ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បេសកកម្មអ្នកសារព័ត៌មាន ពិតជាមានសារសំខាន់ ក្នុងការថែរក្សាសន្ដិភាព និងការពារអាយុជីវិតពលរដ្ឋពីជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា បេសកកម្មរបស់អ្នកសារព័ត៌មាន ពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែក ថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ព្រមទាំង ការពារអាយុជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីការយាយីនៃជំងឺឆ្លងកូរ៉ដ-១៩។

តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់និយាយជារួម និងនិយាយដោយឡែក ចំពោះអ្នកសារព័ត៌មាននៃស្ថាប័នវិទ្យុ ផ្សាយសំឡេងទាំងអស់ បានខិតខំពុះពារជំនះរាល់ឧបសគ្គក្នុងការបំពេញភារកិច្ចរបស់ខ្លួននៅ ក្នុងដំណាក់កាលដ៏លំបាក និងបានផ្សារភ្ជាប់ទំនាក់ទំនងក្នុងការផ្តល់ព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងស្វែងយល់ អំពីការពិត និងសភាពការណ៍នយោបាយសង្គម សេដ្ឋកិច្ចទាំងនៅកម្ពុជា និងទាំងនៅលើសកលលោក។

សម្ដេចតេជោ បន្ដថា ទន្ទឹមនេះសា្ថប័នវិទ្យុផ្សាយសំឡេង ក៏ដូចជាស្ថាប័នសារព័ត៌មាន បានចូលរួមប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយតាមបណ្ដាញទំនាក់ទំនងសង្គមនានា បង្កឡើងដោយពួកឱកាសនិយមដែលតែងត បង្កភាពចលាចល វឹកវរនៅក្នុងសង្គម ដោយបានធ្វើការពន្យល់ និងបកស្រាយយ៉ាងច្បាស់លាស់ឱ្យសាធារណជនជាតិ និងអន្តរជាតិយល់ច្បាស់ពីសភាពការណ៍ពិតនៅកម្ពុជា បានទាន់សភាពការណ៍។

សម្ដេចតេជោ មានប្រសាសន៍ថា «បេសកកម្មដ៏ថ្លៃថ្លារបស់បងប្អូនអ្នកសារព័ត៌មាន ពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែក ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ព្រមទាំង ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើងឱ្យរួចផុតពីការយាយីនៃជំងឺឆ្លងកូរ៉ដ-១៩ ដ៏កាចសាហាវ»។

សម្ដេចតេជោ បន្ដថា «ខ្ញុំសូមអំពាវនាវឱ្យបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ដែល កំពុងបំពេញការងារលើវិស័យព័ត៌មាននៅទូទាំងសកលលោក បង្កើនកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺឆ្លងកូវីដ-១៩ ឱ្យកាន់តែសកម្មថែមទៀត ដើម្បីការពារអាយុជីវិត និងសេចក្តីសុខសាន្តរបស់ប្រជាជននៅទូទាំងសកលលោករហូតដល់ជំងឺដ៏កាចសាហាវ នេះផុតរលត់ពីផែនដីរបស់យើង»។

លើសនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់បង្កើននូវកិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែកព័ត៌មាន ចំណេះដឹង និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ការងារ ដើម្បីបង្កើនសមត្ថភាព យល់ដឹងអំពីការវិវត្ត នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបង្កើនកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយជាសកលដែលបំពុលបរិយាកាសសង្គម បង្កអសន្តិសុខ និងធ្វើឱ្យកើតមាន អរិភាពដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅលើសកលលោក៕

To Top