ព័ត៌មានជាតិ

ឡដុតសំណល់រឹងសំរាម ចូលរួមដុតកម្ទេច សំណល់វេជ្ជសាស្ត្រ ពីមណ្ឌលព្យាបាល ជំងឺកូវីដ១៩ និងមណ្ឌល ធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ឡដុតសំណល់រឹងសំរាម ៥០ ដែលក្រសួង បានបំពាក់ទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក) បាននិង កំពុងចូលរួមដុតកម្ទេច សំណល់វេជ្ជសាស្ត្រ ពីមណ្ឌល ព្យាបាល ជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ដែលជាជំនួយបន្ថែម លើឡដុតសំណល់ វេជ្ជសាស្ត្រដែលមាន ស្រាប់នៅតាមមន្ទីរពេទ្យនិង តាមមណ្ឌលសុខភាពនានា នៅទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសចុះពិនិត្យការដ្ឋាន សាងសង់ឡដុតសំណល់រឹងសំរាមមួយកន្លែង ស្ថិត នៅភូមិដំណាក់ចង្អេីរ សង្កាត់ព្រៃធំ ក្រុងកែប នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជានាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងថា ការគ្រប់គ្រង និងវេចខ្ចប់សំណល់រឹង សំរាមពីមណ្ឌល ចត្តាឡីស័ក និងកន្លែង ព្យាបាលអ្នកជំងឺកូវីដ១៩ និង ពីអ្នកជំងឺព្យាបាល តាមផ្ទះបានល្អប្រសើររួម នឹងការបាញ់អាល់កុល សម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។

លោកបានបន្ដថា ការបំពាក់ឡដុតសំរាម សំណល់រឹងនេះ ជាវិធានការ បន្ទាន់ ចំពោះមុខ រីឯការគ្រប់គ្រង សំរាម សំណល់រឹង តាមលក្ខណបច្ចេកទេស ដែលមានធុង ដាក់សំរាម ត្រឹមត្រូវមធ្យោបាយ ដឹកសំរាម គ្រប់គ្រាន់ និងទីលានចាក់សំរាម តាមខ្នាត បច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រ នៃគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

លោកបានបន្ថែមថា ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត ៤ លានតោន ដែលក្នុងនោះសំណល់សរីរាង ប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណជាង ២០% និងសំណល់រឹង/ សំណល់គ្រោះថ្នាក់ប្រមាណជាង ១០%។

យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថាន ទាំង ២៥ ខេត្តរាជធានី សំណល់រឹងសំរាម ដែលបានបង្កើតឡើង នៅតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ មានប្រមាណ ១០០ តោន ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែ ចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែអាត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ ៕

To Top