ពិភពលោកនាសព្វថ្ងៃនេះ គឺពោរពេញទៅដោយភាព មិនប្រាកដប្រជា តែមនុស្សជាតិចង់បាន អនាគតដ៏ត្រចះត្រចង់មួយ។ មនុស្សជាតិក៏កំពុងស្ថិតនៅក្នុង សម័យកាលដែលពោរពេញ ទៅដោយបញ្ហាប្រឈម និងការកើនឡើងនូវហានិភ័យជាច្រើន។ កំណើនសេដ្ឋកិច្ច ជាសកលមានភាពយឺតយ៉ាវ ផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុ នៅតែបន្តកើតមាន ហើយគម្លាតនៃការអភិវឌ្ឍ ក៏កាន់តែរីកធំឡើង។ ជម្លោះប្រដាប់អាវុធកើតឡើងជារឿយៗ។
ផ្នត់គំនិតរបស់សង្គ្រាមត្រជាក់ និងនយោបាយឯកតោភាគី របស់មហាអំណាចនៅតែមាន។ ការគម្រាមកំហែងដល់ សន្តិសុខពិភពលោក អំពើភេរវនិយម វិបត្តិជនភៀសខ្លួន ជំងឺឆ្លងជាសកល Covid-19 និងបញ្ហានៃការប្រែប្រួលអាកាសធាតុ ដែលជាពិសេសចំណុច សំខាន់បំផុតនោះគឺ ភាពក្រីក្ររបស់ប្រជាជន ដែលកំពុងជាបញ្ហាដ៏ រសើបសម្រាប់មនុស្សជាតិ សម្រាប់ពិភពលោក សម្រាប់សហគមន៍រួមរបស់មនុស្សជាតិ។
តើពិភពលោកនឹងកំពុងប្រឈមមុខ នឹងបញ្ហាចម្បងអាទិភាពណាមួយ? តើមនុស្សជាតិគួរឆ្លើយតបយ៉ាងដូចម្តេច ចំពោះស្ថានការណ៍ដែលខ្លួនកំពុងរស់នៅ? មនុស្សជាតិនាពេលសព្វថ្ងៃនេះ កំពុងតែឈ្វេងយល់ និងកំពុងព្យាយាមឆ្លើយ ទៅនឹងសំណួរទាំងនេះ។ ខាងក្រោមនេះ ខ្ញុំនឹងលើកយកនូវចំណុច ជាអាទិភាពខ្ពស់បំផុតដែលជា តម្រូវការជាក់ស្តែងរបស់មនុស្សជាតិ។
១- បញ្ហាអាទិភាពរបស់មនុស្សជាតិ
បញ្ហាដ៏ធំចម្បងនិងអាទិភាពបំផុត ដែលមនុស្សជាតិនៅក្នុងពិភពលោក កំពុងប្រឈមមុខនោះគឺភាពក្រីក្រ ហើយការប្រកបរបរចិញ្ចឹមជីវិត និងស្ថានភាពប្រសើរឡើង នៃជីវិតរបស់មនុស្ស កំពុងស្ថិតនៅក្នុងភាពប្រឈម ក្នុងពេលដែលជំងឺCovid-19កំពុងអត្ថិភាព។ យោងតាមរបាយការណ៍របស់ អង្គការសហប្រជាជាតិ នៅឆ្នាំ២០២០ ទូទាំងពិភពលោកមានបរិមាណថ្មី នៃចំនួនប្រជាជនប្រមាណ ១៣២លាននាក់បន្ថែមទៀត រស់នៅក្នុងភាពក្រីក្រ ដែលនាំឱ្យចំនួនអ្នកក្រីក្រ សរុបកើនឡើងដល់ ៨០០លាននាក់។
បើគិតជាមធ្យម ក្នុងចំណោមមនុស្ស១០ មាន១នាក់ កំពុងស្ថិតនៅក្នុងភាពស្រេកឃ្លាន ឬទុរភិក្ស។ អ្វីដែលកាន់តែព្រួយបារម្ភនោះគឺថា ការរីករាលដាលនៃជំងឺ Covid-19 កាន់តែបន្តរយៈពេលរបស់វា ហើយថ្មីៗនេះមេរោគបម្លែងខ្លួនថ្មី ដែលត្រូវបានប្រសិទ្ធនាមថា Omicron កំពុងតែបន្ថែមបន្ទុកដល់វិបត្តិ នៃភាពក្រីក្ររបស់មនុស្សជាតិ ហើយវាក៏បានចូលរួមចំណែក ដល់បន្ទុកនៃរាល់បញ្ហានានា របស់សង្គម រួមមានវិស័យអប់រំ វិស័យសុខាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
២- គំរូល្អរបស់ចិនក្នុងការ លុបបំបាត់ភាពក្រីក្រ
បទពិសោធន៍កាត់បន្ថយភាព ក្រីក្ររបស់ប្រទេសចិន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយបានដោះស្រាយ ទាំងស្រុងនូវភាពក្រីក្រ ដោយបានរំដោះប្រជាជនចិនទាំងអស់ ចាកចេញផុតទាំងស្រុងពីភាពក្រីក្រ បើទោះបីជាប្រទេសចិន ឬពិភពលោកកំពុងទទួលរង នូវឥទ្ធិពលនៃការរាតត្បាត ជាសកលនៃជំងឺCovid-19។ ចម្លើយនេះនឹងត្រូវបកស្រាយលម្អិត នៅក្នុងចំណុចខាងក្រោមនេះ៖
២.១- ត្រីវិស័យប្រកបដោយគរុសភា
រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការកសាងផែនការយុទ្ធសាស្ត្រ ដោយបង្កើតឡើងនូវត្រីវិស័យ ចង្អុលមាគ៌ាប្រកបដោយលក្ខណៈគរុសភា តាមរយៈទិន្នន័យពី ក្រុមបញ្ញាញាណជាតិ។ នេះជាវេទិកាដ៏សំខាន់នៃ ការគាំទ្ររបស់រដ្ឋាភិបាលតាមរយៈ ការប្រើប្រាស់នូវត្រីវិស័យសម្រាប់ ការងារកាត់បន្ថយភាពក្រីក្រ។
តាំងពីពេលប្រកាសជាផ្លូវការនាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តែងបានចាត់ទុកថាការ កាត់បន្ថយភាពក្រីក្រថាជា “សត្រូវ” ហើយជាពិសេសនៅក្នុងអាណត្តិ ដឹកនាំរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិនបានប្រកាស “សង្គ្រាម” ប្រឆាំងនឹងភាពក្រីក្រ ដែលនេះជាយុទ្ធសាស្រ្តជាតិ ដែលត្រូវបានអនុវត្តនៅក្នុង ក្របខ័ណ្ឌប្រទេសទាំងមូល។ ការិយាល័យកាត់បន្ថយភាពក្រីក្រ និងស្ថាប័នផ្សេងៗត្រូវបានបង្កើតឡើងចាប់ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន។
តាមមធ្យោបាយនេះ បញ្ហា ឬឫសគល់ទាំងអស់ ដែលនាំឱ្យមានភាពក្រីក្រ ត្រូវបានដោះស្រាយជាប្រព័ន្ធ ទាំងមូលរបស់ជាតិ។ បើតាមការយល់ដឹងផ្ទាល់ខ្លួន ទី១-“ការិយាល័យកាត់បន្ថយភាពក្រីក្រ” គឺជាអង្គការពិសេសមួយសម្រាប់ អនុវត្តគម្រោងដ៏មហិមារបស់ជាតិ។ ទី២-លើកកម្ពស់ការកាត់បន្ថយភាពក្រីក្រដល់កម្ពស់បុព្វហេតុមនុស្ស និងចាត់ទុកការកាត់បន្ថយ ភាពក្រីក្រក្នុងប្រទេសចិន ជាផ្នែកមួយនៃការលើកកម្ពស់ ការអភិវឌ្ឍរបស់សង្គមជាតិ។
ក្នុងពេលដែលបកប្រែជា ខេមរភាសាសៀវភៅ ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន ភាគទី៣ ខ្ញុំបានកត់សម្គាល់លើជំពូកស្តីពី កាត់បន្ថយភាពក្រីក្រ ដែលបានសរសេរសំដៅដល់ ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ដែលជាការប្រឆាំងនឹងភាពក្រីក្រ របស់មនុស្សរបស់មនុស្សជាតិ ប្រចាំសតវត្សរ៍ទី២១នេះ ដែលនេះជាទស្សនវិជ្ជា ដ៏អស្ចារ្យមួយរបស់មនុស្សជាតិ។ ក្រោមទស្សនវិជ្ជាដ៏មហិមានេះ ប្រទេសចិនបានសម្រេច លទ្ធផលដ៏អស្ចារ្យ ដោយចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ចំនួនប្រជាជនក្រីក្ររបស់ ប្រទេសចិនបានថយចុះពី ៩៨.៩៩លាននាក់មក ៣០.៣៦លាននាក់។ ក្នុងរយៈពេលប្រាំឆ្នាំ ប្រជាជនចំនួន ៦៨.៥៣លាននាក់ ត្រូវបានកាត់បន្ថយភាពក្រីក្រ ហើយអត្រានៃការកាត់បន្ថយ ភាពក្រីក្រមានកម្រិតខ្ពស់រហូតដល់ ៧០% ។ នេះជាវណ្ណកម្មសមិទ្ធផលមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ លើការលុបបំបាត់ភាពក្រីក្រ ហើយខ្ញុំជឿជាក់ថា គ្មានប្រទេសណាអាចធ្វើបាន ដូចប្រទេសចិនឡើយ។
ការលើកឡើងនេះជាការបញ្ជាក់ថា ចំណុចប្រទាក់ក្រឡាទាំងពីរខាងលើ បានជំរុញឱ្យគម្រោងយក្ស នៃការកាត់បន្ថយភាពក្រីក្រ របស់ប្រទេសចិនមានតម្លៃ និងជាគំរូសម្រាប់ការអនុវត្ត ហើយត្រូវក្លាយជាយន្តការ វិទ្យាសាស្រ្តសម្រាប់ពិភពលោក ឬមនុស្សជាតិយកទៅ សិក្សានិងចែករំលែក។
២.២- ប្រជាជនជាអាទិភាពខ្ពស់បំផុត
ការណ៍ដែលរដ្ឋាភិបាលចិន បានតម្កល់ផលប្រយោជន៍ ប្រជាជនជាអាទិភាពខ្ពស់បំផុត គឺជាសក្ខីភាពយ៉ាងជាក់ស្តែង និងប្រត្យក្សថា ប្រទេសចិនគឺជាប្រទេស ដែលគោរពយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវគោលការណ៍ សិទ្ធិមនុស្សបានល្អបំផុត។ គោលនយោបាយរបស់ ប្រទេសចិនត្រូវបានបង្កើតឡើង ដោយផ្តោតយកសិទ្ធមនុស្សជាមូលដ្ឋាន ជាស្នូល ដើម្បីផ្តល់សិទ្ធិ និងផលប្រយោជន៍ទាំងស្រុង ជូនដល់ប្រជាជនក្នុងនាម ជាម្ចាស់ប្រទេស ជាម្ចាស់អំណាច។
ដោយឡែក ក្នុងនាមជាបក្សកាន់អំណាច បក្សកុម្មុយនិស្តចិនខ្លួនឯង ពិតជាតំណាងយ៉ាងច្បាស់ លាស់និងត្រឹមត្រូវឱ្យផលប្រយោជន៍ប្រជាជន។ គោលនយោបាយទាំងអស់ គឺផ្អែកលើផលប្រយោជន៍ របស់ប្រជាជនចិន។ អ្វីដែលចិន អនុវត្តគឺជាគោលនយោបាយ ប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ១០០%។ នយោបាយប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ប្រទេសចិន មិនមែនគ្រាន់តែជាការលើកបដា ឬសរសេរ ឬនិយាយទេ តែវាជាការអនុវត្ត និងកំពុងផ្តល់ផល ដែលមនុស្សជាតិ ជាពិសេសអង្គការសហប្រជាជាតិត្រូវផ្តល់រង្វាន់ និងផ្តល់មេដាយក្នុងនាមជាអ្នកឆ្នើម ក្នុងការកាត់បន្ថយភាពក្រីក្រ និងផ្តល់ផលប្រយោជន៍ដល់ ប្រជាជនស្របតាមគោលការណ៍ សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ជារួម ប្រទេសចិនបានតម្កល់សិទ្ធិ និងផលប្រយោជន៍របស់ ប្រជាជនជាអាទិភាពខ្ពស់បំផុត ដែលនេះជាមូលដ្ឋានសម្រាប់ក សាងសហគមន៍ជោគវាសនា រួមមនុស្សជាតិ រួមគ្នាដោះស្រាយបញ្ហានៃភាពក្រីក្រ ហើយវាក៏ជាការធានាជាមូលដ្ឋាន សម្រាប់ធានាដល់ចីរភាពនៃ ការអភិវឌ្ឍសង្គមជាតិ របស់មនុស្សជាតិផងដែរ។
២.៣- ប្រសិទ្ធផលនៃ ការសម្រេចគោលដៅ
អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំង បំផុតអំពីការសម្រេចបាននូវគោលដៅ ទី១នៃ”គោលដៅពីរប្រចាំសតវត្សរ៍” ប្រទេសចិនមានមោទកភាព ក្នុងចំណោមបណ្តាប្រជាជាតិ នានាក្នុងពិភពលោក។ ការសម្រេចបាននូវការកាត់បន្ថយ ភាពក្រីក្ររបស់ប្រទេសចិន មិនអាចឃ្លាតឆ្ងាយពីកម្មាភិបាលជួរមុខ ដែលបានចូលរួមនៅក្នុង ការសម្រេចគោលដៅនេះ។ កម្មាភិបាលជួរមុខប្រកបដោយ ឋាមភាពពុទ្ធិនិងបទពិសោធន៍ ព្រមទាំងប្រកបដោយភាពអំណត់ អត់ធ្មត់ និង ពោរពេញដោយឆន្ទៈ ដើម្បីដណ្តើមមកវិញនូវឧត្តមភាព នៃជីវភាពរស់នៅរបស់ប្រជាជនចិន។ កម្មាភិបាលជួរមុខទាំងនេះ បានចាត់តាំងឱ្យទៅបំពេញភារកិច្ចនៅតាមភូមិ ហើយកម្មាភិបាលទាំងនោះ បានបង្កើតនូវវិធីជាប្រព័ន្ធតាមត្រីវិស័យ ដែលបានដាក់ចេញដោយរដ្ឋាភិបាល។
២.៤- យន្តការត្រួតពិនិត្យ
ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ យន្តការត្រួតពិនិត្យ គឺជាសវនកម្ម និងជាការផ្ទៀងផ្ទាត់ដ៏ចាំបាច់ ដែលត្រូវបានដាក់ចេញ និងផ្តល់នូវរបាយការណ៍សន្និដ្ឋាន ឬបូកសរុបដល់ថ្នាក់ដឹកនាំ ឬជារបាយការណ៍សាធារណៈដើម្បីបញ្ជាក់ថា ប្រជាជនចិនពិតជាបានចាកផុតពីភាពក្រីក្រ។ យន្តការនេះក៏ចូលរួមដណ្តើមមកវិញ នូវពេលវេលាសមស្រប និងជាក់ស្តែងលើការអនុវត្តគម្រោង ហើយជាការប្រកាសលើកទឹកចិត្ត បន្ថែមដល់កម្មាភិបាលជួរមុខ ដើម្បីបង្កើនល្បឿនក្នុងការ កាត់បន្ថយភាពក្រីក្រ។
៣- ការកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ
ចាប់តាំងពីឆ្នាំ២០១៧មក ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិនបានដាក់ចេញ នូវគំនិតផ្តួចផ្តើមស្តីពី សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ បានបង្កប់ខ្លឹមសារសំខាន់ ពីការកសាងអនាគត និងជោគវាសនារួមគ្នានៃ ប្រទេសនីមួយៗ ហើយជាការផ្សារភ្ជាប់ទំនាក់ទំនង យ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេស ទាំងអស់នៅក្នុងពិភពលោក។
ក្នុងពេលដែលបកប្រែជា ខេមរភាសាសៀវភៅ ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន ភាគទី២ ខ្ញុំចាំបានថា ឯកឧត្តមស៊ី ជីនភីង សង្កត់ធ្ងន់ថា ផែនដីរបស់យើងគឺមានតែមួយគត់ ហើយមនុស្សជាតិរបស់យើង មានផ្ទះតែមួយគត់ផងដែរ។ ក្នុងន័យនេះ សហគមន៍ជោគវាសនារួម នៃមនុស្សជាតិជាតម្រូវការអាទិភាព សម្រាប់ពិភពលោក ដោយពិភពលោកត្រូវខិតខំ ១-លើកតម្កើងគោលការណ៍ពហុភាគី និងប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែង របស់គ្រប់ភាគីដើម្បីបង្កើត បាននូវយន្តការរួមក្នុងការតម្កល់ ផលប្រយោជន៍មនុស្សជាតិ ជាអាទិភាពខ្ពស់បំផុតដូចទៅ នឹងអ្វីដែលចិនបាននិងកំពុង បន្តលើកតម្កើង។ ២-ធ្វើការផ្សព្វផ្សាយជាវិជ្ជមាន និងជាសាធារណៈបន្ថែមទៀត អំពីគំនិតអភិវឌ្ឍរបស់ប្រទេសចិន ដើម្បីឱ្យប្រទេសនានា ជុំវិញពិភពលោកបានយល់ កាន់តែស៊ីជម្រៅអំពីកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន និងសមិទ្ធផលនៃការអភិវឌ្ឍជាតិ ដែលជាពិសេសគឺ ការកាត់បន្ថយភាពក្រីក្រ សំដៅធ្វើឱ្យប្រសើរឡើងនូវពិភពលោក នាពេលអនាគតសម្រាប់ទាំងអស់គ្នា ហើយសង្គមទាំងមូលរបស់ ពិភពលោកគឺជាអនាគតរួម សម្រាប់មនុស្សជាតិ។
ជាមួយគ្នាផងដែរ ប្រជាជនទាំងអស់នៅ លើពិភពលោកត្រូវបន្តលើក ទឹកចិត្តដល់ប្រទេសចិន ហើយលើកទឹកចិត្តដល់ រដ្ឋាភិបាលរបស់បណ្តាប្រទេសទាំងអស់ ក្នុងការចូលរួមលើកតម្កើង ទស្សនវិជ្ជាចិនសម្រាប់សតវត្សរ៍ទី២១ ដែលទទួលបានផ្លែផ្កាយ៉ាងជាក់ច្បាស់ លើការកាត់បន្ថយភាពក្រីក្រ។ ៣-ចូលរួមផ្សព្វផ្សាយជាសកលនូវ បទពិសោធន៍កាត់បន្ថយ ភាពក្រីក្រតាមបែបចិន ដោយបំប្លែងពីការនិយាយ ឬការសរសេរនៅលើក្រដាស ទៅជាការប្រយុទ្ធជាក់ស្តែង លើសមរភូមិនៃភាពក្រីក្រ ដូចទៅនឹងអ្វីដែលប្រទេសចិន បានឈ្នះលើសង្គ្រាមនៃ ភាពក្រីក្រនេះ។សម្រាប់ភាពជោគជ័យដ៏អស្ចារ្យ នៃការកាត់បន្ថយភាពក្រីក្រតាមបែបចិន យើងមិនត្រឹមមានការភ្ញាក់ផ្អើល និងការកោតសរសើរប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវការការស្រាវជ្រាវ និងការផ្សព្វផ្សាយបន្ថែមទៀត ដល់មនុស្សជាតិនៅលើពិភពលោក។
ប្រសិនបើបទពិសោធន៍ របស់ប្រទេសចិនត្រូវបានដាក់ ឱ្យអនុវត្តនៅក្នុងផ្នែកខ្លះនៃពិភពលោក វាគឺជាភាពជោគជ័យ និងជាការជ្រើសរើស ផ្លូវវាងប្រកបដោយឋាមភាព ឥស្សរភាព និងប្រសិទ្ធភាពខ្ពស់ដែលមាន ប្រយោជន៍ខ្លាំងណាស់ដល់ ការលុបបំបាត់ភាពក្រីក្រ។ ប្រទេសនីមួយៗអាចអញ្ជើញ ឬពិភាក្សាលម្អិតជាមួយ អ្នកជំនាញរបស់ចិន ដើម្បីផ្តល់នូវបទពិសោធន៍ នៃកាត់បន្ថយភាពក្រីក្រ ដើម្បីយកទៅរួមបញ្ចូលគ្នា ជាមួយគោលនយោបាយជាតិរៀងៗខ្លួន ឱ្យសមស្របទៅនឹងស្ថានការណ៍ ស្ថានភាព ទីតាំង និងពេលវេលាជាក់ស្តែង។
ជារួម សហគមន៍ជោគវាសនារួម នៃមនុស្សជាតិពិតជាតម្រូវការ អាទិភាពសម្រាប់ពិភពលោក ដែលជាគំនិតដ៏សំខាន់មួយដែល ត្រូវបានផ្តួចផ្តើមឡើងដោយ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ដើម្បីសម្រេចបាននូវ ឧត្តមគតិ ទស្សនវិស័យ និងចក្ខុវិស័យរួមរបស់មនុស្សជាតិ និងសម្រេចបាននូវសុខដុមរម្យនា និងសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយ ចីរភាពជូនដល់ពិភពលោក។ ខ្ញុំគិតថាគំនិតដ៏ឈ្លាសវៃនេះ មិនត្រឹមតែជាការសង្ខេប ដ៏សំខាន់នៃបទពិសោធន៍ ១០០ឆ្នាំ របស់បក្សកុម្មុយនិស្តចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំនិតផ្តួចផ្តើម ដែលមិនគិតតែពី ផលប្រយោជន៍ជនជាតិចិន ឬប្រទេសចិនតែឯកឯងនោះទេ ពោលគឺសម្រាប់ការអភិវឌ្ឍ រួមគ្នាប្រកបដោយ សុខដុមនីយកម្មនិងផលប្រយោជន៍ រួមគ្នារបស់មនុស្សជាតិទូទៅ។
ខុងជឺធ្លាប់បានទូន្មានថា “ទង្វើ ឬការអនុវត្តឱ្យបានច្រើនជាង ឬមុនការនិយាយ” ដែលនេះកំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ចិនជាប្រទេសដែលគោរព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ហើយបាននិងកំពុងចាក់ឬស យ៉ាងជ្រៅទៅក្នុងផ្នត់គំនិត របស់ប្រជាជន តាមរយៈការលុបបំបាត់ភាពក្រីក្រ ការផ្តល់ផលប្រយោជន៍ ជាអាទិភាពដល់ប្រជាជន ជាប្រទេសដែលពោរពេញដោយសន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងពោរពេញដោយទស្សនៈ សន្តិភាពនិយមសម្រាប់ពិភពលោក ។ យើងពិតជាមិនមានអ្វី ដែលងឿងឆ្ងល់ចំពោះការគាំទ្រ ទាំងស្រុងរបស់ប្រជាជនចិន ទាំងអស់ចំពោះរដ្ឋាភិបាលចិន និងការលើកទឹកចិត្ត និងចូលរួមរបស់ប្រជាជនទាំងអស់ នៅលើពិភពលោកក្នុងការជ្រើសរើស ឈរជាមួយប្រទេសចិន ដើម្បីកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ និងរួមគ្នាពណ៌នាអំពី អនាគតរបស់មនុស្សជាតិ។
ដោយ៖ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន