ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម ៖ ការធ្វើវារីវប្បកម្មបច្ចុប្បន្នស្ថិតនៅ រាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការធ្វើវារីវប្បកម្មនាពេល បច្ចុប្បន្នស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ហើយការចិញ្ចឹមមិនបានដាក់ចេញ នូវការចិញ្ចឹមជាលក្ខណៈបណ្តាក់ តគ្នាបានល្អនោះទេ ប៉ុន្ដែទទួលបានវឌ្ឍនភាពមានសន្ទុះ គួរឲ្យកត់សំគាល់។

ការលើកឡើងរបស់លោក វេង សាខុន ក្រោយពីក្រសួងកសិកម្ម ចេញសេចក្តីប្រព័ត៌មាន នាពេលថ្មីៗនេះរួចមក ក្រសួង ទទួលមតិយោបល់ពីអ្នកវិភាគ និងសាធារណជនមួយចំនួន ដោយបានបកស្រាយខុសពីការពិត ប្រាសចាក ពីអ្វីដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវនយោបាយកំណែទម្រង់ និងជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានាបានសន្តិសុខស្បៀង និងការនាំចេញ ក្នុងដំណាក់កាលដ៏លំបាកបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើកំណែទម្រង់សាជាថ្មី ក្នុងការធ្វើវិមជ្ឈការក្រោយឆ្នាំ២០១៦ ដោយត្រូវប្រគល់សិទ្ធិអំណាចទៅថ្នាក់ក្រោម ជាតិ ជាពិសេស ប្រគល់សិទ្ធិអំណាចជូន អភិបាលរាជធានី-ខេត្ត ជាអ្នកគ្រប់គ្រង និងដឹកនាំបង្រ្កាបបទល្មើស ជលផល និងព្រៃឈើ ដែលស្ថិតក្នុងដែនដីរបស់ខ្លួន ដែលទាមទារពេលវេលាក្នុងការកសាង និងពង្រឹងសមត្ថភាពបន្ថែមទៀត។ ក្នុងករណីនេះ គឺក្រសួង អាចអន្តរាគមន៍លុះត្រាតែមានសំណូមពរចាំបាច់តែប៉ុណ្ណោះ។

លោក បន្ដថា ការបាត់បង់ធនធានធម្មជាតិកន្លងមក មានហេតុផលជាច្រើន ដូចដែលលោក បានគូសបញ្ជាក់ ក្នុងសេចក្តីប្រកាសព័ត៌មានរួចហើយ ព្រោះជា លក្ខណៈសត្យានុមត្តិ មិនមែនក្រសួងមិនបានធ្វើ និងដោះស្រាយនោះទេ ព្រោះអ្វីៗ បានផ្តើមចេញពីដំណើរនៃការរីកលូតលាស់នៃ វិស័យសេដ្ឋកិច្ចជាតិ សង្គម កំណើនទីក្រុង និងប្រជាជន ការកកស្ទះដីល្បាប់តាមបណ្តាផ្លូវទឹក និងបណ្តាព្រែកនានា នៅតាមដងទន្លេ ជាដើម។

លោក បញ្ជាក់ថា «ដោយឡែកការធ្វើវារីវប្បកម្មរបស់យើងនាពេលបច្ចុប្បន្ន គឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាបានល្អនោះទេ ហើយការប្រមូលផលជួបការលំបាក ត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយ ដែលត្រូវការពេលវេលាច្រើន ដើម្បីប្រមូលធ្វើការផ្គត់ផ្គង់ទីផ្សារ និងការដឹកជញ្ជូនមកកាន់ទីផ្សារចែកចាយ»។

លោក ក៏បានអះអាងថា បើទោះបីកម្ពុជា ជួបបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ទាក់ទងទៅនឹងការ ធ្វើវារីវប្បកម្ម និងបញ្ហាទីផ្សារយ៉ាងណាក៏ដោយ ក៏ការធ្វើវារីវប្បកម្មនៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៥-២០២០) បានប្រព្រឹត្តទៅទទួលបានវឌ្ឍនភាព ដោយមានសន្ទុះគួរឲ្យកត់សំគាល់។

លោក បន្ថែមថា កំណើនឡើងជាលំដាប់ នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួងពាក់ព័ន្ធ និងវារីវប្បករកម្ពុជា គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទាំងបច្ចេកទេស និងទុនជាប្រាក់កម្ចី និងថវិកាពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ផងដែរ ចំពោះសកម្មភាពអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា៕

To Top