ភ្នំពេញ៖ ក្នុងរយៈពេល៩ខែមកនេះ(មករា-កញ្ញា) នៅរាជធានីភ្នំពេញ មានអគ្គិភ័យកើតឡើង ចំនួន៨៣លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួស២៤នាក់។ នេះជាការឲ្យដឹងពីលោកឧត្ដមសេនីយ៍ត្រី ស៊ុប សុឃីម ស្នងការរងតំណាងអង្គភាព នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។
ក្នុងឱកាសជាតំណាងទទួលអំណោយ ជូននគរបាលពន្លត់អគ្គិភ័យ ចំនួន១៤៥នាក់ នាពិធីភ្ជុំបិណ្ឌ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៩ កញ្ញានេះ លោក ស៊ុប សុឃីម បានលើកឡើងថា ក្នុងចំណោមគ្រោះអគ្គិភ័យ កើតឡើងទាំង៨៣លើក ក្នុងរយៈពេល៩ខែ គឺបានប្រើប្រាស់រថយន្តពន្លត់ ចំនួន៩៩៨គ្រឿង ស្មើនឹងទឹក ៣,៨៣៣ម៉ែត្រគូប ។
លោថា ក្នុងហេតុការណ៍ទាំងនេះ បណ្តាលឲ្យមនុស្សស្លាប់១នាក់ ជាមនុស្សស្រី , របួស២៤នាក់ , ឆេះផ្ទះ១១៣ខ្នង , សំណង់មិនរៀបរយ៨០ខ្នង , ឆេះរថយន្ត២៧គ្រឿង , ម៉ូតូ១៤គ្រឿង , បន្ទប់ខារ៉ាអូខេ៦បន្ទប់ , ក្លឹបកំសាន្ត១កន្លែង , កន្លែងស្តុកហ្គាស១កន្លែង , ឃ្លាំងជួសជុលរថយន្ត១កន្លែង និងសម្ភារៈប្រើប្រាស់មួយចំនួន ។
ក្នុងនោះ កត្តាបង្កឲ្យមានករណីអគ្គិភ័យ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី៥៦លើក គ្រោះថ្នាក់ចរាចរណ៍ ១លើក និងបញ្ហាផ្សេងៗ២៦លើក ៕