ព័ត៌មានជាតិ

ឃាត់រថយន្តដឹកលើស ទម្ងន់កម្រិតកំណត់១៥ គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៤៤ នៅស្រុកសំរោងទង

ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលនៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២០បាន ដឹកនាំក្រុមការងារត្រួតពិនិត្យ និងឃាត់បានរថយន្តដឹកលើសទម្ងន់ កម្រិតកំណត់ ចំនួន១៥គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៤៤ ក្នុងភូមិសាស្ត្រ ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារបានត្រួតពិនិត្យ រថយន្តខ្សាច់ និងចំណីសត្វចំនួន១៥គ្រឿង ដោយបាន រកឃើញ រថយន្តចំនួន ១២គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ដោយរថយន្ត១គ្រឿងដឹកលើសទម្ងន់កម្រិតកំណត់៦តោន និង១១គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០ ដល់៣០តោន។

លោក សេង ឈួន បានឲ្យដឹងថា ក្នុងចំណោមរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ទាំង ១២គ្រឿងនោះ រថយន្ត ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥% ទៅ ២០% នឹងត្រូវរើឥវ៉ាន់ចេញ ហើយផាកពិន័យទៅតាមច្បាប់កំណត់។ ដោយឡែកចំពោះរថយន្ត ដែលដឹកលើសទម្ងន់លើសពី ២០% នឹងត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមមាត្រា ៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។ 

ជាងនេះទៅទៀត លោករដ្ឋលេខាធិការ បានពន្យល់ណែនាំដល់ម្ចាស់រថយន្តអំពីច្បាប់ នៃការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ (ច្បាប់ស្ដីពីផ្លូវថ្នល់) និងសំណូមពរទៅក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ ចូលរួមសហការអនុវត្តច្បាប់នេះឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងមហន្តរាយដល់ផ្លូវជាតិ (ឆាប់ខូចមុនអាយុកាល) និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ក្រសួងសាធារណការ បានចេញសេចក្តីជូនដំណឹងស្តីពី ការពង្រឹងវិធានការយ៉ាងតឹងរ៉ឹង បន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់៕

To Top