ព្រះមហាក្សត្រថៃ បើកយន្តហោះដោយផ្ទាល់ព្រះអង្គ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម
ទីក្រុងហាណូយ៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) និងព្រះមហាក្សត្រិយានី សុធិតា (Suthida) បានយាងមកដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ (Noi Bai) ទីក្រុងហាណូយ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ នៅប្រទេសវៀតណាម។ ចំណុចដ៏គួរឱ្យកត់សម្គាល់នៅក្នុងដំណើរយាងនេះ គឺព្រះមហាក្សត្រថៃ បានបើកបរយន្តហោះព្រះទីនាំងដោយផ្ទាល់ព្រះអង្គ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VEExpress។
ព្រះរាជទស្សនកិច្ចចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (To Lam) និងភរិយា។ ដំណើរយាងនេះមានអត្ថន័យជាប្រវត្តិសាស្ត្រ ដោយធ្វើឡើងស្របពេលដែលប្រទេសទាំងពីរ កំពុងត្រៀមប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងគ្នា (១៩៧៦-២០២៦)។
ពេលយាងមកដល់អាកាសយានដ្ឋាន ព្រះអង្គទាំងទ្វេត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់មន្ត្រីជាន់ខ្ពស់វៀតណាម ដែលដឹកនាំដោយលោក Le Khanh Hai ប្រធានខុទ្ទកាល័យប្រធានរដ្ឋ និងលោក Vu Dai Thang ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ព្រមទាំងឯកអគ្គរដ្ឋទូត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នេះគឺជាព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតរបស់ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន មកកាន់ប្រទេសវៀតណាម ក្នុងនាមជាព្រះមហាក្សត្រ។ ទស្សនកិច្ចនេះ ត្រូវបានមជ្ឈដ្ឋាននានារំពឹងថានឹងជួយរឹតចំណងមិត្តភាព ការជឿទុកចិត្តគ្នាផ្នែកនយោបាយ និងបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ។ គួររំលឹកថា កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងទៅ វៀតណាម និងថៃ បានដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួនជាផ្លូវការទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
បច្ចុប្បន្ន ប្រទេសថៃគឺជា ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម នៅក្នុងប្លុកអាស៊ាន។ នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២២,១ ពាន់លានដុល្លារអាមេរិក (កើនឡើង ៩%)។ សម្រាប់រយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ នេះ ទំហំពាណិជ្ជកម្មសម្រេចបានជាង ១៥ ពាន់លានដុល្លារ (កើនឡើង ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំពុងខិតខំជំរុញគោលដៅ នាំយកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២៥ ពាន់លានដុល្លារ នាពេលអនាគតដ៏ខ្លីខាងមុខ ព្រមទាំងពង្រីកការតភ្ជាប់លើវិស័យសេដ្ឋកិច្ចបៃតង នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាដើម។
ប្រែសម្រួល៖ គីរី

