បច្ចុប្បន្នភាព
ប្រទេសរុស្ស៊ី កំពុងមានប្រៀបលើអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) ហៅកាត់ថា ណាតូ (NATO) ក្នុងសង្គ្រាមដណ្តើមយកប្រទេសអ៊ុយក្រែន ដែលមានទីតាំង នៅជាប់ជាមួយប្រទេសរុស្ស៊ី ។
រុស្សីកំពុងមានប្រៀប លើ អង្គការណាតូ ក្នុងចំណុច សំខាន់ ៣ គឺទី១ រុស្ស៊ីមានប្រៀបខាងយោធា ទី២ មានប្រៀបខាងការទូត និងទី៣ រុស្ស៊ីកំពុងមានប្រៀបខាង នយោបាយ នៅក្នុងប្រទេស អ៊ុយក្រែនផ្ទាល់ ខណៈ ដែលអង្គការណាតូ ហាក់ដូចជានៅឆ្ងាយនៅឡើយ ។
ទី១ រុស្ស៊ីមានប្រៀបខាងយោធា គឺរុស្ស៊ីបានឡោមព័ទ្ធ ប្រទេសអ៊ុយក្រែន ស្ទើរជុំវិញ នៅទិសខាងកើត ខាងជើង និងខាងត្បូង ដែលអាចវាយប្រហារ ចូលក្នុងប្រទេសអ៊ុយក្រែន ពេលណាក៏បាន និងបានធ្វើអោយ សហភាពអឺរ៉ុប អង្គការណាតូ និងសហរដ្ឋអាមេរិកព្រួយបារម្ភ ។
ប្រទេសរុស្ស៊ី បានបង្កើនសមត្ថភាពកងកម្លាំងយោធារបស់ខ្លួន កាន់តែខ្លាំងនៅតាមព្រំដែន ជាប់ជាមួយអ៊ុយក្រែន ខណៈដែលអង្គការណាតូ និងសហរដ្ឋអាមេរិក បានទាមទារអោយរុស្ស៊ី ដកកម្លាំងយោធាចេញ ពីតំបន់ព្រំដែនជាបន្ទាន់ ។
រុស្ស៊ីមិនបានដកកងទ័ព ចេញពីតំបន់ព្រំដែន ជាប់ជាមួយអ៊ុយក្រែនទេ តែផ្ទុយទៅវិញ រុស្ស៊ីបានបង្កើន បរិមាណកងទ័ព និងគ្រឿងយុទ្ធោបករណ៍ កាន់តែច្រើននៅតាមព្រំដែន និងនៅប្រទេសបេឡារុស ដែលជាប្រទេសជាប់ព្រំដែនជាមួយអ៊ុយក្រែន ថែមទៀត ។
ការដាក់ពង្រាយកង ទ័ពឡោមព័ទ្ធប្រទេសអ៊ុយក្រែន៣មុំ គឺខាងកើត ខាងជើង និងខាងត្បូងនេះហើយ ដែលគេមើលឃើញថា ប្រទេសរុស្ស៊ី កំពុងមានប្រៀបខាង យោធា លើអង្គការណាតូក្នុងសង្គ្រាមដណ្តើម យកប្រទេសអ៊ុយក្រែន ដោយអង្គការណាតូ ក៏បានសន្យាថា នឹងឆ្លើយតបខាង យោធាទៅលើប្រទេសរុស្ស៊ីវិញដែរ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានសកម្មភាព យោធាជាក់លាក់ពីអង្គការណាតូ ដែលជាការឆ្លើយតបលើរុស្ស៊ីនោះទេ ។
ទី២ រុស្ស៊ី មានប្រៀប ខាងការទូត គឺរុស្ស៊ីបានបង្ខំមេដឹកនាំរបស់អង្គការណាតូ និង សហរដ្ឋអាមេរិក ជ្រួលច្របល់ និងភិតភ័យយ៉ាងខ្លាំង ដោយសារសម្ពាធខាងយោធា នៅតាមតំបន់ព្រំដែន រវាងរុស្ស៊ី និងអ៊ុយក្រែន នៅសមុទ្របាល់ទិក និងនៅប្រទេសបេឡារុស ដែលជាប្រទេសជិត ខាងអ៊ុយក្រែន និងប្រទេសអឺរ៉ុបមួយចំនួនទៀត ។
មេដឹកនាំរបស់ប្រទេសរុស្ស៊ី អង្គការណាតូ និងសហរដ្ឋអាមេរិក បានជួបគ្នាជាច្រើនលើក ដើម្បីពិភាក្សាអំពីភាពតានតឹង និងការប្រឈមមុខដាក់គ្នា ខាងយោធារវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែភាពតានតឹង នៅតែ មិនអាចធូរស្រាលបាន ។
ដើម្បីបន្ធូរបន្ថយ ឬបញ្ចប់ភាព តានតឹង នៅតាមព្រំដែន របស់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន អង្គការណាតូ និងសហរដ្ឋអាមេរិក មិនមានជម្រើសផ្សេង ក្រៅតែពីបង្កើនទំនាក់ទំនងការទូត ជាមួយប្រទេសរុស្ស៊ីនោះទេ ដែលជាច្រេកចេញតែមួយគត់ ក្នុង សំណុំរឿងនេះ ។
ទី៣ រុស្ស៊ីកំពុងមានប្រៀបខាង នយោបាយនៅក្នុងប្រទេស អ៊ុយក្រែនផ្ទាល់ គឺបើតាមប្រមុខការទូត របស់ចក្រភពង់គ្លេស លោកស្រី Liz Truss បានលើកឡើងថា ប្រទេសរុស្ស៊ីកំពុងធ្វើអោយ ប្រទេសអ៊ុយក្រែនចុះខ្សោយក្នុងការដឹកនាំក្នុងស្រុក ។
លោកស្រី Liz Truss បានបន្ថែមថា ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កំពុងព្យាយាមលើកបន្តុបមេដឹកនាំរបស់ប្រទេសអ៊ុយក្រែន ដែលមាននិន្នាការលំអៀង ទៅរកប្រទេសរុស្ស៊ី អោយឡើងកាន់តំណែង ជាមេដឹកនាំកំពូល អ៊ុយក្រែន ។
លោក ពូទីន កំពុងព្យាយាមបញ្ចុះបញ្ចូល អតីត មេដឹកនាំមួយចំនួន របស់ប្រទេសអ៊ុយក្រែន ដែលធ្លាប់មានប្រជាប្រិយភាព និងដែលមាននិន្នាការ ទៅរកការគាំទ្រប្រទេសរុស្ស៊ី និងមិនលំអៀងទៅរកសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការណាតូ ។
ចំណុចទាំង៣ខាងលើ នេះ គឺជាបង្ហាញអំពីប្រទេសរុស្ស៊ី ដែលកំពុងមានប្រៀប អង្គការណាតូ និងសហរដ្ឋអាមេរិក ក្នុងសង្គ្រាមដណ្តើម យកប្រទេសអ៊ុយក្រែន ដែលជាប្រទេសមានទីតាំង នៅជាប់ព្រំដែនជា មួយប្រទេសរុស្ស៊ី ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយប្រទេសរុស្ស៊ី និងអង្គការណាតូ មានជម្លោះដណ្តើមយកប្រទេស អ៊ុយក្រែន គឺដោយសារប្រទេសរុស្ស៊ី បានបង្កើនសកម្មភាពយោធា យ៉ាងខ្លាំងនៅតាមព្រំដែន ជាប់ជាមួយប្រទេសអ៊ុយក្រែន ដែលធ្វើអោយមានភាពតាន តឹងកើតឡើង ។
អង្គការណាតូ និងសហរដ្ឋអាមេរិក បានលើកឡើងថា ប្រទេសរុស្ស៊ី ដែលបានដាក់ពង្រាយ កងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍ នៅតាមព្រំដែនជាប់ ជាមួយអ៊ុយក្រែន គឺជាការត្រៀមកម្លាំង ដើម្បីចូលឈ្លានពានប្រទេសអ៊ុយក្រែននៅពេលខាងមុខ ។
អង្គការណាតូ និងសហរដ្ឋអាមេរិក បានទាមទារ អោយប្រទេសរុស្ស៊ី ដកកងទ័ពចេញពីតំបន់ព្រំដែនជាប់អ៊ុយក្រែន ដើម្បីបញ្ចប់ភាពតានតឹងខាងយោធា ប៉ុន្តែប្រទេសរុស្ស៊ី មិនបានធ្វើតាមការទាមទារ របស់អង្គការណាតូ និងសហរដ្ឋអាមេរិកទេ ។
ប្រទេសរុស្ស៊ី ដែលបានដាក់ពង្រាយកង ទ័ពនៅតាមព្រំដែន គឺ ដោយសារអង្គការណាតូ មានគម្រោងដាក់បញ្ចូល ប្រទេសអ៊ុយក្រែន ជាសមាជិករបស់ខ្លួន នៅពេលខាងមុខ ដែលរុស្ស៊ី បានជំទាស់មិនអោយណាតូដាក់បញ្ចូល អ៊ុយក្រែនជាសមាជិកនោះទេ ។
អ៊ុយក្រែនជាប្រទេសជាប់ព្រំដែន ជាមួយរុស្ស៊ី ហើយប្រសិនបើអង្គការ ណាតូ ដាក់បញ្ចូលអ៊ុយក្រែនជាសមាជិករបស់ខ្លួន អង្គការនេះអាចនឹងដាក់ពង្រាយ កងកម្លាំងយោធានៅជិតព្រំដែន អ៊ុយក្រែន និងរុស្ស៊ី ដែលជាសម្ពាធ ខាងយោធាលើរុស្ស៊ី ។
រុស្ស៊ី បានអះអាងថា ខ្លួននឹងដកកងទ័ពចេញ ពីតំបន់ព្រំដែនជាប់ជាមួយអ៊ុយក្រែន ប្រសិនបើអង្គការណាតូ ប្រកាសមិនទទួល យកអ៊ុយក្រែន ជាសមាជិករបស់ខ្លួន ហើយអង្គការនេះ ក៏ត្រូវបញ្ឈប់ការធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសជាសមាជិក នៅក្បែរខាងរុស្ស៊ី ។
អង្គការណាតូ មិនបានធ្វើតាមការទាមទារ របស់ប្រទេសរុស្ស៊ីនោះទេ ដែលជាហេតុនាំអោយមានការប្រឈមមុខ ដាក់គ្នាខាងយោធាកាន់តែខ្លាំង រវាងប្រទេសរុស្ស៊ី និងអង្គការណាតូ ដែលស្ទើរតែផ្ទុះចេញ ជាសង្គ្រាមទៅហើយ ៕
ដោយ ៖ អ៊ី ជិន