ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងអង្គប្រជុំកំពូលអាស៊ានថា អាស៊ានគួរតែរក្សាការប្តេជ្ញាចិត្ត ចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព ។
យោងតាមលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ របស់ក្រសួងការបរទេស នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ, ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដែលដឹកនាំដោយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា “អាស៊ានគួរតែរក្សាការប្តេជ្ញាចិត្ត ចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព ទន្ទឹមនឹងនោះក៏បាន អំពាវនាវឱ្យអាស៊ានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ក្នុងចំណោមប្រទេសសមាជិក និង ជាមួយដៃគូអាស៊ាន” ។
ជាមួយគ្នានេះ ដើម្បីរក្សាអាស៊ាន ជាកម្លាំងចលករ សម្រាប់វិបុលភាពពិភពលោក សម្តេចធិបតី បានគូសបញ្ជាក់ថា “អាស៊ានគួរតែប្រើប្រាស់សក្តានុពលដ៏ធំ នៃវិស័យដែលកំពុងរីកចម្រើន ដូចជា សេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ និងខ្សែច្រវាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ ដើម្បីបន្តទទួលបាន នូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព” ៕
