ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានប្រាប់អង្គការសហប្រជាជាតិ (UN) ថា គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុចម្បង នៃការស្លាប់នៅកម្ពុជា ហើយគិតជាមធ្យមមានមនុស្ស ៥នាក់ស្លាប់ និងរងរបួស ១០នាក់ ក្នុងមួយថ្ងៃៗ។
ក្នុងកិច្ចប្រជុំកំពូល ស្តីពីការធ្វើឱ្យប្រសើរឡើង នូវសុវត្ថិភាពចរាចរណ៍ សកល ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅឆ្នាំ២០៣០ សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការធានាឱ្យមានសកម្មភាពប្រចាំទសវត្សរ៍ និងការផ្សព្វផ្សាយ» ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឡើងធ្វើសេចក្តីថ្លែងការណ៍ក្នុងលេខរៀងទី៥ ក្នុងចំណោមតំណាងប្រទេស និងរដ្ឋជាសមាជិកសរុបចំនួន៧៧ ថា «គ្រោះថ្នាក់ ចរាចរណ៍ជាមូលហេតុចម្បង នៃការស្លាប់នៅកម្ពុជា ពោលគឺ៖ ក្នុងមួយថ្ងៃៗគិតជាមធ្យមមានមនុស្ស ៥នាក់បានស្លាប់ និងរងរបួស១០នាក់ តាមដងផ្លូវក្នុងប្រទេសកម្ពុជា។ យោងតាមការសិក្សារបស់កម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រទេសកម្ពុជាបានខាតបង់ ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ២,៥% ទៅ៣%ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍»។
ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» និងបានបន្តទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងការជួយឧបត្ថម្ភជ្រោមជ្រែង ពីបណ្តាដៃគូអភិវឌ្ឍន៍ កម្ពុជាសម្រេចបាននូវសមិទ្ធផលគួរទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ចរាចរណ៍ ដែលឆក់យកជីវិតមនុស្ស។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត គណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជា ប្រធាន និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ ទទួលខុសត្រូវលើគោល នយោបាយសុវត្ថិភាពចរាចរណ៍ អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានទទួលបន្ទុករឹតបន្តឹងការអនុវត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមជាសមាជិក។
លើសពីនេះទៀត អនុគណៈកម្មាធិការនៅថ្នាក់ខេត្ត ដែលដឹកនាំដោយអភិបាលខេត្ត ត្រូវបានបង្កើតឡើងដើម្បីអនុវត្ត គោលនយោបាយសុវត្ថិភាពចរាចរណ៍ នៅថ្នាក់ខេត្ត។ គ.ស.ច.គ. មានរបបប្រជុំប្រចាំខែ ដើម្បីពិនិត្យសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ និងដាក់ចេញវិធានការទប់ស្ថាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យបានទាន់ពេលវេលា។ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់គោលការណ៍លើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងស្ថានភាពមូលដ្ឋានដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១០ ដល់ឆ្នាំ២០២០ របស់ប្រព័ន្ធជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (RCVIS) មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺ៖ ល្មើសល្បឿន ជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព និងស្រវឹង។ កំហុសក្នុងការរចនាផ្លូវ និងកង្វះលក្ខណៈបច្ចេកទេសយានជំនិះ ក៏បានរួមចំណែកដល់ គ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕