ព័ត៌មានជាតិ

កម្ពុជារំពឹងថា អ្នកកកើតជំងឺអេដស៍ នឹងបន្តថយចុះ ខណៈឆ្នាំនេះ មានអ្នកកើត ជាង៧ម៉ឺននាក់ (វីដេអូ)

ភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញ អ្នកកើតជំងឺអេដស៍ នៅកម្ពុជាធ្លាក់ចុះច្រើន គួរឲ្យកត់សម្គាល់ លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិ ប្រយុទ្ធនឹងអេដស៍មានជំនឿ យ៉ាងមុតមាំ និងការរំពឹងទុកថា ទៅថ្ងៃអនាគតជំងឺនេះ នឹងបន្តថយចុះ ដោយសាររាជរដ្ឋាភិបាល បានដាក់ចេញគោល នយោបាយជាតិប្រយុទ្ធប្រឆាំង ឲ្យអស់ត្រឹមឆ្នាំ២០២៥ ។

បើតាមមន្រ្តីជំនាញ រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺអេដស៍ ចំនួន៧៣០០០នាក់ ។ សម្រាប់ឆ្នាំនេះ អាជ្ញាធរជាតិប្រយុទ្ធ នឹងអេដស៍បានធ្វើការព្យាបាល បានចំនួន៦ម៉ឺននាក់ ។ យោងតាមស្ថិតិចុងក្រោយរបស់អង្គការ UNAIDS មានមនុស្សចំនួន ៣៧.៩លាននាក់នៅជុំវិញពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ហើយសម្រាប់ឆ្នាំ២០១៨ មានមនុស្សប្រមាណ ១.៧លាននាក់ បានឆ្លងមេរោគអេដស៍ថ្មី និង៧៧០,០០០នាក់បានស្លាប់ ដោយសារជំងឺផ្សេងៗ ពាក់ព័ន្ធជំងឺអេដស៍។

ក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ លោក ឈឹម ឃិនដារ៉េត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែកំណត់ យុទ្ធសាស្រ្តដាក់ចេញគោល នយោបាយជាតិ ប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ខណៈកាលពីឆ្នាំ២០១៧ កម្ពុជាបានទទួលជោគជ័យផ្លែផ្កា ក្នុងការសម្រេចបាននូវគោលដៅ លុបបំបាច់ជំងឺអេដស៍៩០លើ៩០ ក្នុងចំណោម៧ប្រទេសលើពិភពលោក ។

លោកបន្តថា “នេះជាក្ដីរំពឹងរបស់យើងនៅក្នុងឆន្ទៈ នយោបាយរបស់យើង បានកំណត់ហើយថា ឆ្នាំ២០២៥ យើងនឹងបញ្ចប់នូវការ ឆ្លងមេរោគអេដស៍របស់យើង” ។

អគ្គលេខាធិកាឲ្យដឹងទៀតថា ទោះបីជាមានការរំពឹងទុកយ៉ាងនេះក្ដី តែរាជរដ្ឋាភិបាល ក៏នៅមានការព្រួយបារម្ភពីបញ្ហាមួយចំនួនដែរ ទៅលើក្រុមប្រឈមរួមមាន ៖ ក្រុមបុរសរួមភេទជាមួយបុរស , ក្រុមក្លែងភេទ , ក្រុមនារីបំរើសេវាកំសាន្តនានា , ក្រុមប្រើប្រាស់គ្រឿងញៀន , ក្រុមយុវវ័យ និងក្រុមចំណាកស្រុកជាដើម ។

ក្នុងឱកាសនោះ លោកស្រី ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការ មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានឲ្យដឹងដែរថា ទិវាពិភពលោកប្រយុទ្ធ ជំងឺអេដស៍ជាការអំពាវនាវដល់ថ្នាក់ដឹកនាំ ពិភពលោកទាំងមូលឲ្យបន្តចូលរួម ក្នុងយុទ្ធនាការប្រយុទ្ធមេរោគអេដស៍ ព្រោះនៅមានជីវិត មនុស្សរាប់លាននាក់ ទៀតដែលត្រូវការជួយសង្គ្រោះ និងយកចិត្តទុកដាក់ពីបញ្ហា មេរោគអេដស៍ និងជំងឺអេដស៍ ។

លោកស្រីបន្តថា ចំពោះកម្ពុជាគឺមានការគាំទ្រ ពីរាជរដ្ឋាភិបាល ដៃគូអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធនានា បាននិងកំពុងបន្តការងារ យ៉ាងពេញទំហឹងក្នុងការជួយសង្គ្រោះជីវិត ព្យាបាល និងថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍ ៕ ដោយ៖ធី លីថូ

To Top