ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន រិះគន់អង់គ្លេស ដែលមានចេតនាផ្លាស់ប្ដូរស្ថានទូត ទៅកាន់ទីក្រុងយេរ៉ូសាឡឹម

រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានឲ្យដឹងថា ចេតនារបស់ចក្រភពអង់គ្លេស ក្នុងការផ្លាស់ទីស្ថានទូតរបស់ខ្លួន នៅអ៊ីស្រាអែលទៅកាន់ទីក្រុងយេរ៉ូសាឡឹម “គឺជាការបំពានច្បាប់អន្តរជាតិ”។

លោក Ishtaye បានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នៃគណៈរដ្ឋមន្ត្រីមួយថា ការផ្លាស់ស្ថានទូតអង់គ្លេស ទៅកាន់ទីក្រុងយេរ៉ូសាឡឹម “នឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាមួយប៉ាឡេស្ទីន និងប្រទេសអារ៉ាប់ និងរដ្ឋអ៊ីស្លាម ហើយនឹងដកចក្រភពអង់គ្លេស ចេញពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិនាពេលអនាគត ដើម្បីឈានដល់ដំណោះស្រាយ ដែលបញ្ចប់ជម្លោះនៅប៉ាឡេស្ទីន” ។

លោកបានលើកឡើងថា “រដ្ឋាភិបាលប៉ាឡេស្ទីនធ្វើតាមការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីលោកស្រី Liz Truss និងការសន្យារបស់លោកស្រី ក្នុងការធ្វើការត្រួតពិនិត្យទីតាំងស្ថានទូតអង់គ្លេស ក្នុងគោលបំណងផ្លាស់ប្តូរវាពីទីក្រុង Tel Aviv ទៅទីក្រុងយេរ៉ូសាឡឹម” ។

លោក Ishtaye បានបន្ដថា “ការផ្លាស់ប្តូរស្ថានភាពនៅក្នុងទីក្រុងយេរ៉ូសាឡឹម នឹងធ្វើឱ្យខូចដល់ដំណោះស្រាយរដ្ឋទាំងពីរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប៉ាឡេស្ទីន ចង់បង្កើតរដ្ឋឯករាជ្យមួយជាមួយអ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលកាន់កាប់ក្នុងឆ្នាំ១៩៦៧ រួមទាំងតំបន់ West Bank និង Gaza Strip ដែលមានទីក្រុងសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន៕


ប្រែសម្រួល ឈូក បូរ៉ា

To Top