នយោបាយ

សរុបព្រឹតិ្តការណ៍សំខាន់ៗ ប្រចាំឆ្នាំ២០២០

ដូចរៀងរាល់ឆ្នាំដែរមុនឱកាសបិទបញ្ចប់ពេលវេលាដំណាច់ឆ្នាំ មជ្ឈមណ្ឌលព័ត៌មានអម្ពិល សូមឆ្លៀតពេលនេះរម្លឹកប្រិយមិត្ត អំពីព្រឹត្តការណ៍សំខាន់ៗ ដែលបានកើតឡើងក្នុងឆ្នាំ២០២០នេះ។ ដូចប្រិយមិត្តអ្នកតាមដានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលជ្រាបហើយថាព្រឹត្តការណ៍ ដែលកំពុងអង្រួនពិភពលោកក្នុងឆ្នាំ២០២០ គឺការរីករាលដាលនៃជំងឺកូវីដ១៩ និងនិយាយដោយឡែក សម្រាប់ប្រទេសកម្ពុជា ។ ចង់ដឹងថា នៅចំពោះមុខការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ កម្ពុជាបានធ្វើអ្វីខ្លះ?

*បង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន៖

នៅចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩បានបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ប្រទេសក្នុងគ្រាអាសន្នយ៉ាងបន្ទាន់។ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន​ត្រូវ​បាន​រាជរដ្ឋាភិបាល​បង្កើត​ឡើង​នា​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ ដោយ​ផ្អែក​តាម​មាត្រា​២២ ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ កម្ពុជា​ដែល​ចែង​ថា នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រទាន​ដំណឹង ​ជា​សាធារណៈ​ដាក់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន ក្រោយពី​បាន​មតិឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភានិង​ប្រធានព្រឹទ្ធសភា​។ ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃទី​ ១០ មេសា នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​ ៤ នីតិកាល​ទី​៦និង​ព្រឹទ្ធសភាពិនិត្យឯកភាព​ទាំងស្រុង​លើ​ទម្រង់ និង​គតិ​ច្បាប់​ក្នុង​សម័យ​ប្រជុំ​នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ​ថ្ងៃ​ទី​ ១៧ មេសា។

*សម្ដេច ហ៊ុន សែន ជាមេដឹកនាំលើពិភពលោកដំបូងដើរបញ្ជ្រាសគេសម្រាប់ដំណើរទស្សនកិច្ចទៅចិននៅក្នុងបរិបទកូវីដ១៩៖

កាលពីដើមខែកុម្ភៈសម្ដេចតេជោបានដឹកនាំគណៈប្រតិភូរួមនឹងកូនប្រុសច្បងទៅប្រទេសចិននៅក្នុងពេ​ល​ដែលចិនកំពុងក្រពុលមុខជាមួយនឹងកូវីដ១៩។ តែទោះជារវល់យ៉ាងណាក៏ដោយ ក៏ប្រធានាធិបតីចិនឆ្លៀតកំដរសម្ដេចដោយភាពកក់ក្ដៅ។ នៅចំពោះមុខកម្ពុជា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថាប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាល នៃជំងឺផ្លូវដង្ហើម បង្កដោយមេរោគ «កូរ៉ូណា»នេះពិតមែនក៏រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋកម្ពុជាជាពិសេសនិស្សិតកម្ពុជា កំពុងរស់នៅក្នុងប្រទេសចិន។ លោកប្រធានាធិបតីចិន បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជានិងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តន៍នូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។

សម្តេចតេជោ ហ៊ុន សែន អរគុណលោកប្រធានាធិបតី ដែលបានទទួលសម្តេច ក្នុងពេលវេលាដ៏ខ្លី ហើយសម្តេចបានគូសបញ្ជាក់ថាគោលបំណងនៃការធ្វើដំណើរទស្សនកិច្ច មកកាន់ប្រទេសចិនមាន៣ចំណុច៖ ទី១. បង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ, ទី២. ដើម្បីពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា រស់នៅ និងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិនទៀត តស៊ូជាមួយប្រជាពលរដ្ឋចិន និងទី៣. បញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជា ជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺជំងឺភ័យខ្លាច ហើយមកដល់ពេលនេះមិនទាន់ ពលរដ្ឋកម្ពុជាណាម្នាក់ កើតជំងឺនេះទេ។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា ប្រទេសខ្លះហាក់បីដូចជាធ្វើសង្គ្រាម ចិត្តសាស្ត្រធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា មុននេះសម្តេចបានចាប់ដៃ លោក លី ខឺឈាង បើទោះបីជាលោកទើបត្រឡប់មកពីទីក្រុងវូហានថ្មីៗក៏ដោយ។សម្តេចតេជោគូសបញ្ជាក់ថា សម្តេចមិនពាក់ម៉ាស់ទេបើពាក់ម៉ាស់ មិនបាច់មកទស្សនកិច្ចនៅប្រទេសចិនទេ។សម្តេចតេជោបានគូសបញ្ជាក់ទៀតថា ទោះបីមិត្តចិនបានត្រៀមម៉ាស់ សម្រាប់សម្តេចក៏ដោយ ក៏សម្តេចមិនពាក់ដែរ។

ឆ្លៀតក្នុងឱកាសនេះសម្តេចតេជោ ក៏បានចូលរួមរំលែកនូវទុក្ខកង្វល់ទាំងឡាយ ជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំងឺបង្កដោយមេរោគ «កូរ៉ូណា» នេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា កាលពីឆ្នាំទៅប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នយោបាយជោគវាសនារួមគ្នា។ សម្តេចតេជោបានបន្ថែមថាមិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ។ វត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។

ប្រធានាធិបតីចិន បានឆ្លើយតបដោយ អរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានភក្តីភាពជាមួយប្រជាជនចិន និងរដ្ឋាភិបាលចិន។ កម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមិត្ត «ដែកថែប» របស់ចិន។ លោកប្រធានាធិបតីបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំនេះ ពលរដ្ឋចិនតែងតែជួបនូវឧបសគ្គជាច្រើន ហើយចុងក្រោយនេះពលរដ្ឋចិន មានភាពក្លាហានប្រឈមមុខ ជាមួយគ្រោះថ្នាក់ដែលមិនអាចចៀសវាងបាន តែក៏អាចដោះស្រាយបញ្ហានោះបាន។

ប្រធានាធិបតីចិនបានថ្លែងថាលោកពិតជាអរគុណចំពោះទឹកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញ នូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន។ មានន័យថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។ មិនតែប៉ុណ្ណោះសម្តេចតេជោ និងរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងជឿទុកចិត្តប្រទេសចិន។

លោកប្រធានាធិបតីចិន ក៏បានបង្ហាញការសរសើរ ដោយស្មោះចំពោះកម្ពុជា ក្នុងការចាត់វិធានការអនុវត្តន៍ច្បាប់នៅខេត្តព្រះសីហនុ ហើយបញ្ឈប់នូវល្បែងភ្នាល់អនឡាញ។

ជាការឆ្លើយតប​​ ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវការនៃភាពចាំបាច់របស់កម្ពុជា។ រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផល ពីកម្ពុជាចូលប្រទេសចិន។  ប៉ុន្តែជាការចង់បានត្រឡប់មកវិញ លោកប្រធានាធិបតីចិន ស្នើកម្ពុជា បង្ករបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ចចិន។លោកប្រធានាធិបតីស្នើឱ្យពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ។

*បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាដាក់ជើងជាន់ដីចិន ក្នុងអន្តរកាលនៃវិបត្តិកូវីដ១៩ រួចមកជំនួយបានធ្លាក់មក៖

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានផ្ញើរសារ អរគុណដល់មិត្តចិន ដែលបានផ្ដល់ជំនួយជាច្រើនសម្រាប់ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។

សម្ដេចបញ្ជាក់ថា“ក្រៅអំពីជំនួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិន បានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ ជាច្រើនសម្រាប់ប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។

សម្ដេចតេជោបន្តថា ជានិច្ចជាកាលមិត្តចិន តែងតែយកចិត្តទុកដាក់ ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេល ដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ក្រៅអំពីជំនួយ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិន បានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិន បានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ ជាច្រើនសម្រាប់ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ។

សូមរំលឹកថាកាលពីថ្ងៃទី២៣ មីនា រដ្ឋាភិបាលចិន បានបញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ៧រូប រួមជាមួយឧបករណ៍សម្ភារៈពេទ្យមួយចំនួនបានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺ កូវីដ១៩ដំបូង ដែលប្រទេសចិន បានបញ្ជូនចេញទៅបេសកកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ «អាស៊ាន»។

ចំណែកនៅថ្ងៃទី២៤ មីនា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ នៃកងទ័ពរំដោះ ប្រជាជនចិនចំនួន ៤រូប ក៏បានមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ។ ក្រុមឯកទេសបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ របស់កងទ័ពចិនភាគច្រើន គឺមកពីបណ្ឌិតសភាស្រាវជ្រាវ វេជ្ជសាស្ត្រយោធាចិន ដែលជាស្ថាប័នមួយបានបង្កើត វ៉ាក់សាំងការពារជំងឺអេបូឡា ដំបូងបង្អស់នៅលើពិភពលោក ទទួលបានជោគជ័យ ។ នាពេលថ្មីៗនេះ ក៏បានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ បច្ចុប្បន្នវ៉ាក់សាំងនេះបានដាក់ចូល ក្នុងការសាកល្បងព្យាបាលផងដែរ ។

ដោយឡែកកាលពីព្រឹកថ្ងៃទី០១ខែមេសាឆ្នាំ២០២០សម្ភារៈនិងឧបករណ៍ពេទ្យប្រឆាំងវីរុស      COVID-19 ជាង២ តោន ដែលជាជំនួយ របស់កងទ័ពរំដោះប្រជាជនចិន បានដឹកមកប្រទេសកម្ពុជា ។ ជាថ្មីម្ដងទៀតតាមរយៈក្រសួងការពារជាតិប្រទេសចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ ដល់ក្រសួងការពារជាតិកម្ពុជា។

*ការឆ្លងចូលសហគមន៍ជារឿង មិននឹកស្មានដល់៖

បន្ទាប់ពីការបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នរួចមកស្ថានភាពកូវីដ១៩នៅកម្ពុជាមិនភាពល្អ ប្រសើរសោះ។មុនឆ្លងចូលសហគមន៍កម្ពុជាជួបប្រទះព្រឹត្តការណ៍៣វិច្ឆិកា។ព្រឹត្តការណ៍៣វិច្ឆិកា និយាយដោយសាមញ្ញ ទៅជាព្រឹត្តការណ៍មួយ ជាប់ទាក់ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី ដែលរកឃើញថា មានផ្ទុកវីរុសកូវីដ១៩ក្រោយបញ្ចប់ដំណើរទស្សកិច្ចនៅកម្ពុជានិងបន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសថៃ។ នៅក្នុងព្រឹត្តការណ៍នោះគេនៅចាំបានថា មន្ត្រីរដ្ឋាភិបាលក្រាក់ៗរួមទាំងប្រមុខរដ្ឋាភិបាលផងបានចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាលដោយលទ្ធផលតេស្តបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩។ បន្ទាប់មកព្រឹត្តការណ៍៣វិច្ឆិកាបានបញ្ចប់នាំមានការសាទរពីប្រជាពលរដ្ឋខ្មែរគ្រប់រូប។តែជាអកុសលរំលងមិនបានប៉ុន្មានផងនៅក្នុងខែវិច្ឆិកាដដែលកម្ពុជាទទួលរងការឆ្លងចូលសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨វិច្ឆិកាតាមរយៈភរិយាប្រពន្ធអគ្គនាយកពន្ធធនាគារដែលបានធ្វើដំណើរទៅកាន់ទីតាំងមួយចំនួនក្នុងផ្សារទំនើបអ៊ីអន១។មិនខុសគ្នាពីព្រឹត្តការណ៍៣វិច្ឆិកា ដែរព្រឹត្តការណ៍២៨វិច្ឆិកា បង្ខំឲ្យមន្ត្រីធំៗ ដែលមានជាប់ពាក់ព័ន្ធ ដោយផ្ទាល់ជាមួយលោក ឆែម សាវុធ រួមទាំងសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើមអនុវត្តវិធានការចត្តាឡីស័ក១៤ថ្ងៃ ដោយលទ្ធផលតេស្តអវិជ្ជមាន។សូមកុំភ្លេចថាព្រឹត្តការណ៍២៨វិច្ឆិកា បានរាលដាលនិងប៉ះពាល់កន្លែងជាច្រើនក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្ដាលខេត្តមួយចំនួនជាពិសេសនៅរាជធានីភ្នំពេញតាមបណ្ដាលហាងដែលមានមនុស្សកកកុញប្រមូលផ្ដុំតួយ៉ាងហាងលក់សម្លៀកបំពាក់ហ្សេនដូនិងផេត្រូជាដើម។ដោយសារតែមើលឃើញទំហំនៃការឆ្លងចូលសហគមន៍មិនថមថយសោះសម្ដេចតេជោធ្លាប់បង្ហើបចង់ប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន។

ប៉ុន្តែយ៉ាងណាក៏ដោយសម្ដេចនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នា​អាធ្រាត​ថ្ងៃ​អាទិត្យ​ទី​០៦ ​ខែ​ធ្នួ បាន​សរសេរ​បំភ្លឺ​បន្ថែម ​នៅ​លើ​បណ្ដាញ​សង្គម​ថា នឹង​មិន​មាន​ការ​ដាក់​ប្រទេស​ឬ​រាជធានី ​ក្នុង​គ្រា​អាសន្ន​ឡើយ​។  ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីសម្ដេចបាន​សង្កេត​ឃើញ​ថាមាន​ការ​បំភ្លើសនានា​លើក​ឡើង​អំពី​ការ​បិទ​ប្រទេស​ឬ​បិទ​រាជធានី ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ និង​បំផុស​ឲ្យ​មនុស្ស​ទិញ​ទំនិញ​ត្រៀម​ទុក​។ 

នៅ​ចំពោះ​មុខ​ការ​ភូត​កុហក​បែប​នេះ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជាបាន​គូស​បញ្ជាក់​តាម​បណ្ដាញ​សង្គម​ថា នឹង​មិន​មាន​ការ​ស្នើ​សុំ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​​ទាំង​មូលឬ​ផ្នែក​ណា​មួយ​ទេ​ហើយ​ក៏​មិន​មាន​ការ​បញ្ចេញ​បទ​បញ្ជា​ឲ្យ​បិទ​រាជធានី​ភ្នំពេញ​ដូច​ការឃោសនា​ណា​មួយ​ក៏​ទេ​ដែរ​។

គួរ​រំឭក​ជូន​ថា នៅ​ថ្ងៃ​ទៅ​០៦​ខែ​ធ្នូ ប្រមុខរាជរដ្ឋាភិបាលសម្ដេចជោ ហ៊ុន សែន បាន​បង្ហើប​ពី​ការ​ត្រៀម​​លិខិត​ពាក់ព័ន្ធ​សម្រាប់​ការ​ដាក់​ប្រទេស​ទៅ​ក្នុង​គ្រា​មាន​អាសន្ន​។យ៉ាង​ណា​ក៏ដោយប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា ​មិន​ចង់​ដើរ​ទៅ​ដល់​ចំណុច​នោះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​គាំង​ទាំង​ស្រុង​តែ​ម្ដង​ ដោយ​ចំពោះ​ការ​រក​ទទួល​ទាន​របស់​ប្រជាពលរដ្ឋ​ុ។

*ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលចូលសហគមន៍រដ្ឋសម្រេចទិញវាក់សាំងនិងបង្ហាញអត្តសញ្ញាណ អ្នកឆ្លងជាសាធារណៈ

វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​នឹង​ត្រូវ​ផ្តល់​ជូន​អ្នក​ដែល​មាន​ ​ហា​និ​ភ័យ​ខ្ពស់​ដូចជា​ ​គ្រូពេទ្យ​ជួរមុខ​ ​គ្រូប​ង្រៀន​កង​កំលាំង​ប្រដាប់​អាវុធ​ ​ម​ន្រ្តី​អនុរក្ស​ពន្ធ​ធនាគារ​ ​និង​ម​ន្រ្តី​យុត្តិធម៌​ ​ចំនួន​ជិត​៤​០​ម៉ឺន​នាក់​ ​និង​នៅសល់​ជាង​ ​១​០​ម៉ឺន​នាក់​ទៀត​ ​ជា​ការចាត់ចែង​របស់​​​ក្រសួងសុខាភិបាល​។​ ​នេះ​ជា​ការ​លើកឡើង​តាមរយៈ​សារ​ជា​សំឡេង​របស់​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ ​សម្ដេចតេជោ ​ហ៊ុន​ ​សែន​នៅ​យប់​ថ្ងៃ​ទី​០​៧​ ​ធ្នូ​។​ ​

គួរជម្រាបជូនថា សម្ដេច ហ៊ុន សែន បានប្រកាសទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន១លានដូស ជាជំហ៊ានដំបូង ដោយបរិមាណវ៉ាក់សាំងនេះ អាចចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលដែលកម្ពុជា មានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩។សម្ដេចក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុឲ្យត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងពី២ទៅ៣លានដូស បន្ថែមទៀតដែរ សម្រាប់ដំណាក់កាលបន្ទាប់។

នាព្រលប់ថ្ងៃទី៤ខែធ្នូឆ្នាំ២០២០នេះតាមរយៈសារជាសំលេងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ អាស័យដ្ឋាន ងាយស្រួលឲ្យពលរដ្ឋផ្ទៀងផ្ទាត់ ដើម្បីឲ្យអ្នកពាក់ព័ន្ធជាមួយអ្នកផ្ទុកកូវីដ១៩ចូលខ្លួនធ្វើតេស្តកុំឲ្យចម្លងដល់បងប្អូន មិត្តភិត្តិ និងអ្នកដទៃ។

សូមបញ្ជាក់ថា វិធានការថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា។

*លោក កឹម សុខា គាំទ្ររាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំង​ដែលផ្ទុយពីលោក សម រង្ស៊ី ចំអករាជរដ្ឋាភិបាល៖

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោកកឹម សុខា បានប្រកាសគាំទ្រដល់វិធានការនានា​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​របស់រាជរដ្ឋាភិបាលកម្ពុជា​។មិនតែប៉ុណ្ណោះលោកកឹម សុខា ថែមទាំងប្រកាសគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយ​​សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការប្រកាសគាំទ្ររបស់លោកកឹម សុខានាពេលនេះ គឺផ្ទុយនឹងលោកសម រង្សី។ លោកសម រង្ស៊ី ដែលជាប្រធានស្តីទីអតីតបក្សប្រឆាំងកាលពីថ្ងៃទី០៦ ខែធ្នូ បានសម្តែងការចំអកតាមទំព័រហ្វេសប៊ុកលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការត្រៀមវ៉ាក់សាំងចាក់ការពារប្រជាពលរដ្ឋពីជំងឺកូវីដ១៩។

ប៉ុន្តែនៅថ្ងៃទី០៧ខែធ្នូសម្ដេចនាយកដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសពីគម្រោងបញ្ជាទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន១លានដូសសម្រាប់ដំណាក់កាលដំបូង និងត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងនេះពី២ទៅ៣លានដូសបន្ថែមទៀតសម្រាប់ចាក់ការពារប្រជាពលរដ្ឋ។ ក្រោយការប្រកាសនេះ សេដ្ឋីៗស្រុកខ្មែរ មន្រ្តីរាជការ និងប្រជាពលរដ្ឋដទៃទៀតបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមគាំទ្រគម្រោងរបស់រដ្ឋាភិបាលនេះ។

ចំណែក លោកកឹម សុខាវិញ ក៏បានលើកទឹកចិត្តពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស​ឱ្យចូលរួមជាថវិកា​សម្រាប់ទិញវ៉ាក់សាំងនេះ​ ដោយទឹកចិត្តសប្បុរសធម៌​ សាមគ្គីជាតិខ្មែរ​ ខ្មែរជួយខ្មែរ​ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ១៩​ ។ លោកក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ​ និង ប្រទេសអភិវឌ្ឍន៍មានធនធាន​ មានមធ្យោបាយឱ្យជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងជំងឺកូវីដ១៩​នេះ​ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ​ តាមលទ្ធភាព​ និង ប្រកបដោយមនុស្សធម៌។

*នៅក្នុងឆ្នាំ២០២០នេះ ដៃម្ខាងរទប់កូវីដ១៩​ ដៃម្ខាងតតាំងជាមួយសម្ពាធអន្តរជាតិស្ដីពីកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA

សេចក្តី​សម្រេច​ដក​ការ​លើក​លែង​ពន្ធ​២០%​តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​អឺរ៉ុប​បាន​ចូល​ជា​ធរមាន​និង​ចាប់​ផ្តើម​អនុវត្ត​កាលពីខែសីហា​។​ ការ​ចាប់ផ្តើម​អនុវត្ត​របស់​គណៈកម្មការ​អឺរ៉ុប​នេះ​ ធ្វើឡើង​តាម​សេចក្តី​សម្រេច​មួយ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈក្នុងឆ្នាំ២០២០ដដែល​ ក្រោម​ហេតុផល​ថា​ កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ ក៏​ប៉ុន្តែ​ គណៈកម្មការ​អឺរ៉ុប​បាន​អះអាង​ថា​ ទ្វារ​ចរចា​គ្នា​នៅ​តែ​បើក​ចំហរ​សម្រាប់​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​កែ​ទម្រង់​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​EBAពេញលេញ​មក​វិញ​។

បើតាមគណៈកម្មការអឺរ៉ុបការសម្រេចនេះគឺប៉ះពាល់ដល់ទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបប្រមាណ២០% ប៉ុន្តែកម្ពុជានៅតែអាចបន្តនាំចេញទំនិញទាំងនេះបាន តែក្នុងលក្ខខណ្ឌត្រូវបង់ពន្ធ។ ចំណែក ទំនិញរបស់កម្ពុជា៨០%ទៀត គឺនៅតែអាចបន្តនាំចេញទៅអឺរ៉ុបដោយមិនបង់ពន្ធដដែល។ ទំនិញដែលប៉ះពាល់ដោយសារបាត់ផ្នែកខ្លះនៃEBAនេះ គឺមាន៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ។

បើទោះបីបានសម្រេចដកការលើកលែងពន្ធលើទំនិញខ្លះពីកម្ពុជាជាផ្លូវការក៏ដោយ ប៉ុន្តែលោក Phil Hogan ប្រធានគណៈកម្មការអឺរ៉ុបបានអះអាងថា សហភាពអឺរ៉ុបនៅតែបន្តការគាំទ្រដល់កម្ពុជា ប៉ុន្តែការបន្តគាំទ្រនេះមិនមែនជាការបន្ថយនូវការទាមទារជាបន្ទាន់ឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងសិទ្ធការងារនោះទេ។ ត្រង់ចំណុចនេះ លោកប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ថាគណៈកម្មការអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមនិងស្រោ​ច​ស្រង់ឱ្យមានការនាំចេញទំនិញទៅអឺរ៉ុបដោយមិនយកពន្ធពេញលេញឡើងវិញនៅពេលមានការរីកចម្រើ​នលើការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថាគណៈកម្មការអឺរ៉ុបបានសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជាកាលពីថ្ងៃទី១២ ខែកុម្ភៈហើយទើបចូលជាធរមានថ្ងៃទី១២ ខែសីហានេះ។ ការសម្រេចនេះដោយឈរលើហេតុផលកម្ពុជាបានរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិការងារ។ គណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់ថា នឹងបន្តឃ្លាំមើលពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិ​សេស គឺផ្តោតទៅលើការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិក្នុងពេលថ្មីៗនេះ និងសិទ្ធិស៊ីវិល និងនយោបាយ ក៏ដូចជាវិវាទដីធ្លី និង សិទ្ធិការងារដែលជាបញ្ហាត្រូវបន្តឱ្យមានការកែទម្រង់នាពេលខាងមុខ។

សម្រាប់គណៈកម្មការអឺរ៉ុប អាជ្ញាធរកម្ពុជាគួរតែចាត់វិធានការ ដើម្បីស្តារសេរីភាពនយោបាយនៅកម្ពុជាឡើងវិញហើយបង្កើតល័ក្ខខ័ណ្ឌចាំបាច់ឡើងវិញសម្រាប់គណបក្សប្រឆាំងដែលអាចជឿទុកចិត្តបាន  និងផ្តួចផ្តើមដំណើរការផ្សះផ្សារជាតិ តាមរយៈការសន្ទនាដ៏ពិតប្រាកដមួយ។ គណៈកម្មការអឺរ៉ុបក៏បានបញ្ជាក់ច្បាស់ៗថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការគោរពសិទ្ធិមនុស្ស ជាពិសេសលើសិទ្ធិស៊ីវិល និងនយោបាយ នោះគណៈកម្មការអឺរ៉ុបអាចនឹងពិនិត្យសេចក្តីសម្រេចរបស់ខ្លួនហើយឈានទៅផ្តល់ការលើកលែងពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធEBAដល់កម្ពុជាឡើងវិញ។

គួរកត់សម្គាល់ថា ការសម្រេចអនុវត្តជាផ្លូវការរបស់គណៈកម្មការអឺរ៉ុបនាពេលនេះ គឺចំពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែជំងឺកូវីដ១៩។គណៈកម្មការអឺរ៉ុបប្រាប់ថាខ្លួនបានដឹងហើយពីរឿងនេះនិងថាបានត្រៀមខ្លួនរួចរាល់ក្នុងការជួយដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ។ប៉ុន្តែ គណៈកម្មការអឺរ៉ុបក៏បានបញ្ជាក់ឱ្យដឹងដែរថា ការជួយនេះមិនមែនការលើកលែងការទាមទារជាបន្ទាន់របស់ខ្លួនដល់កម្ពុជា ដើម្បីឱ្យធានាដល់ការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនោះឡើយ។

*សេដ្ឋកិច្ចកម្ពុជាខ្ទេចខ្ទាំ ដោយសារកូវីដ១៩

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB​ កាលពីចុងខែធ្នូ បាន​បង្ហាញ​ការ​ព្យាករណ៍​ជា​ថ្មី ​នៃ​សេដ្ឋកិច្ច​កម្ពុជា ​ដែល​នឹង​ធ្លាក់ចុះដល់ទៅ-៤ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដោយសារតែវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩។ ការព្យាករណ៍ចុងក្រោយនេះ គឺខុសពីការព្យាករណ៍រាជរដ្ឋាភិបាលកម្ពុជា ដែលបានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងអាចធ្លាក់ចុះ-១.៩ភាគរយ។ ជាការកត់សម្គាល់ ការព្យាករណ៍សេដ្ឋកិច្ចខ្លួនឯងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រហាក់ប្រហែលគ្នានឹងធនាគារពិភពលោកដែលបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ-២ភាគរយ។

លោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ ADB​  ប្រចាំនៅប្រទេសកម្ពុជាបានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្នុងរង្វង់-៤.០ភាគរយនៅក្នុងឆ្នាំ២០២០នេះ ប៉ុន្តែកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចស្ទុះឡើងវិញក្នុងរង្វង់៥.៤ ភាគរយនៅឆ្នាំ ២០២១។ ការព្យាករណ៍ជាថ្មីនេះ គឺដូចគ្នានឹងការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី​ ADB​  កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។ លោក David Freedman បានវិភាគថា កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួនដែលនេះ គឺជាគន្លឹះនៃកំណើននាពេលអនាគតពីព្រោះកំណើនរបស់កម្ពុជាត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរូបនេះអះអាងថា កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម។

នៅចំពោះមុខការព្យាករណ៍ចុងក្រោយរបស់ធនាគារ​ ADB​នេះ រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាការព្យាករណ៍លើសេដ្ឋកិច្ចរបស់ខ្លួនដូចលើកមុនដដែល ពោល គឺកម្ពុជាវាយតម្លៃថា សេដ្ឋកិច្ចនឹងធ្លាក់ចុះមក-១.៩ភាគរយនៅក្នុងឆ្នាំ២០២០នេះដោយសារតែវិបត្តិកូវីដ១៩ ហើយនៅក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជានឹងងើបមកវិញក្នុងរង្វង់៣.៥ភាគរយ។ ត្បិតថាខុសគ្នាជាមួយ​ ADB​  ប៉ុន្តែការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជានេះ គឺប្រហាក់ប្រហែលគ្នានឹងការព្យាករណ៍របស់ធនាគារពិភពលោក។

សូមបញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា ប្រទេសជិតខាងកម្ពុជាមានថៃ និងឡាវក៏ត្រូវបានព្យាករពីសេដ្ឋកិច្ចធ្លាក់ចុះដែរនៅក្នុងឆ្នាំ២០២០នេះ។ សេដ្ឋកិច្ចប្រទេសថៃ នឹងធ្លាក់ចុះទៅដល់-៧.៨ភាគរយ ខណៈប្រទេសឡាវនឹងធ្លាក់ចុះ-២.៥ភាគរយ ដោយសារតែវិបត្តិកូវីដ១៩។ ប៉ុន្តែសេដ្ឋកិច្ចប្រទេសវៀតណាមវិញ បែរជាមានការកើនឡើង២.៣ភាគរយ ខណៈនៅឆ្នាំ២០២១នឹងកើនដល់៦.១ភាគរយ។ នេះបើតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី​ ADB​ ។

-ចំណែធនាគារពិភពលោកព្យាករណ៍ជាថ្មីថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមានក្រោម២%ដោយសារវិបត្តិកូវីដ១៩។ ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ជាថ្មី​ថា​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ធ្លាក់ចុះ​ក្រោម​ ​២​%(-​២​%) ​ដែល​ជា​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​ពុំ​ធ្លាប់​មាន​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​ ​ការ​ព្យាករណ៍​ជាថ្មី​របស់​ធនាគារ​ពិភពលោក​នេះ​ ​គឺ​ខុស​ពី​ការ​ព្យាករណ៍​ជាថ្មី​ដែរ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​​ ADB ​ដែល​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំនេះ​នឹង​ធ្លាក់ចុះ​ក្រោម​៤​%(-​៤​%)​។​ 

ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្រោម២%នេះ គឺធនាគារពិភពលោកបានសំអាងថា ការរីករាលដាលនៃជំងឺកូវីដ១៩បានប៉ះពាល់យ៉ាងដំណំទៅលើក្បាលម៉ាស៊ីនកំណើនធំៗរបស់កម្ពុជាជាពិសេសវិស័យសំណង់ ទេសចរណ៍ និងផ្នែកនាំចេញទំនិញដែលទាំងអស់នេះ មានចំណែកជាង៧០%ក្នុងកំណើនសរុប ។ ធនាគារពិភពលោកបានអះអាងថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានៅទ្រឹងដោយសារតែជំងឺកូវីដ១៩ ដោយការនាំចូលដែក និងស៊ីម៉ង់ត៍ក្នុងរយៈពេ​ល៦ខែឆ្នាំនេះ បានធ្លាក់ចុះ៤៥,១% និង ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយសារតែគម្រោងធំៗមួយចំនួនត្រូវផ្អាកសកម្មភាព។

ទន្ទឹមគ្នានេះ ជំងឺកូវីដ១៩ ក៏បានទាញវិស័យនាំចេញធំៗរបស់កម្ពុជាឱធ្លាក់ចុះផងដែរ ។ ដូចយ៉ាង ការនាំចេញផលិត​ផលកាត់ដេរ សម្ភារធ្វើដំណើរ និងស្បែកបានធ្លាក់ចុះ៧,២% ខណៈការចូលក្រណា​ត់សម្រាប់បម្រើវិស័យកាត់ដេរបានធ្លាក់ចុះ៨៥,៤%នៅក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២០នេះ។ ចំពោះ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាវិញ គឺធនាគារពិភពលោកគូសបញ្ជាក់ថា បានដួលរលំដោ​យសារតែការរឹតត្បិតលើការធ្វើដំណើរ និងវិធានការរាំងខ្ទប់ឱ្យនៅមួយកន្លែង។ ជាក់ស្តែង ក្នុងរយៈពេល៦ខែនេះ ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ៦៤,៦%។

សូមបញ្ជាក់ថាការព្យាករណ៍ជាថ្មីរបស់ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម២%នេះ គឺខុសពីលើកមុនៗធនាគារពិភពលោកថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ពីចន្លោះក្រោម១%(-១%)ទៅក្រោម២,៩%(-២,៩%)។ការព្យា​ករណ៍ជាថ្មីនេះក៏ខុសគ្នានឹងការព្យាករណ៍ជាថ្មីដែររបស់ធនាគារអភិវឌ្ឍអាស៊ី ADB កាលពីថ្ងៃទី២៣ ខែកញ្ញាថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះក្រោម៤%(-៤%)នៅក្នុងឆ្នាំនេះ ដោយសារតែជំងឺកូវីដ១៩។ ចំណែក មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះក្រោម១,៥%(-១,៥%) ខណៈរដ្ឋាភិបាលកម្ពុជាខ្លួនឯងបានព្យាករណ៍ថា កំណើន​សេដ្ឋកិច្ច​កម្ពុជានឹងថយចុះ​ត្រឹម​​-១,៩%​នៅ​ក្នុងឆ្នាំ​២០២០​នេះ។

ស្របពេលការព្យាករណ៍ទាំងឡាយសុទ្ធតែបង្ហាញពីការធ្លាក់ចុះខ្លាំងពុំធ្លាប់មាននេះ ធនាគារពិភពលោកក៏បានសង្កេតឃើ​ញ​ថា សកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជាបានចាប់ផ្តើមកម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញហើយក្រោយពីមានការសម្រាលលើវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម។ ធនាគារពិភពលោកបានលើកឡើងថាតម្រូវការក្នុងស្រុករួមមានការធ្វើដំណើរនិងសកម្មភាពទេសចរណ៍ក្នុងស្រុកផងកំពុងតែងើបឡើងវិញហើយកម្ពុជានិងចិនបានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរួចហើយដែលទំនងនឹងចូលជាធរមានក្នុងឆ្នាំ២០២១។ បើតាមធនាគារពិភពលោកដដែល នៅក្នុងពាក់កណ្តាលឆ្នាំនេះ គម្រោងវិនិយោគផ្ទាល់ពីបរទេសដែលបានអនុម័តរួចរាល់ គឺបានកើនឡើង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

-ងាកមកមើលការព្យាករណ៍សេដ្ឋកិច្ចរបស់កម្ពុជាខ្លួនឯងវិញ!រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣០​ កញ្ញា ​ទើប​តែ​បាន​ប្រកាស​ដាក់​ចេញ​នូវ​វិធានការ​ជុំ​ទី​៦​ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​បន្ត​ជួយ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ ដែល​រង​ផល​ប៉ះពាល់​ពី​បរិបទ​នៃ​ជំងឺ​កូវីដ​១៩​។ វិធានការ​ជុំ​ទី​៦​នេះ ​នឹង​បន្ត​អនុវត្ត​ចាប់​ពី​ខែ​តុលា ​រហូត​ដល់​ខែ​ធ្នូ​ ឆ្នាំ​ ២០២០​។ ដោយ​ឡែក​មន្ត្រីរាជ​រដ្ឋាភិបាល​បាន​ថ្លែង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ត្រៀម​ថវិកា​ប្រមាណ​ជាង​១១៦៤​លាន​ដុល្លារ​ ដើម្បី​ជួយ​អន្តរាគមន៍​និង​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ​១៩​។

ដោយស្ថិតនៅក្នុងបរិការណ៍នៃវិបត្តិកូវីដ១៩ដែលនៅតែបន្តរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការណ៍បន្ថែមជុំទី៦ ក្នុងគោលបំណងបន្តជួយដល់វិស័យសេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ។ វិធានការជុំទី៦ ដែលត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់ជាមួយគ្រប់អង្គភាពពាក់ព័ន្ធ កាលពីថ្ងៃទី ៣០ ខែកញ្ញានោះ រួមមាន ជាអាទិ៍ ទី១.គឺវិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យសេវាកម្មទេសចរណ៍។ តាមរយៈវិធានការនេះរាជរដ្ឋាភិបាលនឹងបន្តឧបត្ថម្ភសាច់ប្រាក់ដល់បុគ្គលិកដែលត្រូវបានព្យួរការងារនៅក្នុងវិស័យទាំងនេះ បូករួមទាំងការលើកលែងការបង់ពន្ធ ការពន្យាពេលបង់កាតព្វកិច្ចរបបសន្តិសុខសង្គម និងការលើកលែងការបង់ពន្ធប៉ាតង់ជាដើម។ វិធានការទី២.គឺការបន្តជួយវិស័យអាកាសចរណ៍ តាមរយៈការបន្តលើកលែងការបង់ពន្ធអប្បបរមា និងពន្យាការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិលជាដើម និងវិធានការទី៣. គឺការបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះដោយសារតែជំងឺកូវីដ១៩។ ការឧបត្ថម្ភសាច់ប្រាក់នេះ នឹងបន្តធ្វើចំនួន៣ខែបន្ថែមទៀត ចាប់ពីខែតុលា រហូតដល់ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរជំរាបជូនថាគិតចាប់តាំងពីខែមិថុនាមករាជរដ្ឋាភិបាលកម្ពុជាបានបើកប្រាក់ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយជំងឺកូវីដ១៩បានចំនួន៣លើករួចមកហើយ ដោយក្នុងមួយខែៗ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិការចន្លោះពី២៥ទៅ៣០លានដុល្លារអាមេរិក។ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណជា៦៧ម៉ឺនគ្រួសារ ស្មើនឹង២.៧លាននាក់ ដែលបានទទួលផលពីកម្មវិធីនេះ។ នេះបើតាមការបញ្ជាក់ពី លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​បច្ចេក​ទេស​នៃ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិសម្បទា។ លោកបន្តថា នៅជុំទី៦នេះ យ៉ាងហោចណាស់ក៏មានពលរដ្ឋក្រីក្រចន្លោះពី៦៨ទៅ៦៩ម៉ឺនគ្រួសារដែរ ដែលនឹងទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជានេះ។ ដោយឡែក នៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែកជើងវិញ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងការងារបានសម្របសម្រួលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយបានបើកប្រាក់ឧបត្ថម្ភជូនដល់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារបានចំនួនជាង២៨ម៉ឺននាក់ (282 795នាក់) ស្មើនឹងថវិកាចំនួន១៩លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីលោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមលោក ហេង សួរ គិតចាប់ពីខែកុម្ភៈរហូតដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០នេះ យ៉ាងហោចណាស់មានរោងចក្រចំនួន៥០៦រោងចក្រដែលបានព្យួរការងារ ស្មើនឹងកម្មករនិយោជិតសរុបចំនួនជាង៣២ម៉ឺននាក់ (323 208នាក់) ដែលភាគច្រើន គឺជាស្ត្រី។

យ៉ាងណាក្តី លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា ដើម្បីទប់លំនឹងសេដ្ឋកិច្ចនិងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩នេះរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិការប្រមាណជា១១៦៤លានដុល្លារអាមេរិក ដើម្បីជួយអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច និងពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ចាប់តាំងពីជុំទី១រហូតដល់ជុំទី៦នេះ៕

*ដំណាលគ្នានឹងកូវីដ១៩កម្ពុជាទទួលរងជំនន់ទឹកភ្លៀងយ៉ាងដំណំ

មាន​មនុស្ស​២៥​នាក់​បាន​ស្លាប់​ និង​ប្រជាជន​សរុប​ជាង​៣០០.០០០​នាក់​ក្នុង​រាជធានី​ខេត្ត​ចំនួន​១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​រង​គ្រោះ​និង​ទទួល​រង​ផលប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ដែល​បណ្តាល​មក​ពីភ្លៀង​ក្នុង​ឆ្នាំ​២០២០​នេះ។នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​សរុប​ចុងក្រោយ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩​ ខែ​តុលា ​ឆ្នាំ​២០២០។

អ្នក​ស្លាប់​ទាំង​២៥​នាក់​ដែល​រួម​ទាំង​ក្មេង​៧​នាក់​ផង រស់​នៅ​ក្នុង​ខេត្ត​ចំនួន​៥ ​គឺ​បន្ទាយមាន​ជ័យ​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាងគេ​រហូត​ដល់​១៥​នាក់​និង​១០​នាក់​ទៀត​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុពោធិ៍សាត់ ប៉ៃលិន និង​កំពង់​ធំ។ ភាគច្រើន​នៃ​អ្នកស្លាប់ ​គឺ​ដោយ​សារ​លង់​ទឹក ឆក់​ខ្សែភ្លើង​ពេល​ទឹក​លិច​ផ្ទះ​ និង​រអិល​ជើង​ ហើយ​ទឹក​គួច​ទៅ​ជាមួយ​ជាដើម។

របាយការណ៍​ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ក៏​បាន​បង្ហាញ​ដែរ​ថា​គិត​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​កញ្ញា ​រហូត​ដល់​ថ្ងៃ​ទី​១៩ ​ខែ​តុលា​ ឆ្នាំ​២០២០​នេះ ប្រជាជន​ជាង ​៩​៣០០​គ្រួសារ​ ក៏​ត្រូវ​បាន​ជម្លៀស និង​ផ្ទះ​សម្បែង​ជាង​ ៧៣០០០​ខ្នង បាន​រង​ផល​ប៉ះពាល់។ សាលារៀន​ចំនួន​៥៦៨​កន្លែង ​និង​ស្រូវ​លិច​ទឹក​ប្រមាណ​ជាង​២១​៣.០០០​ហិកតា​ ក៏​ត្រូវ​លិច​ទឹក​ផងដែរ។

រាជធានី​និង​ខេត្ត​ទាំង​១៩ដែល​រង​ផលប៉ះពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ក្នុង​ឆ្នាំ​នេះរួម​មាន​ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ បាត់ដំបង ស្វាយរៀង ឧត្តមានជ័យ សៀមរាប តាកែវ កំពង់ស្តឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់​ចាម កណ្តាល​ កំពង់​ធំ​និង​ខេត្ត​កំពង់​ឆ្នាំង។ នេះ​បើ​យោង​តាមរបាយការណ៍​បូក​សរុបរបស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

អំឡុងពេលកម្ពុជាជួបគ្រោះនៃជំនន់ទឹកភ្លៀង គឺយ៉ាង​ហោច​ណាស់​មាន​រោង​ចក្រ​ចំនួន​៧៩​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៣ បាន​រង​ផល​ប៉ះ​ពាល់ដោយ​សារ​ជំនន់​ទឹក​ភ្លៀង។ ផល​ប៉ះពាល់​នេះ បាន​ជះ​ឥទ្ធិពល​ដល់​កម្មករ​និយោជិក​ជាង​៤​ម៉ឺន​នាក់។ លោក ហេង សួរ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃសៅរ៍​នេះ​ថា បើ​ទោះ​បី​ជា​មាន​រោងចក្រ​៧៩​ទី​តាំងរង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹក​ភ្លៀង​ក៏​ពិត​មែន​តែ​មិន​បានប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សង្វាក់​ផលិត​កម្ម​របស់​រោងចក្រ​ឡើយ។

រោង​ចក្រ​ស្ថិត​ក្នុង​រាជធានីភ្នំពេញរង​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ៦២​ទី​តាំង បន្ទាប់​មក​ខេត្ត​កណ្ដាល​ចំនួន​១៣​ទី​តាំង និងកំ​ពង់​ស្ពឺ​ចំនួន​៤​ទី​តាំង ដែល​សរុប​៣​ទី​តាំង​នេះ មាន​រោងចក្រ​ចំនួន​៧៩ រង​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង គិត​ត្រឹម​ថ្ងៃ​ទី​១៧​តុលា​។

*លោក កឹម សុខា ធ្វើសកម្មភាពមនុស្សធម៌នៅក្នុងរយៈពេលនៃទឹកជំនន់៖

លោក កឹម សុខា ​ចុះ​ចែក​អំណោយ​ដល់​​ប្រជាជនរាប់រយគ្រួសារដែល​រងគ្រោះ​ដោយសារទឹក​ជំនន់​នៅ​ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ បន្ទាយមាន​ជ័យ ពោធិ៍សាត់ បាត់ដំបង ព្រះសីហនុជាដើម។ សកម្មភាពមនុស្សធម៌​របស់ប្រធានអតីតបក្សប្រឆាំងរូបនេះ អាចធ្វើទៅបាន គឺបន្ទាប់ពីលោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ កាល​ពី​ថ្ងៃ​សុក្រ បាន​បញ្ជា​ដល់​គ្រប់​អាជ្ញាធរ​ខេត្ត​ទូទាំង​ប្រទេស​ ឲ្យបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់ លោក កឹម សុខា  ​ក្នុង​ការ​​ចុះ​​ជួយ ​ប្រជាពលរដ្ឋ​ដែល​​រង​គ្រោះ​ ដោយ​សារ​ទឹក​ជំនន់​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

បន្ទាប់ពីមានការរារាំងយ៉ាងដូច្នេះទៅលើ​សកម្មភាព​មនុស្សធម៌​របស់លោក កឹម សុខា ប្រមុខរាជរដ្ឋាភិបាល​ សម្ដេច ហ៊ុន សែន កាលពីថ្ងៃសុក្រ បាន​បញ្ជា​ផ្ទាល់មាត់​តាមរយៈ​បណ្តាញសង្គមឲ្យ​អាជ្ញាធរ​ខេត្ត​ទូទាំង​ប្រទេស​ ឲ្យបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់លោក កឹម សុខា និង​អ្នកនយោបាយឯទៀត ​ក្នុង​ការ​ចុះ​ជួប​និង​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់ដោយ​មិន​ប្រកាន់​ និន្នាការ​គណបក្ស​នយោបាយ។

កាលពីថ្ងៃទី១៥តុលា អាជ្ញាធរ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរារាំងមិនឲ្យក្រុម​លោក កឹម សុខា ចែកអំណោយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹក​ជំនន់នៅទីនោះទេ ដោយអះអាងថាមានក្រុម​ការងារមនុស្សធម៌ផ្សេងទៀត​ត្រូវ​ចុះចែកអំណោយនៅទីនោះក្នុងថ្ងៃជាមួយគ្នាដែរ។

សម្រាប់ ​លោក មាជ សុវណ្ណរ៉ា ដែល​បាន​រួម​ដំណើរជាមួយ ​លោក កឹម សុខា ចុះចែក​អំណោយ​ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅខេត្តភាគពាយ័ព្យប្រទេសកម្ពុជា ចាត់ទុកថា«វាជាការហួសហេតុ ការយល់ដឹងរបស់​អាជ្ញាធរមូលដ្ឋាន​មានកម្រិត​ ចែកមិនដាច់​រវាង​កិច្ចការ​មនុស្សធម៌​ក្នុងគ្រោះគ្រាអាសន្ន ​ទៅនឹងនិន្នាការ​នយោបាយ​ ពោលពួកគាត់​នៅមាន​ការរើសអើង​»។

*ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋបរទេសមកកម្ពុជានៅឆ្នាំ២០២០

-ផ្ដើមដោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក វ៉ាង យី ។ លោកវ៉ាង យី បាននាំមកជាមួយនូវ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជានិងចិន​។ការ​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​នេះ​ ធ្វើ​ក្រោម​វត្តមាន​របស់​សម្ដេចតេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា​ និង ​លោក​វ៉ាង យី​ ដែល​ជា​រដ្ឋមន្រ្តី ​ក្រសួង​ការបរទេស។ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​បរទេស​។ រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា​ ក្រោយ​មាន​កិច្ច​ព្រមព្រៀង​នេះ​ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ចិន​នឹង​មាន​ការ​កើន​ឡើង​២៥%​បន្ថែម​ទៀត​។

ប៉ុន្តែរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនមិនបានមកចុះហត្ថលេខានៅកម្ពុជាដោយផ្ទាល់នោះទេ ដោយធ្វើការចុះហត្ថលេខារួមគ្នាតាមរយៈវីដេអូខុនហ្វើរិន។យ៉ាងណាក៏ដោយការចុះហត្ថលេខានេះ ធ្វើក្រោមវត្តមានសម្ដេច ហ៊ុន សែន និង លោកវ៉ាង យី ដែលជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន។

សូមបញ្ជាក់ជូនថា កម្ពុជា និងចិន បានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនឹងគ្នានេះកាលពីក្នុងអំ​ឡុងខែកក្កដាកន្លងទៅ បន្ទាប់ពីចំណាយពេលជិត១ឆ្នាំ ដើម្បីជជែកពិភាក្សាគ្នា។ រាជរដ្ឋាភិបាលកម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ ២៥% បន្ទាប់ពីកិច្ចព្រមព្រៀងនេះចុះហត្ថលេខារួចរាល់។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ទំនិញ​កម្ពុជា​ជាង​៣០០​មុខ​អាច​នាំ​ទៅ​ចិន​ដោយ​មិន​គិត​ពន្ធ​នៅ​ពេល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ ភាគី​កម្ពុជា​ចិន​(FTA)​ចូល​ជា​ធរមាន។ នៅក្នុង​ចំ​ណោម​មុខ​ទំនិញ​ជាង​៣០០​មុខ​នេះ គឺ​ផលិតផល​កសិកម្ម​៩៥​ភាគ​រយ​ត្រូវ​រួច​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទៅ​ចិន​។ ប៉ុន្តែផលិតផលគ្រឿងចក្រ និង​យានយន្ត​ផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​បាន​អះអាង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​នេះ នឹង​ដើរ​តួ​ជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ជួយ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុង​រក​ទីតាំង​ថ្មី​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ចំណែក អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាវិញ ក៏បានមើលឃើញដូចគ្នានេះដែរ តែបានបន្ថែមថា មិនមែនតែសម្រាប់វិនិយោគិនអាមេរិកទេ ពោល គឺកម្ពុជាអាចនឹងទាក់ទាញវិនិយោគដែលមានសក្តានុពលពីប្រទេសផ្សេងៗទៀត ដូចយ៉ាង ជប៉ុន និងកូរ៉េខាងត្បូងជាដើមតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននេះ។

*ចិនតាមរយៈ លោក វ៉ាង យី សន្យាផ្ដល់វាក់សាំងបង្ការកូវីដ១៩ដល់កម្ពុជានិងសន្យាអភិវឌ្ឍន៍ខេត្តព្រះសីហនុ៖

ចិន​សម្រេច​ផ្ដល់​ជំនួយឥតសំណង​ប្រមាណ​១៤០​លាន​ដុល្លារដល់​កម្ពុជា​។ភាគី​ទាំងពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនិង​បច្ចេកទេស​សម្រាប់​ការផ្តល់​ហិរញ្ញប្បទាន ​ឥត​សំណង កាលពី​ថ្ងៃទី​១២ តុលា​។​

ជំនួយឥតសំណង​នេះ គឺ​ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ នៅក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ ថ្លែង​ក្នុងជំនួប​ជាមួយ​សម្ដេច ហ៊ុន សែន ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​៤​នោះ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ចិន បាន​អះអាងថា ចិន​នៅតែ​បន្ត​គាំទ្រ​កម្ពុជា​យ៉ាងរឹងមាំ ដោយ​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​រក្សាបាន​នូវ​អធិបតេយ្យភាព​ថ្លៃថ្នូរ​រ​បស់​កម្ពុជា​។​

 មិន​ត្រឹមតែ​សន្យា​ជួយ​កម្ពុជា នៅ​ចំពោះមុខ​ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ទេ លោក វ៉ាង យី ក៏បាន​ប្រកាស​ជួយ​កម្ពុជា នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ដែរ​។ ក្នុងជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នោះ លោក វ៉ាង យី ក៏បាន​សន្យា​ជាក់លាក់​ជាថ្មី​ថា ចិន​ផ្ដល់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដល់​កម្ពុជា ក្រោយ​ពិសោធន៍ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ មិនតែប៉ុណ្ណោះ​ប្រមុខ​ការទូត​ចិន​រូបនេះ ក៏​សន្យា​បើក​ទីផ្សារ​នាំចូល​កសិផល​កម្ពុជា ដែលមាន​គុណភាព​បន្ថែមទៀត រួមទាំង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀតផង​។​

ក្នុងជំនួប​នោះ លោក ហោ ណាំហុង ក៏បាន​លើកឡើង​ពី​គម្រោង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ទីក្រុង​ព្រះសីហនុ​-​ទីក្រុង​ហុងកុង​,គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​71C ,គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​ជនបទ​ជំហាន​ទី​៧, គម្រោង​ជំរុញ​ផលិក​ម្ម​ស្រូវ និង​នាំចេញ​អង្ករ​, គម្រោង​ប្រព័ន្ធ​ស្រោចស្រព​និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត និង​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៤១, ៣៣ និង​៣១ ជាដើម​។ ប៉ុន្តែ​លោក វ៉ាង យី មិនបាន​ឆ្លើយតប​នឹង​សំណើ​ទាំង​នេះឡើយ​។

បន្ទាប់ពីប្រទេសចិនដល់វេនប្រទេសជប៉ុនម្ដង។មន្ត្រីជាន់ខ្ពស់ជប៉ុនដែលបានដាក់ជើងជាន់ដីកម្ពុជានោះគឺលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន។ លទ្ធផលនៃដំណើរទស្សនកិច្ចនោះគឺប្រមុខរដ្ឋាភិបាល​កម្ពុជា​ បាន​ឯកភាព​លើ​ការ​ស្នើ​ឡើង ​របស់​ប្រមុខ​ការទូត​ជប៉ុន ដែលជប៉ុនចង់​បើកដំណើរការឡើងវិញ នូវជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីស្តារសេដ្ឋកិច្ច​ ពីវិបត្តិ​កូវីដ១៩​។​

ជាមួយនឹងការ​ឯកភាព​ត្រៀម​ខ្លួន​បើកដំណើរការឡើងវិញនូវជើងហោះហើររវាងប្រទេសទាំងពីរ​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បានដៅ​ឈ្មោះ​ក្រុម​ហ៊ុន​ហោះហើរចំៗ គឺក្រុម​ហ៊ុន​អាណាណា សម្រាប់​ការ​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​ត្រូវ​អនុវត្ត​នូវវិធាន​សុខាភិបាល​មួយ​ចំនួន​ជា​ចាំបាច់​ផង​ដែរ​។

បើ​តាមសម្ដេច ហ៊ុន សែន វិញ​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន​ នៅ​កម្ពុជា​ពេល​នេះ គឺ​ជួយ​ពង្រឹង​និង​ពង្រីក​ថែម​ទៀត​នូវ​ចំណង​មិត្តភាពនិង​កិច្ច​សហ​ប្រតិបត្តិការ​ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​ជប៉ុន​នៅ​លើ​គ្រប់​វិស័យ​ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទេ្វភាគី និង​ពហុភាគី​។ ដំណើរ​ទស្សន​កិច្ច​នេះ ក៏​ជាការ​បង្ហាញ​នូវ​សាមគ្គីភាព​មិត្តភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩ ក៏​ដូច​ជា​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ស្តារសេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ ផង​ដែរ​។

ស្របគ្នា​ប្រមុខ​ការ​ទូត​ជប៉ុន​ក៏​បាន​ហៅ​ចំណាត់​ការ​លើ​វិធាន​ការ​កូវីដ​១៩​នេះ​ថា​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំន​ង រវាង​ប្រទេស​ទាំងពីរ​កាន់​តែ​មាន​ភាព​រឹង​មាំប​ន្ថែមទៀ​ត ហើយ​ថា​ជប៉ុន​បាន​ត្រៀម​ថវិកា​មួយ​ចំនួន ដើម្បី​ចូល​រួមជួយ​ទប់​ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​។ នេះ​បើ​តាម​ លោក អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​របស់សម្ដេច ហ៊ុន សែន។

ត្បិត​មិន​មាន​ការ​បង្ហាញ​ណា​មួ​យ​ពី​លទ្ធផល​នៃ​ការ​ពិភាក្សាលើ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជា​ធិបតេយ្យនៅ​កម្ពុជា​ក្នុង​ជំនួប​នោះ តែ​នៅ​ក្នុង​សារជូន​ពលរដ្ឋ​កម្ពុជា​នៃ​ដំណើរ​ទស្សនៈ​កិច្ច​នេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ​គូស​បញ្ជាក់​ថា​ប្រទេស​ជប៉ុន​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ដើម្បី​ឱ្យ​ប្រទេសកម្ពុជា​អាច​ដើរ​លើ​មាគ៌ាសំ​ដៅទៅ​​រក​ទិសដៅ​នៃ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​របស់​ខ្លួន ដោយ​បញ្ចូល​កម្លាំង​យុវជន​ជា​សសរទ្រូង​។

គួរជម្រាបថាមុនការ​មកដល់​របស់​ប្រមុខការទូតជប៉ុនរូបនេះក្រុមអង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ជំរុញ​ឲ្យ​អ្នកការទូតជប៉ុន​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​ដូចជាការទាមទារ​ឱ្យ​ដោះ​លែងដោយ​ឥត​លក្ខខណ្ឌ​នូវ​​សកម្មជននយោបាយ អ្នក​ការពារ​សិទ្ធិ​មនុស្ស និងអ្នក​សារព័ត៌មាន នៅកម្ពុជា ខណៈក្រុមអង្គការទាំងនោះចាត់ទុកថា«កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សិទ្ធិ​មនុស្ស»។

បន្ទាប់ពីជប៉ុន រដ្ឋមន្ត្រីការបរទេសហុងគ្រីដែលឈរជាមួយកម្ពុជានៅក្នុងសំណុំរឿងEBAបានអញ្ជើញមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា។

នៅក្នុងដំណើរទស្សនកិច្ច លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីប្រទេស​កម្ពុជា​រំពឹង​ថា​ខ្លួន​នឹងមាន​ឱកាស​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​នៅក្នុង​ប្រទេស​ហុងគ្រី​ដែល​ស្ថិតនៅ​តំបន់​អឺរ៉ុប​កណ្តាលព្រមទាំង​មាន​ឱកាស​ទាក់ទាញ​វិនិយោគិន​មកពី​ប្រទេស​នេះបន្ទាប់ពី​ភាគី​ទាំង​២ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​កសិពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ៣ ខែ​វិច្ឆិកា ក្នុង​អំឡុងពេល​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​នៅ​ភ្នំពេញ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​លោក Peter Szijjarto រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី​ក្រោម​អធិបតីភាព​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក សាខុន បាន​ថ្លែងថា វិស័យ​កសិកម្ម​ហុងគ្រី​បាននិង​កំពុង​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ដែល​មាន​ចំណែក​ប្រមាណ​ ៨ ​ភាគរយ​នៃ GDP ហើយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដាំដុះ ការកែច្នៃ​ផលិតផល​កសិកម្មនិង​ការគ្រប់គ្រង​ទឹក​កំពុង​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ប្រទេស​នេះ​។ លោក​បន្ថែមថា ប្រទេស​កម្ពុជា​មាន​វិស័យ​សំខាន់ៗ​ចំនួន​ ៣ ​សម្រាប់​វិនិយោគិន​ហុងគ្រី​មក​បណ្តាក់​ទុនវិនិយោគ​នៅពេល​អនាគត​រួមមាន ផលិតកម្ម​ទឹកដោះ និង​ការកែច្នៃ​សាច់ វារីវប្បកម្ម និង​ការដាំ​ដំណាំ និង​សុវត្ថិភាព​ចំណីអាហារ​។

បន្ថែមលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែននិងលោក ភីតធើ ហ្ស៊ីចាតូ (Peter Szijjarto) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី បានបញ្ជាក់អំពីការជំរុញកិច្ច​សហ​ប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

*នយោបាយក្នុងស្រុក៖

នៅក្នុងបរិបទនៃការវាយលុកដោយជំងឺកូវីដ១៩នេះគេសង្កេតថានយោបាយកម្ពុជាមិនសូវជាស្មុគស្មាញនិងដំឡើងសសៃកដាក់គ្នាប៉ុន្មានដែរចំពោះសំណុំរឿងលោកកឹម សុខា។ ផ្ដើមចេញពីសម្ដេច ហ៊ុន សែន និង​លោក កឹម សុខា បាន​ជួប​គ្នា​ជា​លើក​ដំបូង នៅ​ថ្ងៃទី៥ខែឧសភា រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៦ មក​ដល់​ឆ្នាំ​២០​២០​នេះ​។

លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិករបស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅភូមិគ្រឹះសម្តេចតេជោ។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាព នៅ ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២៖១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។

កាលពីថ្ងៃទី៤ ឧសភា លោក កឹម សុខា បានផ្ញើសាររំលែកទុក្ខ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ឧសភា ថា «ភរិយាខ្ញុំ និងរូបខ្ញុំ មានសេចក្តីសោកស្តាយ និងសមានទុក្ខយ៉ាងក្រៀមក្រំ ដោយ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក របស់សម្តេច និងជាមាតា បង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាព ថ្ងៃទី៤ ឧសភា នេះ»។

លោកបន្ដថា មរណភាពរបស់មហាឧបាសិកា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា ជីដូន ដែលជាអ្នកមានគុណដ៏ធំធេង ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌។សូមឧទ្ទិសបួង សួងសូមឲ្យដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

រូបភាពនេះបានធ្វើឲ្យពលរដ្ឋខ្មែរនាំគ្នាសាទរនឹងដាក់ស្ដីសង្ឃឹមជម្លោះនយោបាយនៅកម្ពុជានឹងបិទបញ្ចប់នៅថ្ងៃណាមួយ។ បន្ទាប់ពីជំនួបនោះមកគេសង្កេតឃើញថា លោក កឹម សុខា ហាក់មានសេរីចេញដើរញឹកញាប់ទោះជាសំណុំរឿងលោកកំពុងស្ថិតនៅក្នុងដៃតុលាការក៏ដោយ។

គួរកត់​សំគាល់ថាលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកត្រូវបានសាលាដំបូងរាជធានី​ភ្នំពេញ ចេញដីកាដោះលែង អោយនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែត្រូវដាក់អោយស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការកម្ពុជា​។ សាលាដំបូងរាជធានី​ភ្នំពេញ ​កាល​ពី​ចុង​ឆ្នាំ​២០១៩ បានសម្រេច​ឲ្យ​លោក កឹមសុខាអាចមាន​សិទ្ធិ​ដើរហើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅគ្រប់ទីកន្លែង ប៉ុន្តែ​ហាម​​មិនអោយ​ធ្វើ​សកម្មភាព​នយោបាយ ឬចាកចេញពីប្រទេស​កម្ពុជា​បាន​ឡើយ។ ការបង្ហាញមុខជាសាធារណៈរបស់លោក កឹម សុខា ជាលើកទីពីរនេះ គឺស្រប​ពេលដែលមិនមាន​​សវនាការ​ជម្រះ​ក្តីរបស់លោក កឹម សុខា ​ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ និង​ក្រោយពេល​មានការ​បង្ហោះ​ខ្សែអាត់​សំឡេង​ចាស់ដែល​គេ​សង្ស័យ​ថា ជា​សំឡេងរបស់​លោក កឹម សុខា និង​​សម្ដេចតេជោ ​ហ៊ុន សែន​។ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​មុខជា​សាធារណៈ​ជា​លើ​ដំបូង​នៅ​ឯ​ចម្ការ របស់​លោក​ ស្ថិតនៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពីដើមខែកក្កដានេះ។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរកម្ពុជា​ចាប់ខ្លួននៅរំលងអាធ្រាត្រថ្ងៃទី ០៤ កញ្ញា ឆ្នាំ ២០១៧ ក្រោមការ​ចោទ​ប្រកាន់ពីបទក្បត់ជាតិ ឬ ឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែលោកបានបដិសេធ។ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានទទូចអោយតុលាការកម្ពុជា ពន្លឿននីតិវិធីកាត់ទោសលោក កឹម សុខា អោយបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ខ្លួន។ តែតុលាការលើកហេតុផលថា ការលើកពេលសវនាការដើម្បីបង្ការជំងឺកូវីដ១៩។

ដោយឡែកទាក់ទងក្រុមលោក សម រង្ស៊ី វិញ! សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែតុលាកន្លងទៅបានចេញដីកាបង្គាប់​ឱ្យថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិដែលកំពុងស្នាក់នៅក្រៅប្រទេសចំនួន៩រូបឱ្យចូលមកបំភ្លឺនៅតុលាការនៅថ្ងៃទី១១ខែវិច្ឆិកាតែក្រោយមកតុលាការប្រកាសលើកពេលសវនាការវិញ ។ តុលាការបានកោះហៅពួកគេឱ្យមកឆ្លើយបំភ្លឺនឹង​ការចោទប្រកាន់លើ​សំណុំរឿង «ឧបឃាត»ឬ «ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ»។

ក្រៅពីលោក សម រង្ស៊ីនិងមន្ត្រីស្និទ្ធិរបស់ខ្លួន សាលាដំបូងរាជធានី​ភ្នំពេញ ក៏បានចេញដីកាកោះ​ហៅអ្នកពាក់ព័ន្ធប្រមាណជិត៦០នាក់ឱ្យ​ចូលរួម​ក្នុងសវនាការនៅថ្ងៃទី ២៦ខែវិច្ឆិកាខាងមុខក្រោមបទចោទតែមួយ«រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ ដីកាកោះហៅនេះ ត្រូវបានអាជ្ញាធរកម្ពុជាយកទៅបិទ​លើ​ជញ្ជាំងទីស្នាក់​ការ​អតីតគណបក្សសង្គ្រោះជាតិក្នុង​សង្កាត់​ចាក់អង្រែក្រោម រាជធានីភ្នំពេញ។ អ្នកដែលត្រូវកោះហៅទាំងនេះ មានខ្លះកំពុងស្ថិតនៅក្រៅប្រទេសដូចជានៅអាមេរិក កាណាដា កូរ៉េខាងត្បូង ជប៉ុន និងប្រទេសថៃជាដើម។ រីឯ អ្នកផ្សេងទៀតកំពុងស្ថិតនៅក្នុងប្រទេស ដូចជានៅខេត្តកណ្តាល កំពង់ចាម ព្រះសីហនុ ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង និងបន្ទាយមានជ័យជាដើម។

មេធាវីការពារក្តីឱ្យមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិ លោកសំ សុគង់ បានចាត់ទុកការចោទប្រកាន់ និងការកោះហៅនេះថា ជារឿងនយោបាយ។ ដូច្នេះហើយ លោកយល់ថា រឿងនេះគួរតែត្រូវដោះស្រាយតាមផ្លូវនយោបាយ ល្អជាងការដោះស្រាយគ្នាតាមផ្លូវតុលាការ។លោកអុំ សំអាន ក៏យល់ឃើញដូចគ្នានេះដែរ។ ប៉ុន្តែ លោកថាប្រសិនបើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចង់ឱ្យក្រុមថ្នាក់ដឹកនាំនិងមន្រ្តីអតីតបក្សប្រឆាំងត្រូវតុលាការកាត់ទោសនោះគឺលោកត្រូវដកបម្រាមដែលបានហាមក្រុមហ៊ុនអាកាសចរណ៍ដឹកថ្នាក់ដឹកនាំអតីតបក្សប្រឆាំងចូលមកកម្ពុជានិងផ្តល់សុពលភាពឡើង​វិញដល់លិខិតឆ្លងដែនរបស់មន្រ្តីអតីតបក្សប្រឆាំង។ធ្វើបែបនេះថ្នាក់ដឹកនាំនិងមន្រ្តីនៃអតីតបក្សប្រឆាំងនឹងអាចមកចូលរួមសវនាការតាមការកោះហៅរបស់តុលាការកម្ពុជា។

*ជាថ្មីទៀតលោក សម រង្ស៊ី ប្រកាសចូលស្រុកនៅថ្ងៃទី៤មករាឆ្នាំ២០២១៖

ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​ប្រាប់​ទៅរាជ​រដ្ឋាភិបាល​កម្ពុជា​ថា​ ឲ្យ​ពួកគេ​វិល​ត្រឡប់​ចូលប្រទេស​វិញ​ ដោយ​ពុំ​មាន​ការ​ហាម​ឃាត់​ដែល​រារាំង​ដល់​ការ​ធ្វើ​ដំណើរ។​ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ចុះ​ថ្ងៃ​ទី​ ២១ ​ខែ​តុលា ​ឆ្នាំ​ ២០២០​ ក្រោយ​សាលាដំបូងរាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ ៩ ​រូប​ក្នុង​នោះ​មាន​លោក ​សម រង្ស៊ី​ ផង​ដែរ​ក្នុង​ករណី​ចោទ​ប្រកាន់​ «បទ​ឧបឃាត»​ ឬការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ស្ថាប័ន​នៃ​ប្រទេស​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី​ ឲ្យ​ដឹង​ថា​ ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នឹង​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ ប្រសិន​បើរាជ​រដ្ឋាភិបាល​របស់សម្ដេចតេជោ ហ៊ុន សែន ​លើក​បម្រាម​ក្នុង​ការ​ហាម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នានា​ មិន​ឲ្យ​ដឹក​ពួកគេ​ចូល​ប្រទេស។​ បក្ស​ប្រឆាំង​ក៏​ជំរុញ​ឲ្យ​ផ្តល់​ឡើង​វិញ​នូវ​សុពល​ភាព​លិខិត​ឆ្លង​ដែន​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ក្រសួង​ការ​បរទេស​បាន​លុប​ចោល។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​​បក្ស​ប្រឆាំង​ក៏​ប្រាប់​ទៅរាជ​រដ្ឋាភិបាល​កម្ពុជា​​ថា​ឲ្យ​សរសេរ​លិខិត​ទៅ​បណ្តា​ប្រទេស​អាស៊ាន​ជា​ពិសេស​ប្រទេស​ថៃ​ អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ចេញ​ចូល​ប្រទេស​ថៃ​បាន។​ បក្ស​ប្រឆាំង​ក៏​ប្រាប់​ទៅ​រាជរដ្ឋាភិបាល​របស់សម្ដេចតេជោ​ ហ៊ុន សែន ថា​«កុំ​រារាំង​ហាម​ឃាត់ បំភិត​បំភ័យ​និង​ចាប់​ចង​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ទទួល​ស្វាគមន៍​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ»។​

អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោកស្រី​ មូរ សុខហួរ​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ស្រី​ថា​ លោកស្រី​និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នឹង​ចូល​មក​ប្រទេស​កម្ពុជា​ ដោយ​មិន​ចាំបាច់​ឲ្យ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​នោះ​ទេ​ នៅ​ពេល​ដែល​អាជ្ញាធរ​ដក​បម្រាម​ចេញ​ពី​ក្រុមហ៊ុន​អាកាស​ចរណ៍​នានា​ និង​ពី​ប្រទេស​សមាជិក​អាស៊ាន​ ជា​ពិសេស​ប្រទេស​ថៃ។​

ក្រុម​មន្ត្រី​ជាន់ខ្ពស់​អតីតគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​កាល​ពី​ឆ្នាំ​ ២០១៧ ​ក៏​បាន​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​តុលាការ​ «ឯករាជ្យ»​ ផង​ដែរ។​ លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​នឹង​ចាប់​ខ្លួន​ពួក​គេ ​ប្រសិន​បើ​ពួកគេ​ចូល​ប្រទេស​កម្ពុជា។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​កោះ​ហៅ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ចំនួន​ ៩ ​រូប​រួម​ទាំង​លោក​ សម រង្ស៊ី​ ផង​ឲ្យ​ចូល​ «ដើម្បី​ឆ្លើយ​ដោះសារ​ពី​ការ​ចោទ​ប្រកាន់» ​ពី​បទ​ឧប​ឃាត​នៅ​ថ្ងៃ​ទី ​១១ ​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២០។​

ក្រៅ​ពី​លោក​ សម រង្ស៊ី​ និង​លោកស្រី​ មូរ សុខហួរ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​ចំនួន​ ៧ ​នាក់​ទៀត ​ដែល​ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​រួម​មាន​លោក ​អេង ឆៃអ៊ាង​ លោក ​អ៊ូ ច័ន្ទឫទ្ធិ​ លោក​ ហូរ វ៉ាន់​ លោក ​ឡុង រី​ លោក​ ម៉ែន សុថាវរិន្ទ្រ​ លោក​ នុត រំដួល ​ព្រម​ទាំង​លោកស្រី ​ជូឡុង សូមួរ៉ា ​ដែល​ជា​ភរិយា​របស់​លោក ​សម រង្ស៊ី​ ផង​ដែរ។​

សាលាដំបូងរាជធានី​ភ្នំពេញ ​ធ្លាប់​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​អ្នក​ទាំង​៩​នាក់​នេះ ​ម្តង​ហើយ ​ពី​បទ​ចោទ​ «ឧប​ឃាត»​ នេះ​ដែល​ទាក់​ទង​នឹង​ផែន​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី​ នៅ​ថ្ងៃ​ទី ​៩​ ខែ​វិច្ឆិកា ​ឆ្នាំ ​២០១៩។​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៩​ ក្នុង​ការ​ប៉ុន​ប៉ង​ចូល​ប្រទេស​កម្ពុជា​តាម​ប្រទេស​ថៃ​លោក ​សម រង្ស៊ី​ បាន​ឲ្យ​ដឹង​ថា​បុគ្គលិក​ក្រុមហ៊ុន​អាកាស​ចរណ៍​ថៃ​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​មិន​អនុញ្ញាត​ឲ្យ​លោក​ឡើង​ជិះ​យន្ត​ហោះ​ពី​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ​ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ដើម្បី​ចូល​មក​ប្រទេស​កម្ពុជា​ទេ។

*បញ្ហាព្រំដែនរវាងកម្ពុជានិងវៀតណាមជម្រុញឲ្យមានការចាប់ខ្លួនលោក រ៉ុង ឈុន ៖

-លោក រ៉ុង ឈុន ដែល​គេស្គាល់​ថា ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត គ.ជ.ប និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន កាល​ពី​វេលាម៉ោង​ជិត​១០​យប់ ថ្ងៃទី ៣១ កក្កដា ក្រោមការចោទប្រកាន់ថា បាន​បំភ្លៃ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម​។ ជា​បទ​ល្មើស​ជាក់​ស្តែង តាម​មាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ បើ​តាម​សេច​ក្តី​រាយការណ៍ បន្ទាប់ពី​ការ​ចាប់ខ្លួន លោក រ៉ុង ឈុន ត្រូវ​បាន​នាំខ្លួន​យក​ទៅ​ឃុំឃាំងនៅ​ឯស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មុនពេល​បញ្ជូន​ទៅ​កាន់​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃទី ០១ សីហា ឆ្នាំ​២០២០​នេះ។

បន្ទាប់ពី​ចាប់ខ្លួនលោក រ៉ុង ឈុន អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន ដោយទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជាដោះលែងលោក រ៉ុង ឈុន តំណាងក្រុ មប្រឹក្សាឃ្លាំមើល​កម្ពុជា និង​ជាប្រធាន​សហភាព​សហជីព​កម្ពុជា​អោយមានសេរីភាពឡើងវិញ។

សេចក្តីថ្លែង​ការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិបានថ្កោលទោសចំពោះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បាន​ចាប់​ខ្លួន​លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា កាល​ពី​វេលា​ម៉ោង ០៩ និង៣០នាទីយប់ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២០។ សម្រាប់​អតីត​គណបក្ស​ប្រឆាំង លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌ និងយ៉ាងកម្រោលភ្លាមៗ បន្ទាប់​ពី​លោក​បាន​បញ្ចេញ​មតិ​នៅ​ក្នុង​កម្ម​វិធីផ្សាយ​របស់​វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងបញ្ហាដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញ្ញា​ក្រែក ខេត្តត្បូងឃ្មុំ ដែលមានព្រំដែនជាប់ប្រទេសវៀតណាម។ បន្ថែម​លើ​នេះ ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន គឺ​ជា​ទង្វើ​រំលោភ​បំពាន​យ៉ាង​កម្រោលលើច្បាប់ជាតិនិងអន្តរជាតិ ​ជា​ពិសេស​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ដែល​ធានា​ការ​ពារ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ និងសិទ្ធិចូលរួមយ៉ាង​សកម្ម ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ នៅចុង​បញ្ចប់​នៃ​សេច​ក្តី​ថ្លែង​ការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ អោយចាត់វិធានការជាក់លាក់ ពិតប្រាកដ និង​ជា​បន្ទាន់ ដើម្បី​ជម្រុញ​អោយ​មាន​ការ​ដោះ​លែង​លោក រ៉ុង ឈុន ព្រមទាំងអ្នកទោសមនសិការទាំង​អស់ អោយ​មាន​សេរីភាព​ឡើង​វិញ និង​ដោយ​ឥត​លក្ខខណ្ឌ​។

ចំណែកសេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏បានថ្កោលទោសយ៉ាង​ដាច់​អហង្កា ចំពោះ​អាជ្ញាធរ​រាជរដ្ឋាភិ​បាល​កម្ពុជា ដែលបានចាប់ខ្លួនលោក រ៉ុង ឈុន កាល​ពី​យប់​មិញ​នេះ​។ បើតា​ម​សេច​ក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ករណីចាប់ខ្លួនលោក រ៉ុង ឈុន នេះ មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្តែង​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ប៉ុន្តែជារឿងនយោបាយ និងជាការធ្វើ​ឡើង​ដោយ​ខុស​ម៉ោង​រដ្ឋបាល ហើយ​នឹង​ធ្វើ​ទៅ​តាម​ទំនើង​ចិត្ត​របស់​អាជ្ញាធររាជរដ្ឋាភិបាល ដែលរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ជំពូក​ទី៣ ស្តីពី សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ ត្រង់កថាខណ្ឌទី១នៃ​មាត្រា៤១ ព្រម​ទាំងរំលោភ​លើ​មាត្រា​១៩​នៃ​សេចក្តី​ប្រកាស​ជា​សកល ស្តីពី សិទ្ធិមនុស្ស។ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​និង​តុលាការ​កម្ពុជា ដោះលែង​លោក​ រ៉ុង ឈុន ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​រួមចំណែក​លើក​កម្ពស់​សិទ្ធិ​មនុស្ស សិទ្ធិបញ្ចេញមតិ សិទ្ធិជួបប្រជុំ​ជា​សាធារណៈ​របស់​ពលរដ្ឋ​និងសហជីព​កម្មករ ព្រមទាំងរួបរួមគ្នាការពារអធិបតេយ្យជាតិនិង​បូរណ​ភាព​ទឹក​ដី​ខ្មែរ ស្រប​តាម​ខ្លឹម​សារ​រដ្ឋធម្មនុញ្ញ​កម្ពុជា គោល​ការណ៍​ច្បាប់​អន្តរជាតិ និងកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

-បន្ទាប់ពីចាប់ខ្លួនលោក រ៉ុង ឈុន សម្ដេច​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បានថ្លែង​ព្រមាន​ជា​ចំហរ ថា​នឹង​​ចាប់​ខ្លួនបន្ថែម​ទៀត រាល់​អ្នកទាំង​ឡាយ​​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​រាជរដ្ឋាភិបាល​ក្នុង​​បញ្ហា​ព្រំដែន​។ ការ​ព្រមាន​របស់​សម្ដេចតេជោ ហ៊ុន សែន ដូច្នេះ ធ្វើ​ឡើង​នា​ឱកាស​លោក​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធ​សួន​ទឹក​​ ហ្គាដិនស៊ីធី ដែល​មាន​ទីតាំង​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ជាយ​ក្រុង​ភ្នំពេញ​។

«ចេញ​មក​ប៉ុន្មាន ចាប់​ប៉ុណ្ណឹង រឿង​ទល់​ដែន​អត់​ឲ្យ​មាន​រញ៉េរញ៉ៃ​ទេ​។ កុំ​ថា​រាជរដ្ឋាភិបាល​ហ៊ុនសែន​ផ្ដាច់​ការ! នេះ​មិន​មែន​ជា​ការ​តស៊ូ​មតិ​ទេ អ្នក​ខ្លះ​ចេញ​មក​ថា​នេះ​ជា​ការ​តស៊ូ​មតិ… អត់​តស៊ូ​មតិ​ទេ នេះ​ជា​រឿង​ផ្លូវ​ច្បាប់​សុទ្ធ​សាធ​។»

នេះ​គឺ​ជា​សារ​​ព្រមាន​ខ្លាំង​ៗ​របស់​សម្ដេច​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នកទាំង​ឡាយ​ណា​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​សំណុំ​រឿង​ព្រំដែន​ និង​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​ពីរ​នាក់ ដែល​បាន​រិះគន់បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ដោយ​ចំពោះ​ការ​ដោះ​ដូរ​ដី​ជាមួយ​វៀតណាម ដោយ​​ចោទ​ប្រកាន់​រដ្ឋាភិបាល​ខ្មែរ​ថា «ក្បត់​ជាតិ»។

ថ្លែង​នា​ថ្ងៃ​អាទិត្យ​ទី​១៦​សីហា​នេះប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​បាន​រំឭក​ឡើង​វិញ​ត្រួស​ៗ​អំពី​សវតា​ព្រំដែន​រវាង​ខ្មែរ​និង​វៀតណាមដែល​​ត្រូវ​បាន​គូស​វាស​និង​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង​មក​ម្ល៉េះ​។សម្ដេច​ក៏​បាន​ឆ្លៀត​ឱកាស​នេះថ្លែង​ការពារ​ខ្លួន​ក្នុង​សំណុំ​រឿង​ផែនទី​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​ដ៏​ចម្រូង​ចម្រាស់​ផង​ដែរ។ ទាំង​រឿង​បន្ទាត់ បង្គោល​​ព្រំដែន ​និង​រឿង​ផែនទី​លើ​ក្រដាស សម្ដេចតេជោ ហ៊ុន សែន អះអាង​ថា រាជរដ្ឋាភិបាល​​បាន​ធ្វើ​ការ​ហ្មត់ចត់​ណាស់​។

បញ្ហា​​ព្រំដែន​ មិន​មែន​ជា​បញ្ហា​លេង​សើច​ទេ​។ នេះ​បើ​តាមសម្ដេច ហ៊ុន សែន​។ ហេតុ​ដូច្នេះ សម្ដេចបានផ្ដាំកុំ​ឲ្យ​យក​បញ្ហា​នេះ​ទៅលលេង​ឬ​​និយាយ​ញុះញង់​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​កើត​សង្គ្រាម​រវាង​ប្រទេស​និង​ប្រទេស​បាន​។

គួរ​ជម្រាប​ជូន​ថាការ​ថ្លែង​របស់​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ស្ដី​ពី​​បញ្ហា​ព្រំដែន​នា​ពេល​នេះធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​​មនុស្ស​យ៉ាង​ហោច​ណាស់​ពីរ​រូប​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ព្រៃ​សក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​និង​បំភ្លៃ​ការ​ពិត​ក្នុង​រឿង​ព្រំដែន​។ អ្នក​ទាំង​ពីរ​រូប​នោះ រួម​មាន​ទី​មួយ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ត្រូវ​បាន​ចាប់​ខ្លួន​នា​យប់​ថ្ងៃ​ទី​៣១​កក្កដា និង​ទី​២ គឺ​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ។ ប្រធាន​គណបក្ស​នយោបាយ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា​។

-អំពីសំណុំរឿងព្រំដែននេះដែរ! រដ្ឋសភា​ជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​ បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធី​សារ​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម​។​ប៉ុន្តែ​កា​រ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​ បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​។ អតីត​គណបក្ស​ប្រឆាំង​ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន​ ដោយ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ និង​សម្តែង​ការ​សោកស្តាយ​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា​ ក្នុង​កាលៈទេសៈ​ពេល​នេះ​ សភាជាតិ​ពុំ​គួរ​ផ្តល់​សច្ចាប័ណ្ណ​លើ​កិច្ច​ព្រមព្រៀង​បញ្ហា​ព្រំដែន​ឡើយ​។ ចំណែក​ អតីត​បក្ស​ប្រឆាំង​វិញ​ថា​ ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​ គឺ​ជា​ការ​យល់​ព្រម​កាត់​ដី​ខ្មែរ​ទៅ​ឱ្យ​វៀតណាម​។ ប៉ុន្តែ​ គណៈ​កម្មការ​កិច្ចការ​ចម្រុះ​ព្រំដែន​កម្ពុជា​បាន​សាទរ​ ដោយ​ថា​ នេះ ​គឺជា​ការ​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។

-សំណុំរឿងព្រំដែននៅក្នុងឆ្នាំ២០២០នេះដែរ! ផែនទី​ព្រំដែន​ថ្មី​ខ្នាត​១/២៥ ០០០ ​ត្រូវ​បាន​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​ទៅ​ទទួល​យក​ផ្ទាល់​ដៃ​ពី​មន្ត្រី​កិច្ចការ​ព្រំដែន​វៀតណាម​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុក​បាយ ខេត្ត​តៃនិញ ​ប្រទេស​វៀតណាម ​កាល​ពី​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០២០​នេះ។ សម្រាប់​មន្ត្រី​ជាន់ខ្ពស់​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ហៅ​ផែនទី​ថ្មី​នេះ​ថា​ជា​ផែនទី​«សម័យទំនើប»ប៉ុន្តែ​មន្ត្រី​ជំនាញ​ព្រំដែន​របស់​អតីត​គណបក្ស​ប្រឆាំង​បាន​ហៅ​ផែនទី​ថ្មី​ខ្នាត​១/២៥០០០​នេះ​ថា​ជា​«ផែនទី​សម្ងាត់​ដែល​គូស​វាស​ដោយ​វៀតណាម»ឲ្យ​កម្ពុជា​ប្រើប្រាស់។

ការ​ប្រគល់​ និងទទួលយក​ផែនទី​ខ្នាត១/២៥ ០០០ សម្រាប់​កំណត់ព្រំដែន​កម្ពុជា និង​វៀតណាមនេះ ត្រូវបានធ្វើឡើង​នៅចំពោះមុខ​ ​គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក​ វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី ក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកភាគីវៀតណាម។

លោកស្រី កុយ ពិសី អនុប្រធាន លេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែកម្ពុជា និង លោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេសវៀតណាមគឺជាអ្នកធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពទទួលយក សៀវភៅផែនទីឋានលេខាព្រំដែន ដែលបានចងក្រងរួច ចំនួន ៥០០ច្បាប់ដើម។ ក្នុងនោះភាសាខ្មែរ-វៀតណាមចំនួន២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន ២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម (album) ត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួន។ នេះបើតាមហ្វេសប៊ុក​របស់លោកស្រី កុយ ពិសី។

បើតាម​មន្ត្រីជាន់ខ្ពស់​កិច្ចការព្រំដែនដដែលនេះ ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញពេញលេញលទ្ធផល ខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែលប្រទេសទាំងពីសម្រេចបាន។ ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមមិសាស្រ្តនៅ លើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការ ប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១00 ០០០ នោះទេ។

ប៉ុន្តែលោក អ៊ុំ សំអាន មន្ត្រីជំនាញ​​ព្រំដែន​របស់​អតីតគណបក្សសង្រ្គោះជាតិ បានហៅ​ផែនថ្មី​ខ្នាត១/២៥ ០០០នេះថាជា«ផែនទីសម្ងាត់​ដែលគូសវាសដោយវៀតណាម»ឲ្យកម្ពុជា។ អ្នករិះគន់ព្រំដែនដែលធ្លាប់​ជាប់ពន្ធនាគាររូបនេះ បានជំរុញឲ្យរដ្ឋាភិបាល​កម្ពុជាបង្ហាញផែនទីខ្នាត១/២៥ ០០០នេះជាសាធារណៈដើម្បីឲ្យកូនខ្មែរបានមើលនិងបានដឹង ព្រមទាំងធ្វើការផ្ទៀងផ្ទាត់ផែនទីថ្មីនេះជាមួយផែនទីបោន ខ្នាត ១/១០០ ០០០ របស់បារាំង ថាតើមានភាពខុសគ្នាឬយ៉ាងណា?

យ៉ាងណាក៏ដោយ លោកស្រី កុយ ពិសី គូសបញ្ជាក់ថា ផែនទីខ្នាត ១/២៥ ០០០នេះ គឺមិនមែន​គូស​ដោយ​វៀតណាមនោះទេ គឺគូសដោយភាគីទាំងពីរ ហើយបោះពុម្ភដោយក្រុមហ៊ុននៅប្រទេសដាណឺម៉ាក តាមសំណើរបស់កម្ពុជានិងវៀតណាម។

*យើងមកបិទបញ្ចប់ព្រឹត្តការណ៍សំខាន់ប្រចាំឆ្នាំទាក់ទងបទអន្តរាគមន៍របស់ប្រមុខរដ្ឋាភិបាល

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ខែធ្នូតាមរយៈការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋកម្ពុជា បានគូសបញ្ជាក់ថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចេញពី«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» មិនមែនជាការឆ្លងចូលសហគមន៍ក្នុងទ្រង់ទ្រាយធំទេ។ ប៉ុន្តែការឆ្លងបែបនេះ ត្រូវបានសម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា កម្ពុជាអាចគ្រប់គ្រងបាន តែមិនទាន់អាចប្រកាសបិទបញ្ចប់បានទាំងស្រុងនៅឡើយទេ។

ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងការស្តារសេដ្ឋកិច្ចឡើងវិញសម្ដេចតេជោហ៊ុន សែន បង្ហាញឱ្យដឹងថា នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងមានថវិកាចំនួន ៥៣៨លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង និងស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារតែវិបត្តិការកូវីដ១៩។ ថវិកាទាំងអស់នេះ គឺខ្ចីពីធនាគារអភិវឌ្ឍអាស៊ី ADB ចំនួន ២៥០លានដុល្លារ និងធនាគារកូរ៉េខាងត្បូង EDCS ចំនួន ៥០លានដុល្លារដែលថវិកាទាំងនេះបានដកមកទុកនៅធនាគារជាតិកម្ពុជារួចរាល់ហើយ។ចំណែកអង្គការ JICA របស់ជប៉ុនវិញ គឺផ្តល់ថវិកាចំនួន ២៣៨លានដុល្លារអាមេរិកហើយកម្ពុជាកំពុងរៀបចំបែបបទ ដើម្បីដកមកដាក់នៅធនាគារជាតិកម្ពុជា។ បើតាម នាយករដ្ឋមន្រ្តី ថវិកាទាំងអស់នេះ មិនទាន់គិតដល់ថវិកាសន្សំទុករបស់រដ្ឋ ដែលមានជាង ១ពាន់លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ។

រាជរដ្ឋាភិបាលបានត្រៀមឃ្លាំងដែលអាចទុកវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ក្នុងសីតុណ្ហភាពរហូតដល់-៨០អង្សាឬក្រោមនេះ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ នេះក្នុងឱកាសថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩និងការទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានណែនាំដល់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គិតគូរលើរឿងដឹកជញ្ជូនវ៉ាក់សាំងផងដែរ។ សូមបញ្ជាក់ជូនថា តាមគម្រោងរាជរដ្ឋាភិបាលកម្ពុជាត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩រហូតដល់ ២៦លានដូស ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ចាប់ពី ៨០ភាគរយឡើងទៅ ស្មើនឹងក្នុងរង្វង់ ១៣លាននាក់។

-ប្រមុខរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៥ខែធ្នូបានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ឆ្នាំសិក្សា២០១៩-២០២០ជាប់ស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លងកាត់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះឡើយ។ មូលហេតុដែលរដ្ឋាភិបាលជ្រើយកមធ្យោបាយនេះ ព្រោះកម្ពុជាជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ។ នៅចំពោះមុខការសម្រេចចិត្តនេះ  សម្ដេចអះអាងថា មិនខ្វល់ពីការប្រមាថមើលងាយរបស់មនុស្សមួយចំនួនតូចនោះទេ ព្រោះកម្ពុជាគ្មានជម្រើសណាផ្សេងល្អជាងនេះឡើយ។គួរជម្រាបថាបេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។

យើងបន្តចាប់អារម្មណ៍ពីប្រសាសន៍របស់សម្ដេចប្រមុខដឹកនាំរាជរដ្ឋាភិបាល! នៅក្នុងការថ្លែងសារតាមកញ្ចក់ទូរទស្សន៍ជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសកម្ពុជានាព្រឹកនេះដែរក្រៅពីប្រធានបទស្តីពីព្រឹត្តិការណ៍ឆ្លងសហគមន៍នៃជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតរំលេចនូវសារនយោបាយមួយចំនួន។ អ្វីដែលសម្ដេចតេជោ ហ៊ុន សែន ចង់បញ្ជាក់នោះគឺ សម្ដេចទទួលស្គាល់ពីការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយខ្លះដែលថា លោកឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ជាបេក្ខជននាយករដ្ឋមន្ត្រីដ៏មានសក្តានុពលថា ជារឿងត្រឹមត្រូវ។ កាលពីខែវិច្ឆិកាកន្លងទៅនេះ លោក អូនព័ន្ធ មុនីរ័ត្ន ត្រូវបានចាត់ឲ្យធ្វើជាតំណាងរបស់នាយករដ្ឋមន្ត្រី ក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធអនឡាញ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានរំលឹកជាថ្មីថា លោកសូមស្បថកាត់កន្ទុយមិននិយាយឈ្មោះមនុស្សម្នាក់ ដែលគេគិតថាជាលោក សម រង្ស៊ី ព្រមទាំងមិនចរចាជាមួយផងដែរ។ ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញផងដែរ នូវពង្រាងអនុក្រិត្យស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីថ្វាយព្រះមហាក្សត្រ ផ្ញើទៅប្រធានសភាទាំងពីរថ្នាក់។ ក៏ប៉ុន្តែ សម្ដេចបញ្ជាក់ថា លោកមិនប្រើប្រាស់ការស្នើទាំងអស់នេះទេដោយហេតុថាវានឹងប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងធំធេង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top