ឯកសារលទ្ធផលចំនួន៣ នឹងអនុម័តក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី នៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី។
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយនេះជាលើកដំបូងដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរនៅក្នុងទ្វីបអាស៊ី។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៣ វិច្ឆិកា នេះ ថា ឯកសារលទ្ធផលសំខាន់ៗចំនួន៣ នោះ រួមមាន ៖
ទី១- សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្ដេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់កូហ្វូនី ស្ដីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គមវប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី។
ទី២-សេចក្តីសម្រេចស្តីពីស្ថានភាព វិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាព នៅក្នុងតំបន់ហ្វ្រង់កូហ្វូនី។
និងទី៣-សេចក្តីអំពាវនាវទីក្រុងភ្នំពេញ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះគឺជាការជួបជុំប្រមុខរដ្ឋ និងប្រមុខរដ្ឋភិបាលព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយមការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាផ្សេងៗទៀត ដែលជាផលប្រយោជន៍រួម៕
