ភ្នំពេញ ៖ វិស័យព័ត៌មានពិត ជាមានសារសំខាន់ ក្នុងទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន ខណៈវិស័យនេះ ត្រូវបានគេចាត់ទុក ដូចជាស្ពានចម្លង នូវព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ទៅកាន់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងសកលលោក ។
លោកសយ សុភាព សហប្រធាន សមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន និង ជាអ្នកសារព័ត៌មានជើងចាស់ នៅកម្ពុជាមួយរូប បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ទំនាក់ទំនង រវាងកម្ពុជា-ចិន ត្រូវបានគេដឹងថា បានឈានដល់យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ក្រោមការស្ថាបនា ដោយមេដឹកនាំកំពូលកំពូលៗ របស់ប្រទេសកម្ពុជា មានព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេសចិន។
លោកបញ្ជាក់ថា ផ្តើមចេញ ពីទំនាក់ទំនងដ៏ល្អនេះ ក៏បានស្តែង ឱ្យឃើញពីការ ឆ្លុះបញ្ចាំងពីតួនាទី ដ៏សំខាន់ របស់វិស័យសារព័ត៌មាន តាមរយៈការផ្សព្វផ្សាយ សមិទ្ធផល រវាងប្រទេសទាំងពីរឱ្យបានដល់ប្រជាជន នៃប្រទេសកម្ពុជានិងចិន បានយល់ និងដឹងបានយ៉ាងទូលំទូលាយ។ មិនត្រឹមតែប៉ុណ្ណោះ សារព័ត៌មាននៃប្រទេសទាំងពីរ ក៏បានផ្សព្វផ្សាយ ពីព័ត៌មានពិត ទៅវិញទៅមក នៅលើឆាកអន្តរជាតិ ជាពិសេសបាននាំដំណឹង ទៅកាន់ប្រជាជន និងពីប្រជាជន មកកាន់រាជរដ្ឋាភិបាលវិញ ។
សំឡេង៖ «មិត្តភាពកម្ពុជាចិន ដែលយើងនិយាយថា យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប បានឆ្លុះបញ្ចាំង ឱ្យឃើញកាន់តែច្បាស់ របស់សារព័ត៌មាន ក្នុងការផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗ របស់កម្ពុជានិងចិនឱ្យប្រជាជន ទាំងពីរ បានដឹងបានយល់ កាន់តែស៊ីជម្រៅ ព្រោះវិស័យព័ត៌មាននេះ ជាស្ពានចម្លងដំណឹងពីប្រជាជន ទៅកាន់រាជរដ្ឋាភិបាល និងពីរដ្ឋាភិបាល ទៅកាន់ប្រជាជន និងសកលលោក »។
លោកសយសុភាពបាន បញ្ជាក់ទៀតថា សម្រាប់សមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិនវិញ ក៏បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងការផ្សព្វផ្សាយ ពីទំនាក់ទំនងរវាងកម្ពុជានេះ ជាក់ស្តែងក្នុងគ្រា ដែលប្រទេសទាំងពីរកម្ពុជាចិន ក៏ដូចជាពិភពលោកជួបប្រទះវិបត្តិកូវីដ១៩កន្លងមក សមាគមបានផ្សព្វផ្សាយ ពីការផ្ដល់វ៉ាក់សាំងការពារកូវី-ដ១៩របស់ប្រទេសចិន និងយុទ្ធនាការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋកម្ពុជា ។
តាមរយៈការផ្សព្វផ្សាយ ពីបណ្តាញព័ត៌មានផ្សេងៗ និងតាមរយៈសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិនប្រជាពលរដ្ឋកម្ពុជាបានដឹងព័ត៌មាន និងចាត់ទុកថា វ៉ាក់សាំងរបស់ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា ។
លោកសយ សុភាពសង្ឃឹមជឿជាក់ថា តាមរយៈសារព័ត៌មាននេះដែរ នឹងជំរុញធ្វើឱ្យប្រជាជន នៃប្រទេសទាំងពីរ កាន់តែបានស្វែងយល់ និងស្គាល់គ្នាទៅវិញទៅមក ជាពិសេសនៅពេលចប់វិបត្តិកូវីដ-១៩ វិស័យទេសចរណ៍ប្រទេសទាំងពីរ នឹងមានកំណើនឡើងវិញ ។
មួយវិញទៀត លោក ក៏បានកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានកម្ពុជា និងចិនបានបំពេញការងារ យ៉ាងរលូនប្រកបដោយវិជ្ជាជីវៈ ព្រោះពួកគេ មានលក្ខណៈពិសេស បានផ្សាយនូវអ្វីជាសមិទ្ធផលនិងការរីកចម្រើន របស់ប្រទេសទាំងពីរ ទៅកាន់ប្រជាជនទាំងក្នុងស្រុក និងសាកលលោក។
ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ លោកបណ្ឌិតជា មុនីឫទ្ធិប្រធាន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិនបានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយដើរ តួនាទីជាអំណាចមួយដ៏សំខាន់ នៅក្នុងសង្គម ជាអ្នកផ្ទេរ ជាអ្នកផ្តល់ និង ជាអ្នកចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រឹត្តិការណ៍នានា។ ម៉្យាងវិញទៀត តួនាទីសារព័ត៌មាននេះ កាន់តែសំខាន់ នៅក្នុងយុគសម័យឌីជីថល ក្នុងការជំរុញឱ្យបណ្តា ប្រទេសទាំងអស់ ដូចជា ៖ សមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ហៅកាត់ថា អាស៊ាន និងចិន និងរវាងកម្ពុជា និងចិន ជាដើម ទទួលបានកាន់តែទូលំទូលាយ នូវព័ត៌មានប្រកបដោយ វិជ្ជាជីវៈនិងបម្រើ ដល់ផលប្រយោជន៍ សន្តិសុខ សុខដុមនីយកម្ម ការគោរពនិង ផ្តល់តម្លៃគ្នា ក្នុងពហុជំនឿ សាសនា ភាសា ប្រពៃណីវប្បធម៌ និងចូលរួមបង្កើន ការ អភិវឌ្ឍប្រទេសកម្ពុជា និងចិន។
សរុបសេចក្តីមក វិស័យសារព័ត៌មាន ពិតជាមានសារសំខាន់ណាស់ ក្នុងទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន និង ទៅថ្ងៃអនាគត ព្រោះថា បើមិនមានការផ្សព្វផ្សយ ព័ត៌មាន គ្រប់ជ្រុងជ្រោយនោះទេ ប្រជាពលរដ្ឋ និងពិភពលោកទាំងមូលពិត ជាមិនបានដឹងពីទំហំ នៃទំនាក់ទំនងដ៏រឹងមាំ និងស៊ីជម្រៅគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរ ដូចបច្ចុប្បន្ននេះឡើយ ៕ (អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន )