ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងបញ្ជាក់ថា បើធៀបទៅនឹងប្រទេស អាស៊ានផ្សេងទៀត កម្ពុជាបានទទួលរងគ្រោះខ្លាំងជាងគេ ក្នុងការជួញដូរ ការបំផ្លិចបំផ្លាញ ការលួចយក និងការជីកកកាយដោយខុសច្បាប់នូវ វត្ថុ បុរាណ ក្នុងអំឡុងពេលជាច្រើន ទសវត្សរ៍នៃសង្គ្រាមស៊ីវិល និងអស្ថិរភាព ។
តាមរយៈសុន្ទរកថាថ្លែងក្នុង «សន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ ដោយខុសច្បាប់៖ ទស្សនវិស័យរបស់អាស៊ាន» កាលពីថ្ងៃទី៥ កញ្ញា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ក្នុងប្រទេសកម្ពុជា សៀមរាប ជាខេត្តដែលល្អដាច់គេ ហើយក៏ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈក្នុងការជួបប្រជុំពិភាក្សា លើប្រធានបទដ៏រសើប នៃការជួញដូរខុសច្បាប់ នូវសម្បត្តិវប្បធម៌នានារបស់យើង។
ប្រមុខការទូតខ្មែរបញ្ជាក់យ៉ាងដូច្នេះថា «បើធៀបទៅនឹងប្រទេសអាស៊ានផ្សេងទៀត ខ្ញុំជឿថា កម្ពុជាបានទទួល រងគ្រោះខ្លាំងជាងគេក្នុងការជួញដូរ ការបំផ្លិចបំផ្លាញ ការលួចយក និងការជីកកកាយដោយខុសច្បាប់ ក្នុងអំឡុងពេលជាច្រើន ទសវត្សរ៍ នៃសង្គ្រាមស៊ីវិល និងអស្ថិរភាព ។ ផ្អែកតាមតម្រូវការ នៃការរីកចម្រើនទីផ្សារងងឹត ក្នុងការជួញដូរសម្បត្តិវប្បធម៌ បានបណ្ដាលឱ្យមានការរលាយខ្ចាត់ខ្ចាយ ប្រាសាទបេតិកភណ្ឌ និងទីតាំងបុរាណជាច្រើនកន្លែង» ។
លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការលួច និង ការជួញដូរទ្រព្យសម្បត្តិវប្បធម៌ ដោយខុសច្បាប់ គឺជាឧក្រិដ្ឋកម្មអន្តរជាតិ ធ្ងន់ធ្ងរ បន្ទាប់ពីបញ្ហា គ្រឿងញៀន និងការជួញដូរអាវុធ ។ វាជាបញ្ហាប្រឈមរួមមួយយ៉ាងធ្ងន់ធ្ងរ ដែលត្រូវដោះស្រាយដោយប្រទេសអាស៊ានទាំងអស់។ ក្នុងនាមជាប្រធាន អាស៊ាននៅឆ្នាំនេះ កម្ពុជាបានសម្ដែងក្ដីបារម្ភ ចំពោះរាល់បញ្ហាទាំងអស់ដែលយើងប្រឈមមុខរួមគ្នា ហើយក៏ជាមូលបទសម្រាប់កម្ពុជា “ASEAN A.C.T៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា” ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការយកចិត្តទិកដាក់របស់កម្ពុជា លើកង្វល់ទាំងនេះ។ ចំពោះបញ្ហានេះ កម្ពុជាស្នើសហគមន៍អន្តរជាតិ ចូលរួមសហការក្នុងការប្រយុទ្ធ ប្រឆាំង នឹងការជួញដូរខុសច្បាប់ ដើម្បីយើងអាចធានា បានការធ្វើមាតុភូមិនិវត្តន៍ នូវសម្បត្តិវប្បធម៌បន្ថែមទៀត មកកាន់ប្រជាជាតិ អាស៊ានរៀងៗខ្លួន។
លោកក៏បានលើកឡើងដោយមោទនភាព នូវរូបចម្លាក់ធំពីរ ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ គឺរូបសំណាកថ្មភក់សតវត្សទី១០ របស់ទេវៈហិណ្ឌូ ព្រះនាមស្កាន់ដា គង់លើសត្វក្ងោក ដែលបានលួចចេញពីប្រាសាទ ក្រចាប់នៅតំបន់ប្រាសាទកោះកេរ្ដិ៍ និងរូបចម្លាក់ទេវៈដំរីព្រះនាម ព្រះគណេស ទម្ងន់បីតោន លួចចេញពីប្រាសាទ បាក់នៅតំបន់ប្រាសាទកោះកេរ្ដិ៍ផងដែរ។
លោកបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ សារជាថ្មីម្តងទៀត ចំពោះអាជ្ញាធរពាក់ព័ន្ធសហរដ្ឋអាមេរិក គ្រប់លំដាប់ថ្នាក់សម្រាប់កិច្ច សហប្រតិបត្តិការ របស់ពួកគេ ហើយលោកបានឃើញក្នុងកម្មវិធីសន្និសីទ ដែលពួកគាត់អាចមកចូលរួមចែករំលែក អំពីបទពិសោធន៍នៅលើដំណើរការ នៃការប្រគល់មកវិញ នូវសម្បត្តិវប្បធម៌បេតិកភណ្ឌនេះ ។
លោក ប្រាក់ សុខុន ថ្លែងថា ការបញ្ជូនត្រឡប់មកវិញ នូវវត្ថុបុរាណទាំង៣0នេះ គឺគ្រាន់តែជាជ័យជម្នះ ដ៏តូចមួយក្នុង ការប្រយុទ្ធប្រឆាំង នឹងការជួញដូរខុស ច្បាប់ប៉ុណ្ណោះ ។ បើមិនរាប់ពាន់ក៏នៅមានវត្ថុរបស់ជាតិ ដែលមានតម្លៃមិនអាចកាត់ថ្លៃ បានរាប់រយបន្ថែមទៀត ដែលមិនទាន់រកឃើញ ត្រលប់មកវិញ។ វត្ថុមានតម្លៃទាំងនោះត្រូវបានលួចចេញពីប្រាសាទអង្គរវត្ត ពីប្រាសាទបររូបាដ័រ បាកាន ហ្លួងព្រះបាង និងកន្លែងជាច្រើនទៀត នៅក្នុងតំបន់របស់យើង។ នេះមិនមែនបញ្ហាប្រឈមសម្រាប់តែប្រទេសកម្ពុជាមួយទេ តែវាជាបញ្ហាសកលពាក់ព័ន្ធ នឹងអ្នកប្រមូលទិញ ដែលមានទ្រព្យ សម្បត្តិមហាសាល ឈ្មួញឯកជន ម្ចាស់វិចិត្រសាល និងសូម្បីតែកន្លែងមួយចំនួន ដែលមានកិត្យានុភាពបំផុត របស់ពិភពលោក ។
លោកមានប្រសាសន៍ថា ទំហំនៃបញ្ហានេះពិតជាធំធេងណាស់ រដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្ត បញ្ឈប់ការជួញដូរវត្ថុបុរាណទាំងនេះ ហើយយើងនឹងធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលអាស៊ាន អង្គការអន្តរជាតិ និងដៃគូឯកជននានា ដែលគំនិតស្របគ្នាដើម្បីបញ្ចប់បញ្ហានេះ។ យើងត្រូវតែប្តេជ្ញាចិត្ត និង បន្តការ តស៊ូប្រឆាំងដើម្បីការពារព្រលឹង នៃបេតិកភណ្ឌវប្បធម៌របស់យើង និងបន្តទប់ស្កាត់វត្ថុបុរាណដែលមានតម្លៃ មិនអាចកាត់ថ្លៃបានទាំងនេះពីការលួចយក ហើយនាំចេញពីប្រទេសដើម ។
លោករដ្ឋមន្ត្រីសង្ឃឹម យ៉ាងមុតមាំថា រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈអាស៊ានទាំងអស់អាចសហការកំណត់ នូវសំណើដែលច្បាស់លាស់ និងអាចអនុវត្តបាន តាមវិធានច្បាប់ ដើម្បីបង្កើនប្រសិទ្ធភាព នៃយន្តការការពារសម្បត្តិវប្បធម៌យើង។ លោកថា យើងនៅតែត្រូវការ សហការទ្វេភាគី ជាមួយបណ្តា ប្រទេសផ្សេងៗ ជាពិសេសសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសអភិវឌ្ឍផ្សេងទៀត។ យើងត្រូវការជួយជម្រុញពីសម្ព័ន្ធភាព អន្តរជាតិបន្ថែមទៀត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់យើងក្នុងការយកមកវិញនូវសម្បត្តិជាតិ ជាច្រើនដែលត្រូវបានលួចយកទៅ ។ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ប្រាកដណាស់ថា វាអាចមានការលំបាក និងបញ្ហាប្រឈមនានា ប៉ុន្តែលោកអាចធានាបានថា វាពិតជាមានតម្លៃសម្រាប់យើង។ ប្រពៃណីវប្បធម៌ គឺជាផ្នែកមួយដ៏សំខាន់ នៃបេតិកភណ្ឌអរូបីរបស់អាស៊ាន ហើយវាគឺជាមធ្យោបាយ ដែលប្រសិទ្ធភាព ក្នុងការធ្វើឱ្យប្រជាជន អាស៊ានស្គាល់នូវអត្តសញ្ញាណក្នុងតំបន់របស់ខ្លួន ។ តាមរយៈការរួបរួមគ្នា យើងនឹងអាចដោះស្រាយ បញ្ហាប្រឈមទាំងនេះបាន ៕