រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអភិបាល និងស្នងការខេត្តមណ្ឌលគិរីថ្មី យកចិត្តទុកដាក់បោសសម្អាត Online Scams
មណ្ឌលគិរី ៖ ក្នុងពិធីប្រកាស លោក គង់ គឹមនី ជាអភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនគរបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែឧសភា នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ជាថ្មីទៀតអំពីភាពចាំបាច់ នៃការពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

បើតាម លោកឧបនាយករដ្ឋមន្ត្រី ស សុខា កិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្ដេជ្ញាចិត្តដ៏អាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទន្ទឹមគ្នានិងកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំ លោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តមណ្ឌលគិរី ទើបចូលកាន់តំណែង និងក៏ដូចគ្នាដែរអភិបាល រាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ជាអាទិ៍ អនុវត្តអនុក្រឹត្យលេខ០៣ បទបញ្ជាលេខ០១ និងជាពិសេស គឺច្បាប់ស្ដីពីការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ពីវេទិកាអធិបតីនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានបន្តរំលឹកអង្គពិធី អំពីភាពចាំបាច់ និងសារៈសំខាន់នៃការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់មូលដ្ឋាន ត្រូវចាត់ទុកថាជាយន្តការ និងជាគោលការណ៍គ្រឹះ ត្រូវរួមគ្នាអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាព។


លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំថ្មីទាំងពីរ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់តួអង្គពាក់ព័ន្ធ និងបន្តកិច្ចសហការល្អជាប្រក្រតី ជាមួយបណ្តាខេត្តជាប់ព្រំដែន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតាមតំបន់ព្រំដែនឱ្យកាន់តែរីកចម្រើន ព្រមទាំងបង្កើនការផ្លាស់ប្តូរទំនាក់ទំនង និងការជួយគ្នាទៅវិញទៅមក ដើម្បីប្រែក្លាយព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕
