ភ្នំពេញ ៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អ្នករាយការណ៍ ពិសេសរបស់ UN ថា រាល់ការសម្រេចលើពាក្យបណ្ដឹង របស់គណបក្សនយោយបាយនីមួយៗ គ.ជ.ប ត្រូវផ្អែកលើអង្គហេតុ និងអង្គច្បាប់ ច្បាស់លាស់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន (គ.ជ.ប)។
ក្នុងជំនួបពិភាក្សា ការងារ លោក ប្រាជ្ញា ចន្ទ នាថ្ងៃទី២២ សីហា លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេស របស់អង្គការ សហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា បានស្នើ គ.ជ.ប បញ្ជាក់ចំណុច ដូចជា ៖ តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានមេរៀនពិសោធន៍អ្វីខ្លះ? តើ គ.ជ.ប បានទទួល និងដោះស្រាយពាក្យបណ្ដឹង បោះឆ្នោតបែបណា ពិសេសបណ្ដឹងរបស់ គណបក្សភ្លើងទៀន?
ជាការឆ្លើយតប លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែថា ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានប្រព្រឹត្តដោយគ្មានការរឹតត្បិត និងគ្មានការកៀបសង្កត់ ពោល គឺបើកចំហរ សម្រាប់គ្រប់គណបក្សនយោបាយ ដោយស្មើភាពគ្នា ហើយជាលទ្ធផលមាន គណបក្សនយោបាយចូលរួម ប្រកួតប្រជែងដល់ទៅ ១៧គណបក្ស បើប្រៀបធៀបនឹងការបោះឆ្នោត ឆ្នាំ២០១៧ គឺមានតែ ១២គណបក្សតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការដោះស្រាយពាក្យបណ្តឹង លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា «គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់ រាល់ការសម្រេចលើពាក្យបណ្តឹងនីមួយៗ ត្រូវផ្អែកលើអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់»។
បញ្ជាក់លើជំហានបន្ទាប់ ពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ២០២៣ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ប្រសិនបើពុំមានការកែប្រែ ច្បាប់ទេនោះ គ.ជ.ប នឹងផ្អែកលើច្បាប់ ដែលនៅជាធរមាន ដើម្បីរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹង ប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
បច្ចុប្បន្ននេះ គ.ជ.ប កំពុងត្រៀមរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕