ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថាក្នុងរយៈពេល១សប្តាហ៍ ខាងមុខនេះ បណ្តារាជធានី-ខេត្តរបស់កម្ពុជារងឥទ្ធិពលសម្ពាសធទាប នឹងអាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយដោយផ្គររន្ទះ។
យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២របស់ក្រសួងធនធានទឹកនៅថ្ងៃទី២២វិច្ឆិកាបានឲ្យដឹងថាក្នុងរយៈពេល១សបា្តហ៍ទៅមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ ៖
នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម ។ -បន្តពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ។ ឯរាជធានី-បណ្តាខេត្ត នៅភាគខាងក្រោមនៅបន្តទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប ។
ក្រសួងថាស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។ នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ ។ នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងក្នុងកម្រិតតិចតួច ។
ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។ នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ ។ នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច ។ ដោយឡែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ។
នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្ហូរលាយឡំទៅដោយ ផ្គរ រន្ទះ ផ្ទៃសមុទ្រមានខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។ នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច ៕