ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម៖ កុំយកបឹង ព្រែក ប្រើខុសគោលដៅ ដូចជា ដាំឈូក ឬចាក់ដីលុបដើម្បីកសាងសំណង់ (Video)

ភ្នំពេញ៖ ក្នុងទិវាមច្ឆជាតិ១ កក្កដានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធំមួយចំនួនកុំយក បឹង ព្រែក ប្រើប្រាស់ខុសគោលដៅ ដូចជា នេសាទគ្រួសារ ដាំឈូក ឬចាក់ដីលុបដើម្បីកសាងសំណង់ផ្សេងៗ ។

តាមរយៈគេហទំព័ហ្វេសប៊ុក នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន បានអំពាវនាវដល់ពលរដ្ឋ និងប្រជានេសាទប្រកាន់ខ្ជាប់នូវចំណុច៧ដូចជា ៖

ទី១-កុំប្រើឧបករណ៍នេសាទខុសច្បាប់ សម្រាប់ធ្វើនេសាទ ដូចជា ថ្មស្អុយ ឧបករណ៍ឆកត្រី ស្បៃមុង គ្រឿងផ្ទុះ អ្វីក៏ដោយដែលឧបករណ៍នេសាទហាមឃាត់។

ទី២-កុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង (ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែតុលា) ត្រូវរួមគ្នា ដើម្បីទុកត្រីឲ្យវាធំ ពង និងញាស់។

ទី៣-កុំកាប់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ជម្រកត្រី និងជាកន្លែងស្វែងរកចំណី ហើយក៏សុំជួយដាំ ព្រៃលិចទឹកឡើងវិញផងដែរ។

ទី៤-ត្រូវជួយការពារតំបន់អភិរក្ស រាប់ទាំងការជួយផ្តល់ព័ត៌មានអំពីជនខិលខូច ឬមន្ត្រីខិលខូចចូលទៅបំផ្លាញ ក្នុងតំបន់អភិរក្ស។

ទី៥-កុំយកបឹង ព្រែក ប្រើប្រាស់ខុសគោលដៅនេសាទគ្រួសារ ដូចជា ការដាំឈូក ឬចាក់ដីចូលលុបដើម្បីកសាង សំណង់ផ្សេងៗ។

ទី៦-កុំឲ្យមានទំនាស់រវាងប្រជាជន និងប្រជាជនលើបញ្ហា អ្នកនេសាទជាមួយអ្នកធ្វើស្រែប្រាំង និងទំនាស់ដែនទឹករវាងឃុំនិងឃុំ ស្រុកនិងស្រុក ខេត្តនិងខេត្ត។

និងទី៧-ស្នើចូលរួម «ទិវាមច្ឆជាតិ ១ កក្កដា» ជំរុញការចិញ្ចឹមត្រី ការធ្វើវារីវប្បកម្ម ការរក្សាទុកពូជត្រីធំៗ ឬជិតផុតពូជ។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០០៣ « ទិវាមច្ឆជាតិ» ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការលែងមេពូជត្រី កូនត្រី និងវារីសត្វ ពូជក្នុងស្រុកប្រមាណ ៥លានកូនក្នុង១ឆ្នាំ ចូលទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឲ្យកើនឡើង សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប៉ុន្តែដោយសារហានិភ័យបណ្តាលមកពីជំងឺឆ្លងកូវីដ១៩ដែលបាននិងកំពុងរាតត្បាតជាសកល និងនៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំ « ទិវាមច្ឆជាតិ» នេះចាប់ពីឆ្នាំ២០២០មកទល់ពេលនេះ ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាត ជំងឺឆ្លងជាសកលនេះនៅក្នុងសហគមន៍។ ទោះជាមានបញ្ហាដូចនេះក្តី ការលែងកូនត្រីទៅក្នុងដែនសហគមន៍ មានលក្ខណៈទ្រង់ទ្រាយតូចអាចប្រព្រឹត្តទៅបាន ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ៕

To Top