្រចាំតំបន់មជ្ឈិមបូព៌ា និងជាអ្នកបម្រើប្រចាំតំបន់របស់សហរដ្ឋអាមេរិក ហើយប្រទេសនេះតែងតែប្រព្រឹត្តិអំពើហិង្សាក្នុងតំបន់ទៅតាមការចង់បានរបស់សហរដ្ឋអាមេរិក ។

ការចោទប្រកាន់របស់លោក ម៉ូហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ ត្រូវបានធ្វើឡើងក្រោយពីអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ផ្នែកនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានធ្វើឃាតនៅក្បែរទីក្រុងតេអ៊ីរ៉ង់ ដោយក្រុមខ្មាន់កាំភ្លើងស្ទាក់បាញ់ប្រហារទៅលើក្បួនរថយន្តរបស់អ្នកវិទ្យាសាស្ត្ររូបនេះ ។

សូមរំលឹកជូនថា កាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមភេរវករមួយក្រុម បានរៀបចំការវាយប្រហារភេរវកម្មមួយ ដោយបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារបន្ថែមទៅលើក្បួនរថយន្តរបស់លោក ម៉ូសេន ហ្វាគ្រីហ្សាដេស (Mhosen Fakhrizadeh) ដែលជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ នៅក្បែរទីក្រុង តេអ៊ីរ៉ង់ ។

លោក ម៉ូសេន ហ្វាគ្រីហ្សាដេស បានរងរបួសធ្ងន់ក្នុងអំពើភេរវកម្មនោះ ហើយបន្ទាប់មកបានស្លាប់នៅមន្ទីរពេទ្យដោយសាររងរបួសធ្ងន់ធ្ងរពេក ប៉ុន្តែក្រុមអាជ្ញាធរអ៊ីរ៉ង់មិនបានបង្ហាញអោយច្បាស់ពីការស្លាប់ ឬរងរបួសខាងក្រុមភេរវករទេ ។

លោក ម៉ូសេន ហ្វាគ្រីហ្សាដេស អាយុ៥៩ឆ្នាំ មានតួនាទីជាប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃក្រសួងការពារជាតិអ៊ីរ៉ង់ ហើយអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររូបនេះ ក៏ជាអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ដ៏មានសមត្ថភាព និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រឹងប្រែងស្រាវជ្រាវអភិវឌ្ឍន៍ កម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ។ន្ត្រីអ៊ីរ៉ង់រូបនេះ បានធ្វើសកម្មភាពជួញដូរ ដោយសំងាត់ ដើម្បីអភិវឌ្ឍន៍ ផែនការផលិតគ្រាប់ បរមាណូ និងមីស៊ីល នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោក ម៉ូសេន ហ្វាគ្រីហ្សាដេស មិនមែនជាមន្ត្រីធម្មតាទេ តែគឺជាមនុស្សម្នាក់ដ៏សំខាន់ ដើរតួនាទីធំ ក្នុងកម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់ ។

ក្រោយទទួលបាន ដំណឹងពីមរណភាព របស់លោក ម៉ូសេន ហ្វាគ្រីហ្សាដេស ក្នុងអំពើភេរវកម្មនោះ លោក ម៉ូហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ ប្រមុខការទូតអ៊ីរ៉ង់ បានសរសើរលើទំព័រ Twitter របស់លោកថា អ៊ីរ៉ង់មានដាន និងភស្តុតាងមួយចំនួន ដែលអាចបញ្ជាក់បានថា អំពើភេរវកម្មនេះ គឺជាស្នាដៃរបស់ក្រុមចារកិច្ចសម្ងាត់របស់ប្រទេសអ៊ីស្រាអែល ។

លោក ហាសាន់ រូហានី ប្រធានាធិបតីអ៊ីរ៉ង់ បានចេញលិខិតប្រកាសមួយដោយចោទ ដោយចំៗតែម្តងថា អ៊ីស្រាអែលគឺជាឃាតក និងមានបាតដៃប្រឡាក់ឈាមនៅក្នុងអំពើឃាតកម្មនេះ ហើយអ៊ីរ៉ង់ត្រូវតែសងសឹក ។

ដើមចមនាំអោយកើតរឿង

ប្រព័ន្ធផ្សព្វផ្សាយ Arman e Melli របស់ប្រទេសអ៊ីរ៉ង់ បានចុះផ្សាយថា ដើមចមដែលនាំអោយសហរដ្ឋអាមេរិក តាមសម្លាប់មេបញ្ជាការកងកម្លាំងឆ្មាំ បដិវត្តន៍ និងអ្នកវិទ្យាសាស្ត្រ របស់ប្រទេសអ៊ីរ៉ង់ គឺដោយសំអាងលើ ហេតុផល២យ៉ាង ។

ហេតុផលទី១ គឺដើម្បីទប់ស្កាត់មហិច្ឆិតាផលិតអាវុធមហាប្រល័យរបស់ប្រទេសអ៊ីរ៉ង់ និងហេតុផលទី២ ដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលយោធាក្នុងតំបន់ជម្ឈិមបូព៌ារបស់ប្រទេសអ៊ីរ៉ង់ ដែលកំពុងតែកើនឡើងខ្លាំងនៅពេលបច្ចុប្បន្ននេះ ។

ចំពោះហេតុផលទី១ សហរដ្ឋអាមេរិកនៅតែចាត់ទុកថា ប្រទេសអ៊ីរ៉ង់នឹងមិនបោះបង់ចោលនូវមហិច្ឆិតាផលិតអាវុធនុយក្លេអ៊ែរនោះទេ ទោះបីជាអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសមហាអំណាច៥+១កាលពីឆ្នាំ២០១៥កន្លងទៅក៏ដោយ ។

ប្រទេសមហាអំណាច៥+១ នៅលើពិភពលោក ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់នោះ គឺមានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់ រួមទាំងអ៊ីរ៉ង់ ប៉ុន្តែហត្ថលេខីទាំងនេះ នៅតែគាំទ្រកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ដដែល ដោយដកខ្លួនចេញ តែសហរដ្ឋអាមេរិក ម្នាក់ឯងប៉ុណ្ណោះ ។

មូលហេតុដែលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨កន្លងទៅ គឺដោយសារប្រធានាធិបតីអាមេរិករូបនេះ យល់ថា កិច្ចព្រមព្រៀងនេះ មិនគ្រប់ជ្រុងជ្រោយទេ ។

មិនគ្រប់ជ្រុងជ្រុង ត្រង់ថាពេលដែលសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ គឺអាមេរិក ត្រូវដកទណ្ឌកម្មទាំងអស់ ចេញពីប្រទេសអ៊ីរ៉ង់ ដែលជាឱកាសម្រាប់ អ៊ីរ៉ង់ ក្នុងការធ្វើពាណិជ្ជកម្ មជាមួយប្រទេសនានា នៅជុំវិញពិភពលោក ដើម្បីប្រមូល យកទ្រព្យ ទៅផ្គត់ផ្គង់មហិច្ឆិតា នុយក្លេអ៊ែរ របស់ខ្លួណ នៅពេលខាងមុខ ។

មូលហេតុនេះហើយ ដែលលោក ត្រាំ បានដកអាមេរិកចេញ ពីកិច្ចព្រមព្រៀងនេះ និងដាក់ទណ្ឌកម្មគ្រប់យ៉ាង លើប្រទេសអ៊ីរ៉ង់វិញ ក្នុងបំណងបង្ខំ អោយអ៊ីរ៉ង់ចូលតុចរចាស្វែងរក កិច្ចព្រមព្រៀងថ្មីមួយទៀត ដែលនឹងមានចែង គ្រប់ជ្រុងជ្រោយ ។

បំណងរបស់ លោក ត្រាំ មិនបានជោគជ័យទេ ដោយសារតែអ៊ីរ៉ង់ មិនព្រមចូលតុចរចាដោយសំអាងលើ ហេតុផលថា អ៊ីរ៉ង់នឹងស្ថិតនៅក្រោម សម្ពាធរបស់អាមេរិក ប្រសិនបើអ៊ីរ៉ង់ ជួបចរចាជាមួយអាមេរិក ទៅតាមការចង់បាន របស់លោក ត្រាំ ។

ចំណែកហេតុផលទី២ គឺសហរដ្ឋអាមេរិក បានចោទប្រកាន់ថា ប្រទេសអ៊ីរ៉ង់នៅតែបន្តព្យាយាមពង្រីកឥទ្ធិពល យោធា របស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលអាចនឹងបង្កអសន្តិសុខនៅក្នុងតំបន់ និងមានការលំបាក ទៅថ្ងៃក្រោយ ។

អាមេរិក បានចោទប្រកាន់ថា អ៊ីរ៉ង់បានផ្គត់ផ្គង់ ក្រុមហាម៉ាស់ នៅប៉ាឡេស្ទីន ផ្គត់ផ្គង់ក្រុមសកម្មប្រយុទ្ធ នៅប្រទេសស៊ីរី ផ្គត់ផ្គង់ក្រុមឧទ្ទាម ហេស្បូឡាស នៅប្រទេសលីបង់ ផ្គត់ផ្គង់ក្រុមឧទ្ទាម ហ៊ូទី នៅប្រទេសយេមែន និងផ្គត់ផ្គង់ ក្រុមសកម្មប្រយុទ្ធ នៅប្រទេសអ៊ីរ៉ាក់ ក្នុងបំណងទប់ទល់ ជាមួយឥទ្ធិពលយោធា របស់សហរដ្ឋអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា ៕
ដោយ៖ អ៊ី ជិន

To Top