“សម្ព័ន្ធ Five Eyes”ដែលបានបង្កើតឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលីនិងនូវែលហ្សេឡង់បានចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្ត្រីការបរទេសនៅថ្ងៃទី ២០ ខែធ្នូ ដោយបាននិយាយថាអ៊ីចេះថាអ៊ីចុះចំពោះការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិនីតិកាលទី ៧ នៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិនដែលទើបបិទបញ្ចប់ដោយរលូនកាលពីថ្មីៗកន្លងទៅនេះ ហើយបានមួលបង្កាច់ថា ការបោះឆ្នោតលើកនេះបាន”កាត់កម្សោយនូវសិទ្ធិនិងផលប្រយោជន៍ សេរីភាពនិងស្វ័យភាពរបស់ហុងកុង ក៏ដូចជាលើកឡើងម្តងទៀតនូវ《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស》ផងដែរ ។
ការបោះឆ្នោតលើកនេះគឺជាការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិលើកដំបូងបន្ទាប់ពីប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុងបានមានសុក្រឹត្យភាពរួចហើយ ។ បើមើលពីក្បួនច្បាប់បោះឆ្នោតអាចឃើញថា បានធ្វើឱ្យអាសនៈមានការកើនឡើងផង ហើយក៏បានកែសម្រួលជាថ្មីឡើងវិញនូវវិធីបែងចែកអាសនៈផងដែរ ក្នុងគោលបំណងគាំពារយ៉ាងប្រាកដប្រជានូវផលប្រយោជន៍ទាំងមូលរបស់សង្គមហុងកុងនិងផលប្រយោជន៍របស់គ្រប់មជ្ឈដ្ឋានស្រទាប់ ។ បើមើលពីដំណើរការបោះឆ្នោតអាចឃើញថា ការបោះឆ្នោតលើកនេះបានបង្ហាញឱ្យឃើញយ៉ាងពេញលេញនូវលក្ខណៈតំណាងជាទូទៅ ភាពបរិយាប័ន្នខាងនយោបាយ ការចូលរួមប្រឹក្សាកិច្ចការនយោបាយប្រកបដោយតុល្យភាពនិងការប្រកួតប្រជែងដោយយុត្តិធម៌ ។
អ្វីដែលគួរឱ្យអស់សំណើចនោះ គឺ សេចក្តីថ្លែងការណ៍នេះបែរជាបានទាមទារម្តងទៀតឱ្យប្រទេសចិនគោរពតាម《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស》។ ទាក់ទឹននឹងរឿងនេះ សៀវភៅសស្តីពី《ការអភិវឌ្ឍប្រជាធិបតេយ្យនៃហុងកុងក្រោមគោលនយោបាយ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ”》ដែលបានចេញផ្សាយដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី ២០ ខែធ្នូ បានលើកឡើងយ៉ាងច្បាស់ថា 《សេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស》មានគោលបំណងដោះស្រាយបញ្ហាដែលអង់គ្លេសបានប្រគល់ហុងកុងឱ្យប្រទេសចិនវិញ តែមិនមែនដោះស្រាយបញ្ហាអំពីការអនុវត្តប្រព័ន្ធនយោបាយយ៉ាងណា ក្នុងនោះបូករួមទាំងប្រព័ន្ធបោះឆ្នោតបន្ទាប់ពីហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញនោះទេ ។ មិនត្រឹមតែប៉ុណ្ណឹង អង់គ្លេសគ្មានអធិបតេយ្យភាព សិទ្ធិគ្រប់គ្រងនិងសិទ្ធិត្រួតពិនិត្យទៅលើតំបន់ហុងកុងដែលបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញឡើយ ហើយក៏គ្មានសិទ្ធិធ្វើការជ្រៀតជ្រែកកិច្ចការហុងកុងទោះតាមទម្រង់ណាមួយផងដែរ ។ អង់គ្លេសបានប្រើបញ្ហា”ប្រជាធិបតេយ្យ”ធ្វើជាលេសប៉ុនប៉ងជ្រៀតជ្រែកម្តងហើយម្តងទៀតទៅលើកិច្ចការហុងកុង គឺជាការមួលបង្កាច់ដោយចេតនាចំពោះគោលនយោបាយ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ” ហើយក៏ជាការរំខាននិងការបផ្លិចបំផ្លាញយ៉ាងកម្រោលចំពោះការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុងផងដែរ ។
តាមពិតទៅ បើនិយាយអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បណ្តាប្រទេស”សម្ព័ន្ធ Five Eyes ”គ្មានលក្ខណៈសម្បត្តិអ្វីធ្វើជា”គ្រូបង្រៀនប្រដៅ”ទាល់តែសោះ ។ អ្វីដែលពួកគេគួរតែធ្វើបំផុតគឺ ឆ្លុះកញ្ចក់ដើម្បីពិចារណាពីកំហុសរបស់ខ្លួន ពោលគឺ ភាពបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងក្នុងប្រទេសខ្លួន បញ្ហាជ្រុលនិយមខាងនយោបាយនិងការរើសអើងពូជសាសន៍ជាដើម ។
ការពិតជាក់ស្តែងដ៏ច្រើនរាប់មិនអស់បានបញ្ជាក់ថា ប្រទេសលោកខាងលិចមួយចំនួនតូចដែលតែងតែឃោសនាបំប៉ោងពី”ការគោរពសិទ្ធិមនុស្សនិងសេរីភាពរបស់ក្រុងហុងកុង” ទើបជាឧបសគ្គនិងជាអ្នកបំផ្លាញធំបំផុតក្នុងការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុង ។ ហុងកុងជាទឹកដីរបស់ប្រទេសចិន ហើយប្រព័ន្ធបោះឆ្នោតនៃហុងកុងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ រដ្ឋាភិបាលមជ្ឈិមចិននឹងបន្តគាំទ្រហុងកុងឱ្យដើរតាមផ្លូវអភិវឌ្ឍន៍ប្រជាធិបតេយ្យដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ។ សូមដាស់តឿនសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនតូចកុំលូតបាតដៃខ្មៅទៅកាន់ហុងកុងទៀត !