ភ្នំពេញ ៖ ក្រោយឃើញអ្នកប្រើប្រាស់ បណ្តាញសង្គម អ្នកសារព័ត៌មាន រួមទាំងសង្គមស៊ីវិលមួយចំនួន បញ្ចេញអារម្មណ៍ដើរតួនាទីជំនួសសមត្ថកិច្ចនិងតុលាការ ធ្វើការវិនិច្ឆ័យ កាត់សេចក្តីក្នុងសំណុំរឿងវិវាទរវាងឧកញ៉ាហេង សៀ និងពិធីការិនីរូបស្រស់ប្រចាំស្ថានីយ៍ទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតាទាំងមិនបានដឹងច្បាស់ ពីអង្គហេតុពិតប្រាកដ នៃសំណុំរឿងនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានស្នើឲ្យអ្នកទាំងនេះ កុំដើរតួជំនួសតុលាការ និងសមត្ថកិច្ច ត្រូវទុកឲ្យស្ថាប័នច្បាប់ ជាអ្នកដោះស្រាយរកឲ្យឃើញរឿងពិតវិញ ។
លោក ជិន ម៉ាលីនបន្តលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១២ ឧសភាថា អ្នកដែលបញ្ចេញអារម្មណ៍ចំពោះជំលោះរវាងឧកញ៉ាហេង សៀ និងពិធីការិនី មាន ពេជ្ររីតា គឺពួកគេគ្រាន់តែទទួលព័ត៌មាននិងរូបភាពតៗគ្នាពីខាងក្រៅតែប៉ុណ្ណោះ ។
លោកថា សំណុំរឿងនេះ តុលាការនិងសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត និងដំណើរការនីតិវិធីតាមផ្លូវច្បាប់ មិនទាន់ឈានដល់ ការសម្រេចសេចក្តីនៅឡើយទេថា អ្នកណាខុសអ្នកណាត្រូវ។
អ្នកនាំពាក្យបន្តថា “ផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសការសន្មត់ជាមុនថា គ្មានទោសមុនតុលាការសម្រេច យើងគួរទុកការងារនេះ ជូនសមត្ថកិច្ចនិងតុលាការធ្វើការស៊ើបអង្កេតនិងសម្រេចសេចក្តីក្នុងសំណុំរឿងនេះដោយផ្អែកលើ អង្គហេតុនិងអង្គច្បាប់ពិតប្រាកដ ដើម្បីធានាបាននូវយុត្តិធម៌តាមផ្លូវច្បាប់សម្រាប់ភាគីវិវាទទាំងពីរ ។ ភាគីទាំងពីរនេះ ក៏បានប្តឹងទៅតុលាការរៀងៗខ្លួនរួចហើយដែរ ដើម្បីការពារសិទ្ធិរបស់ខ្លួន តាមផ្លូវច្បាប់ ដោយមានជំនួយផ្នែកច្បាប់ពីមេធាវីទាំងសងខាងផងដែរ” ។
លោកលើកជាសំណូមពរថា ក្នុងនាមជាពលរដ្ឋសកម្ម និងឈឺឆ្អាលស្រឡាញ់យុត្តិធម៌ គឺអាចតាមដាន ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ដំណើរការ នៃការស៊ើបអង្កេត និងសម្រេចសេចក្តីក្នុងសំណុំរឿងនេះបាន ។
ដូច្នេះលោកបញ្ជាក់ថា “បងប្អូនយើងអ្នកប្រើប្រាស់ បណ្តាញសង្គម អ្នកសារព័ត៌មាន រួមទាំងសង្គមស៊ីវិលមួយចំនួនផងដែរបានបញ្ចេញអារម្មណ៍ តាមបណ្តាញសង្គមដោយដើរតួនាទីជំនួសសមត្ថកិច្ចនិងតុលាការ ធ្វើការវិនិច្ឆ័យកាត់សេចក្តីក្នុង សំណុំរឿងវិវាទរវាងឧកញ៉ានិងពិធីការនី ទាំងមិនបានដឹងច្បាស់ពីអង្គហេតុពិតប្រាកដ នៃសំណុំរឿងនេះ ត្រូវទុកតុលាការនិងសមត្ថកិច្ចជាអ្នកដោះស្រាយ”។
សូមបញ្ជាក់ថា កាលពីថ្ងៃ១២ ឧសភា ជំលោះរវាងឧកញ៉ាហេង សៀ និងពិធីការិនី មាន ពេជ្ររីតាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញវិដេអូរបស់ កញ្ញា មាន ពេជ្ររីតា យំត្អូញត្អែររៀបរាប់ពីការបៀតបៀនរាងកាយនាង ពីសំណាកលោក ឧកញ៉ា កាលពីថ្ងៃ៤ ឧសភា ។ មុនឈានដល់ការធ្លាយវិដេអូរបស់កញ្ញារូបស្រស់នេះ គឺលោក ឧកញ៉ា ហេង សៀ បានប្តឹងកញ្ញាមាន ពេជ្ររីតា លួច ទូរស័ព្ទ និងចាក់ខ្លួន២កាំបិទ ហើយពិធីការិនីនេះ ក៏បានប្តឹងវិញថា លោកឧកញ៉ា បៀតបៀនផ្លូវភេទនៅក្នុងរថយន្ត ៕