ភ្នំពេញ៖ ខណៈជិតដល់ថ្ងៃប្រឡង សញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបដែលនឹងអាចឈាន ចូលមកក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួងបន្ដលើកកកម្ពស់គុណភាពប្រឡងគ្រប់ប្រភេទ ដោយមិនមានការបន្ធូរបន្ថយឡើយ ដើម្បីពង្រឹងគុណភាព ធនធានមនុស្សរបស់កម្ពុជា ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ រៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃ១៦ សីហា លោក រស់ សុវាចារ បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះគុណភាពនៃការអប់រំ គឺក្រសួងបានបន្ដរៀន និងបង្រៀនពេញលេញ នៅគ្រប់កម្រិតក្នុងប្រទេស ដើម្បីសិក្សាឆ្លើយទៅនឹងតម្រូវការរៀនសូត្រ និងតម្រូវការទីផ្សារ ក្នុងបរិបទកូវីដ-១៩នេះ ផងដែរ។
លោកបន្ដថា មុននឹងចូលក្នុងបរិបទកូវីដ-១៩ ការរៀន និងបង្រៀន ប្រព្រឹត្តិទៅតាមរូបភាព និងយុទ្ធការដែលក្រសួងអប់រំ យុវជន និងកីឡា មានភាពជាអ្នកដឹកនាំក្នុងការឆ្លើយតបភ្លាមៗ ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយក។ លោកថា ការអប់រំតាមប្រព័ន្ធឌីជីថល នៅតែបន្តសម្រាប់ស្វ័យសិក្សា ទោះបីសាលាទាំងអស់បើកដំណើរការឡើងវិញ។
អ្នកនាំពាក្យបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡា មុន និងក្នុងបរិបទកូវីដ-១៩ គឺបន្ដអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន សម្រាប់ការប្រឡងគ្រប់ប្រភេទ ដោយមិនមានការបន្ធូរបន្ថយទេ ។ នេះជាកត្តាសំខាន់។ សួរថា មូលហេតុអ្វីក៏មិនមានការបន្ធូរបន្ថយ ការពង្រឹងគុណភាពធនធានមនុស្សកម្ពុជា អាចបន្ដប្រព្រឹត្តទៅបាន ក្រោមគោលការណ៍ទាំងបួន (ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយក) ដែលក្រសួងអប់រំយុវជន និងកីឡា បានបន្ដអនុវត្តយ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបន្ដកំណែងទម្រង់ អប់រំ យុវជន និងកីឡា ជាពិសេស ការបន្ដលើកកម្ពស់គុណភាព ប្រឡងតែម្ដង»៕