ដូចរៀងរាល់ឆ្នាំដែរមុនឱកាសបិទបញ្ចប់ពេលវេលាដំណាច់ឆ្នាំ មជ្ឈមណ្ឌលព័ត៌មានអម្ពិល សូមឆ្លៀតពេលនេះរម្លឹកប្រិយមិត្ត អំពីព្រឹត្តការណ៍សំខាន់ៗ ដែលបានកើតឡើងក្នុងឆ្នាំ២០២០នេះ។ ដូចប្រិយមិត្តអ្នកតាមដានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលជ្រាបហើយថាព្រឹត្តការណ៍ ដែលកំពុងអង្រួនពិភពលោកក្នុងឆ្នាំ២០២០ គឺការរីករាលដាលនៃជំងឺកូវីដ១៩ និងនិយាយដោយឡែក សម្រាប់ប្រទេសកម្ពុជា ។ ចង់ដឹងថា នៅចំពោះមុខការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ កម្ពុជាបានធ្វើអ្វីខ្លះ?
*បង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន៖
នៅចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩បានបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ប្រទេសក្នុងគ្រាអាសន្នយ៉ាងបន្ទាន់។ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយផ្អែកតាមមាត្រា២២ ថ្មីនៃរដ្ឋធម្មនុញ្ញ កម្ពុជាដែលចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រទានដំណឹង ជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភា។ ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ១០ មេសា នាសម័យប្រជុំរដ្ឋសភាលើកទី ៤ នីតិកាលទី៦និងព្រឹទ្ធសភាពិនិត្យឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ក្នុងសម័យប្រជុំនៃព្រឹទ្ធសភា នីតិកាលទី៤ ថ្ងៃទី ១៧ មេសា។
*សម្ដេច ហ៊ុន សែន ជាមេដឹកនាំលើពិភពលោកដំបូងដើរបញ្ជ្រាសគេសម្រាប់ដំណើរទស្សនកិច្ចទៅចិននៅក្នុងបរិបទកូវីដ១៩៖
–កាលពីដើមខែកុម្ភៈសម្ដេចតេជោបានដឹកនាំគណៈប្រតិភូរួមនឹងកូនប្រុសច្បងទៅប្រទេសចិននៅក្នុងពេលដែលចិនកំពុងក្រពុលមុខជាមួយនឹងកូវីដ១៩។ តែទោះជារវល់យ៉ាងណាក៏ដោយ ក៏ប្រធានាធិបតីចិនឆ្លៀតកំដរសម្ដេចដោយភាពកក់ក្ដៅ។ នៅចំពោះមុខកម្ពុជា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថាប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាល នៃជំងឺផ្លូវដង្ហើម បង្កដោយមេរោគ «កូរ៉ូណា»នេះពិតមែនក៏រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋកម្ពុជាជាពិសេសនិស្សិតកម្ពុជា កំពុងរស់នៅក្នុងប្រទេសចិន។ លោកប្រធានាធិបតីចិន បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជានិងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តន៍នូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។
សម្តេចតេជោ ហ៊ុន សែន អរគុណលោកប្រធានាធិបតី ដែលបានទទួលសម្តេច ក្នុងពេលវេលាដ៏ខ្លី ហើយសម្តេចបានគូសបញ្ជាក់ថាគោលបំណងនៃការធ្វើដំណើរទស្សនកិច្ច មកកាន់ប្រទេសចិនមាន៣ចំណុច៖ ទី១. បង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ, ទី២. ដើម្បីពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា រស់នៅ និងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិនទៀត តស៊ូជាមួយប្រជាពលរដ្ឋចិន និងទី៣. បញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជា ជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺជំងឺភ័យខ្លាច ហើយមកដល់ពេលនេះមិនទាន់ ពលរដ្ឋកម្ពុជាណាម្នាក់ កើតជំងឺនេះទេ។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា ប្រទេសខ្លះហាក់បីដូចជាធ្វើសង្គ្រាម ចិត្តសាស្ត្រធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា មុននេះសម្តេចបានចាប់ដៃ លោក លី ខឺឈាង បើទោះបីជាលោកទើបត្រឡប់មកពីទីក្រុងវូហានថ្មីៗក៏ដោយ។សម្តេចតេជោគូសបញ្ជាក់ថា សម្តេចមិនពាក់ម៉ាស់ទេបើពាក់ម៉ាស់ មិនបាច់មកទស្សនកិច្ចនៅប្រទេសចិនទេ។សម្តេចតេជោបានគូសបញ្ជាក់ទៀតថា ទោះបីមិត្តចិនបានត្រៀមម៉ាស់ សម្រាប់សម្តេចក៏ដោយ ក៏សម្តេចមិនពាក់ដែរ។
ឆ្លៀតក្នុងឱកាសនេះសម្តេចតេជោ ក៏បានចូលរួមរំលែកនូវទុក្ខកង្វល់ទាំងឡាយ ជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំងឺបង្កដោយមេរោគ «កូរ៉ូណា» នេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា កាលពីឆ្នាំទៅប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នយោបាយជោគវាសនារួមគ្នា។ សម្តេចតេជោបានបន្ថែមថាមិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ។ វត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។
ប្រធានាធិបតីចិន បានឆ្លើយតបដោយ អរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានភក្តីភាពជាមួយប្រជាជនចិន និងរដ្ឋាភិបាលចិន។ កម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមិត្ត «ដែកថែប» របស់ចិន។ លោកប្រធានាធិបតីបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំនេះ ពលរដ្ឋចិនតែងតែជួបនូវឧបសគ្គជាច្រើន ហើយចុងក្រោយនេះពលរដ្ឋចិន មានភាពក្លាហានប្រឈមមុខ ជាមួយគ្រោះថ្នាក់ដែលមិនអាចចៀសវាងបាន តែក៏អាចដោះស្រាយបញ្ហានោះបាន។
ប្រធានាធិបតីចិនបានថ្លែងថាលោកពិតជាអរគុណចំពោះទឹកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញ នូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន។ មានន័យថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។ មិនតែប៉ុណ្ណោះសម្តេចតេជោ និងរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងជឿទុកចិត្តប្រទេសចិន។
លោកប្រធានាធិបតីចិន ក៏បានបង្ហាញការសរសើរ ដោយស្មោះចំពោះកម្ពុជា ក្នុងការចាត់វិធានការអនុវត្តន៍ច្បាប់នៅខេត្តព្រះសីហនុ ហើយបញ្ឈប់នូវល្បែងភ្នាល់អនឡាញ។
ជាការឆ្លើយតប ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវការនៃភាពចាំបាច់របស់កម្ពុជា។ រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផល ពីកម្ពុជាចូលប្រទេសចិន។ ប៉ុន្តែជាការចង់បានត្រឡប់មកវិញ លោកប្រធានាធិបតីចិន ស្នើកម្ពុជា បង្ករបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ចចិន។លោកប្រធានាធិបតីស្នើឱ្យពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ។
*បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាដាក់ជើងជាន់ដីចិន ក្នុងអន្តរកាលនៃវិបត្តិកូវីដ១៩ រួចមកជំនួយបានធ្លាក់មក៖
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានផ្ញើរសារ អរគុណដល់មិត្តចិន ដែលបានផ្ដល់ជំនួយជាច្រើនសម្រាប់ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។
សម្ដេចបញ្ជាក់ថា“ក្រៅអំពីជំនួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិន បានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ ជាច្រើនសម្រាប់ប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។
សម្ដេចតេជោបន្តថា ជានិច្ចជាកាលមិត្តចិន តែងតែយកចិត្តទុកដាក់ ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេល ដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ក្រៅអំពីជំនួយ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិន បានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិន បានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ ជាច្រើនសម្រាប់ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ។
សូមរំលឹកថាកាលពីថ្ងៃទី២៣ មីនា រដ្ឋាភិបាលចិន បានបញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ៧រូប រួមជាមួយឧបករណ៍សម្ភារៈពេទ្យមួយចំនួនបានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺ កូវីដ១៩ដំបូង ដែលប្រទេសចិន បានបញ្ជូនចេញទៅបេសកកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ «អាស៊ាន»។
ចំណែកនៅថ្ងៃទី២៤ មីនា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ នៃកងទ័ពរំដោះ ប្រជាជនចិនចំនួន ៤រូប ក៏បានមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ។ ក្រុមឯកទេសបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ របស់កងទ័ពចិនភាគច្រើន គឺមកពីបណ្ឌិតសភាស្រាវជ្រាវ វេជ្ជសាស្ត្រយោធាចិន ដែលជាស្ថាប័នមួយបានបង្កើត វ៉ាក់សាំងការពារជំងឺអេបូឡា ដំបូងបង្អស់នៅលើពិភពលោក ទទួលបានជោគជ័យ ។ នាពេលថ្មីៗនេះ ក៏បានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ បច្ចុប្បន្នវ៉ាក់សាំងនេះបានដាក់ចូល ក្នុងការសាកល្បងព្យាបាលផងដែរ ។
ដោយឡែកកាលពីព្រឹកថ្ងៃទី០១ខែមេសាឆ្នាំ២០២០សម្ភារៈនិងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID-19 ជាង២ តោន ដែលជាជំនួយ របស់កងទ័ពរំដោះប្រជាជនចិន បានដឹកមកប្រទេសកម្ពុជា ។ ជាថ្មីម្ដងទៀតតាមរយៈក្រសួងការពារជាតិប្រទេសចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ ដល់ក្រសួងការពារជាតិកម្ពុជា។
*ការឆ្លងចូលសហគមន៍ជារឿង មិននឹកស្មានដល់៖
បន្ទាប់ពីការបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នរួចមកស្ថានភាពកូវីដ១៩នៅកម្ពុជាមិនភាពល្អ ប្រសើរសោះ។មុនឆ្លងចូលសហគមន៍កម្ពុជាជួបប្រទះព្រឹត្តការណ៍៣វិច្ឆិកា។ព្រឹត្តការណ៍៣វិច្ឆិកា និយាយដោយសាមញ្ញ ទៅជាព្រឹត្តការណ៍មួយ ជាប់ទាក់ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី ដែលរកឃើញថា មានផ្ទុកវីរុសកូវីដ១៩ក្រោយបញ្ចប់ដំណើរទស្សកិច្ចនៅកម្ពុជានិងបន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសថៃ។ នៅក្នុងព្រឹត្តការណ៍នោះគេនៅចាំបានថា មន្ត្រីរដ្ឋាភិបាលក្រាក់ៗរួមទាំងប្រមុខរដ្ឋាភិបាលផងបានចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាលដោយលទ្ធផលតេស្តបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩។ បន្ទាប់មកព្រឹត្តការណ៍៣វិច្ឆិកាបានបញ្ចប់នាំមានការសាទរពីប្រជាពលរដ្ឋខ្មែរគ្រប់រូប។តែជាអកុសលរំលងមិនបានប៉ុន្មានផងនៅក្នុងខែវិច្ឆិកាដដែលកម្ពុជាទទួលរងការឆ្លងចូលសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨វិច្ឆិកាតាមរយៈភរិយាប្រពន្ធអគ្គនាយកពន្ធធនាគារដែលបានធ្វើដំណើរទៅកាន់ទីតាំងមួយចំនួនក្នុងផ្សារទំនើបអ៊ីអន១។មិនខុសគ្នាពីព្រឹត្តការណ៍៣វិច្ឆិកា ដែរព្រឹត្តការណ៍២៨វិច្ឆិកា បង្ខំឲ្យមន្ត្រីធំៗ ដែលមានជាប់ពាក់ព័ន្ធ ដោយផ្ទាល់ជាមួយលោក ឆែម សាវុធ រួមទាំងសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើមអនុវត្តវិធានការចត្តាឡីស័ក១៤ថ្ងៃ ដោយលទ្ធផលតេស្តអវិជ្ជមាន។សូមកុំភ្លេចថាព្រឹត្តការណ៍២៨វិច្ឆិកា បានរាលដាលនិងប៉ះពាល់កន្លែងជាច្រើនក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្ដាលខេត្តមួយចំនួនជាពិសេសនៅរាជធានីភ្នំពេញតាមបណ្ដាលហាងដែលមានមនុស្សកកកុញប្រមូលផ្ដុំតួយ៉ាងហាងលក់សម្លៀកបំពាក់ហ្សេនដូនិងផេត្រូជាដើម។ដោយសារតែមើលឃើញទំហំនៃការឆ្លងចូលសហគមន៍មិនថមថយសោះសម្ដេចតេជោធ្លាប់បង្ហើបចង់ប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន។
ប៉ុន្តែយ៉ាងណាក៏ដោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នាអាធ្រាតថ្ងៃអាទិត្យទី០៦ ខែធ្នួ បានសរសេរបំភ្លឺបន្ថែម នៅលើបណ្ដាញសង្គមថា នឹងមិនមានការដាក់ប្រទេសឬរាជធានី ក្នុងគ្រាអាសន្នឡើយ។ ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីសម្ដេចបានសង្កេតឃើញថាមានការបំភ្លើសនានាលើកឡើងអំពីការបិទប្រទេសឬបិទរាជធានី ក្នុងប៉ុន្មានថ្ងៃខាងមុខ និងបំផុសឲ្យមនុស្សទិញទំនិញត្រៀមទុក។
នៅចំពោះមុខការភូតកុហកបែបនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់តាមបណ្ដាញសង្គមថា នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬផ្នែកណាមួយទេហើយក៏មិនមានការបញ្ចេញបទបញ្ជាឲ្យបិទរាជធានីភ្នំពេញដូចការឃោសនាណាមួយក៏ទេដែរ។
គួររំឭកជូនថា នៅថ្ងៃទៅ០៦ខែធ្នូ ប្រមុខរាជរដ្ឋាភិបាលសម្ដេចជោ ហ៊ុន សែន បានបង្ហើបពីការត្រៀមលិខិតពាក់ព័ន្ធសម្រាប់ការដាក់ប្រទេសទៅក្នុងគ្រាមានអាសន្ន។យ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា មិនចង់ដើរទៅដល់ចំណុចនោះឡើយ ព្រោះវាអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាគាំងទាំងស្រុងតែម្ដង ដោយចំពោះការរកទទួលទានរបស់ប្រជាពលរដ្ឋុ។
*ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលចូលសហគមន៍រដ្ឋសម្រេចទិញវាក់សាំងនិងបង្ហាញអត្តសញ្ញាណ អ្នកឆ្លងជាសាធារណៈ
វ៉ាក់សាំងប្រឆាំងកូវីដ១៩ នឹងត្រូវផ្តល់ជូនអ្នកដែលមាន ហានិភ័យខ្ពស់ដូចជា គ្រូពេទ្យជួរមុខ គ្រូបង្រៀនកងកំលាំងប្រដាប់អាវុធ មន្រ្តីអនុរក្សពន្ធធនាគារ និងមន្រ្តីយុត្តិធម៌ ចំនួនជិត៤០ម៉ឺននាក់ និងនៅសល់ជាង ១០ម៉ឺននាក់ទៀត ជាការចាត់ចែងរបស់ក្រសួងសុខាភិបាល។ នេះជាការលើកឡើងតាមរយៈសារជាសំឡេងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែននៅយប់ថ្ងៃទី០៧ ធ្នូ។
គួរជម្រាបជូនថា សម្ដេច ហ៊ុន សែន បានប្រកាសទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន១លានដូស ជាជំហ៊ានដំបូង ដោយបរិមាណវ៉ាក់សាំងនេះ អាចចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលដែលកម្ពុជា មានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩។សម្ដេចក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុឲ្យត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងពី២ទៅ៣លានដូស បន្ថែមទៀតដែរ សម្រាប់ដំណាក់កាលបន្ទាប់។
នាព្រលប់ថ្ងៃទី៤ខែធ្នូឆ្នាំ២០២០នេះតាមរយៈសារជាសំលេងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ អាស័យដ្ឋាន ងាយស្រួលឲ្យពលរដ្ឋផ្ទៀងផ្ទាត់ ដើម្បីឲ្យអ្នកពាក់ព័ន្ធជាមួយអ្នកផ្ទុកកូវីដ១៩ចូលខ្លួនធ្វើតេស្តកុំឲ្យចម្លងដល់បងប្អូន មិត្តភិត្តិ និងអ្នកដទៃ។
សូមបញ្ជាក់ថា វិធានការថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា។
*លោក កឹម សុខា គាំទ្ររាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងដែលផ្ទុយពីលោក សម រង្ស៊ី ចំអករាជរដ្ឋាភិបាល៖
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោកកឹម សុខា បានប្រកាសគាំទ្រដល់វិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា។មិនតែប៉ុណ្ណោះលោកកឹម សុខា ថែមទាំងប្រកាសគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការប្រកាសគាំទ្ររបស់លោកកឹម សុខានាពេលនេះ គឺផ្ទុយនឹងលោកសម រង្សី។ លោកសម រង្ស៊ី ដែលជាប្រធានស្តីទីអតីតបក្សប្រឆាំងកាលពីថ្ងៃទី០៦ ខែធ្នូ បានសម្តែងការចំអកតាមទំព័រហ្វេសប៊ុកលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការត្រៀមវ៉ាក់សាំងចាក់ការពារប្រជាពលរដ្ឋពីជំងឺកូវីដ១៩។
ប៉ុន្តែនៅថ្ងៃទី០៧ខែធ្នូសម្ដេចនាយកដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសពីគម្រោងបញ្ជាទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន១លានដូសសម្រាប់ដំណាក់កាលដំបូង និងត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងនេះពី២ទៅ៣លានដូសបន្ថែមទៀតសម្រាប់ចាក់ការពារប្រជាពលរដ្ឋ។ ក្រោយការប្រកាសនេះ សេដ្ឋីៗស្រុកខ្មែរ មន្រ្តីរាជការ និងប្រជាពលរដ្ឋដទៃទៀតបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមគាំទ្រគម្រោងរបស់រដ្ឋាភិបាលនេះ។
ចំណែក លោកកឹម សុខាវិញ ក៏បានលើកទឹកចិត្តពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឱ្យចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ ដោយទឹកចិត្តសប្បុរសធម៌ សាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ១៩ ។ លោកក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ និង ប្រទេសអភិវឌ្ឍន៍មានធនធាន មានមធ្យោបាយឱ្យជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងជំងឺកូវីដ១៩នេះដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ តាមលទ្ធភាព និង ប្រកបដោយមនុស្សធម៌។
*នៅក្នុងឆ្នាំ២០២០នេះ ដៃម្ខាងរទប់កូវីដ១៩ ដៃម្ខាងតតាំងជាមួយសម្ពាធអន្តរជាតិស្ដីពីកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA
សេចក្តីសម្រេចដកការលើកលែងពន្ធ២០%តាមប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អឺរ៉ុបបានចូលជាធរមាននិងចាប់ផ្តើមអនុវត្តកាលពីខែសីហា។ ការចាប់ផ្តើមអនុវត្តរបស់គណៈកម្មការអឺរ៉ុបនេះ ធ្វើឡើងតាមសេចក្តីសម្រេចមួយកាលពីថ្ងៃទី១២ ខែកុម្ភៈក្នុងឆ្នាំ២០២០ដដែល ក្រោមហេតុផលថា កម្ពុជាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ គណៈកម្មការអឺរ៉ុបបានអះអាងថា ទ្វារចរចាគ្នានៅតែបើកចំហរសម្រាប់កម្ពុជាក្នុងការឈានទៅកែទម្រង់លើការរំលោភសិទ្ធិមនុស្ស ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះEBAពេញលេញមកវិញ។
បើតាមគណៈកម្មការអឺរ៉ុបការសម្រេចនេះគឺប៉ះពាល់ដល់ទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបប្រមាណ២០% ប៉ុន្តែកម្ពុជានៅតែអាចបន្តនាំចេញទំនិញទាំងនេះបាន តែក្នុងលក្ខខណ្ឌត្រូវបង់ពន្ធ។ ចំណែក ទំនិញរបស់កម្ពុជា៨០%ទៀត គឺនៅតែអាចបន្តនាំចេញទៅអឺរ៉ុបដោយមិនបង់ពន្ធដដែល។ ទំនិញដែលប៉ះពាល់ដោយសារបាត់ផ្នែកខ្លះនៃEBAនេះ គឺមាន៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ។
បើទោះបីបានសម្រេចដកការលើកលែងពន្ធលើទំនិញខ្លះពីកម្ពុជាជាផ្លូវការក៏ដោយ ប៉ុន្តែលោក Phil Hogan ប្រធានគណៈកម្មការអឺរ៉ុបបានអះអាងថា សហភាពអឺរ៉ុបនៅតែបន្តការគាំទ្រដល់កម្ពុជា ប៉ុន្តែការបន្តគាំទ្រនេះមិនមែនជាការបន្ថយនូវការទាមទារជាបន្ទាន់ឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងសិទ្ធការងារនោះទេ។ ត្រង់ចំណុចនេះ លោកប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ថាគណៈកម្មការអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមនិងស្រោចស្រង់ឱ្យមានការនាំចេញទំនិញទៅអឺរ៉ុបដោយមិនយកពន្ធពេញលេញឡើងវិញនៅពេលមានការរីកចម្រើនលើការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថាគណៈកម្មការអឺរ៉ុបបានសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជាកាលពីថ្ងៃទី១២ ខែកុម្ភៈហើយទើបចូលជាធរមានថ្ងៃទី១២ ខែសីហានេះ។ ការសម្រេចនេះដោយឈរលើហេតុផលកម្ពុជាបានរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិការងារ។ គណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់ថា នឹងបន្តឃ្លាំមើលពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេស គឺផ្តោតទៅលើការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិក្នុងពេលថ្មីៗនេះ និងសិទ្ធិស៊ីវិល និងនយោបាយ ក៏ដូចជាវិវាទដីធ្លី និង សិទ្ធិការងារដែលជាបញ្ហាត្រូវបន្តឱ្យមានការកែទម្រង់នាពេលខាងមុខ។
សម្រាប់គណៈកម្មការអឺរ៉ុប អាជ្ញាធរកម្ពុជាគួរតែចាត់វិធានការ ដើម្បីស្តារសេរីភាពនយោបាយនៅកម្ពុជាឡើងវិញហើយបង្កើតល័ក្ខខ័ណ្ឌចាំបាច់ឡើងវិញសម្រាប់គណបក្សប្រឆាំងដែលអាចជឿទុកចិត្តបាន និងផ្តួចផ្តើមដំណើរការផ្សះផ្សារជាតិ តាមរយៈការសន្ទនាដ៏ពិតប្រាកដមួយ។ គណៈកម្មការអឺរ៉ុបក៏បានបញ្ជាក់ច្បាស់ៗថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការគោរពសិទ្ធិមនុស្ស ជាពិសេសលើសិទ្ធិស៊ីវិល និងនយោបាយ នោះគណៈកម្មការអឺរ៉ុបអាចនឹងពិនិត្យសេចក្តីសម្រេចរបស់ខ្លួនហើយឈានទៅផ្តល់ការលើកលែងពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធEBAដល់កម្ពុជាឡើងវិញ។
គួរកត់សម្គាល់ថា ការសម្រេចអនុវត្តជាផ្លូវការរបស់គណៈកម្មការអឺរ៉ុបនាពេលនេះ គឺចំពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែជំងឺកូវីដ១៩។គណៈកម្មការអឺរ៉ុបប្រាប់ថាខ្លួនបានដឹងហើយពីរឿងនេះនិងថាបានត្រៀមខ្លួនរួចរាល់ក្នុងការជួយដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ។ប៉ុន្តែ គណៈកម្មការអឺរ៉ុបក៏បានបញ្ជាក់ឱ្យដឹងដែរថា ការជួយនេះមិនមែនការលើកលែងការទាមទារជាបន្ទាន់របស់ខ្លួនដល់កម្ពុជា ដើម្បីឱ្យធានាដល់ការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនោះឡើយ។
*សេដ្ឋកិច្ចកម្ពុជាខ្ទេចខ្ទាំ ដោយសារកូវីដ១៩
ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីចុងខែធ្នូ បានបង្ហាញការព្យាករណ៍ជាថ្មី នៃសេដ្ឋកិច្ចកម្ពុជា ដែលនឹងធ្លាក់ចុះដល់ទៅ-៤ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដោយសារតែវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩។ ការព្យាករណ៍ចុងក្រោយនេះ គឺខុសពីការព្យាករណ៍រាជរដ្ឋាភិបាលកម្ពុជា ដែលបានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងអាចធ្លាក់ចុះ-១.៩ភាគរយ។ ជាការកត់សម្គាល់ ការព្យាករណ៍សេដ្ឋកិច្ចខ្លួនឯងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រហាក់ប្រហែលគ្នានឹងធនាគារពិភពលោកដែលបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ-២ភាគរយ។
លោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំនៅប្រទេសកម្ពុជាបានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្នុងរង្វង់-៤.០ភាគរយនៅក្នុងឆ្នាំ២០២០នេះ ប៉ុន្តែកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចស្ទុះឡើងវិញក្នុងរង្វង់៥.៤ ភាគរយនៅឆ្នាំ ២០២១។ ការព្យាករណ៍ជាថ្មីនេះ គឺដូចគ្នានឹងការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។ លោក David Freedman បានវិភាគថា កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួនដែលនេះ គឺជាគន្លឹះនៃកំណើននាពេលអនាគតពីព្រោះកំណើនរបស់កម្ពុជាត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរូបនេះអះអាងថា កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម។
នៅចំពោះមុខការព្យាករណ៍ចុងក្រោយរបស់ធនាគារ ADBនេះ រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាការព្យាករណ៍លើសេដ្ឋកិច្ចរបស់ខ្លួនដូចលើកមុនដដែល ពោល គឺកម្ពុជាវាយតម្លៃថា សេដ្ឋកិច្ចនឹងធ្លាក់ចុះមក-១.៩ភាគរយនៅក្នុងឆ្នាំ២០២០នេះដោយសារតែវិបត្តិកូវីដ១៩ ហើយនៅក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជានឹងងើបមកវិញក្នុងរង្វង់៣.៥ភាគរយ។ ត្បិតថាខុសគ្នាជាមួយ ADB ប៉ុន្តែការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជានេះ គឺប្រហាក់ប្រហែលគ្នានឹងការព្យាករណ៍របស់ធនាគារពិភពលោក។
សូមបញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា ប្រទេសជិតខាងកម្ពុជាមានថៃ និងឡាវក៏ត្រូវបានព្យាករពីសេដ្ឋកិច្ចធ្លាក់ចុះដែរនៅក្នុងឆ្នាំ២០២០នេះ។ សេដ្ឋកិច្ចប្រទេសថៃ នឹងធ្លាក់ចុះទៅដល់-៧.៨ភាគរយ ខណៈប្រទេសឡាវនឹងធ្លាក់ចុះ-២.៥ភាគរយ ដោយសារតែវិបត្តិកូវីដ១៩។ ប៉ុន្តែសេដ្ឋកិច្ចប្រទេសវៀតណាមវិញ បែរជាមានការកើនឡើង២.៣ភាគរយ ខណៈនៅឆ្នាំ២០២១នឹងកើនដល់៦.១ភាគរយ។ នេះបើតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ។
-ចំណែធនាគារពិភពលោកព្យាករណ៍ជាថ្មីថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមានក្រោម២%ដោយសារវិបត្តិកូវីដ១៩។ ធនាគារពិភពលោកបានព្យាករណ៍ជាថ្មីថា នៅក្នុងឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនធ្លាក់ចុះក្រោម ២%(-២%) ដែលជាការធ្លាក់ចុះយ៉ាងគំហុកពុំធ្លាប់មានដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ការព្យាករណ៍ជាថ្មីរបស់ធនាគារពិភពលោកនេះ គឺខុសពីការព្យាករណ៍ជាថ្មីដែររបស់ធនាគារអភិវឌ្ឍអាស៊ី ADB ដែលថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះនឹងធ្លាក់ចុះក្រោម៤%(-៤%)។
ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្រោម២%នេះ គឺធនាគារពិភពលោកបានសំអាងថា ការរីករាលដាលនៃជំងឺកូវីដ១៩បានប៉ះពាល់យ៉ាងដំណំទៅលើក្បាលម៉ាស៊ីនកំណើនធំៗរបស់កម្ពុជាជាពិសេសវិស័យសំណង់ ទេសចរណ៍ និងផ្នែកនាំចេញទំនិញដែលទាំងអស់នេះ មានចំណែកជាង៧០%ក្នុងកំណើនសរុប ។ ធនាគារពិភពលោកបានអះអាងថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានៅទ្រឹងដោយសារតែជំងឺកូវីដ១៩ ដោយការនាំចូលដែក និងស៊ីម៉ង់ត៍ក្នុងរយៈពេល៦ខែឆ្នាំនេះ បានធ្លាក់ចុះ៤៥,១% និង ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយសារតែគម្រោងធំៗមួយចំនួនត្រូវផ្អាកសកម្មភាព។
ទន្ទឹមគ្នានេះ ជំងឺកូវីដ១៩ ក៏បានទាញវិស័យនាំចេញធំៗរបស់កម្ពុជាឱធ្លាក់ចុះផងដែរ ។ ដូចយ៉ាង ការនាំចេញផលិតផលកាត់ដេរ សម្ភារធ្វើដំណើរ និងស្បែកបានធ្លាក់ចុះ៧,២% ខណៈការចូលក្រណាត់សម្រាប់បម្រើវិស័យកាត់ដេរបានធ្លាក់ចុះ៨៥,៤%នៅក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២០នេះ។ ចំពោះ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាវិញ គឺធនាគារពិភពលោកគូសបញ្ជាក់ថា បានដួលរលំដោយសារតែការរឹតត្បិតលើការធ្វើដំណើរ និងវិធានការរាំងខ្ទប់ឱ្យនៅមួយកន្លែង។ ជាក់ស្តែង ក្នុងរយៈពេល៦ខែនេះ ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ៦៤,៦%។
សូមបញ្ជាក់ថាការព្យាករណ៍ជាថ្មីរបស់ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម២%នេះ គឺខុសពីលើកមុនៗធនាគារពិភពលោកថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ពីចន្លោះក្រោម១%(-១%)ទៅក្រោម២,៩%(-២,៩%)។ការព្យាករណ៍ជាថ្មីនេះក៏ខុសគ្នានឹងការព្យាករណ៍ជាថ្មីដែររបស់ធនាគារអភិវឌ្ឍអាស៊ី ADB កាលពីថ្ងៃទី២៣ ខែកញ្ញាថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះក្រោម៤%(-៤%)នៅក្នុងឆ្នាំនេះ ដោយសារតែជំងឺកូវីដ១៩។ ចំណែក មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះក្រោម១,៥%(-១,៥%) ខណៈរដ្ឋាភិបាលកម្ពុជាខ្លួនឯងបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថយចុះត្រឹម-១,៩%នៅក្នុងឆ្នាំ២០២០នេះ។
ស្របពេលការព្យាករណ៍ទាំងឡាយសុទ្ធតែបង្ហាញពីការធ្លាក់ចុះខ្លាំងពុំធ្លាប់មាននេះ ធនាគារពិភពលោកក៏បានសង្កេតឃើញថា សកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជាបានចាប់ផ្តើមកម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញហើយក្រោយពីមានការសម្រាលលើវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម។ ធនាគារពិភពលោកបានលើកឡើងថាតម្រូវការក្នុងស្រុករួមមានការធ្វើដំណើរនិងសកម្មភាពទេសចរណ៍ក្នុងស្រុកផងកំពុងតែងើបឡើងវិញហើយកម្ពុជានិងចិនបានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរួចហើយដែលទំនងនឹងចូលជាធរមានក្នុងឆ្នាំ២០២១។ បើតាមធនាគារពិភពលោកដដែល នៅក្នុងពាក់កណ្តាលឆ្នាំនេះ គម្រោងវិនិយោគផ្ទាល់ពីបរទេសដែលបានអនុម័តរួចរាល់ គឺបានកើនឡើង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
-ងាកមកមើលការព្យាករណ៍សេដ្ឋកិច្ចរបស់កម្ពុជាខ្លួនឯងវិញ!រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៣០ កញ្ញា ទើបតែបានប្រកាសដាក់ចេញនូវវិធានការជុំទី៦ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា និងបន្តជួយឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ពីបរិបទនៃជំងឺកូវីដ១៩។ វិធានការជុំទី៦នេះ នឹងបន្តអនុវត្តចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ ២០២០។ ដោយឡែកមន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាប្រមាណជាង១១៦៤លានដុល្លារ ដើម្បីជួយអន្តរាគមន៍និងជួយប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារជំងឺកូវីដ១៩។
ដោយស្ថិតនៅក្នុងបរិការណ៍នៃវិបត្តិកូវីដ១៩ដែលនៅតែបន្តរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការណ៍បន្ថែមជុំទី៦ ក្នុងគោលបំណងបន្តជួយដល់វិស័យសេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ។ វិធានការជុំទី៦ ដែលត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់ជាមួយគ្រប់អង្គភាពពាក់ព័ន្ធ កាលពីថ្ងៃទី ៣០ ខែកញ្ញានោះ រួមមាន ជាអាទិ៍ ទី១.គឺវិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យសេវាកម្មទេសចរណ៍។ តាមរយៈវិធានការនេះរាជរដ្ឋាភិបាលនឹងបន្តឧបត្ថម្ភសាច់ប្រាក់ដល់បុគ្គលិកដែលត្រូវបានព្យួរការងារនៅក្នុងវិស័យទាំងនេះ បូករួមទាំងការលើកលែងការបង់ពន្ធ ការពន្យាពេលបង់កាតព្វកិច្ចរបបសន្តិសុខសង្គម និងការលើកលែងការបង់ពន្ធប៉ាតង់ជាដើម។ វិធានការទី២.គឺការបន្តជួយវិស័យអាកាសចរណ៍ តាមរយៈការបន្តលើកលែងការបង់ពន្ធអប្បបរមា និងពន្យាការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិលជាដើម និងវិធានការទី៣. គឺការបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះដោយសារតែជំងឺកូវីដ១៩។ ការឧបត្ថម្ភសាច់ប្រាក់នេះ នឹងបន្តធ្វើចំនួន៣ខែបន្ថែមទៀត ចាប់ពីខែតុលា រហូតដល់ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរជំរាបជូនថាគិតចាប់តាំងពីខែមិថុនាមករាជរដ្ឋាភិបាលកម្ពុជាបានបើកប្រាក់ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយជំងឺកូវីដ១៩បានចំនួន៣លើករួចមកហើយ ដោយក្នុងមួយខែៗ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិការចន្លោះពី២៥ទៅ៣០លានដុល្លារអាមេរិក។ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណជា៦៧ម៉ឺនគ្រួសារ ស្មើនឹង២.៧លាននាក់ ដែលបានទទួលផលពីកម្មវិធីនេះ។ នេះបើតាមការបញ្ជាក់ពី លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ លោកបន្តថា នៅជុំទី៦នេះ យ៉ាងហោចណាស់ក៏មានពលរដ្ឋក្រីក្រចន្លោះពី៦៨ទៅ៦៩ម៉ឺនគ្រួសារដែរ ដែលនឹងទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជានេះ។ ដោយឡែក នៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែកជើងវិញ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងការងារបានសម្របសម្រួលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយបានបើកប្រាក់ឧបត្ថម្ភជូនដល់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារបានចំនួនជាង២៨ម៉ឺននាក់ (282 795នាក់) ស្មើនឹងថវិកាចំនួន១៩លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីលោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមលោក ហេង សួរ គិតចាប់ពីខែកុម្ភៈរហូតដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០នេះ យ៉ាងហោចណាស់មានរោងចក្រចំនួន៥០៦រោងចក្រដែលបានព្យួរការងារ ស្មើនឹងកម្មករនិយោជិតសរុបចំនួនជាង៣២ម៉ឺននាក់ (323 208នាក់) ដែលភាគច្រើន គឺជាស្ត្រី។
យ៉ាងណាក្តី លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា ដើម្បីទប់លំនឹងសេដ្ឋកិច្ចនិងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩នេះរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិការប្រមាណជា១១៦៤លានដុល្លារអាមេរិក ដើម្បីជួយអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច និងពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ចាប់តាំងពីជុំទី១រហូតដល់ជុំទី៦នេះ៕
*ដំណាលគ្នានឹងកូវីដ១៩កម្ពុជាទទួលរងជំនន់ទឹកភ្លៀងយ៉ាងដំណំ
មានមនុស្ស២៥នាក់បានស្លាប់ និងប្រជាជនសរុបជាង៣០០.០០០នាក់ក្នុងរាជធានីខេត្តចំនួន១៩នៅទូទាំងប្រទេសកម្ពុជាបានរងគ្រោះនិងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងក្នុងឆ្នាំ២០២០នេះ។នេះបើផ្អែកតាមទិន្នន័យសរុបចុងក្រោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
អ្នកស្លាប់ទាំង២៥នាក់ដែលរួមទាំងក្មេង៧នាក់ផង រស់នៅក្នុងខេត្តចំនួន៥ គឺបន្ទាយមានជ័យដែលមានអ្នកស្លាប់ច្រើនជាងគេរហូតដល់១៥នាក់និង១០នាក់ទៀតរស់នៅក្នុងខេត្តព្រះសីហនុពោធិ៍សាត់ ប៉ៃលិន និងកំពង់ធំ។ ភាគច្រើននៃអ្នកស្លាប់ គឺដោយសារលង់ទឹក ឆក់ខ្សែភ្លើងពេលទឹកលិចផ្ទះ និងរអិលជើង ហើយទឹកគួចទៅជាមួយជាដើម។
របាយការណ៍ដែលត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក៏បានបង្ហាញដែរថាគិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ប្រជាជនជាង ៩៣០០គ្រួសារ ក៏ត្រូវបានជម្លៀស និងផ្ទះសម្បែងជាង ៧៣០០០ខ្នង បានរងផលប៉ះពាល់។ សាលារៀនចំនួន៥៦៨កន្លែង និងស្រូវលិចទឹកប្រមាណជាង២១៣.០០០ហិកតា ក៏ត្រូវលិចទឹកផងដែរ។
រាជធានីនិងខេត្តទាំង១៩ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងឆ្នាំនេះរួមមានភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តមានជ័យ សៀមរាប តាកែវ កំពង់ស្តឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ធំនិងខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមរបាយការណ៍បូកសរុបរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
អំឡុងពេលកម្ពុជាជួបគ្រោះនៃជំនន់ទឹកភ្លៀង គឺយ៉ាងហោចណាស់មានរោងចក្រចំនួន៧៩ទីតាំងស្ថិតនៅក្នុងខេត្តក្រុងចំនួន៣ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ផលប៉ះពាល់នេះ បានជះឥទ្ធិពលដល់កម្មករនិយោជិកជាង៤ម៉ឺននាក់។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសៅរ៍នេះថា បើទោះបីជាមានរោងចក្រ៧៩ទីតាំងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងក៏ពិតមែនតែមិនបានប៉ះពាល់ធ្ងន់ធ្ងរដល់សង្វាក់ផលិតកម្មរបស់រោងចក្រឡើយ។
រោងចក្រស្ថិតក្នុងរាជធានីភ្នំពេញរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងច្រើនជាងគេរហូតដល់ទៅ៦២ទីតាំង បន្ទាប់មកខេត្តកណ្ដាលចំនួន១៣ទីតាំង និងកំពង់ស្ពឺចំនួន៤ទីតាំង ដែលសរុប៣ទីតាំងនេះ មានរោងចក្រចំនួន៧៩ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី១៧តុលា។
*លោក កឹម សុខា ធ្វើសកម្មភាពមនុស្សធម៌នៅក្នុងរយៈពេលនៃទឹកជំនន់៖
លោក កឹម សុខា ចុះចែកអំណោយដល់ប្រជាជនរាប់រយគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង ព្រះសីហនុជាដើម។ សកម្មភាពមនុស្សធម៌របស់ប្រធានអតីតបក្សប្រឆាំងរូបនេះ អាចធ្វើទៅបាន គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ បានបញ្ជាដល់គ្រប់អាជ្ញាធរខេត្តទូទាំងប្រទេស ឲ្យបង្កលក្ខណៈងាយស្រួលដល់ លោក កឹម សុខា ក្នុងការចុះជួយ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ ដោយមិនប្រកាន់និន្នាការនយោបាយ។
បន្ទាប់ពីមានការរារាំងយ៉ាងដូច្នេះទៅលើសកម្មភាពមនុស្សធម៌របស់លោក កឹម សុខា ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន កាលពីថ្ងៃសុក្រ បានបញ្ជាផ្ទាល់មាត់តាមរយៈបណ្តាញសង្គមឲ្យអាជ្ញាធរខេត្តទូទាំងប្រទេស ឲ្យបង្កលក្ខណៈងាយស្រួលដល់លោក កឹម សុខា និងអ្នកនយោបាយឯទៀត ក្នុងការចុះជួបនិងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ដោយមិនប្រកាន់ និន្នាការគណបក្សនយោបាយ។
កាលពីថ្ងៃទី១៥តុលា អាជ្ញាធរ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរារាំងមិនឲ្យក្រុមលោក កឹម សុខា ចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅទីនោះទេ ដោយអះអាងថាមានក្រុមការងារមនុស្សធម៌ផ្សេងទៀតត្រូវចុះចែកអំណោយនៅទីនោះក្នុងថ្ងៃជាមួយគ្នាដែរ។
សម្រាប់ លោក មាជ សុវណ្ណរ៉ា ដែលបានរួមដំណើរជាមួយ លោក កឹម សុខា ចុះចែកអំណោយដល់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តភាគពាយ័ព្យប្រទេសកម្ពុជា ចាត់ទុកថា«វាជាការហួសហេតុ ការយល់ដឹងរបស់អាជ្ញាធរមូលដ្ឋានមានកម្រិត ចែកមិនដាច់រវាងកិច្ចការមនុស្សធម៌ក្នុងគ្រោះគ្រាអាសន្ន ទៅនឹងនិន្នាការនយោបាយ ពោលពួកគាត់នៅមានការរើសអើង»។
*ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋបរទេសមកកម្ពុជានៅឆ្នាំ២០២០
-ផ្ដើមដោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក វ៉ាង យី ។ លោកវ៉ាង យី បាននាំមកជាមួយនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជានិងចិន។ការចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ ធ្វើក្រោមវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោកវ៉ាង យី ដែលជារដ្ឋមន្រ្តី ក្រសួងការបរទេស។ នេះគឺជាលើកទី១ហើយដែលកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបរទេស។ រដ្ឋាភិបាលកម្ពុជារំពឹងថា ក្រោយមានកិច្ចព្រមព្រៀងនេះ ការនាំចេញរបស់កម្ពុជាទៅចិននឹងមានការកើនឡើង២៥%បន្ថែមទៀត។
ប៉ុន្តែរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនមិនបានមកចុះហត្ថលេខានៅកម្ពុជាដោយផ្ទាល់នោះទេ ដោយធ្វើការចុះហត្ថលេខារួមគ្នាតាមរយៈវីដេអូខុនហ្វើរិន។យ៉ាងណាក៏ដោយការចុះហត្ថលេខានេះ ធ្វើក្រោមវត្តមានសម្ដេច ហ៊ុន សែន និង លោកវ៉ាង យី ដែលជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន។
សូមបញ្ជាក់ជូនថា កម្ពុជា និងចិន បានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនឹងគ្នានេះកាលពីក្នុងអំឡុងខែកក្កដាកន្លងទៅ បន្ទាប់ពីចំណាយពេលជិត១ឆ្នាំ ដើម្បីជជែកពិភាក្សាគ្នា។ រាជរដ្ឋាភិបាលកម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ ២៥% បន្ទាប់ពីកិច្ចព្រមព្រៀងនេះចុះហត្ថលេខារួចរាល់។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ទំនិញកម្ពុជាជាង៣០០មុខអាចនាំទៅចិនដោយមិនគិតពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគីកម្ពុជាចិន(FTA)ចូលជាធរមាន។ នៅក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺផលិតផលកសិកម្ម៩៥ភាគរយត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិននេះ នឹងដើរតួជាកត្តាដ៏សំខាន់ក្នុងការជួយធ្វើឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិកដែលកំពុងរកទីតាំងថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណែក អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាវិញ ក៏បានមើលឃើញដូចគ្នានេះដែរ តែបានបន្ថែមថា មិនមែនតែសម្រាប់វិនិយោគិនអាមេរិកទេ ពោល គឺកម្ពុជាអាចនឹងទាក់ទាញវិនិយោគដែលមានសក្តានុពលពីប្រទេសផ្សេងៗទៀត ដូចយ៉ាង ជប៉ុន និងកូរ៉េខាងត្បូងជាដើមតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននេះ។
*ចិនតាមរយៈ លោក វ៉ាង យី សន្យាផ្ដល់វាក់សាំងបង្ការកូវីដ១៩ដល់កម្ពុជានិងសន្យាអភិវឌ្ឍន៍ខេត្តព្រះសីហនុ៖
ចិនសម្រេចផ្ដល់ជំនួយឥតសំណងប្រមាណ១៤០លានដុល្លារដល់កម្ពុជា។ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសសម្រាប់ការផ្តល់ហិរញ្ញប្បទាន ឥតសំណង កាលពីថ្ងៃទី១២ តុលា។
ជំនួយឥតសំណងនេះ គឺដើម្បីជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ នៅក្រោយវិបត្តិកូវីដ-១៩។ ថ្លែងក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន ក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤នោះ លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន បានអះអាងថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំ ដោយធ្វើយ៉ាងណាឲ្យកម្ពុជារក្សាបាននូវអធិបតេយ្យភាពថ្លៃថ្នូររបស់កម្ពុជា។
មិនត្រឹមតែសន្យាជួយកម្ពុជា នៅចំពោះមុខ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ទេ លោក វ៉ាង យី ក៏បានប្រកាសជួយកម្ពុជា នៅចំពោះមុខថ្នាក់ដឹកនាំផ្សេងទៀតដែរ។ ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជានោះ លោក វ៉ាង យី ក៏បានសន្យាជាក់លាក់ជាថ្មីថា ចិនផ្ដល់វ៉ាក់សាំងការពារកូវីដ-១៩ ដល់កម្ពុជា ក្រោយពិសោធន៍ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ មិនតែប៉ុណ្ណោះប្រមុខការទូតចិនរូបនេះ ក៏សន្យាបើកទីផ្សារនាំចូលកសិផលកម្ពុជា ដែលមានគុណភាពបន្ថែមទៀត រួមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតផង។
ក្នុងជំនួបនោះ លោក ហោ ណាំហុង ក៏បានលើកឡើងពីគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង,គម្រោងសាងសង់ផ្លូវជាតិលេខ71C ,គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧, គម្រោងជំរុញផលិកម្មស្រូវ និងនាំចេញអង្ករ, គម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត និងគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១, ៣៣ និង៣១ ជាដើម។ ប៉ុន្តែលោក វ៉ាង យី មិនបានឆ្លើយតបនឹងសំណើទាំងនេះឡើយ។
–បន្ទាប់ពីប្រទេសចិនដល់វេនប្រទេសជប៉ុនម្ដង។មន្ត្រីជាន់ខ្ពស់ជប៉ុនដែលបានដាក់ជើងជាន់ដីកម្ពុជានោះគឺលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន។ លទ្ធផលនៃដំណើរទស្សនកិច្ចនោះគឺប្រមុខរដ្ឋាភិបាលកម្ពុជា បានឯកភាពលើការស្នើឡើង របស់ប្រមុខការទូតជប៉ុន ដែលជប៉ុនចង់បើកដំណើរការឡើងវិញ នូវជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីស្តារសេដ្ឋកិច្ច ពីវិបត្តិកូវីដ១៩។
ជាមួយនឹងការឯកភាពត្រៀមខ្លួនបើកដំណើរការឡើងវិញនូវជើងហោះហើររវាងប្រទេសទាំងពីរលោកប្រមុខរដ្ឋាភិបាលខ្មែរបានដៅឈ្មោះក្រុមហ៊ុនហោះហើរចំៗ គឺក្រុមហ៊ុនអាណាណា សម្រាប់ការធ្វើដំណើររវាងប្រទេសទាំងពីរ ប៉ុន្តែត្រូវអនុវត្តនូវវិធានសុខាភិបាលមួយចំនួនជាចាំបាច់ផងដែរ។
បើតាមសម្ដេច ហ៊ុន សែន វិញដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជាពេលនេះ គឺជួយពង្រឹងនិងពង្រីកថែមទៀតនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជា និងជប៉ុននៅលើគ្រប់វិស័យទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី។ ដំណើរទស្សនកិច្ចនេះ ក៏ជាការបង្ហាញនូវសាមគ្គីភាពមិត្តភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ផងដែរ។
ស្របគ្នាប្រមុខការទូតជប៉ុនក៏បានហៅចំណាត់ការលើវិធានការកូវីដ១៩នេះថាបានធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំបន្ថែមទៀត ហើយថាជប៉ុនបានត្រៀមថវិកាមួយចំនួន ដើម្បីចូលរួមជួយទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា។ នេះបើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេច ហ៊ុន សែន។
ត្បិតមិនមានការបង្ហាញណាមួយពីលទ្ធផលនៃការពិភាក្សាលើស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាក្នុងជំនួបនោះ តែនៅក្នុងសារជូនពលរដ្ឋកម្ពុជានៃដំណើរទស្សនៈកិច្ចនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹគូសបញ្ជាក់ថាប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រដើម្បីឱ្យប្រទេសកម្ពុជាអាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង។
គួរជម្រាបថាមុនការមកដល់របស់ប្រមុខការទូតជប៉ុនរូបនេះក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិបានជំរុញឲ្យអ្នកការទូតជប៉ុនលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដូចជាការទាមទារឱ្យដោះលែងដោយឥតលក្ខខណ្ឌនូវសកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន នៅកម្ពុជា ខណៈក្រុមអង្គការទាំងនោះចាត់ទុកថា«កម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិសិទ្ធិមនុស្ស»។
បន្ទាប់ពីជប៉ុន រដ្ឋមន្ត្រីការបរទេសហុងគ្រីដែលឈរជាមួយកម្ពុជានៅក្នុងសំណុំរឿងEBAបានអញ្ជើញមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា។
នៅក្នុងដំណើរទស្សនកិច្ច លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីប្រទេសកម្ពុជារំពឹងថាខ្លួននឹងមានឱកាសពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មនៅក្នុងប្រទេសហុងគ្រីដែលស្ថិតនៅតំបន់អឺរ៉ុបកណ្តាលព្រមទាំងមានឱកាសទាក់ទាញវិនិយោគិនមកពីប្រទេសនេះបន្ទាប់ពីភាគីទាំង២ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីនៅភ្នំពេញ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីក្រោមអធិបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សាខុន បានថ្លែងថា វិស័យកសិកម្មហុងគ្រីបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសនេះដែលមានចំណែកប្រមាណ ៨ ភាគរយនៃ GDP ហើយការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ ការកែច្នៃផលិតផលកសិកម្មនិងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យខ្លាំងនៅប្រទេសនេះ។ លោកបន្ថែមថា ប្រទេសកម្ពុជាមានវិស័យសំខាន់ៗចំនួន ៣ សម្រាប់វិនិយោគិនហុងគ្រីមកបណ្តាក់ទុនវិនិយោគនៅពេលអនាគតរួមមាន ផលិតកម្មទឹកដោះ និងការកែច្នៃសាច់ វារីវប្បកម្ម និងការដាំដំណាំ និងសុវត្ថិភាពចំណីអាហារ។
បន្ថែមលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែននិងលោក ភីតធើ ហ្ស៊ីចាតូ (Peter Szijjarto) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី បានបញ្ជាក់អំពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។
*នយោបាយក្នុងស្រុក៖
នៅក្នុងបរិបទនៃការវាយលុកដោយជំងឺកូវីដ១៩នេះគេសង្កេតថានយោបាយកម្ពុជាមិនសូវជាស្មុគស្មាញនិងដំឡើងសសៃកដាក់គ្នាប៉ុន្មានដែរចំពោះសំណុំរឿងលោកកឹម សុខា។ ផ្ដើមចេញពីសម្ដេច ហ៊ុន សែន និងលោក កឹម សុខា បានជួបគ្នាជាលើកដំបូង នៅថ្ងៃទី៥ខែឧសភា រាប់ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០នេះ។
លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិករបស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅភូមិគ្រឹះសម្តេចតេជោ។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាព នៅ ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២៖១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
កាលពីថ្ងៃទី៤ ឧសភា លោក កឹម សុខា បានផ្ញើសាររំលែកទុក្ខ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ឧសភា ថា «ភរិយាខ្ញុំ និងរូបខ្ញុំ មានសេចក្តីសោកស្តាយ និងសមានទុក្ខយ៉ាងក្រៀមក្រំ ដោយ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក របស់សម្តេច និងជាមាតា បង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាព ថ្ងៃទី៤ ឧសភា នេះ»។
លោកបន្ដថា មរណភាពរបស់មហាឧបាសិកា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា ជីដូន ដែលជាអ្នកមានគុណដ៏ធំធេង ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌។សូមឧទ្ទិសបួង សួងសូមឲ្យដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
រូបភាពនេះបានធ្វើឲ្យពលរដ្ឋខ្មែរនាំគ្នាសាទរនឹងដាក់ស្ដីសង្ឃឹមជម្លោះនយោបាយនៅកម្ពុជានឹងបិទបញ្ចប់នៅថ្ងៃណាមួយ។ បន្ទាប់ពីជំនួបនោះមកគេសង្កេតឃើញថា លោក កឹម សុខា ហាក់មានសេរីចេញដើរញឹកញាប់ទោះជាសំណុំរឿងលោកកំពុងស្ថិតនៅក្នុងដៃតុលាការក៏ដោយ។
គួរកត់សំគាល់ថាលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែង អោយនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែត្រូវដាក់អោយស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការកម្ពុជា។ សាលាដំបូងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៩ បានសម្រេចឲ្យលោក កឹមសុខាអាចមានសិទ្ធិដើរហើរនៅក្នុងប្រទេសកម្ពុជានៅគ្រប់ទីកន្លែង ប៉ុន្តែហាមមិនអោយធ្វើសកម្មភាពនយោបាយ ឬចាកចេញពីប្រទេសកម្ពុជាបានឡើយ។ ការបង្ហាញមុខជាសាធារណៈរបស់លោក កឹម សុខា ជាលើកទីពីរនេះ គឺស្របពេលដែលមិនមានសវនាការជម្រះក្តីរបស់លោក កឹម សុខា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងក្រោយពេលមានការបង្ហោះខ្សែអាត់សំឡេងចាស់ដែលគេសង្ស័យថា ជាសំឡេងរបស់លោក កឹម សុខា និងសម្ដេចតេជោ ហ៊ុន សែន។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញមុខជាសាធារណៈជាលើដំបូងនៅឯចម្ការ របស់លោក ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ កាលពីដើមខែកក្កដានេះ។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួននៅរំលងអាធ្រាត្រថ្ងៃទី ០៤ កញ្ញា ឆ្នាំ ២០១៧ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ឬ ឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែលោកបានបដិសេធ។ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានទទូចអោយតុលាការកម្ពុជា ពន្លឿននីតិវិធីកាត់ទោសលោក កឹម សុខា អោយបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ខ្លួន។ តែតុលាការលើកហេតុផលថា ការលើកពេលសវនាការដើម្បីបង្ការជំងឺកូវីដ១៩។
ដោយឡែកទាក់ទងក្រុមលោក សម រង្ស៊ី វិញ! សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែតុលាកន្លងទៅបានចេញដីកាបង្គាប់ឱ្យថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិដែលកំពុងស្នាក់នៅក្រៅប្រទេសចំនួន៩រូបឱ្យចូលមកបំភ្លឺនៅតុលាការនៅថ្ងៃទី១១ខែវិច្ឆិកាតែក្រោយមកតុលាការប្រកាសលើកពេលសវនាការវិញ ។ តុលាការបានកោះហៅពួកគេឱ្យមកឆ្លើយបំភ្លឺនឹងការចោទប្រកាន់លើសំណុំរឿង «ឧបឃាត»ឬ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ»។
ក្រៅពីលោក សម រង្ស៊ីនិងមន្ត្រីស្និទ្ធិរបស់ខ្លួន សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាកោះហៅអ្នកពាក់ព័ន្ធប្រមាណជិត៦០នាក់ឱ្យចូលរួមក្នុងសវនាការនៅថ្ងៃទី ២៦ខែវិច្ឆិកាខាងមុខក្រោមបទចោទតែមួយ«រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ ដីកាកោះហៅនេះ ត្រូវបានអាជ្ញាធរកម្ពុជាយកទៅបិទលើជញ្ជាំងទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។ អ្នកដែលត្រូវកោះហៅទាំងនេះ មានខ្លះកំពុងស្ថិតនៅក្រៅប្រទេសដូចជានៅអាមេរិក កាណាដា កូរ៉េខាងត្បូង ជប៉ុន និងប្រទេសថៃជាដើម។ រីឯ អ្នកផ្សេងទៀតកំពុងស្ថិតនៅក្នុងប្រទេស ដូចជានៅខេត្តកណ្តាល កំពង់ចាម ព្រះសីហនុ ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង និងបន្ទាយមានជ័យជាដើម។
មេធាវីការពារក្តីឱ្យមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិ លោកសំ សុគង់ បានចាត់ទុកការចោទប្រកាន់ និងការកោះហៅនេះថា ជារឿងនយោបាយ។ ដូច្នេះហើយ លោកយល់ថា រឿងនេះគួរតែត្រូវដោះស្រាយតាមផ្លូវនយោបាយ ល្អជាងការដោះស្រាយគ្នាតាមផ្លូវតុលាការ។លោកអុំ សំអាន ក៏យល់ឃើញដូចគ្នានេះដែរ។ ប៉ុន្តែ លោកថាប្រសិនបើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចង់ឱ្យក្រុមថ្នាក់ដឹកនាំនិងមន្រ្តីអតីតបក្សប្រឆាំងត្រូវតុលាការកាត់ទោសនោះគឺលោកត្រូវដកបម្រាមដែលបានហាមក្រុមហ៊ុនអាកាសចរណ៍ដឹកថ្នាក់ដឹកនាំអតីតបក្សប្រឆាំងចូលមកកម្ពុជានិងផ្តល់សុពលភាពឡើងវិញដល់លិខិតឆ្លងដែនរបស់មន្រ្តីអតីតបក្សប្រឆាំង។ធ្វើបែបនេះថ្នាក់ដឹកនាំនិងមន្រ្តីនៃអតីតបក្សប្រឆាំងនឹងអាចមកចូលរួមសវនាការតាមការកោះហៅរបស់តុលាការកម្ពុជា។
*ជាថ្មីទៀតលោក សម រង្ស៊ី ប្រកាសចូលស្រុកនៅថ្ងៃទី៤មករាឆ្នាំ២០២១៖
ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានប្រាប់ទៅរាជរដ្ឋាភិបាលកម្ពុជាថា ឲ្យពួកគេវិលត្រឡប់ចូលប្រទេសវិញ ដោយពុំមានការហាមឃាត់ដែលរារាំងដល់ការធ្វើដំណើរ។ការលើកឡើងនេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ ក្រោយសាលាដំបូងរាជធានីភ្នំពេញបានប្រកាសថានឹងបើកសវនាការជំនុំជម្រះលើថ្នាក់ដឹកនាំគណបក្សប្រឆាំង ៩ រូបក្នុងនោះមានលោក សម រង្ស៊ី ផងដែរក្នុងករណីចោទប្រកាន់ «បទឧបឃាត» ឬការប៉ុនប៉ងធ្វើឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ដែលបង្ហោះលើហ្វេសប៊ុករបស់លោក សម រង្ស៊ី ឲ្យដឹងថា ថ្នាក់ដឹកនាំបក្សប្រឆាំងនឹងត្រឡប់ចូលប្រទេសកម្ពុជាវិញ ប្រសិនបើរាជរដ្ឋាភិបាលរបស់សម្ដេចតេជោ ហ៊ុន សែន លើកបម្រាមក្នុងការហាមក្រុមហ៊ុនអាកាសចរណ៍នានា មិនឲ្យដឹកពួកគេចូលប្រទេស។ បក្សប្រឆាំងក៏ជំរុញឲ្យផ្តល់ឡើងវិញនូវសុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលក្រសួងការបរទេសបានលុបចោល។
បើតាមសេចក្តីថ្លែងការណ៍បក្សប្រឆាំងក៏ប្រាប់ទៅរាជរដ្ឋាភិបាលកម្ពុជាថាឲ្យសរសេរលិខិតទៅបណ្តាប្រទេសអាស៊ានជាពិសេសប្រទេសថៃ អនុញ្ញាតឲ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចេញចូលប្រទេសថៃបាន។ បក្សប្រឆាំងក៏ប្រាប់ទៅរាជរដ្ឋាភិបាលរបស់សម្ដេចតេជោ ហ៊ុន សែន ថា«កុំរារាំងហាមឃាត់ បំភិតបំភ័យនិងចាប់ចងប្រជាពលរដ្ឋខ្មែរដែលទទួលស្វាគមន៍ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ»។
អនុប្រធានគណបក្សសង្រ្គោះជាតិលោកស្រី មូរ សុខហួរ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកស្រីថា លោកស្រីនិងថ្នាក់ដឹកនាំផ្សេងទៀតនឹងចូលមកប្រទេសកម្ពុជា ដោយមិនចាំបាច់ឲ្យតុលាការចេញដីកាកោះហៅនោះទេ នៅពេលដែលអាជ្ញាធរដកបម្រាមចេញពីក្រុមហ៊ុនអាកាសចរណ៍នានា និងពីប្រទេសសមាជិកអាស៊ាន ជាពិសេសប្រទេសថៃ។
ក្រុមមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរំលាយកាលពីឆ្នាំ ២០១៧ ក៏បានទាមទារឲ្យមានប្រព័ន្ធតុលាការ «ឯករាជ្យ» ផងដែរ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា អាជ្ញាធរនឹងចាប់ខ្លួនពួកគេ ប្រសិនបើពួកគេចូលប្រទេសកម្ពុជា។
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកោះហៅថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ចំនួន ៩ រូបរួមទាំងលោក សម រង្ស៊ី ផងឲ្យចូល «ដើម្បីឆ្លើយដោះសារពីការចោទប្រកាន់» ពីបទឧបឃាតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០។
ក្រៅពីលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំងចំនួន ៧ នាក់ទៀត ដែលត្រូវកោះហៅឲ្យចូលខ្លួនទៅបំភ្លឺរួមមានលោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល ព្រមទាំងលោកស្រី ជូឡុង សូមួរ៉ា ដែលជាភរិយារបស់លោក សម រង្ស៊ី ផងដែរ។
សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនអ្នកទាំង៩នាក់នេះ ម្តងហើយ ពីបទចោទ «ឧបឃាត» នេះដែលទាក់ទងនឹងផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩។ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ក្នុងការប៉ុនប៉ងចូលប្រទេសកម្ពុជាតាមប្រទេសថៃលោក សម រង្ស៊ី បានឲ្យដឹងថាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃបានទទួលបញ្ជាពីថ្នាក់លើមិនអនុញ្ញាតឲ្យលោកឡើងជិះយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលមកប្រទេសកម្ពុជាទេ។
*បញ្ហាព្រំដែនរវាងកម្ពុជានិងវៀតណាមជម្រុញឲ្យមានការចាប់ខ្លួនលោក រ៉ុង ឈុន ៖
-លោក រ៉ុង ឈុន ដែលគេស្គាល់ថា ជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីវេលាម៉ោងជិត១០យប់ ថ្ងៃទី ៣១ កក្កដា ក្រោមការចោទប្រកាន់ថា បានបំភ្លៃរឿងព្រំដែនកម្ពុជា-វៀតណាម។ ជាបទល្មើសជាក់ស្តែង តាមមាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ បើតាមសេចក្តីរាយការណ៍ បន្ទាប់ពីការចាប់ខ្លួន លោក រ៉ុង ឈុន ត្រូវបាននាំខ្លួនយកទៅឃុំឃាំងនៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០១ សីហា ឆ្នាំ២០២០នេះ។
បន្ទាប់ពីចាប់ខ្លួនលោក រ៉ុង ឈុន អតីតគណបក្សសង្គ្រោះជាតិនិងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដោយទាមទារអោយរដ្ឋាភិបាលកម្ពុជាដោះលែងលោក រ៉ុង ឈុន តំណាងក្រុ មប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជាអោយមានសេរីភាពឡើងវិញ។
សេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិបានថ្កោលទោសចំពោះអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ខ្លួនលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា កាលពីវេលាម៉ោង ០៩ និង៣០នាទីយប់ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២០។ សម្រាប់អតីតគណបក្សប្រឆាំង លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនដោយអយុត្តិធម៌ និងយ៉ាងកម្រោលភ្លាមៗ បន្ទាប់ពីលោកបានបញ្ចេញមតិនៅក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរ នៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានព្រំដែនជាប់ប្រទេសវៀតណាម។ បន្ថែមលើនេះ ការចាប់ខ្លួនលោក រ៉ុង ឈុន គឺជាទង្វើរំលោភបំពានយ៉ាងកម្រោលលើច្បាប់ជាតិនិងអន្តរជាតិ ជាពិសេសរដ្ឋធម្មនុញ្ញកម្ពុជា ដែលធានាការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ នៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ អោយចាត់វិធានការជាក់លាក់ ពិតប្រាកដ និងជាបន្ទាន់ ដើម្បីជម្រុញអោយមានការដោះលែងលោក រ៉ុង ឈុន ព្រមទាំងអ្នកទោសមនសិការទាំងអស់ អោយមានសេរីភាពឡើងវិញ និងដោយឥតលក្ខខណ្ឌ។
ចំណែកសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ខ្លួនលោក រ៉ុង ឈុន កាលពីយប់មិញនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ករណីចាប់ខ្លួនលោក រ៉ុង ឈុន នេះ មិនមែនជាបទល្មើសជាក់ស្តែងដូចការចោទប្រកាន់នោះឡើយ ប៉ុន្តែជារឿងនយោបាយ និងជាការធ្វើឡើងដោយខុសម៉ោងរដ្ឋបាល ហើយនឹងធ្វើទៅតាមទំនើងចិត្តរបស់អាជ្ញាធររាជរដ្ឋាភិបាល ដែលរំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញកម្ពុជា ជំពូកទី៣ ស្តីពី សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ត្រង់កថាខណ្ឌទី១នៃមាត្រា៤១ ព្រមទាំងរំលោភលើមាត្រា១៩នៃសេចក្តីប្រកាសជាសកល ស្តីពី សិទ្ធិមនុស្ស។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលនិងតុលាការកម្ពុជា ដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ សិទ្ធិជួបប្រជុំជាសាធារណៈរបស់ពលរដ្ឋនិងសហជីពកម្មករ ព្រមទាំងរួបរួមគ្នាការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីខ្មែរ ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា គោលការណ៍ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
-បន្ទាប់ពីចាប់ខ្លួនលោក រ៉ុង ឈុន សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងព្រមានជាចំហរ ថានឹងចាប់ខ្លួនបន្ថែមទៀត រាល់អ្នកទាំងឡាយដែលហ៊ានចេញមុខរិះគន់រាជរដ្ឋាភិបាលក្នុងបញ្ហាព្រំដែន។ ការព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះ ធ្វើឡើងនាឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសួនទឹក ហ្គាដិនស៊ីធី ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វារ ជាយក្រុងភ្នំពេញ។
«ចេញមកប៉ុន្មាន ចាប់ប៉ុណ្ណឹង រឿងទល់ដែនអត់ឲ្យមានរញ៉េរញ៉ៃទេ។ កុំថារាជរដ្ឋាភិបាលហ៊ុនសែនផ្ដាច់ការ! នេះមិនមែនជាការតស៊ូមតិទេ អ្នកខ្លះចេញមកថានេះជាការតស៊ូមតិ… អត់តស៊ូមតិទេ នេះជារឿងផ្លូវច្បាប់សុទ្ធសាធ។»
នេះគឺជាសារព្រមានខ្លាំងៗរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកទាំងឡាយណាដែលហ៊ានចេញមុខរិះគន់រដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងព្រំដែន និងបន្ទាប់ពីមានការចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ពីរនាក់ ដែលបានរិះគន់បញ្ហាព្រំដែនកម្ពុជា-វៀតណាម ដោយចំពោះការដោះដូរដីជាមួយវៀតណាម ដោយចោទប្រកាន់រដ្ឋាភិបាលខ្មែរថា «ក្បត់ជាតិ»។
ថ្លែងនាថ្ងៃអាទិត្យទី១៦សីហានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានរំឭកឡើងវិញត្រួសៗអំពីសវតាព្រំដែនរវាងខ្មែរនិងវៀតណាមដែលត្រូវបានគូសវាសនិងបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។សម្ដេចក៏បានឆ្លៀតឱកាសនេះថ្លែងការពារខ្លួនក្នុងសំណុំរឿងផែនទីព្រំដែនរវាងកម្ពុជានិងវៀតណាមដ៏ចម្រូងចម្រាស់ផងដែរ។ ទាំងរឿងបន្ទាត់ បង្គោលព្រំដែន និងរឿងផែនទីលើក្រដាស សម្ដេចតេជោ ហ៊ុន សែន អះអាងថា រាជរដ្ឋាភិបាលបានធ្វើការហ្មត់ចត់ណាស់។
បញ្ហាព្រំដែន មិនមែនជាបញ្ហាលេងសើចទេ។ នេះបើតាមសម្ដេច ហ៊ុន សែន។ ហេតុដូច្នេះ សម្ដេចបានផ្ដាំកុំឲ្យយកបញ្ហានេះទៅលលេងឬនិយាយញុះញង់ព្រោះវាអាចបណ្ដាលឲ្យកើតសង្គ្រាមរវាងប្រទេសនិងប្រទេសបាន។
គួរជម្រាបជូនថាការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្ដីពីបញ្ហាព្រំដែននាពេលនេះធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ពីររូបទៅឃុំឃាំងនៅពន្ធនាគារព្រៃសក្រោមការចោទប្រកាន់ពីបទញុះញង់និងបំភ្លៃការពិតក្នុងរឿងព្រំដែន។ អ្នកទាំងពីររូបនោះ រួមមានទីមួយ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានចាប់ខ្លួននាយប់ថ្ងៃទី៣១កក្កដា និងទី២ គឺលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ។ ប្រធានគណបក្សនយោបាយរូបនេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ខែសីហា។
-អំពីសំណុំរឿងព្រំដែននេះដែរ! រដ្ឋសភាជាតិកម្ពុជាកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងវៀតណាម។ប៉ុន្តែការអនុម័តសេចក្តីព្រាងច្បាប់មួយនេះ បានក្លាយជាបញ្ហាចម្រូងចម្រាស។ អតីតគណបក្សប្រឆាំង និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដោយសម្តែងការមិនពេញចិត្ត និងសម្តែងការសោកស្តាយ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានថា ក្នុងកាលៈទេសៈពេលនេះ សភាជាតិពុំគួរផ្តល់សច្ចាប័ណ្ណលើកិច្ចព្រមព្រៀងបញ្ហាព្រំដែនឡើយ។ ចំណែក អតីតបក្សប្រឆាំងវិញថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ គឺជាការយល់ព្រមកាត់ដីខ្មែរទៅឱ្យវៀតណាម។ ប៉ុន្តែ គណៈកម្មការកិច្ចការចម្រុះព្រំដែនកម្ពុជាបានសាទរ ដោយថា នេះ គឺជាការបញ្ចប់ទាំងស្រុងនូវការបោះបង្គោលព្រំដែនជាមួយវៀតណាម។
-សំណុំរឿងព្រំដែននៅក្នុងឆ្នាំ២០២០នេះដែរ! ផែនទីព្រំដែនថ្មីខ្នាត១/២៥ ០០០ ត្រូវបានមន្ត្រីកិច្ចការព្រំដែនកម្ពុជាទៅទទួលយកផ្ទាល់ដៃពីមន្ត្រីកិច្ចការព្រំដែនវៀតណាមនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១ខែសីហាឆ្នាំ២០២០នេះ។ សម្រាប់មន្ត្រីជាន់ខ្ពស់កិច្ចការព្រំដែនកម្ពុជាបានហៅផែនទីថ្មីនេះថាជាផែនទី«សម័យទំនើប»ប៉ុន្តែមន្ត្រីជំនាញព្រំដែនរបស់អតីតគណបក្សប្រឆាំងបានហៅផែនទីថ្មីខ្នាត១/២៥០០០នេះថាជា«ផែនទីសម្ងាត់ដែលគូសវាសដោយវៀតណាម»ឲ្យកម្ពុជាប្រើប្រាស់។
ការប្រគល់ និងទទួលយកផែនទីខ្នាត១/២៥ ០០០ សម្រាប់កំណត់ព្រំដែនកម្ពុជា និងវៀតណាមនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខ គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី ក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកភាគីវៀតណាម។
លោកស្រី កុយ ពិសី អនុប្រធាន លេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែកម្ពុជា និង លោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេសវៀតណាមគឺជាអ្នកធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពទទួលយក សៀវភៅផែនទីឋានលេខាព្រំដែន ដែលបានចងក្រងរួច ចំនួន ៥០០ច្បាប់ដើម។ ក្នុងនោះភាសាខ្មែរ-វៀតណាមចំនួន២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន ២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម (album) ត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួន។ នេះបើតាមហ្វេសប៊ុករបស់លោកស្រី កុយ ពិសី។
បើតាមមន្ត្រីជាន់ខ្ពស់កិច្ចការព្រំដែនដដែលនេះ ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញពេញលេញលទ្ធផល ខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែលប្រទេសទាំងពីសម្រេចបាន។ ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមមិសាស្រ្តនៅ លើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការ ប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១00 ០០០ នោះទេ។
ប៉ុន្តែលោក អ៊ុំ សំអាន មន្ត្រីជំនាញព្រំដែនរបស់អតីតគណបក្សសង្រ្គោះជាតិ បានហៅផែនថ្មីខ្នាត១/២៥ ០០០នេះថាជា«ផែនទីសម្ងាត់ដែលគូសវាសដោយវៀតណាម»ឲ្យកម្ពុជា។ អ្នករិះគន់ព្រំដែនដែលធ្លាប់ជាប់ពន្ធនាគាររូបនេះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបង្ហាញផែនទីខ្នាត១/២៥ ០០០នេះជាសាធារណៈដើម្បីឲ្យកូនខ្មែរបានមើលនិងបានដឹង ព្រមទាំងធ្វើការផ្ទៀងផ្ទាត់ផែនទីថ្មីនេះជាមួយផែនទីបោន ខ្នាត ១/១០០ ០០០ របស់បារាំង ថាតើមានភាពខុសគ្នាឬយ៉ាងណា?
យ៉ាងណាក៏ដោយ លោកស្រី កុយ ពិសី គូសបញ្ជាក់ថា ផែនទីខ្នាត ១/២៥ ០០០នេះ គឺមិនមែនគូសដោយវៀតណាមនោះទេ គឺគូសដោយភាគីទាំងពីរ ហើយបោះពុម្ភដោយក្រុមហ៊ុននៅប្រទេសដាណឺម៉ាក តាមសំណើរបស់កម្ពុជានិងវៀតណាម។
*យើងមកបិទបញ្ចប់ព្រឹត្តការណ៍សំខាន់ប្រចាំឆ្នាំទាក់ទងបទអន្តរាគមន៍របស់ប្រមុខរដ្ឋាភិបាល
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ខែធ្នូតាមរយៈការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋកម្ពុជា បានគូសបញ្ជាក់ថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចេញពី«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» មិនមែនជាការឆ្លងចូលសហគមន៍ក្នុងទ្រង់ទ្រាយធំទេ។ ប៉ុន្តែការឆ្លងបែបនេះ ត្រូវបានសម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា កម្ពុជាអាចគ្រប់គ្រងបាន តែមិនទាន់អាចប្រកាសបិទបញ្ចប់បានទាំងស្រុងនៅឡើយទេ។
ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងការស្តារសេដ្ឋកិច្ចឡើងវិញសម្ដេចតេជោហ៊ុន សែន បង្ហាញឱ្យដឹងថា នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងមានថវិកាចំនួន ៥៣៨លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង និងស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារតែវិបត្តិការកូវីដ១៩។ ថវិកាទាំងអស់នេះ គឺខ្ចីពីធនាគារអភិវឌ្ឍអាស៊ី ADB ចំនួន ២៥០លានដុល្លារ និងធនាគារកូរ៉េខាងត្បូង EDCS ចំនួន ៥០លានដុល្លារដែលថវិកាទាំងនេះបានដកមកទុកនៅធនាគារជាតិកម្ពុជារួចរាល់ហើយ។ចំណែកអង្គការ JICA របស់ជប៉ុនវិញ គឺផ្តល់ថវិកាចំនួន ២៣៨លានដុល្លារអាមេរិកហើយកម្ពុជាកំពុងរៀបចំបែបបទ ដើម្បីដកមកដាក់នៅធនាគារជាតិកម្ពុជា។ បើតាម នាយករដ្ឋមន្រ្តី ថវិកាទាំងអស់នេះ មិនទាន់គិតដល់ថវិកាសន្សំទុករបស់រដ្ឋ ដែលមានជាង ១ពាន់លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ។
រាជរដ្ឋាភិបាលបានត្រៀមឃ្លាំងដែលអាចទុកវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ក្នុងសីតុណ្ហភាពរហូតដល់-៨០អង្សាឬក្រោមនេះ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ នេះក្នុងឱកាសថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩និងការទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានណែនាំដល់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គិតគូរលើរឿងដឹកជញ្ជូនវ៉ាក់សាំងផងដែរ។ សូមបញ្ជាក់ជូនថា តាមគម្រោងរាជរដ្ឋាភិបាលកម្ពុជាត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩រហូតដល់ ២៦លានដូស ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ចាប់ពី ៨០ភាគរយឡើងទៅ ស្មើនឹងក្នុងរង្វង់ ១៣លាននាក់។
-ប្រមុខរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៥ខែធ្នូបានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ឆ្នាំសិក្សា២០១៩-២០២០ជាប់ស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លងកាត់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះឡើយ។ មូលហេតុដែលរដ្ឋាភិបាលជ្រើយកមធ្យោបាយនេះ ព្រោះកម្ពុជាជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ។ នៅចំពោះមុខការសម្រេចចិត្តនេះ សម្ដេចអះអាងថា មិនខ្វល់ពីការប្រមាថមើលងាយរបស់មនុស្សមួយចំនួនតូចនោះទេ ព្រោះកម្ពុជាគ្មានជម្រើសណាផ្សេងល្អជាងនេះឡើយ។គួរជម្រាបថាបេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។
យើងបន្តចាប់អារម្មណ៍ពីប្រសាសន៍របស់សម្ដេចប្រមុខដឹកនាំរាជរដ្ឋាភិបាល! នៅក្នុងការថ្លែងសារតាមកញ្ចក់ទូរទស្សន៍ជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសកម្ពុជានាព្រឹកនេះដែរក្រៅពីប្រធានបទស្តីពីព្រឹត្តិការណ៍ឆ្លងសហគមន៍នៃជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតរំលេចនូវសារនយោបាយមួយចំនួន។ អ្វីដែលសម្ដេចតេជោ ហ៊ុន សែន ចង់បញ្ជាក់នោះគឺ សម្ដេចទទួលស្គាល់ពីការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយខ្លះដែលថា លោកឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ជាបេក្ខជននាយករដ្ឋមន្ត្រីដ៏មានសក្តានុពលថា ជារឿងត្រឹមត្រូវ។ កាលពីខែវិច្ឆិកាកន្លងទៅនេះ លោក អូនព័ន្ធ មុនីរ័ត្ន ត្រូវបានចាត់ឲ្យធ្វើជាតំណាងរបស់នាយករដ្ឋមន្ត្រី ក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធអនឡាញ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានរំលឹកជាថ្មីថា លោកសូមស្បថកាត់កន្ទុយមិននិយាយឈ្មោះមនុស្សម្នាក់ ដែលគេគិតថាជាលោក សម រង្ស៊ី ព្រមទាំងមិនចរចាជាមួយផងដែរ។ ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញផងដែរ នូវពង្រាងអនុក្រិត្យស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីថ្វាយព្រះមហាក្សត្រ ផ្ញើទៅប្រធានសភាទាំងពីរថ្នាក់។ ក៏ប៉ុន្តែ សម្ដេចបញ្ជាក់ថា លោកមិនប្រើប្រាស់ការស្នើទាំងអស់នេះទេដោយហេតុថាវានឹងប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងធំធេង៕