ក្រសួងពាណិជ្ជកម្មចិន បានប្រកាសឱ្យដឹងនាពេលថ្មីៗ កន្លងទៅនេះថា បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជា ប្រទេសធំទីមួយផ្នែកពាណិជ្ជកម្ម និងជាទីផ្សារប្រើប្រាស់ ធំទីពីរលើទូទាំងពិភពលោក ។ នៅឆ្នាំ២០២០ ទំហំទឹកប្រាក់សរុបនៃ ការលក់រាយសម្ភារៈប្រើប្រាស់ របស់ចិនបានឡើងដល់ ៣៩.២ ទ្រីលានយាន់ប្រាក់ចិន ការប្រើប្រាស់គឺជាកម្លាំងចលករទីមួយ នៃកំណើនសេដ្ឋកិច្ចរបស់ចិន ជាច្រើនឆ្នាំជាប់ៗគ្នា ។
យោងតាមសេចក្តីប្រកាសនេះ យើងមិនពិបាកមើលឃើញទេថា ទីផ្សារប្រទេសចិនដែលមានចំនួន ប្រជាជនរហូតដល់ទៅ ១,៤០០លាននាក់ គឺមានសក្តានុពលនៃ ការប្រើប្រាស់ដ៏ធំធេង ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីបណ្តាពាណិជ្ជករ និងវិនិយោគិននៃ ប្រទេសនានាលើពិភពលោក ដែលបានក្លាយជាគោលដៅ វិនិយោគនិងពាណិជ្ជកម្មដ៏ធំបំផុតមួយ ។
ក្រោមគោលនយោបាយ កំណែទម្រង់និងបើកទូលាយ ទីផ្សារប្រទេសចិន បានបើកទ្វារកាន់តែធំឡើងៗ ចំពោះប្រទេសជាមិត្តទាំងអស់ និងធ្វើពាណិជ្ជកម្ម ដោយឈរលើភាពសេរី ស្មោះត្រង់ យុត្តិធម៌ សមភាពនិងឈ្នះ-ឈ្នះ ។ អាស្រ័យហេតុនេះ យើងឃើញថាស្ទើរតែប្រទេសទាំងអស់ លើពិភពលោកសុទ្ធតែមានទំនាក់ទំនង ពាណិជ្ជកម្មល្អជាមួយប្រទេសចិន និងទទួលបានផលប្រយោជន៍ ទៅវិញទៅមកមិនថា តិចឬច្រើននោះទេ ។
លោក ស៊ី ជីនភីង ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន បានគូសរំលេចជាច្រើនលើក នៅក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ស្តីពីការគាំពារពហុភាគីនិយម ក៏ដូចជាលើកឡើងថា ទ្វារបើកទូលាយរបស់ប្រទេសចិន នឹងមិនបិទជាដាច់ខាត ផ្ទុយទៅវិញគឺបើកកាន់តែធំ ទូលាយឡើងជាលំដាប់ ។ ជាក់ស្តែងយើងឃើញថា ទំហំពាណិជ្ជកម្មរវាងប្រទេសចិន ជាមួយអង្គភាពសេដ្ឋកិច្ចធំៗ ក៏ដូចជាប្រទេសនានា មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ជូនដល់ប្រជាជនទូទាំងពិភពលោក ។
ពិសេសចាប់តាំងពីការ រីករាលដាលនៃជំងឺកូវីដ-១៩ក្នុងក្របខណ្ឌពិភពលោកមក ប្រទេសចិនបានគូសបញ្ជាក់ ម្តងហើយម្តងទៀតអំពីសារៈសំខាន់ នៃពហុភាគីនិយម ព្រមទាំងបាននាំមុខ ក្នុងការអនុវត្តជាក់ស្តែងនូវ គោលនយោបាយពហុភាគីនិយម ដោយធ្វើកិច្ចសហប្រតិបត្តិការ ទាំងផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងផ្នែកពាណិជ្ជកម្មអន្តរជាតិ ។
ដូចអ្វីដែលយើងបានឃើញស្រាប់ហើយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាច្រើនត្រូវបានចុះហត្ថលេខា ដោយប្រទេសចិនជាមួយ ប្រទេសនិងតំបន់ជាដៃគូ ពិសេសគឺកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាតំបន់ពាណិជ្ជកម្មសេរី ធំបំផុតលើពិភពលោកត្រូវបាន រំពឹងទុកថា នឹងហុចផលប្រយោជន៍ សេដ្ឋកិច្ចដ៏ធំសម្បើម ក៏ដូចជាជំរុញភាពជាដៃគូ នៃប្រទេសហត្ថលេខីឱ្យ កាន់តែស៊ីជម្រៅ សំដៅនាំមកនូវផលប្រយោជន៍ និងសុភមង្គលជូនប្រជាជន ក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូល ។
កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលបាន ទទួលផលច្រើនពីគោលនយោបាយ ពហុភាគីនិយម ពោលគឺគោលនយោបាយ សហប្រតិបត្តិការឈ្នះ-ឈ្នះ របស់ប្រទេសចិន ។ មិនថាជំនួយផ្នែកសេដ្ឋកិច្ចឬវេជ្ជសាស្ត្រ ឬមួយក៏ការបណ្តាក់ទុនរបស់ចិន ចំពោះកម្ពុជានោះទេ សុទ្ធសឹងតែបានផ្តល់នូវផលប្រយោជន៍ ជាក់ស្តែងជូនប្រជាជនកម្ពុជា ជាពិសេសខណៈពេល ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩បែបនេះ ប្រទេសទាំងពីរបានពួតដៃគ្នា កាន់តែស្អិតល្មួតទាំងក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងការពង្រឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។
ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានសង្កត់ធ្ងន់ថា «ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយរបស់សកលលោក នាពេលបច្ចុប្បន្ន ហើយជំនួយរបស់ប្រទេសចិន មិនត្រឹមតែជួយដល់ការអភិវឌ្ឍ និងធ្វើឱ្យកម្ពុជាងើបចេញ ពីភាពក្រីក្រប៉ុណ្ណោះទេ តែក៏បានជួយពង្រឹងដល់ ឯករាជ្យភាពរបស់កម្ពុជាផងដែរ។»
អ្វីដែលគួរជាទីរំពឹងទុកថែម ទៀតរបស់ប្រជាជនកម្ពុជានិងចិន ក៏ដូចជាពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាំងពីរ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន នាពេលខាងមុខ ដែលនឹងជួយចូលរួមចំណែក យ៉ាងធំធេងដល់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគី ក៏ដូចជាស្តារនូវជីវភាព របស់ប្រជាជនក្នុងប្រក្រតីភាពថ្មី ក្រោយបញ្ចប់ជំងឺកូវីដ-១៩ផងដែរ ដើម្បីនាំមកនូវអត្ថប្រយោជន៍ កាន់តែច្រើនដល់វិនិយោគិន និងប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរ ៕
ដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន