វ៉ាស៊ីនតោន៖ សភាដែលកាន់កាប់ដោយគណបក្សប្រជាធិបតេយ្យ បានអនុម័តកញ្ចប់ថវិកាជំនួយចំនួន ១,៩ ពាន់ពាន់លានដុល្លារអាមេរិក សម្រាប់ជំនួយសង្គ្រោះជំងឺកូវីដ-១៩ ដុល្លារនៅព្រឹកថ្ងៃសៅរ៍នេះ ចំពេលមានការប្រឆាំងពីគណបក្សសាធារណរដ្ឋ ដោយបញ្ជូនច្បាប់នេះទៅកាន់ព្រឹទ្ធសភា។
វិធានការណ៍ដែលជាច្បាប់សំខាន់ សម្រាប់លោកបៃដិន បានឆ្លងផុតសភាជាន់ទាប ដោយសំឡេងគាំទ្រពី ២១៩ ទៅ ២១២ ដោយអ្នកប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋភាគច្រើនបោះឆ្នោតតាមបន្ទាត់គណបក្ស ក្នុងនោះអ្នកប្រជាធិបតេយ្យចំនួន ២ រូបក៏បានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះដែរ។
ការបោះឆ្នោតសភាបានធ្វើឡើង បន្ទាប់ពីការជជែកដេញដោលអស់រយៈពេលជាង ៨ ម៉ោងដោយគណៈកម្មាធិវិធានច្បាប់ ស្តីពីក្របខ័ណ្ឌសម្រាប់កញ្ចប់ជំនួយ និងការជជែកដេញដោលពេញសភា ដែលបានចាប់ផ្តើមនៅយប់ថ្ងៃសុក្រ ហើយបានឈានដល់ព្រឹកព្រលឹមថ្ងៃសៅរ៍។
នៅក្នុងកិច្ចពិភាក្សាក្នុងសភា ដែលមានរយៈពេលជាងមួយម៉ោង អ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បានជំទាស់ជាឯកច្ឆ័ន្ទលើកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ ដោយហៅវាថា ជាបញ្ជីបំណងប្រជាធិបតេយ្យ ហើយបានលើកហេតុផលថា ផែនការនេះរួមមានបទប្បញ្ញត្តិ ដែលមិនទាក់ទងនឹងវិបត្តិនេះ។
ពួកគេបានព្រមានថា តម្លៃខ្ពស់អាចបណ្តាលឱ្យបំណុលគ្មាននិរន្តរភាព សម្រាប់មនុស្សជំនាន់ក្រោយ។ ទន្ទឹមនឹងនេះក្រុមអ្នកប្រជាធិបតេយ្យបានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះវិធានការនេះដែលបង្ហាញពីភាពបន្ទាន់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ដែលបានឆក់យកអាយុជីវិតជនជាតិអាមេរិកចំនួនជាង ៥០ម៉ឺននាក់ និងដើម្បីទ្រទ្រង់សេដ្ឋកិច្ច ដែលកំពុងរងគ្រោះដោយប្រជាជនអាមេរិក រាប់លាននាក់នៅតែគ្មានការងារធ្វើ និងធុរកិច្ចដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះពីជំងឺកូវីដ -១៩៕
ដោយ ឈូក បូរ៉ា