គេសង្កេតឃើញថា មានករណីពីរកំពុងផ្ទុះឡើងនៅពេលបច្ចុប្បន្ន។ ទី១ ស្ថានភាពសាច់បង្កកបាននាំចូលច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា និងស្រាខុសច្បាប់ដោះដូរដោយលុយ១០ម៉ឺនដុល្លារអាមេរិក។
ដំបូងគេនាំគ្នា និយាយរឿងនាំចូលសាច់បង្កកច្រើន។ ពលរដ្ឋពីតុកាហ្វេរហូតដល់បណ្តាញទំនាក់ទំនងសង្គមបាននាំគ្នាដេញដោលជជែកវែកញែករឿងសាច់បង្កកមិនចេះចប់មិនចេះហើយ។
មានសំណួរជាច្រើនបានចោទសួរទៅកាន់ មន្ត្រីជំនាញផ្នែកផលិតផលក្លែងក្លាយនិងមន្ត្រីកាន់ការងារគ្រប់គ្រង់តាមច្រកព្រំដែនថា “តើសាច់បង្កកជិត៤០០តោន(៣៧០តោន)នោះជាសាច់ជានាំចូលខុសច្បាប់? ចុះចំណែកស្រាចំនួន៤៨ដបនិងការដោះដូរដោយទឹកប្រាក់១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជារឿងខុសច្បាប់ ឬត្រូវតាមច្បាប់?
មុននឹងចូលទៅកាន់ចម្លើយនៃសំណួរខាងដើម គេអាចនាំគ្នាគិតបន្តិចសិនថា “តើមូលហេតុអ្វីនាំឱ្យទីផ្សារកម្ពុជាមានសាច់បង្កកច្រើន”? ជាការពិតណាស់ វិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងធ្មង់ដាក់គ្នារវាងអាម៉េរិកអឺរ៉ុបជាមួយចិន និងអាម៉េរិកអឺរ៉ុបជាមួយនឹងរុស្ស៊ី ជុំវិញបញ្ហា សង្គ្រាមនិងសេដ្ឋកិច្ច ជំនួញ និងការប្រកួតប្រជែងតម្លៃទីផ្សាររូបិយប័ណ្ណជាដើម និងចុងក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ារវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន កំពុងនាំឱ្យពិភពលោកទាំងមូលឈឺក្បាល។
ថ្ងៃលិចថ្ងៃរះបានបន្តដំណើរធម្មតា ខណៈប្រទេសធំៗជាច្រើនមិនថា នៅអឺរ៉ុប និងនៅអាស៊ីនោះទេ ពិបាកក្នុងការនាំចេញនាំចូលសាច់ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារជាក់ស្តែងរបស់ប្រជាជន។ ថ្វីដ្បិតតែឈ្លោះគ្នានៅអឺរ៉ុបមែន ប៉ុន្តែពិភពលោកបានខណ្ឌចែកគ្នាដោយមនោគមវិជ្ជានយោបាយ សេដ្ឋកិច្ច និងជំនួញយ៉ាងតក់ក្រហល់។ ដោយកត្តានៃមូលហេតុទាំងនេះ ជំរុញឱ្យគេកត់សម្គាល់ថា លោកខាងលិច អឺរ៉ុប រុស្ស៊ី អាស៊ីខាងត្បូង មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល ដែលប្រជាជនភាគច្រើនចូលចិត្តទទួលទានសាច់ និងកាន់តែច្រើនគឺការទទួលទានអាហារបែបទាន់សម័យ(fast food) ហាក់ដូចជាខ្លាចរអាសាច់បង្កកទៅវិញ។ ការរអាភ័យខ្លាចសាច់បង្កក់នេះ អាចជាហេតុនាំឱ្យសាច់បង្កកសល់ច្រើននៅក្នុងស្តុកនិងរុញឱ្យមានវិបត្តិនាំចេញទៅកាន់ទីផ្សារពិភពលោក។ ឥរិយាបទនាំចេញសាច់បង្កកទៅក្នុងទីផ្សារគោលដៅបានប្រែប្រួល អាចជាហេតុដែលនាំឱ្យឈ្មួញបង្វែរយុទ្ធសាស្ត្រលក់ចេញ ដោយកំណត់ទិសដៅទីផ្សារសាច់បង្កកមកកាន់មកអាស៊ានក្នុងនោះមានកម្ពុជាផងដែរ។ ការហូរចូលមកក្នុងទីផ្សារកម្ពុជានេះ ប្រហែលមកពីមូលហេតុធំមួយចំនួនៗ ទី១ គឺការរឹតបន្តឹងការនាំចូលសាច់បង្កកទៅក្នុងទីផ្សារនៅអឺរ៉ុប និងទី២ ប្រហែលដោយសារពលរដ្ឋនៃប្រទេសទាំងនោះខ្លាចសាច់បង្កកមានមេផ្ទុករោគនិងខូចគុណភាព និងប្រហែលដោយសារពលរដ្ឋជាច្រើននៅអឺរ៉ុបពហិការមិនទទួលទានសាច់ដែលនាំចេញពីរុស្ស៊ី និងពីបណ្តាប្រទេសដែលមានទំនោរនយោបាយកាន់ជើងរុស្ស៊ី។
មួយថ្ងៃបន្តិចៗ មូលហេតុខាងដើម បានជំរុញឱ្យឈ្មួញដែលរកស៊ីសាច់បង្កកនៅអ៊ីតាលី ប្រេស៊ីល អាឡឺម៉ង រុស្ស៊ី និងឥណ្ឌាជាដើម បាននាំគ្នាពុះជ្រែកចំណែកទីផ្សារផ្គត់ផ្គង់សាច់បង្កក។ មែនទែនទៅ ការនាំចូលសាច់បង្កកនិងស្រាមកកាន់ទីផ្សារកម្ពុជាមិនមែនជាបញ្ហាចោទនោះទេ។ ព្រោះថាកម្ពុជាគឺជាប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) ដោយប្រកាន់យកគោលជំហរទីផ្សារសេរី។ ម្លោះហើយ ប្រទេសណាក៏ដោយ គឺអាចនាំសាច់ ស្រា និងទំទិញផ្សេងទៀតមកកាន់ទីផ្សារកម្ពុជាបាន ឱ្យតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ ហើយវាមិនមែនជាបញ្ហាថ្មី ឬក៏ថាជាចំណុចរសើបណាស់ណានោះទេ។ ប៉ុន្តែបញ្ហាត្រង់ថា តើការនាំចូលសាច់បង្កកនិងស្រាទាំងនោះមកកាន់ទីផ្សារកម្ពុជាបានបង់ព័ន្ធត្រឹមត្រូវនិងបានត្រួតពិនិត្យគុណភាពទៅតាមស្តង់ដាគុណភាពដែលបានកំណត់ដែរឬទេ?


មតិខ្លះលើកឡើងថា នៅកម្ពុជាមានស្ថាប័នរដ្ឋជាច្រើនបាននឹងកំពុងធ្វើការលើគុណភាពផលិតផល និងការគ្រប់គ្រងចំណីអាហារ។ នៅក្នុងនោះ គេសង្កេតឃើញមានក្រសួងពាណិជ្ជកម្មតាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហៅកាត់ថា ក.ប.ប. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈអគ្គនាយដ្ឋានគយនិងរដ្ឋករកម្ពុជា និងអគ្គនាយដ្ឋានពន្ឋដា និងឃើញមានក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងមហាផ្ទៃ តាមរយៈនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាដើម។ល។
យ៉ាងណាក៏ដោយពលរដ្ឋមួយចំនួនបានចម្ងល់លេងថា ទោះបីមានក្រសួងជាច្រើនធ្វើការ ប៉ុន្តែទីបំផុតទៅ ពេលមានបញ្ហាកើតឡើងបែបជារកមុខមិនឃើញអ្នកទទួលខុសត្រូវលើបញ្ហាដែលបានកើតឡើងនោះទេ។
ដាច់ដោយឡែកគេបន្តថា ករណីសិក្សាជាក់ស្តែងកន្លងទៅថ្មីៗនេះមួយទៀតជុំវិញ ការនាំចូលស្រារបស់ក្រុមហ៊ុន ឈីវ ទីម៉ិចគ្រុប ត្រូវាបានគេចោទថា នាំចូលស្រាមកកាន់ទីផ្សារកម្ពុជាដោយ“ខុសច្បាប់”។ ទន្ទឹមនឹងការលេចព័ត៌មាននេះ គេសង្កេតឃើញថា មានមូលប្បទានបត្រ(សែក)មួយបន្លឹកដែលមានទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារបានអណ្តែតត្រសែតឡើងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលចេញដោយក្រុមហ៊ុន ឈីវ ទីម៉ិចគ្រុប របស់ឧកញ៉ាដួង តិច កាលពីថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០១១។ ហើយមេធាវីតំណាងក្រុមហ៊ុនេះ បានដាក់ពាក្យប្តឹងឧត្តមសេនីយ៍ឯក កឹម ជាតិ ថា “បានទទួលយកសាច់ប្រាក់នោះជាថ្នូរទៅនឹងការបើកឱ្យដំណើរការអាជីវកម្មឡើងវិញ”។ ក្រៅពីសរសេរទឹកប្រាក់លើក្រដាសសែក គេសង្កេតឃើញថា មានកំណត់ត្រាបរិយាយពីចំនួនស្រា៤៨ដប និងប្រេងខ្យល់ជាដើម។ ភ្លាមៗ ក្រោយការចោទប្រកាន់របស់ក្រុមហ៊ុន ឈីវ ទីម៉ិចគ្រុប ឧត្តមសេនីយ៍ឯក កឹម ជាតិ បានបដិសេធជាផ្លូវការតាមរយៈសេចក្តីប្រកាសជាសាធារណនិងប្តឹងតបទៅកាន់ក្រុមហ៊ុនពីបទ“បរិហាបង្កាច់កេរ្តិ៍”។

បើគេមើលមួយភ្លែតលើបណ្តឹងនិងឯកសារនានាពីក្រុមហ៊ុន គេមិនឃើញមានឈ្មោះរបស់លោក កឹម ជាតិ ស្ថិតនៅលើក្រដាសសែកនោះទេ។ ប៉ុន្តែគេសង្កេតឃើញមានឃ្លាថា “ចំណាយលើករណីចុះត្រួតពិនិត្យទំនិញនៅឃ្លាំងរបស់គណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ” និងឃ្លាថា “លេខាធិការដ្ឋានក្រុមប្រតិបត្តិការទី២”។ ប៉ុន្តែអ្វីដែលគេនាំឆ្ងល់និងមិនយល់សោះនោះគឺ “ខ្មោចដែលងាប់ហើយដុតក្លាយជាផេះតាំងពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ តែបែរជារស់ឡើងវិញដើមខែធ្នូ ឆ្នាំ២០២៣។ តើខ្មោចនេះ ជាខ្មោចឆៅដែលគេទិទានតាមរឿនចិនបុរាណ ឬក៏ជាខ្មោចខ្មែរជញ្ជក់ឈាមបែបប្រមាត់ប្រមង់”។

យ៉ាងណាក៏ដោយ ជុំវិញបណ្តឹងទៅវិញទៅមកវាងមន្ត្រីដែលមានតួនាទីធំ និងអ្នកជំនួញហាក់មិនមានច្រើនប៉ុន្មានទេ។ ហាក់មិនមានច្រើន ដោយហេតុផលអ្នកជំនួញខ្លះយល់ថា “អាសាច់ជូនខ្លា ទើបនៅស្រុកបាន”។ អ្នកផឹកកាហ្វេតាមផ្លូវលើកឡើងថា “ត្រីចង្វាច្រឹមនុយ ត្រីឆ្ដោត្របាក់នុយ រីត្រីឆ្លាមអាចស៊ីម្ចាស់នុយបាន”។ បើគេយកមតិអ្នកផឹកកាហ្វេមកគិត នឹងមានសំណួរមួយចោទថា “ហេតុអ្វីការស្ទួយត្រីនេះ មានជាប់ដានច្បាស់”?
មែនទែនទៅពលរដ្ឋជាច្រើនមានមតិថា “គេមិនខ្វល់ពីនុយ ឬត្រីអីនោះទេ” ប៉ុន្តែអ្វីដែលពលរដ្ឋចង់បាននិងខ្វាយខ្វល់នោះគឺ “ចំណីអាហារនិងផលិតផលត្រូវមានគុណភាពល្អ និងការនាំចូលបានបង់ព័ន្ធត្រឹមត្រូវទៅតាមនិតីវិធី និងត្រូវគោរពទៅតាមស្តង់ដាគុណភាពផលិតផលដែលបានកំណត់ដោយរដ្ឋាភិបាលកម្ពុជា”។
អ្នកវិភាគសង្គមមួយចំនួននិយាយថា នៅកម្ពុជាមានអ្នកជំនួញជាច្រើនបានសូកបាន់ទៅកាន់មន្ត្រី ដើម្បីជាថ្នូរទៅនឹងការមិនបង់ព័ន្ធជូនរដ្ឋ និងដើម្បីមានខ្នងបង្អែកការពារពេលមានបញ្ហាកើតឡើង។ អ្នកវិភាគសង្គមបន្តថា នៅពេលការសូកប៉ាន់នោះ ចែកគ្នាមិនត្រូវ ក៏កើតជាជម្លោះហើយជះទឹកដាក់គ្នាទៅវិញទៅមក។ គេសង្កេតឃើញទៀតថា មន្ត្រីធំខ្លះជាអ្នកជំនួញ ហើយអ្នកជំនួញខ្លះ គឺជាមន្ត្រីធំ។ ទន្ទឹមនឹងនេះផងដែរ អ្នកវិភាគផ្នែកសេដ្ឋកិច្ចលើកឡើងថា នៅពេលមានក្រសួងច្រើនធ្វើការ តែបែរជាធ្វើការជាន់គ្នា។ អត្ថន័យនេះស្តាប់ទៅវាហាក់បីដូចជាក្រសួងខ្លះកំពុងដណ្តើមការងារគ្នាទៅវិញទៅមក។ អ្នកវិភាគសេដ្ឋកិច្ចរូបនោះបន្តថា “ពេលខ្លះមនុស្សច្រើនពេកបែរជាអន្សមខ្លោច”។ ដូច្នោះសំណួរដែលចោទសួរថា “តើសាច់បង្កកជិត៤០០តោននោះ និងស្រា៤៨ដបនិងលុយ១០ម៉ឺនដុល្លារអាមេរិកជារឿងខុសច្បាប់ ឬមកពីមន្ត្រីចែកផលប្រយោជន៍គ្នាមិនត្រូវ?” ចម្លើយនៃសំណួរនេះ សូមទុកឱ្យអ្នកអាន និងព្រហ្មលិខិតជាអ្នកឆ្លើយទៅចុះ…៕





