ព័ត៌មានជាតិ

គ.ជ.ប អំពាវនាវរក្សាភាពស្ងប់ស្ងាត់ នៅថ្ងៃស-ថ្ងៃបោះឆ្នោត និងព្រមានចាត់វិធានការ សកម្មភាពណា រំលោភច្បាប់បោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ រក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ព្រមទាំងព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពទាំងឡាយណា រំលោភច្បាប់ស្តីពី ការបោះឆ្នោត។

យោងតាមមាត្រា ៤៤ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។

តាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នៅថ្ងៃទី២៤ ឧសភាបានឲ្យដឹងថា «សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជនភ្នាក់ងារគណបក្ស នយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សយព័ត៌មាន គ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០យប់ថ្ងៃទី២៤ ខែឧសភា រហូតដល់ម៉ោង ១២យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤»។

គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រ គណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញ ផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សេចក្តីណែនាំ រួមនឹងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត។

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងដំណាក់កាលនេះ ជាពិសេសក្នុងការចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិតធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន។

គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប។

សូមបញ្ជាក់ថា គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៧និង៣០នាទីយប់ តាមប្រព័ន្ធផ្សព្វផ្សាយ៕

To Top