ព័ត៌មានជាតិ

សម្តេចតេជោ៖ កម្ពុជា-ហ្វីលីពីន នៅតែជាដៃគូដ៏រឹងមាំ និងយូរអង្វែង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា មានប្រសាសន៍ថា កម្ពុជានិងហ្វីលីពីន នៅតែជាដៃគូដ៏រឹងមាំនិងយូរអង្វែង ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ។

ក្នុងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូនលោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីននាល្ងាចថ្ងៃទី៨ កញ្ញា សម្ដេចតេជោលើកឡើងថា ទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅហ្វីលីពីនកាលពីខែកុម្ភៈកន្លងទៅ និងជំនួបរបស់សម្តេចធិបតីជាមួយឯកឧត្តមប្រធានាធិបតីផ្ទាល់នាពេលថ្មីៗនៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនាពេលនេះ ជាសក្ខីភាពនៃទំនាក់ទំនងដ៏ជិតស្និទ្ធ និងរឹងមាំរវាងប្រទេសទាំងពីរ។

សម្តេចតេជោមានប្រសាសន៍ថា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ គឺជាសសរស្តម្ភដ៏សំខាន់ដែលធ្វើឲ្យទំនាក់ទំនងកម្ពុជា-ហ្វីលីពីនកាន់តែរឹងមាំយូរអង្វែង និងមានភាពធន់ ហើយធ្វើឲ្យប្រទេសទាំងពីរយល់គ្នាកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅ។

សម្តេចតេជោបន្តថា ភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនជាលំដាប់ ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ។

ចំណែកប្រធានាធិបតីហ្វីលីពីនសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

សូមបញ្ជាក់ថា ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រី Louise Araneta-Marcos បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ កញ្ញា ។ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា-ហ្វីលីពីនក៏បានចុះហត្ថលេខាលើឯកសារចំនួន៣ផងដែរ ៕

To Top