សម្ដេចតេជោ ផ្ដល់យោបល់ឱ្យទូតហ្វីលីពីន ពង្រឹងការផ្លាស់ប្ដូរវិនិយោគ និងសន្តិសុខស្បៀង ជាពិសេសផ្ដោតសំខាន់លើ វិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យលោក Senen Tiemsin Mangalile ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា ផ្ដោតសំខាន់ពង្រឹងលើការផ្លាស់ប្ដូរវិនិយោគ សន្តិសុខស្បៀង ជាពិសេសវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។
បើតាមលោក ជា ធិរីទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងពេលឱ្យអនុញ្ញាតឱ្យ លោក Senen Tiemsin Mangalile ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈតួនាទីជាឯកអគ្គរដ្ឋទូតថ្មី របស់ហ្វីលីពីន នេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងហ្វីលីពីន មានការរីកចម្រើន ជាពិសេសការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ឱ្យដើរទន្ទឹមគ្នាជាមួយទំនាក់ទំនងនយោបាយ រវាងប្រទេសទាំងពីរ។
លោក Senen Tiemsin Mangalile បានសម្ដែងការថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកបានចូលជួបសម្ដែងការគួរសម ហើយលោកបានមើលឃើញពីភាពរីកចម្រើន រវាងទំនាក់ទំនងកម្ពុជានិងហ្វីលីពីន ដែលមានជាមួយគ្នានាពេលកន្លងមក ហើយប្រទេសទាំងពីរ បាននឹងកំពុងតែបង្កើននូវកិច្ចសហប្រតិបត្តិការ បន្ថែមទៀតទៅលើវិស័យអប់រំ វិស័យកសិកម្ម និងអាកាសចរណ៍ជាដើម ដែលតម្រូវឱ្យប្រទេសទាំងពីរបន្តការខិតខំប្រឹងប្រែងជាមួយគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់យោបល់បន្ថែមឱ្យលោកឯកអគ្គរដ្ឋទូត ឱ្យផ្ដោតសំខាន់ឱ្យធ្វើយ៉ាងណា ពង្រឹងនូវការផ្លាស់ប្ដូរវិនិយោគ ជាពិសេសទាក់ទងនឹងសន្តិសុខស្បៀង អាចជាការផ្ដោតសំខាន់ទៅលើ វិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា ដែលមានសក្កានុពលផ្នែកស្រូវអង្ករ ស្វាយចន្ទី ដែលកំពុងមានភាពរីកចម្រើននាពេលបច្ចុប្បន្ន ដែលអ្នកវិនិយោគហ្វីលិពីន អាចសម្លឹងមើលឱកាសនេះ ធ្វើការកែច្នៃសម្រាប់នាំចេញ ទៅហ្វីលីពីន ក៏ដូចជាក្រៅប្រទេសបន្ថែមទៀត៕
