អត្ថបទ

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដំណើរការ​សាកល្បង​​កម្មវិធី “ជំរុញ​ឱកាស​សម្រាប់​ស្រ្តី​នៅ​ផ្នែកលក់ (WiSE)” ថ្មី ដែល​ផ្តល់​ការ​គាំទ្រ​ដល់​ស្ត្រី​ ក្នុង​អាជីព​ផ្នែក​លក់

ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្រ្តី​កម្ពុជា​​ដែល​មាន​ទេពកោសល្យ​​ចំនួន ៩នាក់ កំពុង​ចាប់​ផ្តើម​អាជីពដ៏គួរ​ឱ្យ​រំភើប​ ខណៈ​ដែល​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាប់​ផ្តើម​កម្មវិធី​កម្មសិក្សា​សម្រាប់​ស្ត្រី។ សិក្ខាកាម​ត្រូវ​បានជ្រើស​រើស​តាម​រយៈកម្មវិធីជំរុញ​ឱកាស​សម្រាប់​ស្រ្តី​នៅ​ផ្នែកលក់ (Women in Sales Empowerment ឬ WiSE) ដែល​ជាកម្មវិធីថ្មី​មួយ​​ត្រូវ​បាន​​បង្កើតឡើង​ដើម្បី​ជួយ​ស្ត្រី​ឱ្យ​ពង្រីក​​អាជីព​ផ្នែក​លក់​របស់​ពួកគេ​ដោយ​ទទួលបាន​​ការ​បណ្តុះ​បណ្តាល​និង​ការគាំទ្រ​ផ្សេងៗ។

[ថតរូប​​ជាក្រុម​របស់​សិក្ខាកាម​​ក្នុង​ពិធី​ទទួល​​សញ្ញាបត្របញ្ចប់​ការ​បណ្តុះ​បណ្តាល​នៅ​អគារ Tavern នៅរោងចក្រ​ផលិតស្រាបៀរ​របស់​ក្រុមហ៊ុន ហ៊ិននីគែន]

កម្មវិធី WiSE ត្រូវ​បាន​បង្កើត​ឡើងកាលពី​ខែ​សីហា ឆ្នាំ២០២២ ដោយ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ​ក្រោម​កិច្ច​សហការ​ជា​មួយអង្គការ Digital Divide Data-Cambodia (DDD Cambodia) ដែលជាអង្គការ​មិន​ស្វែង​រកប្រាក់​​ចំណេញ​​​​​ផ្តោត​លើ​ការ​អភិវឌ្ឍ​យុវជន។ កម្មវិធី​ WiSE បាន​អញ្ជើញ​ស្ត្រី​​កម្ពុជា​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​​ដាក់​ពាក្យ​ចូលរួមការ​បណ្តុះបណ្តាលនេះ។ កម្មវិធី​នេះ​ក៏​បានរួម​បញ្ចូល​ដំណើរ​ការជ្រើស​រើស​ដែលមានលក្ខណៈបរិយាបន្ន​​ (រួមបញ្ចូល) ផងដែរ ដើម្បី​បង្កើត​ឱ្យ​មានភាពស្មើ​ភាព​សម្រាប់​​សិក្ខាកាម​ទាំង​អស់ និង​ផ្តល់​ឱ្យ​អ្នក​ដែល​មាន​ទេពកោសល្យ​នូវ​ឱកាស​ដ៏សាក​សម​មួយ​ដោយ​​មិន​គិត​ពី​សាវតា។

បន្ទាប់​ពី​ជ្រើស​រើសរួច សិក្ខាកាមក្នុង​កម្មវិធី WiSE បានចាប់​ផ្តើម​វគ្គ​​​​បណ្តុះ​បណ្តាល​ក្នុង​ថ្នាក់​រៀន​រយៈ​ពេល​មួយ​ខែ​គឺ​ក្នុង​ខែ​កញ្ញា ដែល​ផ្តោត​លើ​ការ​ផ្តល់​ជូន​​ពួកគេ​នូវ​សមត្ថភាពផ្នែក​​លក់​​ឌីជីថល និងការបណ្តុះបណ្តាលជំនាញផ្នែកលក់ ដើម្បីទទួលបានសមត្ថភាពកាន់តែប្រសើរឡើង ព្រមជាមួយទំនាក់ទំនងល្អមួយ​ក្នុងការចាប់ផ្តើមអាជីព​ផ្នែកលក់។

ក្នុង​​វគ្គបន្ទាប់​នៃកម្មវិធីនេះ​គឺ​ការចុះ​កម្មសិក្សា​​ដែល​ចាប់ផ្តើម​នៅ​​សប្តាហ៍​នេះ សិក្ខាកាម​នឹង​ទទួល​បានបទពិសោធ​ក្នុង​អំឡុង​ពេល​អនុវត្ត​ការងារ​រយៈ​ពេល ៣ខែ​​ជា​មួយ​នឹងការងារ​​​ផ្នែក​លក់​​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ នៅចុង​បញ្ចប់​នៃ​កម្មវិធី សិក្ខាកាម​ដែល​ធ្វើការងារ​​បានល្អ​អាច​ទទួល​បាន​​ឱកាស​​ចូលរួម​ជា​មួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុង​នាម​ជាបុគ្គលិក​​​​ពេញម៉ោង។

លោក Sergio Avalos Aldana នាយក​ផ្នែកលក់​នៃ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​ប្រសាសន៍ថា៖ «ការងារ​ផ្នែក​លក់​របស់​យើង​គឺ​ជា​ចង្វាក់​បេះដូង​របស់​ក្រុមហ៊ុន​ ដែល​​បង្កើត​បទពិសោធដ៏អស្ចារ្យ​សម្រាប់​អតិថិជន និង​អ្នកប្រើប្រាស់​​ផលិតផល​​ម៉ាកយីហោ​​អន្តរជាតិ​និងក្នុងស្រុក​របស់​យើង។ បុគ្គលិក​ផ្នែកលក់ចម្រុះប្រឹង​ប្រែង​យ៉ាងខ្លាំង​សម្រាប់អ្វីដែល​យើង​ធ្វើ ​តាម​របៀប​មួយដែល​នឹង​ឆ្លើយតបទៅ​កាន់​​​អតិថិជន និង​អ្នក​ប្រើ​ប្រាស់​របស់​យើង។ នេះ​​​ជា​​មូល​ហេតុ​​ដែល​​យើង​​ត្រៀម​​ខ្លួន​​ក្នុង​​ការ​កសាង​អ្នក​ដែលមានទេព្យកោសល្យ​ខ្លាំង​និង​មានភាព​ចម្រុះ​​ខាង​ផ្នែក​លក់។ យើង​មាន​ក្តីសោមនស្ស​​រីក​រាយសូម​​ស្វាគមន៍​សិក្ខាកាមរបស់កម្មវិធី WiSE ថ្មី​របស់យើង​មក​កាន់​ក្រុមការងារ​របស់​​យើង។ វា​ជា​ពេលវេលា​ដ៏គួរ​ឱ្យ​រំភើបមួយ​ក្នុង​ការចូលរួម​ក្នុង​ក្រុមការងារ​ផ្នែក​លក់​របស់​យើង ជាទី​ដែល​​យើង​ខិតខំប្រឹង​ប្រែង​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ដែលលើក​កម្ពស់​ទំនាក់​ទំនង​ល្អ​ជាង​គេ និង​ដើម្បី​ផ្តល់​​សេវាកម្មដល់អតិថិជន​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បង្អស់»។

កញ្ញា ព្រើង សុគន្ធឧសភា គ្រូ​បង្វឹក​ក្នុង​កម្មវិធី WiSE ដែល​ក៏​​ជា​ប្រធាន​ផ្នែកពាណិជ្ជកម្មទំនើប​ឌីជីថលនៃ​​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផងដែរ​នោះ​បាន​ថ្លែង​ថា៖ “វាជាកិត្តិយស​ដែល​ខ្ញុំ​បាន​មក​ធ្វើការងារជាមួយ​សិក្ខាកាម ដើម្បី​ស្តាប់រឿងរ៉ាវ​របស់ពួកគាត់ និង​ការ​ប្តេជ្ញាចិត្តនានា​ដែលជាផ្នែក​មួយ​នៃ​កម្មវិធី WiSE។ ស្ត្រី​ក្នុង​ការងារ​​​ផ្នែក​លក់​សព្វ​ថ្ងៃ​នេះ​បន្ត​ប្រឈម​មុខនឹង​បញ្ហា​​ផ្សេងៗ​ដោយសារ​ការ​លំអៀងដោយ​មិន​ដឹង​ខ្លួន។ ជា​មួយ​នឹង​កម្មវិធី​ថ្មី​នេះ យើង​មានបំណង​បង្កើត​ប្រព័ន្ធ​គាំទ្រមួយ​​សម្រាប់​ស្ត្រី​ក្នុង​ការងារ​ផ្នែក​លក់ ដូច្នេះ​ពួកគាត់​អាច​ឈាន​ដល់​សក្តានុពល​ពេញ​លេញ​បំផុត​របស់​ពួកគាត់»។

លោកស្រី អ៊ឹម សុភាព នាយក​ប្រតិបត្តិ​អង្គការ DDD Cambodia បានមានប្រសាសន៍ថា៖ «យើង​សូម​អរគុណ​ដល់​ក្រុមហ៊ុន ហ៊ិននីគែន ដែល​ជាក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​​មុខគេ​​លំដាប់​អន្តរជាតិ និង​មាន​ការ​ទទួល​ខុស​ត្រូវមួយ កំពុង​សហការ​ធ្វើការងារ​​ជា​មួយ​យើង​លើគំនិត​ផ្តួច​ផ្តើម​នេះ។ កម្មវិធី WiSE ក៏​ជា​បទពិសោធ​នៃ​ភាពជាដៃ​គូ​ដ៏ល្អ​​មួយ​សម្រាប់​យើង​ផងដែរ មិន​ត្រឹម​តែ​ជា​ដំណើរសិក្សា​ដ៏​អស្ចារ្យ​សម្រាប់​តែ​សិក្ខាកាម​ប៉ុណ្ណោះ​ទេ។ ថាមពល និងចំណង់​​ចំណូលចិត្ត​របស់​សិក្ខាកាម​បានបំផុស​គំនិត​យើង ហើយ​យើង​សូមជូនពរ​ឱ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​ការ​បន្ទាប់​នៃអាជីព​​របស់​ពួកគេ»។

ការ​ប្តេជ្ញាចិត្តនូវការធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើររបស់​ក្រុមហ៊ុន ហ៊ិននីគែន គ្រុប និង​​​ការ​ប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា  ក្នុងការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរឡើង ​បន្ត​ផ្តោត​លើ​និរន្តរភាព​​សង្គម បន្ថែមពី​លើ​និរន្តរភាព​បរិស្ថាន និង​ការពិសា​ដោយ​ការ​​ទទួល​ខុស​ត្រូវ។ ក្រុមហ៊ុន ហ៊ិននីគែន គ្រុប មាន​កំណត់​ត្រាដ៏រឹងមាំ​​ក្នុងនាមជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ខាងផ្នែក​​ភាព​ចម្រុះ សមធម៌ និង​បរិយាប័ន្ន (DEI) ពី​ការឧបត្ថម្ភជា​ប្រចាំ​ដល់សម្ភារ​និង​ឧបករណ៍​កីឡា​សម្រាប់ស្រ្តី ដូចជាកីឡា​បាល់​ទាត់​ជាដើម ដើម្បី​​អនុវត្ត​គំនិត​ផ្តួចផ្តើម​ផ្តល់​អំណាច​ដល់​ស្ត្រីនៅ​ទូទាំង​ពិភព​លោក។

ជា​ផ្នែកមួយ​នៃអាទិភាព​ផ្ទៃ​ក្នុង​របស់ក្រុមហ៊ុន​ផលិតស្រាបៀរ​ ហ៊ិននីគែន ក្នុង​ការលើក​កម្ពស់​កន្លែងធ្វើការ​ប្រកប​ដោយ​សុវត្ថិភាព​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត «ធ្វើ​ឱ្យ​ពិភព​លោកកាន់តែ​ប្រសើរ» សិក្ខាកាម​របស់កម្មវិធី WiSE ក៏​នឹង​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​នានា​ផងដែរ​សំដៅលើការ​​បណ្តុះ​បុគ្គលិក​​​ឱ្យ​ក្លាយ​ជាទូតសុឆន្ទៈ​ទៅលើ​ការ​ពិសា​​​ដោយការ​ទទួល​​ខុស​ត្រូវ និង​​​អភិវឌ្ឍ​វប្បធម៌​សុវត្ថិភាព​ជាចម្បង​​របស់​ក្រុមហ៊ុន។

លោក Fernando de Castro Pastor នាយកផ្នែកធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​ប្រសាសន៍ថា៖ «ដើម្បី​ឆ្លើយ​តប​ទៅនឹង​​គោល​បំណងរបស់​យើង​ក្នុង​ការ​បង្កើត​ភាព​រីករាយ​នៃ​ការ​រួប​រួម​គ្នាពិត​ប្រាកដ​ ដើម្បី​ជំរុញ​ពិភពលោក​​ឱ្យ​កាន់តែ​ប្រសើរ​នៅ​ក្រុមហ៊ុន ហ៊ិននីគែន យើង​ដឹង​ថា យើង​មិនអាច​ធ្វើ​បែប​នេះ​បាន​ដោយ​​គ្មាន​ការ​ឱប​ក្រសោប​ DEI ទាំង​ស្រុង​នោះ​ទេ។ ជាមួយ​នឹង​តម្លៃស្នូល​របស់យើងពោល​​គឺ “ការ​យក​ចិត្តទុក​ដាក់​ចំពោះ​​ធនធាន​មនុស្ស” យើង​ព្យាយាម​​ភ្ជាប់​ទំនាក់​ទំនង​កាន់​តែ​ស៊ីជម្រៅ​ជា​មួយ​បុគ្គលិក អតិថិជន និង​អ្នកប្រើ​ប្រាស់​​ដែល​កាន់តែ​​សម្បូរ​បែប​របស់​យើង។ ក្នុង​​​កម្មវិធី WiSE សាកល្បង​នេះ យើង​សង្ឃឹម​ថា​នឹង​ទទួល​យកការ​រៀនសូត្រ​ទាំង​នេះ​ដើម្បី​កែលម្អ​បន្ថែម​ទៀតចំពោះ​កម្មវិធី DEI របស់​យើង ដូច្នេះ​យើងអាច​ធ្វើ​ការងារ​បន្ថែម​ទៀត​ដើម្បី​បង្កើត​កន្លែង​ធ្វើ​ការ​ប្រកបដោយ​បរិយាបន្ន​​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​​​អាច​​រីក​​ចម្រើន​ទាំងអស់គ្នា​បាន​ដោយ​មិនគិត​ពី​សាវតា»៕

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសារ និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសារ​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

To Top