ព័ត៌មានជាតិ

Update: សម្ដេចតេជោ ប្រកាសដកខ្លួនជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិថ្មីនេះ ខណៈលោក ហ៊ុន ម៉ាណែត នឹងឡើងជំនួសវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសដកខ្លួនជានាយករដ្ឋមន្ដ្រី ក្នុងអាណត្តិថ្មីនេះ ហើយ សម្ដេច នឹងធ្វើជាប្រធានព្រឹទ្ធសភាវិញ ខណៈ លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ដ្រី វិញ នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

តាមរយៈវិដេអូផ្សាយផ្ទាល់ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដែល សម្តេច ប្រញាប់ប្រញាល់លាឈប់ពី តំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុន សម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។

សម្ដេច គូសបញ្ជាក់ថា  «ខ្ញុំព្រះករុណ ខ្ញុំពិតបានជាប្រកាសខ្លួនថា ប្រកាសខ្លួនថា ជាបេក្ខជននាយករដ្ឋមន្ត្រី នីតិកាលទី ៧ ហើយឯកឧត្ដម ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋមន្ត្រី អនាគត តែសភាពការណ៍ គឺបានតម្រូវឲ្យត្រូវធ្វើការរៀបចំរាជរដ្ឋាភិបាល ចាប់ពីដើមអាណត្តិនេះទៅ ដើម្បីធានានូវភាពរលូន នៃដំណើរការរាជរដ្ឋាភិបាល ដោយគ្មានអាក់ខាន»។

សម្ដេច បន្ដថា បើសិន សម្ដេច បន្តធ្វើជានាយករដ្ឋមន្ត្រី ១ឆ្នាំ ឬ ២ឆ្នាំទៀត រួចហើយទើបលាលែងចេញនោះ សភាពការណ៍នឹងមានអស្ថេរភាពក្នុងមួយរយៈកាល។ សម្ដេច ថា  ដូច្នេះ វាមានការចាំបាច់ណាស់ ដើម្បីឲ្យគណៈរដ្ឋមន្ត្រីថ្មីមួយ ដែលភាគច្រើនសុទ្ធតែមនុស្សវ័យក្មេង ទទួលបាននូវកិច្ចការដែលពួកគេទទួលខុសត្រូវ សម្រាប់ថ្ងៃអនាគត។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា លោក ហ៊ុន ម៉ាណែត នឹងក្លាយខ្លួនជា នាយករដ្ឋមន្ដ្រី នៅប្រមាណជា ៣អាទិត្យតែប៉ុណ្ណោះ ព្រោះ លោក ហ៊ុន ម៉ាណែត មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើជានាយករដ្ឋមន្ដ្រី។

សម្ដេច គូសបញ្ជាក់ទៀតថា «ហ៊ុន ម៉ាណែត នឹងក្លាយខ្លួនជា នាយករដ្ឋមន្ដ្រី នៅប្រមាណជា ៣អាទិត្យតែប៉ុណ្ណោះ។ ហ៊ុន ម៉ាណែត មានលទ្ធភាពហើយ ឥឡូវ ហ៊ុន ម៉ាណែត បានបំពេញរួចហើយ នៅភារកិច្ចចំនួពីរ៖ ទីមួយ គណបក្សបានឯកឆ័ន្ទ តែងតាំង ហ៊ុន ម៉ាណែត ជាបេក្ខជន នាយករដ្ឋមន្ដ្រី ឥឡូវនឹងក្លាយជានាយករដ្ឋមន្ដ្រី នៅពេលប៉ុន្មានសប្ដាហ៍ខាងមុខ។ ទីពីរ ហ៊ុន ម៉ាណែត ជាប់ជាតំណាងរាស្ដ្រ រួចសម្រេចទៅ»។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ក្រោយដកខ្លួន សម្តេចនឹងមិនលូកដៃ ឬជ្រៀតជ្រែកក្នុងកិច្ចការនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ លោក  ហ៊ុន ម៉ាណែត នោះឡើយ។ ប៉ុន្តែ សម្តេច នឹងបន្តធ្វើជាអ្នកនយោបាយ ដោយធ្វើជាប្រធានគណបក្សកាន់អំណាច ប្រធានព្រឹទ្ធសភា និងប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ៕

To Top