ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេនោះ លោក Dominic Raab រដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ ។
បើតាមគម្រោង ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab នឹង គ្រោងជួបសម្តែងការ គួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព និងជួបប្រជុំ ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ការបទេសកម្ពុជា ព្រមទាំងគ្រោងទស្សនកិច្ច នៅសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា មុននឹងធ្វើដំណើរនិវត្តន៍ត្រឡប់ ទៅកាន់ប្រទេសអង់គ្លេសវិញ ។ នេះបើយោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ ។
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅនាយកដ្ឋានអង្គរក្សបានបើកកិច្ចប្រជុំពិភាក្សា ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ដំណើរទស្សនកិច្ចផ្លូវការ របស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស ។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងតំណាងស្ថានទូត ចក្រភពអង់គ្លេសប្រចាំកម្ពុជា ។
ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា កម្ពុជា តែងបានគិតគូរការពារយ៉ាងម៉ត់ចត់ ចំពោះដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនានា ត្បិតកម្ពុជាមិនបានរងនូវការគំរាមកំហែង ធ្ងន់ធ្ងរណាមួយក៏ដោយ។ លោកនាយឧត្តមសេនីយ៍បន្តថា ទន្ទឹមនឹងនេះ អគ្គស្នងការនគរបាលជាតិ ក៏បានពង្រឹងវិធានការការពារយ៉ាងម៉ត់ចត់ លើគ្រប់បណ្តាហេដ្ឋារចនាសម្ព័ន្ធ រួមទំាងទីតំាងរបស់មន្ត្រីអន្តរជាតិ ក៏ដូចជាដំណើរទេសចរណ៍របស់បរទេស នៅកម្ពុជាផងដែរ។
លោកថា ទាក់ទងនឹងបទពិសោធន៍ក្នុងកិច្ចការពាររបស់កម្លាំងសមត្ថកិច្ច គឺមានច្រើនអង្គភាពដែលធ្លាប់បានឆ្លងកាត់ក្នុងកិច្ចការពារគណៈប្រតិភូធំៗ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ ម្យ៉ាងវិញទៀត កម្ពុជាក៏បាននិងកំពុងត្រៀមខ្លួន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ដែលកម្ពុជានឹងម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ី-អ៊ឺរ៉ុប ផងដែរ។ ដោយក្នុងនោះ កម្ពុជាបានគិតទំាងការពង្រាយកម្លាំង តាមសភាពការណ៍ជាក់ស្តែង ទំាងមធ្យោបាយ សម្ភារៈ ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ ។
ជាការឆ្លើយតប តំណាងស្ថានទូត អង់គ្លេសប្រចាំកម្ពុជា បានថ្លែងអំណរគុណ ចំពោះនគរបាលជាតិកម្ពុជា ដែលរៀបចំផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនរដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស និងគណៈប្រតិភូ ដោយយកចិត្តទុកដាក់ និងម៉ត់ចត់ ដែលធ្វើឲ្យមានការកក់ក្តៅ៕