ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតស្ញប់ស្ញែង កងអង្គរក្ស

ភ្នំពេញ: អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦, បើកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ ខេត្តកំពង់ស្ពឺ នាថ្ងៃ ២៥ ធ្នូ ២០២១។

លោកឧត្តមសេនីយ៍ វាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងដំណើរការបន្តនៃវគ្គជំនាន់ទី២៧ ស្របតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ ដើម្បីកសាងសមត្ថភាពយោធិន និងបង្កើនធានធានមនុស្ស លើមុខជំនាញនេះ ជាការត្រៀមលក្ខណៈ អនុវត្តបទបញ្ជា និងសម្រេចភារកិច្ចដែលរាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, និងអគ្គបញ្ជាការដ្ឋានប្រគល់ជូន។

លោកបន្ថែមថា ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ។ ការថ្លោះធ្លោយណាមួយ គឺអាចនឹងបង្កឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរ ដល់លំនឹងនៃស្ថិរភាពសង្គម-សេដ្ឋកិច្ច, សន្តិភាព និងការអភិវឌ្ឍជាតិ ក៏ដូចជាតំបន់ទាំងមូលផងដែរ។ ក្នុងន័យនេះ បញ្ជាការដ្ឋានអង្គរក្ស គឺជាកងឯកភាពឈានមុខមួយ ក្នុងការបំពេញភារកិច្ចស្នូលដ៏សំខាន់ ចាំបាច់នេះ ដោយកន្លងមកបានខិតខំធានាបាន នូវការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិនានា យ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ អង្គភាព ក៏បានបំពេញភារកិច្ចជាច្រើនទៀត ដូចជាការការពារបូររណភាពទឹកដី ជាពិសេសការដោះស្រាយវិបត្តិ យថាហេតុនានា ដែលតម្រូវឱ្យមានអន្តរាគមន៍បន្ទាន់ រួមមាន ការសង្គ្រោះគ្រោះមហន្តរាយ, អំពើភេរវកម្ម និងជំងឺរាតត្បាត ជាដើម។

លោកបន្ថែមថា “ចក្ខុវិស័យនៃវិស័យការពារជាតិរបស់យើង គឺការបង្កើនប្រសិទ្ធភាព និងនិរន្តរភាព តាមរយៈការបន្តធ្វើការកែទម្រង់កងទ័ព ដែលជាការងារត្រូវអនុវត្តជាប្រចាំ និងគ្មានទីបញ្ចប់ ដោយផ្អែកលើស្មារតីសំខាន់ ០២៖ ទី១. មូលដ្ឋាននៃស្មារតីជាតិនិយម ដែលសំដៅដល់ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ, ការពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជន, និងការពារសុខសន្តិភាព ឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ដើម្បីប្រទេសជាតិយើង បានអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។

ដំណើរការនៃការកែទម្រង់ គឺមិនត្រូវប៉ះពាល់ដល់មូលដ្ឋាន នៃស្មារតីនេះឡើយ ពីព្រោះកងទ័ពជាអាវុធមុខពីរ ដែលអាចជាកម្លាំង ក្នុងការការពារសន្តិភាពផង និងបំផ្លាញសន្តិភាពផង ដូចដែលមានសរបញ្ជាក់រួចមកហើយ ក្នុងដានប្រវត្តិសាស្ត្រកម្ពុជា ជាអាទិ៍វិបត្តិសង្គ្រាមស៊ីវិលក្នុងទស្សវត្សរ៍ឆ្នាំ៧០ ដោយរដ្ឋប្រហារយោធា និងការទទួលបានសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានកងទ័ពជាប្រតិបត្តិករ។ ទី២. គឺស្មារតីម្ចាស់ការឯករាជ្យលើគ្រប់វិស័យ។ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ដំណើរការកែទម្រង់ ក៏ត្រូវដើរទន្ទឹមគ្នាជាមួយនឹង ការគិតគូរអំពីការធ្វើទំនើបកម្ម។ “ទំនើបកម្ម គឺជាការកែសម្រួល ដើម្បីឱ្យឆ្លើយតបសភាពការណ៍ជាក់ស្តែង” ដូច្នេះចំពោះមុខ ដំណើរការនៃការធ្វើទំនើបកម្ម គួរផ្តោតទៅលើការកែសម្រួលរចនាសម្ព័ន្ធ, ការកសាងធនធានមនុស្ស និងការផ្តល់សម្ភារគ្រឿងបំពាក់ ឱ្យទាន់សភាពការណ៍ ដើម្បីឆ្លើយតបទៅនឹង សំណូមពរភារកិច្ច ដែលកំពុងប្រែប្រួលទៅតាម ការវិវឌ្ឍនៃសង្គម និងបច្ចេកវិទ្យា។

លោកមេបញ្ជាការលើកឡើងបន្ថែមថា ពាក់ព័ន្ធនឹងស្ថានការណ៍ជំងឺកូវីដ-១៩ មកដល់បច្ចុប្បន្ននេះ ការបន្តរាតត្បាតនៅលើពិភពលោក និងក្នុងតំបន់ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសជាមួយនឹងការរកឃើញ នៃវីរុសបំប្លែងថ្មីអូមីក្រុង។ យ៉ាងណាក៏ដោយ កម្ពុជាអាចបន្តការទប់ស្កាត់បានល្អ ហើយអត្រាឆ្លងរក្សានៅកម្រិតទាប។ ទាំងនេះ ក៏ដោយសារកត្តា ០២ សំខាន់៖ ទី១. គឺការចូលរួមរបស់ប្រជាពលរដ្ឋ, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយយន្តការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានបន្តធ្វើការជាប់ជាប្រចាំ ដើម្បីត្រៀមសភាពការណ៍។

ទី២. កត្តាកំណត់ចម្បងបំផុត គឺកត្តាថ្នាក់ដឹកនាំ។ នៅក្នុងដំណាក់កាលទាំងអស់ នៃការប្រយុទ្ធនឹងជំងឺនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានទស្សនវិស័យខ្ពស់ និងការវាយតម្លៃ សភាពការណ៍ច្បាស់លាស់ ដោយហ៊ានធ្វើការអារកាត់សម្រេចចិត្ត បានត្រឹមត្រូវ, ច្បាស់លាស់ និងទាន់ពេលវេលា។ សំខាន់បំផុត គឺការជ្រើសរើសប្រភេទវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងទូទាំងប្រទេស រហូតបង្កើតបានភាពស៊ាំ ក្នុងសហគមន៍ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ និងការបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ។

លោក បន្តថា ពិតណាស់យើងមានករណីស្លាប់ ដោយសារជំងឺកូវីដ-១៩ ដូចប្រទេសដទៃដែរ ដែលនេះគឺការសោកស្តាយមួយ។ ប៉ុន្តែ បើគ្មានការសម្រចចិត្តត្រឹមត្រូវនោះទេ គឺសោដនាដកម្មអាចនឹងមាន សភាពធ្ងន់ធ្ងរជាងនេះ ហើយចុងក្រោយ សម្តេចតេជោ ក៏អាចសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ ដូចដែលអ្វីដែល សម្តេច ធ្លាប់ធ្វើនៅក្នុងការរំដោះ ប្រជាពលរដ្ឋ ចេញពីការកាប់សម្លាប់នៃរបប ប៉ុល ពត។ ទាំងនេះ គឺជាវីរភាពរបស់ សម្តេចតេជោ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ទោះក្នុងកាលៈទេសៈស្មុគ្រស្មាញយ៉ាងណា ក៏សម្តេចអាចគ្រប់គ្រងស្ថានការណ៍ ក្នុងការដឹកនាំបញ្ជាដោយ អាចធ្វើការសម្រេចចិត្តអារកាត់ប្រកបដោយ ការពិចារណាវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ លើគ្រប់ទិដ្ឋភាព និងប្រកបដោយការទទួលខុសត្រូវ៕

To Top