ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា៖ អាស៊ាន-ចិន ត្រូវពន្លឿនធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ច ដើម្បីលុបបំបាត់ របាំងពាណិជ្ជកម្ម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា អាស៊ាន-ចិន ចាំបាច់ត្រូវផ្តោតការ យកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ពិសេសពន្លឿនធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ច ដើម្បីលុបបំបាត់របាំងពាណិជ្ជកម្ម។

នាឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ប្រគល់ជូនដោយ វិទ្យាស្ថានយុទ្ធសាស្ដ្រ សម្រាប់អាស៊ីហ្វិក (KSI) ស្ដីពី «ការបង្កើតទំនាក់ទំនងអាស៊ាន-ចិន» នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានសង្ឃឹមជឿជាក់ថា កិច្ចសហការអាស៊ាន-ចិន ដែលបាននិងកំពុងនឹងបើកទំព័រថ្មីមួយ តាមរយៈការអនុវត្ត “ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» និងការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» នឹងរួមចំណែក ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងតំបន់ទាំងពីរ ឱ្យកាន់តែមានសក្តានុពល ប្រកបដោយថាមវន្តបន្ថែមទៀត។

សម្ដេចតេជោបន្ដថា ស្ថិតក្នុងបរិការណ៍នេះដែរ អាស៊ាន-ចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, ប្រកបដោយបរិយាបន្ន, បំពេញបន្ថែម និងផ្ដល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក។ តួយ៉ាង កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្ម បើកចំហប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់។

សម្ដេចតេជោ ក៏វាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ចិន ក្នុងការរក្សាមជ្ឈភាព និងឯកភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវឌ្ឍ និងការលើកកម្ពស់ ការសំយោគពង្រឹងគ្នាទៅវិញទៅមក ក្នុងចំណោមយន្តការ ដែលដឹកនាំដោយអាស៊ាន។

សម្ដេចតេជបញ្ជាក់ថា «ទន្ទឹមនេះដែរ អាស៊ាន និងចិន ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើការពន្លឿន ការធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ច, ការលុបបំបាត់របាំងពាណិជ្ជកម្ម, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មក្នុងតំបន់ ព្រមទាំងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ពីសេដ្ឋកិច្ចឌីជីថល, កំណើនបៃតង, អន្តរកាលថាមពល និងការបង្កើនសមត្ថភាពសហគ្រាសមីក្រូ, ធុនតូច និងមធ្យម (MSMEs) ដែលត្រូវបានចាត់ទុកថា ជាចន្ទល់កំណើនសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី និងជាពិសេសការប្រកាន់ខ្ជាប់ នូវអភិក្រមពហុភាគីនិយម ក្នុងការដោះស្រាយរាល់នូវបញ្ហានានា»។

សម្ដេចតេជោ លើកឡើងទៀតថា ទន្ទឹមនេះដែរអាស៊ាន-ចិន នឹងបន្តពូនជ្រុំលើសមិទ្ធផល ដែលសម្រេចបាន ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការនានា សំដៅលើកស្ទួយសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកទាំងមូល ។ សម្ដេចសង្ឃឹមថា អ្នកបន្តវេនជំនាន់ក្រោយ នឹងបន្តស្មារតីរួបរួម គា្នដើម្បីថែរក្សាសុខសន្តិភាព និងលើកស្ទួយការអភិវឌ្ឍជាតិ និងតំបន់ ដោយកសាងលើសមិទ្ធផល ដែលសម្រេចបានក្នុងពេលបច្ចុប្បន្ន៕

To Top