នយោបាយ

វិភាគ ៖ សមត្ថភាពកងទ័ពចិន មានប្រៀបលើអាមេរិក​​ ក្នុងសមរភូមិ នៅតំបន់អាស៊ី

បច្ចុប្បន្នភាព

លោក Justin Bronk អ្នកវិភាគយុទ្ធសាស្ត្រសង្គ្រាម នៅវិទ្យាស្ថាន សហរាជាណាចក្រអង់គ្លេស (Royal United Services Institute) ប៉ាន់ប្រមាណថា គិតត្រឹម ឆ្នាំ២០២១នេះ សមត្ថភាពកងទ័ព របស់ប្រទេសចិន ទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស កំពុងមានប្រៀបលើ សមត្ថភាពយោធា របស់សហរដ្ឋអាមេរិក ក្នុងតំបន់អាស៊ី ។

លោក Justin Bronk បានបញ្ជាក់ថា មូលហេតុដែលនាំអោយកងទ័ពចិន មានប្រៀបលើកងទ័ពអាមេរិក នៅតំបន់អាស៊ី គឺដោយសារមានកត្តា រួមផ្សំជាច្រើន ដូចជា ទីតាំងជិតជាង បរិមាណកងទ័ពច្រើនជាង ប្រព័ន្ធបច្ចេកវិទ្យា ទំនើបជាង និងការពង្រឹងកម្លាំង លើទីតាំងភូមិសាស្ត្រ ក្នុងតំបន់ទូលំទូលាយ ជាងសហរដ្ឋអាមេរិក ។

គិតត្រឹមឆ្នាំ២០២១នេះ ប្រទេសចិនមានកងទ័ព សរុបប្រមាណជាង ២ ១៨៥ ០០០នាក់ ជាកងទ័ពសកម្ម និងជាបរិមាណកងទ័ពច្រើន ជាងគេបំផុត នៅលើពិភពលោក ខណៈដែលសហរដ្ឋអាមេរិក មានចំនួនកងទ័ព សរុបប្រមាណ ជាង ១ ៤០០ ០០០នាក់ ដែលជាបរិមាណតិច ជាងប្រទេសចិន ជិតពាក់កណ្តាល ។

ចំនួនកងទ័ពសរុបច្រើន គឺអាស្រ័យលើចំនួនប្រជាជនសរុបច្រើនដែរ ដោយប្រទេសចិន មានចំនួនប្រជាជន សរុបប្រមាណជាង ១ ៤០០លាននាក់ នៅត្រឹមឆ្នាំ២០២១នេះ ខណៈដែលសហរដ្ឋអាមេរិក មានចំនួនប្រជាជន សរុបប្រមាណជាង ៣៣៣លាននាក់គិតត្រឹមឆ្នាំ២០២១ដូចគ្នា ដែលចំនួនតិចជាងចិនដល់ទៅជិត ៥ដង ។

លោក James Char សាស្ត្រាចារ្យជំនាញបច្ចេកវិទ្យា របស់សកលវិទ្យាល័យ Nanyang របស់ប្រទេសសិង្ហបុរី បាននិយាយថា ក្នុងរយៈពេលជាង មួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិន បានអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាយោធា ក្នុងល្បឿនយ៉ាងលឿន ទាំងគ្រឿងសព្វាវុធ ទាំងនាវាចម្បាំង និងទាំងយន្តហោះចម្បាំង ដែលជាក្បួនយុទ្ធសាស្ត្រមានប្រៀបលើគូប្រជែង មានប្រទេសក្នុងតំបន់ និងសហរដ្ឋអាមេរិកជាដើម ។

កាលពីថ្ងៃអង្គារ ទី២៨ ខែកញ្ញានេះ ប្រទេសចិនបានបើកសម្ពោធពិធី តាំងពិព័រណ៍គ្រឿង យុទ្ធោបករណ៍ផ្លូវអាកាស ដោយចិន បានដាក់ តាំងបង្ហាញយានដ្រូនប្រភេទ WZ-7 ថ្មីទំនើប មានប្រវែងរហូតដល់ ១៤ម៉ែត្រ ដែលមានសមត្ថភាព ពិសេសក្នុងការហោះហើរ ឈ្លបយកការណ៍ និងតាមដានមើលលើលំហសមុទ្រ ។

ក្នុងពិធីតាំងពិព័រណ៍នេះដែរ ប្រទេសចិនក៏បានដាក់តាំងបង្ហាញផងដែរ នូវយន្តហោះប្រដេញប្រភេទ J-16D ដែលជាប្រភេទយន្តហោះ ប្រដេញមានជំនាញច្បាស់លាស់ សម្រាប់សង្គ្រាម អេឡិចត្រូនិក ដោយមានសមត្ថភាព អាចបំផ្លាញរលកសញ្ញាវិទ្យុ និងបំផ្លាញប្រព័ន្ធទូរគមនាគមន៍ ទំនាក់ទំនងរបស់សត្រូវបានយ៉ាងងាយស្រួល ។

យន្តហោះប្រដេញ J-16D ក៏មានសមត្ថភាពខ្ពស់ផងដែរ ក្នុងការកម្ទេចប្រព័ន្ធរ៉ាដា ឬកម្ទេចប្រព័ន្ធចាប់ រលកសញ្ញាទីបញ្ជាការផ្លូវអាកាសរបស់សត្រូវ ខណៈដែលសង្គ្រាមកំពុង ចាប់ផ្តើមរវាងប្រទេសចិន និងគូសត្រូវ ប្រសិនបើមាន ។

អ្នកជំនាញផ្នែកប្រព័ន្ធ បច្ចេកវិទ្យាយោធា របស់ប្រទេសចិន បាននិយាយថា កងទ័ពចិន បានចាប់ផ្តើមប្រើប្រាស់យានដ្រូន ប្រភេទ WZ-7 និងយន្តហោះប្រដេញប្រភេទ J-16D ដែលត្រូវបានដាក់តាំងបង្ហាញ នៅក្នុងពិធីតាំងពិព័រណ៍គ្រឿង យុទ្ធោបករណ៍ផ្លូវអាកាសនេះរួចហើយ ដោយគ្រាន់តែយកទៅដាក់បង្ហាញដល់សាធារណៈជនតែប៉ុណ្ណោះ ។

អ្នកជំនាញដដែលបានបន្តថា យានដ្រូនប្រភេទ WZ-7 និង យន្តហោះប្រដេញប្រភេទ J-16D បានចូលរួមយ៉ាងសកម្ម ក្នុងប្រតិបត្តិការការពារសន្តិសុខ នៅច្រកសមុទ្រនៃកោះតៃវ៉ាន់ និងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលមានការចូលជ្រៀតជ្រែក ពីសំណាក់នាវាចម្បាំង របស់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត ។

ក្រៅតែពីយានដ្រូន និងយន្តហោះចម្បាំងខាងលើនេះ ប្រទេសចិន បានអភិវឌ្ឍន៍គ្រឿងយុទ្ធោបករណ៍ថ្មីៗ និងទំនើបៗជាច្រើនប្រភេទផ្សេងទៀត ក្នុងគោលដៅប្រកួតប្រជែង ជាមួយសហរដ្ឋអាមេរិក ដែលជាគូប្រជែងដ៏សំខាន់ នៅលើពិភពលោក ទាំងនៅពេលបច្ចុប្បន្ននេះ និងនៅពេលអនាគត ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេសចិន ដាក់តាំងបង្ហាញគ្រឿង យុទ្ធោបករណ៍ទំនើបចុងក្រោយ របស់ខ្លួនបែបនេះ គឺដោយសារចិនចង់ផ្ញើសារ ទៅកាន់សហរដ្ឋអាមេរិក អោយបានដឹងថា ចិនមិនអាចនៅស្ងៀមបានទេ ចំពោះការជ្រៀតជ្រែក ឬបង្ករឿងពីសំណាក់ សហរដ្ឋអាមេរិក តាមរយៈការបញ្ជូននាវាចម្បាំង ទៅកាន់ដែនទឹករបស់ប្រទេសចិន ។

អ្នកជំនាញផ្នែកយោធា និងយុទ្ធសាស្ត្រសង្គ្រាមជាច្រើន បានលើកឡើងថា សមត្ថភាពកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍របស់ប្រទេសចិន នៅទាបជាងសមត្ថភាពយោធា និងគ្រឿងយុទ្ធោបករណ៍ របស់សហរដ្ឋអាមេរិកនៅឡើយ បើប្រៀបធៀបជាលក្ខណៈអន្តរជាតិ ប៉ុន្តែបើប្រៀបធៀប ជាលក្ខណៈតំបន់ គឺចិនមានប្រៀបជាង ។

ឥទ្ធិពលយោធា នៅលើពិភពលោក គឺប្រទេសចិនមិនអាចប្រៀបធៀប នឹងសហរដ្ឋអាមេរិកបានទេ ប៉ុន្តែកំណើន នៃឥទ្ធិពលយោធារបស់ប្រទេសចិន បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយ ទសវត្សរ៍ចុងក្រោយនេះ ដែលធ្វើអោយ សហរដ្ឋអាមេរិកព្រួយបារម្ភ និងចាត់ទុកចិន ជាប្រទេសតែមួយគត់ នៅលើពិភពលោក ដែលគ្រោះថ្នាក់ចំពោះអាមេរិក ។

សហរដ្ឋអាមេរិក បានចាត់ទុកប្រទេសចិនរួចហើយថា ជាប្រទេសតែមួយគត់ នៅលើពិភពលោក ដែលជាគូប្រជែងដ៏គ្រោះ ថ្នាក់សម្រាប់សហរដ្ឋអាមេរិក ទាំងការបង្កើនឥទ្ធិពលយោធា បង្កើនឥទ្ធិពលសេដ្ឋកិច្ច និងការទូតផងដែរ ដែលកំពុងធ្វើអោយប៉ះពាល់ ដល់សហរដ្ឋអាមេរិក ជាបណ្តើរៗហើយ ៕
ដោយ ៖ អ៊ី ជិន

To Top
×