ភ្នំពេញ ៖ គិតត្រឹមខែឧសភា ឆ្នាំ២០២១ អ្នកជំនាញ រកឃើញកន្ធាយ ក្បាលកង្កែប ចំនួន៦៦សំបុក និងមានពង ចំនួន២,៤៩៨ ដើម្បីយកមកការពារ ក្រោយពីមានប្រជាពលរដ្ឋមួយចំនួន ប្រមូលពង របស់វាយកទៅបរិភោគ ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ USAID នាពេលថ្មីៗនេះ បានឲ្យដឹងថា កន្ធាយក្បាលកង្កែប គឺជាប្រភេទសត្វ ដែលរងគ្រោះថ្នាក់ជិតផុតពូជជាសកល។ ដោយឡែក នៅកម្ពុជាវិញ វាមានរស់នៅតែតាមតំបន់មួយចំនួនតូច នៃទន្លេមេគង្គ ហើយត្រូវបានគំរាមកំហែង ដោយកត្តា ជាច្រើន ។ ការគំរាមកំហែងចំបង គឺការប្រមូលពង របស់វាយកទៅបរិភោគ និងការនេសាទ សម្រាប់តម្រូវការក្នុងស្រុក និងនាំចេញ ទៅប្រទេសជិតខាង ។
ជាមួយគ្នានេះដែរ គម្រោង USAID ព្រៃឡង់បៃតង បានផ្តល់ការគាំទ្រ ដល់សហគមន៍នេសាទ តាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីធ្វើការល្បាតដើម្បីការពារសត្វនេះ ។ គោលបំណង នៃការល្បាត ដើម្បីបញ្ឈប់សកម្មភាព នេសាទខុសច្បាប់ ក្នុងសហគមន៍នេសាទ និងរឹបអូសឧបករណ៍ នេសាទខុសច្បាប់ចេញពីទន្លេ។
ក្រុមល្បាតក៏បានធ្វើការ ដើម្បីធានាថា គ្មានការប្រមូលកន្ធាយក្បាលកង្កែប ឬពងរបស់វា ហើយមិនមានសកម្មភាព នេសាទ ខុសច្បាប់ ណាមួយកើតឡើង នៅតំបន់ ដែលមានកន្ធាយក្បាលកង្កែប ក្នុងរដូវបន្តពូជ ដែរ ។
ប្រភពដដែលបញ្ជាក់ថា «ដោយមានការគាំទ្រ ពីគម្រោង USAID ព្រៃឡង់ ដើម្បីឲ្យសហគមន៍នេសាទធ្វើការល្បាត ជាទៀងទាត់ ដែលដឹកនាំដោយ មន្រ្តីខណ្ឌរដ្ឋបាលជលផលថ្នាក់ខេត្ត បន្ថែមពីលើការលើកទឹកចិត្ត ដល់អ្នក ដែលរកឃើញពងកន្ធាយ ក្បាលកង្កែប ដើម្បីយកមកការពារ សំបុកពង របស់វាមានការកើនឡើងពី៤៩ សំបុកដែលមាន ១,៧៥៦ ពង នៅឆ្នាំ២០២០ ដល់ ៦៦សំបុកដែលមានពងចំនួន ២,៤៩៨ គិតត្រឹមខែឧសភា ឆ្នាំ ២០២១» ៕