បរទេស៖ មន្ត្រីរុស្ស៊ីបាននិយាយប្រាប់ថា ពួកគេថ្កោលទោសរិះគន់យ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក លើក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីភាគខាងកើត និងបានបន្ថែមថា ពួកគេកំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះការវិវត្តនានា។
ការថ្លែងបែបនេះរបស់ក្រុមមន្ត្រីរុស្ស៊ី គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពីយោធាសហរដ្ឋអាមេរិក បានវាយប្រហារកម្ទេចទីតាំងនានា នៅកន្លែងត្រួតពិនិត្យព្រំដែនប្រើប្រាស់ដោយពួក Kait’ib Hezbollah និងពួក Kait’ib Sayyid al-Shuhada ដែលសុទ្ធតែស្ថិតនៅក្នុងចំណោមក្រុមគាំទ្រដោយប្រទេសអ៊ីរ៉ង់។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត Al Hadath បាននិយាយថា ការវាយប្រហារដោយមីស៊ីលនោះ បានសម្លាប់សមាជិកកងជីវពលស៊ីអ៊ីតតិចបំផុតអស់១៧នាក់។
មន្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលថ្កោលទោសខ្លាំងក្លា ចំពោះទង្វើបែបនេះ ព្រមទាំងបានអំពាវនាវឲ្យមានការគោរព ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីស៊ីរីដោយឥតលក្ខខណ្ឌ៕
ប្រែសម្រួល៖ប៉ាង កុង