ព័ត៌មានជាតិ

សម្តេចតេជោ ព្រមានបញ្ចេញសារសំឡេងឧកញ៉ា៥រូប ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ លើសំណុំរឿងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា

ភ្នំពេញ ៖ រំលឹកដល់រឿងផ្ទុះកក្រើក ស្ទើរតែពេញមួយប្រទេស កាលពីមួយឆ្នាំមុននោះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានឲ្យចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នានា លើសំណុំរឿងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា បើសិនជាលោកឧញ៉ារូបនេះចេញមកឲ្យមានការបកស្រាយករណីសំណុំរឿងនេះទៀត ជាពិសេសលើសារសំឡេង រវាងឧកញ៉ា និងឧកញ៉ា៥រូបផ្សេងទៀតដែលជាប់ពាក់ព័ន្ធ ។ ករណីឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា បានកើតឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ គិតមកទល់ពេលនេះ សល់តែ២ថ្ងៃទៀតប៉ុណ្ណោះ គម្រប់ខួប១ឆ្នាំហើយ(រឿងរ៉ាវស្នេហា)។

ការព្រមានរបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានចាត់ឲ្យមេធាវីសម្តេច ស្រាវជ្រាវករណីសំណុំរឿងនេះ ហើយដឹងថា សំណុំរឿងនេះ មានឧកញ៉ារហូតដល់៥នាក់ បានចូលរួមដើម្បីដាក់បន្ទុកលើកញ្ញា មាន ពេជ្ររីតា រហូតដល់ធ្វើឲ្យកញ្ញាជាប់ពន្ធនាគារ ។

ថ្លែងក្នុងជំនួបជាមួយសិស្សប្រឡងបាក់ឌុបជាប់និន្ទេសA នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចតេជោ បានបញ្ជាក់ថា “ខ្ញុំគួរនិយាយរឿងនេះ នៅចំពោះមុខនិស្សិតរបស់យើងព្រឹកមិញខ្ញុំឃើញគេបញ្ជូនមកខ្ញុំ«…»ពេលបើកទៅប៉ះចំគេថា ហេតុអ្វីបាននាយករដ្ឋមន្ត្រីលូកដៃទៅលើនិស្សិតស្រីម្នាក់ជាមួយលោកឧកញ៉ា(ហេង សៀ និង មាន ពេជ្ររីតា) មិនមែនតែម្នាក់នេះ តែគេបានដឹងរឿងពិតប៉ុណ្ណា? បើដឹងរឿងពិតហើយ ខ្លួននៅថាមិនទទួលស្គាល់រឿងហ្នឹង នាយករដ្ឋមន្ត្រីមិនគួរលូកដៃ»។

សម្តេចក៏បានរំលឹកថា “បើសិនរឿងតែរឿងស្រីញីធម្មតា ខ្ញុំមិនចាំបាច់អន្តរាគមន៍នោះទេ ប៉ុន្តែបញ្ហានៅត្រង់ចំណុចអំពើអយុត្តិធម៌ ដោយក្មេងស្រីជានិស្សិតកំពុងជាប់ក្នុងមន្ទីរឃុំឃាំង(ពន្ធនាគារ) ក្រោមអន្តរាគមន៍របស់ឧកញ៉ា៤ ឬ៥នាក់” ។

សម្តេចបន្តថា បើសិនមានឧកញ៉ា៥នាក់ អន្តរាគមន៍ឲ្យក្មេងស្រីជាប់ពន្ធនាគារ តើរឿងហ្នឹងឲ្យសម្តេចនៅស្ងៀមឬទេ? សម្តេចថា «ខ្ញុំមិនមែនតិរិច្ឆានទេ បើអ្នកតិរិច្ឆានសូមអ្នកធ្វើតិរិច្ឆានខ្លួនឯងចុះ ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំត្រូវតែមានការទទួលខុសត្រូវ ដើម្បីយុត្តិធម៌សម្រាប់ពលរដ្ឋខ្លួនដែលគេត្រូវបំពាន»។

សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា ដំណើររឿងនេះ សម្តេចមិនបានដឹងនោះទេ ប៉ុន្តែទទួលបានតាមបណ្តាញសង្គមហ្វេសប៊ុក ដោយទាមទាររកយុត្តិធម៌សម្រាប់ក្មេងស្រីនេះ។ “ពេលនោះខ្ញុំ មេធាវីខ្ញុំពិនិត្យមើលថា ក្មេងស្រីនេះនៅឯណា ស្រាវជ្រាវរួចថា ក្មេងស្រីនេះ (កញ្ញាមាន ពេជ្ររីតា) នៅក្នុងមន្ទីរឃុំឃាំង ដោយសារការប្តឹងរបស់ឧកញ៉ាដោយចោទថា ចាក់លើខ្លួន”។

បើតាមសម្តេចបានទម្លាយថា កូនប្រសារឧកញ៉ា ហេង សៀ បានទិញមេធាវីសម្តេចទៀត ហើយមេធាវីបានរាយការណ៍ថា នាយករដ្ឋមន្ត្រីនៅខាងឧកញ៉ាហើយ ដោយមានសារសំឡេងឆ្លើយឆ្លងរវាងមេធាវី និងឧកញ៉ា ហើយដាក់មកសម្តេចដែលទីបំផុតសម្តេចបានឲ្យមេធាវីទៅធានាឲ្យនិស្សិតជានារីនោះ នៅក្រៅឃុំហើយមានបំបិតមាត់អ្នកសារព័ត៌មានទាំងអស់។

សម្តេចតេជោលើកឡើងទៀតថា បន្ទាប់ពីមានការរៀបចំបំបិតមាត់អ្នកសារព័ត៌មានទាំងអស់ សម្តេច បានបញ្ជាឲ្យមានការនាំខ្លួនកូនប្រសាររបស់ឧកញ៉ា ហើយក្នុងទូរស័ព្ទរបស់កូនប្រសារឧកញ៉ា មានរូបភាពកាត់ត អាសអាភាសដោយកាត់តរូបស្រីដេកជាមួយឧកញ៉ា។

សម្តេចគូសបញ្ជាក់ថា “អីចឹងបើខ្ញុំមិនអន្តរាគមន៍តើ ពេលនេះក្មេងស្រីនេះ កំពុងស្ថិតក្នុងគុកនៅឡើយទេ សូមកុំច្រឡំ ឧកញ៉ា៥រូបបានចូលរួមជាមួយព្រឹត្តិការណ៍នេះ។ ខ្ញុំមិនតិរិច្ឆានដូចអ្នក អ្នកសូមកុំអញ្ជើញខ្ញុំឲ្យតិរិច្ឆាន ខ្ញុំមិនទៅទេ!”។

សម្តេចលើកឡើងទៀតថា សំណុំរឿងនេះ បើគ្មានអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី មិនមានអ្នកណាហ៊ានដោះលែងក្មេងស្រីនោះទេ ។ សម្តេចតេជោសង្កត់ធ្ងន់ថា «ក្នុងសំណុំរឿងនេះ ប្រហែលលោកឧកញ៉ាចង់បញ្ចេញឲ្យគេនិយាយ ប៉ុន្តែបើលោកឧកញ៉ាចង់ដឹងសំណុំរឿងនេះ ខ្ញុំនឹងយកទៅបញ្ចាំងក្នុងទូរទស្សន៍ទាំងអស់ ហើយបើចង់ដឹងទៀត ខ្ញុំនឹងបញ្ចេញសារសំឡេងរវាងឧកញ៉ានេះ ឧកញ៉ានោះ ទាក់ទងគ្នាចាក់ឲ្យគេដឹងទាំងអស់ថា តើសំណុំរឿងនេះគួរឲ្យអន្តរាគមន៍ឬអត់»។

សូមបញ្ជាក់ថា ជំលោះរវាងឧកញ៉ាហេង សៀ និងពិធីការិនី មាន ពេជ្ររីតា បានកើតឡើងកាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០២១ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញវិដេអូរបស់ កញ្ញា មាន ពេជ្ររីតា យំត្អូញត្អែររៀបរាប់ពីការបៀតបៀនរាងកាយនាង ពីសំណាកលោកឧកញ៉ា កាលពីថ្ងៃ៤ ឧសភា ។ មុនឈានដល់ការធ្លាយវិដេអូរបស់កញ្ញារូបស្រស់នេះ គឺលោក ឧកញ៉ា ហេង សៀ បានប្តឹងកញ្ញាមាន ពេជ្ររីតា លួចទូរស័ព្ទនិងចាក់ខ្លួន២កាំបិទ ហើយពិធីការិនីនេះ ក៏បានប្តឹងវិញថា លោកឧកញ៉ា បៀតបៀនផ្លូវភេទនៅក្នុងរថយន្ត ។

ជាមួយគ្នានេះដែរ លោក ឃន ឈុនតារា ត្រូវជាកូនប្រសារលោកឧកញ៉ានេះ ត្រូវបានចាប់ខ្លួន កាលពីរាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ក្រោយមានការចោទប្រកាន់ជួលមនុស្សថតរូប អាសអាភាស រវាងឪពុកក្មេក និងមាន ពេជ្ររីតា ។ ក្រោយចាប់ខ្លួនប្តី មិនដល់ជាង២ម៉ោងផង អ្នកស្រីតាំង គីមហៀងជាភរិយារបស់ ឃន ឈុនតារា ក៏ត្រូវបានចាប់ខ្លួនម្នាក់ទៀត ពីបទរួមគំនិតជាមួយប្តី ប៉ុន្តែអយ្យការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដោះលែង លោក ឃន ឈុនតារា និងអ្នកស្រី តាំង គីមហៀង ក្រោយពួកគេសារភាពថា បានជួលមនុស្សប្រុស-ស្រី២នាក់ស្រដៀង ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតាឲ្យថតរូបវិដេអូឃ្លីប ធ្វើត្រាប់តាមនៃដំណើរការជំលោះរវាងភាគីទាំង២ (ហេង សៀ និងកញ្ញា មាន ពេជ្ររីតា) កាលពីថ្ងៃ១៤ ឧសភា ៕

To Top